Telegram Channel
Youtube Channel
Online TV

មហាចោរនៅទល់ដែន

រឿង៖ មហាចោរនៅទល់ដែន (២៤ភាគ)
01. ខ្លាបាក់ចង្គូម 02. បងប្អូនពីរនាក់ 03. រាត្រីស្ងាត់ 04. សពស្នេហា 05. បណ្តាំបង 06. ភ្លើងរាគះ 07. បាត់កូន 08. ត្រឡប់ពីច្បាំង 09. រត់តាមប្តី 10. ស្តេចខ្ញាល់ 11. តដៃដោះខ្លួន 12. អាសន្នធំ 13. វាយផ្តាច់ព្រ័ត្រ 14. ព្រះនាងខត្តិយាណី 15. ទារុណកម្ម 16. រំដោះអ្នកស្នេហាជាតិ 17. ស្នេហាលើទូក 18. ថ្កើងត្រង់ណា 19. ចាញ់កល់ស្នេហា 20. នារីទុគ៌ត 21. ក្បួនការពារឯករាជ្យ 22. បាត់ខ្លួនទៅណា 23. ផែនការសម្ងាត់ 24. ជោគជ័យ

ភាគទី២០៖ នារីទុគ៌ត

នាង​ទេវី​បុត្រី​ជា​ទី​ស្នេហា​ រត់​តាម​មានន្ទ​ស្វាមី​កំសត់​។ នាង​ចេញ​ពី​ស្រុក​មង្គល​បុរី​ ទាំង​រាត្រី​អស្ចារ្យ​នោះ​អែង​ ដោយ​បាន​ស្រូត​កាត់​តាម​ផ្លូវ​រទេះ​ដែល​បាញ់​ឆ្ពោះ​ទៅ​អានា​ខេត្ដ​បាត់​ដំបង​។ អោ​! ស្រី​កល្យាណ​អិត​បាន​ដឹង​ផ្លូវ​ថា​ត្រូវ​ទៅ​ណា​ទេ ព្រោះ​នាង​ពុំ​ធ្លាប់​ស្គាល់​ភូមិ​ភាគ​ស្រុក​ទេស​គេ​សោះ​។ នាង​គ្រាន់​តែ​ដឹង​ថា ទី​ដៅ​របស់​នាង​ គឺ​បាត់​ដំបង​ បំនណង​របស់​នាង​គឺ​ ជួប​មានន្ទ​ប៉ុណ្ណោះ​អែង​។ ហេតុ​នេះ​ នាង​ទៅ​តាម​តែ​ជំហាន​នាង​ដែល​នាំ​នាង​ទៅ​។ ពីរ​ថ្ងៃ​កន្លង​មក​ ធីតា​បាន​ទៅ​ខេត្ដ​បាត់​ដំបង​។ ស្រី​ដើរ​ឡេឡា​កណ្ដាល​ក្រុង​។
រាល់​ជំហាន​នាង​ទេវី​តែង​ជួប​ប្រទះ​ឃើញ​តែ​រង្វង់​មុខ​មនុស្ស​​ថ្មី​ ដែល​និយាយ​តែ​រឿង​ផ្សេង​ៗ​។ រឿង​ទាំង​ពួង​ដែល​នាង​លឺ​នោះ ចំពោះ​នាង​ជា​រឿង​គ្មាន​ខ្លឹម​សារ​អ្វី​ឡើយ​។ នាង​ពុំ​ដែល​លឺ​ រឺ​ ពុំ​ជួប​ប្រទះ​នឹង​ ស្រ្ដី​ណា​មួយ​មាន​រឿង​ដូច​នាង​ឡើយ​។ ទី​ក្រុង​បាត់​តំបង​ មាន​សកម្ម​ភាព​ខាង​ជំនួញ​ជួញ​ប្រែ​យ៉ាង​កុះ​ករ​ក្រៃ​ពេក​ ដែល​ជា​ហេតុ​ធ្វើ​អោយ​នាង​ វង្វេង​អិត​ស្គាល់​ទិស​តំបន់​ណា​នឹង​គេ​ទេ​។ ទេវី​ចេះ​តែ​ទៅ​មុខ​។
