រឿង៖ មហាចោរនៅទល់ដែន (២៤ភាគ)
01. ខ្លាបាក់ចង្គូម 02. បងប្អូនពីរនាក់ 03. រាត្រីស្ងាត់ 04. សពស្នេហា 05. បណ្តាំបង 06. ភ្លើងរាគះ 07. បាត់កូន 08. ត្រឡប់ពីច្បាំង 09. រត់តាមប្តី 10. ស្តេចខ្ញាល់ 11. តដៃដោះខ្លួន 12. អាសន្នធំ 13. វាយផ្តាច់ព្រ័ត្រ 14. ព្រះនាងខត្តិយាណី 15. ទារុណកម្ម 16. រំដោះអ្នកស្នេហាជាតិ 17. ស្នេហាលើទូក 18. ថ្កើងត្រង់ណា 19. ចាញ់កល់ស្នេហា 20. នារីទុគ៌ត 21. ក្បួនការពារឯករាជ្យ 22. បាត់ខ្លួនទៅណា 23. ផែនការសម្ងាត់ 24. ជោគជ័យ
ភាគទី០៧៖ បាត់កូន
នាងទេវី និង នាងភួងបានបីបាច់រក្សាកូនស្រីយ៉ាងហ្មត់ចត់ ។ នាងទាំងពីរបានដាក់ឈ្មោះកុមារីថា បទុម។ រាល់ថ្ងៃ នាងទេវីឱបក្រសោបនាងបទុមជាប់នៅនឹងដើមទ្រូង។ ធីតាពុំឲ្យបុត្រីកំព្រានេះយំមួយវ៉ាសបានឡើយ។ នាងតែងបំពេកែវជាបុត្រីឲ្យគេងលក់ស្កប់ស្កល់រាល់ថ្ងៃ ដោយបានបំបៅស្រីឲ្យបានឆ្អែតឆ្អល់ជានិច្ច។ នាងតែងបបោសអង្អែលកូន ក្រែងមានសត្វស្រមោចសង្អាខាំ។ នាងថើបស្រី ជាបុត្រភ្ងា។
ជីវិតនាង និង ជីវិតកុមារី រួមចូលគ្នាជាធ្លុងមួយដែលវេញគ្នាយ៉ាងត្របាញ់អស្ចារ្យ ។ បុត្រីនេះជាព្រលឹងរបស់ធីតា ។ ក្នុងរូបដ៏តូចច្រឡឹងនេះទេវីហាក់ឃើញជីវិតនាងបន្ដសង្ខារទៅមុខទៀត។ បុត្រីនេះហើយ ជាថ្នាំទិព្វមួយដែលរំលាយទុក្ខ បំភ្លេចសេចក្ដីព្រួយរបស់នាង រួចធ្វើឲ្យរស់រៀងតទៅ។ កុមារីចេះញញឹមយ៉ាងស្រស់ប្រិមប្រិយហើយ។ កែវចេះឆ្លើយឆ្លងបន្ដិចៗ នឹងនាងដែលជាហេតុរឹតតែឲ្យនាងស្រលាញ់ថែមទៀត។ ឱ ! សេចក្ដីស្នេហានៃមាតាចំពោះបុត្រ គ្មានវត្ថុក្នុងនាលោកនេះអាចប្រៀបធៀបបានឡើយ។ តាំងពីបានបុត្រីកំសត់នេះមក នាងទេវីកើតទុក្ខតែនាងសប្បាយយ៉ាងអនេក ។ នាងកើតទុក្ខក្នុងសង្គម ព្រោះនាងព្រាត់ប្រាស់ឪពុក ព្រាត់ប្រាស់ប្ដីសម្លាញ់ ។ ម្យ៉ាងទៀត ព្រោះកាមាជាមនុស្សបានមកយាយីដល់រូបនាងរាល់ពេលវេលា រហូតដល់បណ្ដេញនាងឲ្យចេញពីភូមិឋានផ្ទះសំបែង។ នាងសប្បាយ សប្បាយព្រោះក្នុងសង្គមដដែលនេះ អរុណមួយថ្មីរះក្នុងជីវិតនាង គឺនាងបទុមតែមួយនេះ។