លុះ​ដល់​ពេល​បាយ​ ទើប​នាង​ដឹង​ខ្លួន​ថា​នាង​ឃ្លាន​អាហារ​។ នាង​ទៅ​រក​ទិញ​ម្ហូប​គេ​ទទួល​ទាន​តាម​រាន​ផ្សារ​។ មីង​ចន្ទ​អ្នក​លក់​បាយ​ឃើញ​នាង​ទេវី​ក៏​មាន​ចិត្ដ​អានិត​អាសូរ​ រួច​បាន​សាក​សួរ​អំពី​ដំណើរ​ និង ​ហេតុ​ការណ៍​របស់​នាង​ទេវី​។ ស្រី​កំសត់​ចុក​បាយ​បណ្ដើរ​​ និយាយ​បណ្ដើរ​ រៀប​រាប់​អំពី​រឿង​របស់​នាង​ប្រាប់​មីង​ចន្ទ​ដែល​ធ្វើ​ទឹក​មុខ​យ៉ាង​ក្រៀម​ក្រោះ​។ មីង​ចន្ទ​បញ្ចេញ​វាចា​យ៉ាង​ខ្សឹក​ខ្សួល​ថា :
  នាង​! នាង​ អាច​ទៅ​នៅ​ជា​មួយ​ខ្ញុំ​បន្ដោះ​អាសន្ន​សិន​។ ផ្ទះ​តូច​ទេ​ តែ​ខ្ញុំ​គ្មាន​កូន​ចៅ​អែណា​ទេ​។ នាង​អាច​យក​កូន​ទៅ​នៅ​ចុះ​។ មីង​ជួយ​រក​ប្ដី​នាង​ ក្រែង​លោ​បាន​ឃើញ​។ យី​! កូន​នាង​ល្អ​ណាស់​ តើ​ស្រី រឺ​ប្រុស​?
  ច៎ាះ ! កូនស្រី
  បានប៉ុន្មានខែហើយ ?
  ច៎ាះ ! ទើបបានជាងពីរខែ
  អូ ! ចេះសើចផង
មីង​ចន្ទ​ក៏​ទទួ​ល​បុត្រី​របស់​នាង​ទេវី​ទៅ​ព​អោប​ថើប​យ៉ាង​ស្និត​ស្នាល​។ នាង​ទេវី​ក៏​មាន​ទឹក​មុខ​រីក​រាយ​យ៉ាង​ខ្លាំង​ ហើយ​បាន​សំពះ​ជូន​អំណរ​អរ​គុណ​ដល់​មីង​ចន្ទ​។ នាង​បញ្ចប់​ពាក្យ​អំណរ​គុណ​ដោយ​រំលឹក​ថា
  អ្នកមីង ! អោយខ្ញុំនៅជាមួយផង ខ្ញុំក្រណាស់ ខ្ញុំគ្មានប្រាក់កាសទេ ! . . .
  ទេ ! ទេ ! មិនអីទេ ។ ខ្ញុំអានិតនាងណាស់ ។ ខ្ញុំជួយនាងនេះយកតែបុណ្យទេ
នាងទេវីលើកដៃសំពះទៀត
  ខ្ញុំអរគុណនឹងអ្នកមីងណាស់ ។ ប៉ុន្ដែខ្ញុំព្រួយម្យ៉ាងទៀត ដោយខ្ញុំពុំដឹងធ្វើការអ្វីជួយអ្នកមីង
  នាងចេះដេរទេ ?
  ច៎ាះ ! ចេះ
  អើមែន ! នាងដេរខោអាវចុះ ។ យី ! សព្វថ្ងៃគេលក់ខោអាវដាច់ណាស់
  ខោអាវយ៉ាងណាទៅអ្នកមីង ?
  ខោខ្មៅៗ ខ្លីៗ អាវធម្មតា។ ពួកអ្នកស្រែគេរកទិញរាល់ថ្ងៃ
  ច៎ាះ ! ខ្ញុំអាចដេរបានអ្នកមីង
  ស្រួលហើយនាង ៗ នៅ​តែ​ផ្ទះ​ចុះ និង​ខំ​តែ​ដេរ​ខោ​អាវ​ចុះ​។ ទុក​កូន​នាង​អោយ​ខ្ញុំ​យក​មក​ផ្សារ​ជួយ​មើល​អោយ
  ច៎ាះ !
ក្នុង​ថ្ងៃ​នោះ​ នាង​ទេវី​ក៏​បាន​ទៅ​នៅ​ជា​មួយ​មីង​ចន្ទ​ដែល​មាន​ចិត្ដ​សប្បុ​រស​ក្រៃ​លែង​។ ស្រី​ទុគ៌ត​ក៏​បាន​ចាប់​ផ្ដើម​ដេរ​ខោ​អាវ​លក់​តាំង​ពី​ពេល​នោះ​មក​។ នាង​ខិត​ខំ​សាក​សួរ​គេ​អែង​អំពី​មានន្ទ​ តែ​គ្មាន​អ្នក​ណា​មួយ​ស្គាល់​ឡើយ​។ ថ្ងៃ​កន្លង​ទៅ​ៗ​។ ខែ​កន្លង​ទៅ​ៗ​។ ឆ្នាំ​កន្លង​ទៅ​ៗ​​ អិត​ស្រាក​ស្រាន្ដ​។ មួយ​ថ្ងៃ​ដែល​ផុត​ទៅ​ នាង​ទេវី​មាន​ទុក្ខ​ព្រួយ​កាន់​តែ​ធំ​ឡើង​។ ពេល​ដំនេក​លក់​ ទុក្ខ​នេះ​វិនាស​ទៅ​វិញ​តាម​សុបិន​​។ ថ្ងៃ​មួយ​ចាប់​បដិ​សន្ធិ​មក​ទៀត​ ទុក្ខ​ដដែល​កើត​ឡើង​វិញ​ដោយ​មាន​អានុ​ភាព​ខ្លាំង​ដដែល​ដូច​ថ្ងៃ​មុន​។ អោ​! មនុស្ស​​យើង​អើយ​! ទុក្ខ​ដែល​ធំ​ជាង​គេ​បង្អស់​លើ​លោក​នេះ គឺ​ទុក្ខ​ព្រាត់​គូ​ស្នេហ៍​ និង​ទុក្ខ​ព្រាត់​ប្រាស​ស្រុក​ទេស​។ យើង​បាន​ឃើញ​ថា​ ទុក្ខ​ព្រាត់​ប្រាស​និរាស​គ្នា​នេះ មាន​អិទ្ធានុ​ភាព​ប៉ុន​ណា​ហើយ​។ នៅ​ជិត​ទុក្ខ​ ដ៏​អុត្ដម​នេះ​ មាន​ទុក្ខ​ព្រាត់​ប្រាស់​ស្រុក​ទេស​។ រាល់​ថ្ងៃ​ជន​ដែល​ព្រាត់​ប្រាស​ស្រុក​ ហើយ​ដែល​បាន​ទៅ​ជ្រក​កោន​ដោយ​ស្រុក​គេ​ ហាក់​ឃើញ​ខ្លួន​នៅ​តែល​តោល​ៗ​ គ្មាន​បង្អែក​ កណ្ដាល​វដ្ដ​សង្សារ​។
សត្វ​ឆ្ងាយ​ពី​សំបុក​កំព្រា​រងា​យ៉ាង​ណា ជន​អ្នក​ឆ្ងាយ​ពី​ស្រុក​ទេស​ក៏ ​រងា​កំព្រា​យ៉ាង​នោះ​ដែរ​។ ក្រលេក​មើល​ឆ្វេង​ស្ដាំ​ នាយ​អាយ​ឃើញ​តែ​ជន​អែ​ទៀត​ដែល​ខ្លួន​ពុំ​ដែល​ស្គាល់​។ យូរ​ៗ ព្រលឹង​នៃ​ស្រុក​ទេស​អង្រន់​ រំលឹក​ឡើង​ធ្វើ​ទឹក​មុខ​អោយ​ក្រៀម​ក្រំ​ ធ្វើ​ចត្ដិ​អោយ​ចង្អៀត​ចង្អល់​ ធ្វើ​ភ្នែក​អោយ​រលីង​រលោង​។ រាល់​ថ្ងៃ​ជន​អ្នក​ឃ្លាត​ស្រុក​ ក្រ​លេក​មើល​ទៅ​ទិស​ដែល​ស្រុក​ខ្លួន​ធ្លាប់​នៅ​។ ផ្គរ​លាន់​ម្ដង​ៗ ភ្លៀង​ធ្លាក់​ម្ដង​ៗ ជន​អ្នក​ឃ្លាត​ស្រុក​អោប​ដៃ​សំពះ​អង្វរ​អស់​អរុក្ខ​ទេវ​តា​អោយ​ដឹក​នាំ​ខ្លួន​ទៅ​ដល់​ស្រុក​វិញ​។ ទោះ​ស្រុក​ថ្មី​ ដែល​យើង​និត្យ​នៅ​មាន​ការ​សប្បាយ​ និង​សម្បូរ​ហូរ​ហៀ​ក៏​ពុំដូច​ស្រុក​កំនើត​យើង​ទេ​។ ស្រុក​យើង​អាក្រក់​ ក្រ​កំសត់​លំបាក​វេ​ទនា​យ៉ាង​ណា ក៏​ស្រុក​យើង​ជា​ស្រុក​សុខ​ដុម​រមនា​ដែល​ទាញ​ចិត្ដ​ចង់​អោយ​តែ​ទៅ​ ចង់​អោយ​តែ​នៅ​រហូត​អស់​ជន្ម​ជីវិត​។ ចាប​យំ​! អោ​! ចាប​យំ​! គឺ​មក​ដាស់​សតិ​យើង​អោយ​យំ​ជា​មួយ​ចាប​នោះ​ផង​។ ថា​បើ​មាន ដំណឹង​អ្វី​ពី​ស្រុក​យើង​ ជន​អ្នក​ព្រាត់​ស្រុក​ស្ទុះ​ភ្ញាក់​លោត​ចង់​ដឹង​ ចង់​និយាយ​ ចង់​លឺ​គេ​និយាយ​តែ​ពី​ស្រុក​ខ្លួន​នោះ​។ រាល់​វេលា​​ យើង​គយ​គន់​ សង្កេត​រក​មើល​ក្នុង​បណ្ដា​មនុស្ស​ដែល​ដើរ​ក្រែង​ឃើញ​អ្នក​ណា​ម្នាក់​ដែល​មក​ពី​ស្រុក​យើង​។
អោ​! ចិត្ដ​ស្រលាញ់​ស្រុក​នេះ​! មិន​ថា​ស្រី​ប្រុស​ទេ​ ចាប់​ចិត្ដ​ចាប់​គំនិត​ជា​ពន់​ពេក​។ ចិត្ដ​ស្រលាញ់​ស្រុក​នេះ​ នាំ​ចិត្ដ​យើង​អោយ​ជួប​ប្រទះ​ នឹង​មនោ​សញ្ចេត​នា​ធំ​ៗ​អែ​ទៀត​ជា​ច្រើន​ មាន​ចិត្ដ​ស្រលាញ់​ប្រ​ទេស​ជាតិ​ ស្រលាញ់​ជាតិ​ និង​ស្រលាញ់​ប្រជា​ជន​យើង​ជា​ដើម​។ អ្នក​ដែល​ព្រាត់​ប្រាស​ចេញ​ពី​ស្រុក​ទៅ​នៅ​ពឹង​អាស្រ័យ​ប្រទេស​គេ​ ទើប​ស្គាល់​តំលៃ​នៃ​ចិត្ដ​នឹក​ស្រុក​នេះ​ពិត​ៗ​។ នាង​ទេវី​នឹក​ស្រុក​ ស្រលាញ់​ស្រុក​ ស្រលាញ់​ជាតិ​ ស្រលាញ់​ខ្មែរ តាម​លំដាប់​ជាន់​ថ្នាក់​ និង ​លំអាន​ដែល​យើង​បាន​រៀប​រាប់​មក​នេះ​។ រាត្រី​នោះ​ នាង​ទេវី​និទ្រា​មិន​លក់​សោះ​។ មីង​ចន្ទ​ក៏​នាំ​នាង​និយាយ​ពី​នេះ​ពី​នោះ​ គ្រាន់​កែ​អផ្សុក​។ នាង​ទេវី​អង្គុយ​លើ​ក្ដារ​ងឿ​ក្នុង​ខ្ទម​បក់​មូស​អោយ​បទុម​បុត្រី​ធីតា​។ នាង​បទុម​បាន​អាយុ​ជាង​មួយ​ឆ្នាំ​ហើយ ៗ​នាង​ចេះ​ចាប់​ឈោង​ដើរ​ ចេះ​ឆ្លើយ​មួយ​ម៉ាត់​ៗ ដែល​រិត​តែ​អោយ​នារី​ទាំង​ពីរ​ស្រលាញ់​ខ្លាំង​ទៅ​​ទៀត​។
រាត្រី​គ្រប​ស្បៃ​ងងឹត​ពាស​ពេញ​។ ខាង​ក្រៅ​ជុំ​វិញ​ផ្ទះ​នាង​ទេវី​លឺ​សូរ​រទេះ​ទូ​មួយ​ឈប់​។ នាង​ព្រឺ​ខ្លួន​ខ្ញាក​ៗ រត់​ទៅ​មើល​។ នាង​ភ័យ​តក្កមា​ត្បិត​មាន​ទាហាន​ជា​ច្រើន​ព័ទ្ធ​ផ្ទះ​នាង​ រួច​មាន​ទា​ហាន​ប្រាំ​នាក់​ទៀត​ប្រដាប់​ដោយ​អា​វុធ​គ្រប់​ដៃ​ដើរ​ចូល​មក​។ មីង​ចន្ទ​ក៏​ស្រលាំង​កាំង​មើល​ជន​ទាំង​អស់​ដោយ​ពោល​វាចា​ញ័រ​ៗ​ថា​ :
  លោកមានការអី ?
  យើងមកនេះមានការ
លំដាប់​នោះ ​ពល​ទាហាន​ក៏​ចាប់​នាង​ទេវី​។ រី​អែ​ទាហាន​អែ​ទៀត​ក៏​ស្ទុះ​ទៅ​ចាប់​នាង​បទុម​លើក​ឡើង​។ មីង​ចន្ទ​ឃើញ​ដូច្នោះ​ ក៏​ស្ទុះ​ទៅ​ដន្ដើម​បុត្រី​ដែល​ភ្ញាក់​ស្រែក​យំ​ទ្រហឹ​ង​អឹង​កង​។ នាង​ទេវី​ស្រែក​ដែរ​ តែ​ស្រែ​ក​ពុំ​រួច​ ត្បិត​ពួក​ទាហាន​ខ្ទប់​មាត់​ជាប់​។ នាង​ប្រឹង​បំរះ​យ៉ាង​អស់​ទំ​ហឹង​។
ការ​ប្រលូក​គ្នា​នេះ​មាន​ឡើង​យ៉ាង​គួរ​អោយ​ខ្លាច​ចិត្ដ​ជា​អនេក​កប្ប​ការ​។ តុទូ​កៅ​អី​ដួល​រេល​។ មិន​យូរ​ប៉ុន្មាន​ ទាហាន​ចាប់​ទាញ​នាង​ទេវី​ដល់​ខាង​ក្រៅ​មាត់​ទ្វារ​។
នាងទេវីស្រែបានមួយម៉ាត់ថា
  ជួយផងលោកអើយ !
សំរែក​នេះ​ក៏​បាត់​ឈឹង​ទៅ​វិញ​ដោយ​មនុស្ស​ដែល​ចាប់​នាង​ជាប់​ពី​ក្រោយ​ច្របាច់​ក​នាង​ជាប់​ហើយ​មាន​វាចា​ថា
  ហ៊ឹសៗ ជួយផង !
  យី ! កាមាទេ អោព្រះម្ចាស់ថ្លៃអើយ ! កាមាលោកមកធ្វើអីយ៉ាងនេះ ?