មែននាងសប្បាយមែន សប្បាយប្រហែលលើសអស់មាតាទាំងពួង។ ណាមួយកុមារីប្រកបដោយសុខភាពបរិបូណ៍ មានសំណើចស្រស់ចិញ្ចាច មានសាច់សស្អាត មានសម្ដីរអាក់រអួលបន្ដិចផង គួរជាទីស្នេហាប្រាកដ។ បទុមបានមួយខែហើយ។ ថ្ងៃនេះនាងទេវីបំបៅបុត្រី ។ នាងដាក់កូនទៅក្នុងអង្រឹង រួចមាតាកម្សត់ដេកយោលកូនដែលលក់ស្កប់ស្កល់។ មិនយូរប៉ុន្មាន នារីជាមាតាក៏លង់លក់ទៅជាមួយកូនដែរ។ ស្រីយល់សប្ដិឃើញមានន្ទជាប្ដីនាងមកឱបក្រសោបនាង។ ធីតាយំដាយរឮកប្ដីខ្លាំងពេក។ ទេវីលង់លក់ក្នុងដំណេក។ លុះដល់នាងភ្ញាក់ដឹងខ្លួនឡើង ព្រះសុរិយាជ្រៀងជ្រេណាស់ទៅហើយ។ នាងទាញអង្រឹងយោលបទុមជាបុត្រី ។ តែ ! អ្វីក៏ដូច្នាះ ? អង្រឹងទ្រង់ស្រាលស្ងើក។ ឆវីក្រោកឡើងដូចគេកន្ដ្រាក់។ បាត់បុត្រីទៅណាហើយកែវកូនអើយ។ កែវល្អស្ទុះចេញទៅក្រៅស្រែកហៅមីងភួង តែខាងក្រៅស្ងាត់ឈឹង ។ យាយភួងទៅផ្សារពុំទាន់មកផង។ នាងនឹកថា ប្រហែលយាយភួងមកលើកកូនយកទៅមុជទឹកឯស្ទឹងហើយ ។ ស្រីរត់ទៅរកស្ទឹង តែគ្មានឃើញអ្វីសោះ។ នាងសួរអ្នកឯទៀតដែលនាងជួបប្រទះថា «ឃើញអ្នកណាមកយកកូនខ្ញុំទេ ?» គេឆ្លើយថា «ទេ ! . . . យ៉ាងណាដូច្នោះ ?»។ ទេវីកំសត់ពន្យល់ប្រាប់គេវិញពុំទាន់ចប់ផង នាងរត់ទៅសួរអ្នកជិតខាងទៀត។ នារីឆ្លេឆ្លា បីដូចមេមាន់រកពង។ មុខនាងឡើងស្លាំងត្បិតអ្នកទាំងពួងឆ្លើយមកនាងវិញតែពាក្យដដែល។ មិនយូរប៉ុន្មានមនុស្សក្នុងភូមិជួយឆោឡោរកបុត្រីរបស់នាងទេវី ។ នាងភួងមកដល់ទៀត ក៏ជួយរកទៀត។ ទឹកភ្នែកហូរសស្រាក់ នាងទេវីស្រែកទ្រហោយំថា៖
ឱ ! ម្ចាស់ថ្ងៃអើយ លោកអ្នកណាយកកូនខ្ញុំទៅ ? ខ្ញុំលង់ដំណេកភ្ញាក់ឡើងស្រាប់តែបាត់កូន។ ឱ! អ្នកណានោះអីក៏ចិត្ដអាក្រក់ម៉្លេះ ? លួចអីមិនលួច ៗកូនខ្ញុំ។ កូនទើបបានមួយខែ ថ្ងៃនេះផង។ ឱ ! តើនាងបានអីបៅ តើគេយកថ្លៃទៅសម្លាប់ចោលរឺអ្វី ? ។ កូន ៗ ! ទើបបានឃើញពន្លឺព្រះអាទិត្យមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែវិនាសទៅវិញ។ នាងពុំទាន់ចេះនិយាយ ចេះគិតគូរផង ស្រាប់តែបាត់ទៅ។ ឱ ! លោកអ្នកអើយជួយកូនខ្ញុំផង ខ្ញុំស្លាប់ក្នុងពេលនេះជាប្រាកដហើយ ។ ពូមីងអើយ ! ជួយយោងជីវិតខ្ញុំផង។ ខ្ញុំគ្មានទ្រព្យធនអ្វីទេ។ ខ្ញុំមានតែកូនមួយនេះ។
នាងទេវីដើរបណ្ដើរ យំបណ្ដើរ ពីផ្ទះមួយទៅផ្ទះមួយ រៀបរាប់សព្វគ្រប់ ។ អ្នកផងដែលស្ដាប់ក៏ជួយយំផងគ្រប់ៗគ្នា។ រាត្រីក៏ដណ្ដប់ពិភពលោកធ្វើឲ្យងងឹតស្លុង ។ នាងទេវីរឹងរឹតតែខ្លោចផ្សាទៅទៀត ។ នាងដើរពេញភូមិសួរគេ។ ដោយពុំឃើញ នាងដើរទៅដល់ព្រៃក្រោយផ្ទះ ត្រចៀកប្រុងស្ដាប់ក្រែងឮសូរមាត់កូនយំ ។ ស្រីអុជចន្លុះដើរឆួលក្រោមគុម្ពផ្កា តាមគៀនរបង តាមរូងរន្ធផ្សេងៗ ក្រែងអ្នកណាយកកូននាងទៅលាក់នៅទីនោះ។ ធីតាយកឈើមួយកំណាត់ដើរវែកព្រៃល្បោះទាំងពួង ដើម្បីឲ្យកូននាងភ្ញាក់ឡើង យំឡើង ឲ្យនាងឮសូរសម្លេង នឹងអាលនាងបានរត់ទៅលើកឱបកូននោះមកវិញ។ កល្យាណបានយកចែវច្រវាទៅកូរក្នុងដងស្ទឹងក្រែងអ្នកណា យកកូននាងទៅចោលក្នុងទឹក។ នាងលួចសំលឹងដីណាថ្មីៗ ក្រែងគេកប់កូននាង។ លុះដល់កូនដំបូកណាមួយ ធីតាឡើងលើដំបូកនោះក្រែងបានឮសូរ រឺ បានឃើញកូននាង។ កន្លែងត្រង់ណាខ្មៅស្រទំគួរសង្ស័យ នាងរុកចូលទៅខំកកាយ ញែកវែករកបទុមកូនសម្លាញ់។
រាត្រីកន្លងទៅ បុត្រីនាងនៅតែបាត់ដដែល។ ថ្ងៃមួយមកជំនួសរាត្រីសង្វេគនេះទៀត ស្រីនៅតែដើររកកូននាង ទឹកភ្នែកដែលហូរ ឈប់ហូរអស់រលីងនៅតែទឹកចិត្ដទេដែលហូរតទៅទៀត។ ថ្ងៃមួយទៀតកន្លងមក ពីរថ្ងៃទៀតកន្លងមក គ្មានលេចឮដំណឹងអ្វីមួយពីបុត្រសង្សារនាងសោះ ឱ ! ស្ងាត់អ្វីក៏ស្ងាត់ម៉្លេះ ។ នាងទេវីអស់សង្ឃឹម។ នាងពុំដេកពួនសោះ។ ដោយអស់កំលាំងខ្លាំងពេក មាតាទុគ៌តចូលទម្រេតខ្លួនលើគ្រែប្របនាងភួងដែលអស់កំលាំងដូចគ្នា។ កាលនាងនឹកដល់បុត្រី នាងឃើញមុខស្រីកល្យាណនៅតែនឹងភ្នែក មុខមូលក្រលង់ញញឹមស្រល់ ។ ស្រីមើលទៅឆ្វេង ស្រមៃឃើញកូនកម្សត់មើលទៅខាងស្ដាំឃើញរូបកូន មើលលើតុហាក់ឃើញកូន មើលគ្រប់ទិសឃើញកូនដរាប។ រូបកូនបែងចែកគ្រប់ទិសានុទិស។ ធីតាឈោងដៃចាប់ កូនថយទៅ។ នាងដើរតាម កូនថយទៅទៀត។ នាងថយមកវិញ កូនដើរតាមមក ។ ស្រីអង្គុយសំពះឲ្យកូន នៅស្ងៀមមួយកន្លែង រួចសើចគ្រហាញមករកនាងវិញ។ ឱ ! រកាំក្នុងចិត្ដអ្វីម៉្លេះទេ ធីតារមួលអស់ទាំងខ្លួន។ ទេវីជិតតែនឹងទៅជាឆ្កួតទៅហើយ។ កែវរលក្ខណ៍ដើរមួយៗ ទៅយកកាំបិតស្នៀតមកកាន់ថើបអាវុធពីក្រៅស្រោម ឱបអាវុធជាប់នឹងទ្រូង សើចដាក់អាវុធ រួចនាងយំដាក់អាវុធ រួចទឹកភ្នែកស្រក់តក់ៗ។ មួយៗ នាងហូតកាំបិតចេញពីស្រោម ។ នាងយកមេដៃស្ទាបមុខកាំបិត ។ នាងមើលចុងកាំបិត។ ឱ ! កាំបិទមុត ៗ មែនចុងស្រួច។ ស្រីកម្សត់និយាយតិចៗថា៖
ថ្ងៃនេះ ខ្ញុំផុតអស់ទុក្ខហើយ ។ កាំបិតនេះហើយជាមិត្ដ ជាទីអវសានរបស់ខ្ញុំ។ កាំបិតនេះជាថ្នាំដែលស្រាយចំណងខ្ញុំឲ្យមានសេរីភាពពិតៗ ក្នុងវដ្ដសង្សារ ។ ជីវិតមនុស្សហាក់វេទនាណាស់ មានតែទុក្ខ គ្មានសុខមែន ! !