  ស្ដាប់​ខ្ញុំ​អោយ​ទាន់​។ ជាង​មួយ​ឆ្នាំ​មក​ហើយ​ យើង​បែក​គ្នា​។ ជាង​មួយ​ឆ្នាំ​មក​ហើយ​ ដួង​ចិត្ដ​ខ្ញុំ​គ្រប​ដណ្ដប់​សេច​ក្ដី​ស្នេហា​មួយ​យ៉ាង​លំបាក​ក្រៃ​លែង​។ ពេល​នេះ​អនុស្សាវ​រីយ៍​ចាស់​រើ​ឡើង​ពាស​ពេញ​ខ្លួន​ខ្ញុំ​។ អើ​! ខ្ញុំ​ធ្វើ​ទាំង​ប៉ុន្មាន​នេះ​ដោយ​ខ្ញុំ​ស្រលាញ់​អ្នក​តែ​មួយ​។ សេច​ក្ដី​ស្នេហា​លើ​រូប​អ្នក​កំរើក​ពេញ​សរ​សៃ​ខ្ញុំ​ ​។ ស្នេហា​តែ​មួយ​នេះ​ឆាប​ឆេះ​ចូល​ពេញ​ដើម​ទ្រូង​ខ្ញុំ ធ្វើ​អោយ​ខ្ញុំ​ដំណេក​មិន​បាន​អង្គុយ​មិនសុខ​ មុខ​ក្រៀម​ជានិច្ច​។ ថ្ងៃ​នេះ​ ខ្ញុំ​ប្រាស​ចាក​អស់​ទុក្ខ​ទាំង​ពួង​ហើយ​។
  ទេ ! ទេ! លោកកុំធ្វើដូច្នោះ ខ្ញុំមិនស្រលាញ់លោកទេ
  យី ! ឆ្នាំ​មុន​ប្រកែក​ ពេល​នេះ​ប្រ​កែក​ទៀត​! ទេវី​! អ្នក​លះ​បង់​គំនិត​ចាស់​ចោល​ទៅ​។ ស្នេហា​របស់​ខ្ញុំ​លើ​រូប​អ្នក​ មាន​តែ​ស្លាប់​និង​រស់​ប៉ុណ្ណោះ​។
ស្ដាប់​ដូច្នោះ​ នាង​ទេវី​ស្លុត​អស់​ស្មារតី​។ ពាក្យ​របស់​កាមា​មួយ​ៗ​ ធ្ងន់​ស្មើ​រន្ទះ​ដែល​បាញ់​ទាំង​ប្រាំ​បី​ទិស​។ នារី​អស់​សង្ឃឹម​។ នាង​លង់​ក្នុង​សេច​ក្ដី​ភ័យ​មួយ​រក​របស់​អ្វី​មក​ប្រៀប​ផ្ទឹម​គ្មាន​។ ក្នុង​ពេល​នោះ មនុស្ស​ម្នាក់​លោត​ចេញ​ពីរ​បង​មក​អាវុធ​នៅ​ដៃ ឃើញ​ភ្លឺ​ផ្លេក​ចាំង​ដូច​ផ្លេក​បន្ទោរ​ក្នុង​ទី​ងងឹត​។ មនុស្ស​មិន​ស្គាល់​មុខ​នេះ​ស្រែក​ថា​:
  យី ! ពួកអាត្មាត អែងនាំគ្នាធ្វើកម្មពៀរអ្វីទាំងយប់នេះ
នាង​ទេវី​ស្គាល់​ជាក់​ថា សំលេង​របស់​បុរស​ដែល​យក​កូន​នាង​មក​អោយ​កាល​នៅ​សិរី​សោ​ភ័ណ​។នាង​ប្រឹង​បំរះ​យ៉ាង​អស់​ទំហឹង​ ដើម្បី​រត់​ទៅ​រក​មនុស្ស​ដ៏​សប្បុ​រស​នេះ​ដោយ​ស្រែក​ថា :
  ជួយ​ផង​លោក ! ជួយ​ផង​លោក​!
បុរសនិយាយដោយសំលេងធ្ងន់យ៉ាងនឹងតបថា
  បាទ ! ខ្ញុំមកជួយនាង
កាមាលែងនាងទេវី រួចឆ្លើយវិញភ្លាម
  អ្នកណា ? លោកគ្រូរឺ ?