ធីតានឹកទៀតថា តើរស់នៅធ្វើអ្វី បើចិត្ដ បើថ្លើមស្លាប់អស់ទៅហើយ។ ទេវីថើបចុងកាំបិទហាក់ដូចស្រលាញ់ណាស់។ នាងយកដៃបេះឡេវអាវ រួចមើលទៅចុងដង្ហើមខ្លួន។ នាងយកចង្អុលដៃចុច ៗចុងដង្ហើមនាងនេះ ដើម្បីរកមើលកន្លែងដែលចុងកាំបិតត្រូវលូកចូលទៅ។ កញ្ញាលុតជង្គង់សំពះដល់ទេវតា សុំកុំឲ្យយកទោសនាង ៗនឹងសម្លាប់ខ្លួនក្នុងពេលនេះហើយ ។ ចុងកាំបិតក៏ចុចលើចុងដង្ហើមគ្មានបង្អង់។ ស្រីប្រាថ្នាថា កើតជាតិនានា កុំឲ្យមានទុក្ខដូចជាតិនេះទៀត។ កាំបិតស្នៀតរុញទៅមុខ ស្រាប់តែអ្នកស្រុកម្នាក់ស្ទុះចូលមកពីក្រោយនាង ស្រែកយ៉ាងរីករាយថា៖
ខ្ញុំទើបបានដំណឹងមួយថា លោកមេទ័ពមានន្ទពុំទាន់ស្លាប់ទេ
នាងទេវីលួចលាក់កាំបិទដ៏មុតថ្លានោះ សៀតនៅចង្កេះបង្កប់ក្នុងអាវដែលនាងបិទឡេវវិញយ៉ាងស្រួលបួល។ កែវបែរយ៉ាងស្ងួតមករកពូនោះ៖
ពូដឹងពីណាមក ?
យី ! អាសូរវាមកដល់ហើយ។
នាងហាក់បានកើតម្ដងទៀត ។ នាងសើចទាំងទឹកភ្នែក។
កាលណាបានបងមកដល់ ?
អាសូរវាថា បីថ្ងៃទៀត។
ម្តេចបងមិនមកថ្ងៃនេះ ?
ថាចាំរៀបទ័ពហែក្បួនឲ្យបានសង្ហាបន្ដិច។
ខ្ញុំត្រេកអរណាស់ពូ ! ឱ ! ពូអើយខ្ញុំផុតអស់ទុក្ខហើយ ប្អូនសូម . . . ឱ ! ពូអញ្ជើញទៅវិញហើយ ?
បាទ ! ហេតុតែសំណាងនាង។
ច៎ាះ ! អរគុណពូណាស់ អញ្ជើញចុះ។
នាងទេវី រីករាយយ៉ាងក្រៃលែងនឹងដំណឹងនេះ។ នាងរត់ទៅប្រាប់នាងភួង ដែលអរ កខិបកខុប ។ នាងទៅមុជទឹកលុបលាងកាយ ដុសសាប៊ូ លាបល្មៀតយ៉ាងស្អាត។ បើជនណាដែលពុំស្គាល់នាង មុខជាចាត់ថានាងនៅក្រមុំមិនខាន។ ចំនួនយូរខែមកហើយ នាងពុំដែលតុបតែងខ្លួនសោះ។ ទើបតែថ្ងៃនេះនាងហៅយាយភួងសិតសក់នាង ឲ្យជួយលាបម្សៅនាង។ ឆវីញញឹមដោយឃើញថា នាងនៅតែល្អស្រស់ដដែល។ សំណើចនាងធ្វើឲ្យឃើញធ្មេញសស្គុស។ ធីតាពាក់អាវល្អ សំពត់ល្អ។ នាងបេះផ្កាមកចងជាបូដាក់លើសក់ នាងប្រុងខ្លួនចាំទទួលប្ដី ប្ដីដែលនាងនឹកជាយូរមកហើយ ប្ដីដែលជាគូកម្សត់ព្រាត់យូរថ្ងៃខែមកហើយ ប្ដីដែលស្រលាញ់នាងវិញយ៉ាងពេញចិត្ដ។
នាងទេវីនឹកថា ត្រូវនាងតុបតែងខ្លួន កុំឲ្យធុំឆ្អេះឆ្អាបទៅលើប្ដីដែលរឮកនាងដែរ។ ឱ ! បីថ្ងៃទៀត មុខជានាងបាននិត្យនៅជាប់នឹងដើមទ្រូងប្រុសសម្លាញ់នេះហើយ គឺនឹងបាននិយាយរៀបរាប់ប្រាប់ទុក្ខនាង ប្រាប់ការកំព្រាដែលនាងបានឆ្លងរួចមក ប្រាប់អំពីកំនើតបុត្រី ប្រាប់អំពីបុត្រី។ មកដល់ត្រង់នេះ នាងទេវីហូរទឹកភ្នែករហាមវិញ។ សេចក្ដីសប្បាយទាំងប៉ុន្មានរត់ចេញអស់ពីចិត្ដនាង។ សេចក្ដីរីករាយរបស់នាងហាក់របេះមួយម្ដងៗ ធ្លាក់ទៅក្នុងរណ្ដៅជ្រៅមួយ។ ស្រីនឹកថា បើបុត្រីជាទីស្នេហានៅម៉្លេះ សមនឹងបានពបុត្រីនេះទៅបង្ហាញប្ដី ឲ្យប្ដីថើបបុត្រនេះផង។ តែឥឡូវ ដៃនាងទទេ ។ នាងហាក់ស្រាលខ្លួនស្ងើក។ ក្នុងពេញមួយថ្ងៃនេះ ធីតាប្រឹងរៀបចំផ្ទះសម្បែង បោសសំអាត ដុសលាងវត្ថុនានា ខាត់តុបតែងយ៉ាងឱឡារិក រួចចាត់ការទិញម្ហូបអាហារធ្វើនំ ទុកចាំប្ដីមានទិញចានល្អៗ ទុកសម្រាប់ដាក់ឲ្យស្វាមីបរិភោគអាហារ និងទិញកន្ទេលថ្មីៗ ឲ្យអ្នកប្រុសសំរាន្ដ។ ឱ !នាងចេះតែនឹកឃើញចំណុចឯទៀតៗ ជាច្រើនណាស់តែនាងពុំអាចធ្វើតាមចិត្ដដែលនាងនឹកឃើញទាំងអស់នោះឡើយ ពីព្រោះស្រីក្រណាស់។ គំនិតនិមួយៗ ដែលដុះលេចឡើងក្នុងវិញ្ញាណរបស់នាងក្នុងមួយពេលនេះគឺដុះលេចមកឯងៗ រួចគំនិតនីមួយៗ ជាសន្ដានចិត្ដនាងដែលស្មោះចំពោះលើស្វាមី៕
រឿង៖ មហាចោរនៅទល់ដែន (២៤ភាគ)
01. ខ្លាបាក់ចង្គូម 02. បងប្អូនពីរនាក់ 03. រាត្រីស្ងាត់ 04. សពស្នេហា 05. បណ្តាំបង 06. ភ្លើងរាគះ 07. បាត់កូន 08. ត្រឡប់ពីច្បាំង 09. រត់តាមប្តី 10. ស្តេចខ្ញាល់ 11. តដៃដោះខ្លួន 12. អាសន្នធំ 13. វាយផ្តាច់ព្រ័ត្រ 14. ព្រះនាងខត្តិយាណី 15. ទារុណកម្ម 16. រំដោះអ្នកស្នេហាជាតិ 17. ស្នេហាលើទូក 18. ថ្កើងត្រង់ណា 19. ចាញ់កល់ស្នេហា 20. នារីទុគ៌ត 21. ក្បួនការពារឯករាជ្យ 22. បាត់ខ្លួនទៅណា 23. ផែនការសម្ងាត់ 24. ជោគជ័យ