បុរសដែលគេហៅលោកគ្រូនោះ លាន់មាត់ថា
  យី ! កាមាទេ
  បាទ ! ខ្ញុំបាទលោកគ្រូ
ពួក​ទាហាន​ទាំង​អស់​ក៏​នៅ​ស្រលាំង​កាំង​។ នាង​ទេវី​ព្រួយ​បា​រម្ភ​យ៉ាង​ខ្លាំង​សា​ជា​ថ្មី​វិញ​។ នាង​ឃើញ​ជាក់​ថា នាង​វិនាស​សូន្យ​ប្រាកដ​ក្នុង​ពេល​នេះ​។ តែ​មាត់​បុរស​ដែល​គេ​ហៅ​លោក​គ្រូ​នោះ​ លាន់​ឡើង​ទៀត​ថា​:
  កាមា ! អែងត្រូវថយចេញពីទីនេះប្រញាប់ កុំគប្បីអែងធ្វើដូច្នេះអោយសោះ
កាមាកាន់ដាវពត់លេង ដើរចូលស្លុងទៅរកលោកគ្រូនោះ
  យី ! លោកគ្រូអ្នកណាមិនស្គាល់កាមា
  កាមា ! កាមា ! ឈប់អែងស្លាប់ រឺ អញស្លាប់
  ហាសៗ លោកគ្រូមកឈឺឆ្អាលអីក្នុងរឿងនេះ?
  គឺរឿងមនុស្ស ។ អញឈឺចាប់ណាស់ ។ អែងមិនខ្មាសគេទេ មកចាប់ស្រីមេម៉ាយដូច្នេះ?
  សុំលោកគ្រូថយចេញប្រញាប់ ប្រុងលោកគ្រូ !
  កាមា ! កាមា ! ប្រុងខ្លួន
ដាវលោកគ្រូវាត់លឺម៉ាំងៗ ភ្លាមមួយរំពេច
ខាង​ទាហាន​ស្ទុះ​ច្រូង​មក​ពី​គ្រប់​ទិស​។ ជន​ឈ្មោះ​លោក​គ្រូ​កាត់​ កាប់​ចាក់​ រេល​បួន​ប្រាំ​នាក់​គ្មាន​យូរ​ឡើយ​។ កាមា​ចូល​ប្រយុទ្ធ​យ៉ាង​ពេញ​ទំហឹង​។ អ្នក​ស្រែក​បញ្ជា​ថា​:
  រទេះបរទៅ !
នាង​ទេវី​ប្រឹង​បំរះ​ពី​ដៃ​ទាហាន​ម្នាក់​ដែល​ចាប់​នាង​ជាប់​ រួច​ប្រឹង​ស្រែក ប្រឹង​យំ តែ​អិត​ប្រ​យោជន៍​។ មីង​ចន្ទ​ដួល​បាត់​ស្មារតី​នៅ​មួយ​កន្លែង​។ ដាវ​លោក​គ្រូ​ជា​ដាវ​មួយ​យ៉ាង​ចំណាប់​មែន​ ដើម្បី​ការ​ពារ​យុត្ដិ​ធម៌ ​និង​ ការ​ពារ​មនុស្ស​ទន់​ខ្សោយ​។ ខាង​ទាហាន​ដួល​ហូរ​ឈាម​សស្រាក់​។ កាមា​និយាយ​ថា ​:
  តាំងពីណាមកខ្ញុំមិនដែលបានល្បងជាមួយលោកគ្រូម្ដងសោះ
  ហ៊ឹសៗ ប្រុងឆ្វេង !
  លោកគ្រូពូកែស្វិតស្វាញមែន
  ពី​មុន​អញ​បាន​ចូល​ដៃ​នឹង​អែង​លួច​កូន​នេះ អីលូវ​អញ​ទើប​ដឹង​ខ្លួន​ថា អែង​ជា​មនុស្ស​អាក្រក់​បំផុត​ដែល​អញ​ត្រូវ​តែ​កុំ​ទុក​ជីវិត​អែង​។
  ខ្ញុំទ្រាំនឹងលោកគ្រូមិនបានជាប្រាកដ។ ខ្ញុំវាយដោះដៃហើយ។
ថា​តែ​ប៉ុណ្ណោះ ​កាមា​ស្រែក​អោយ​កង​ពល​ដែល​នៅ​សល់​វាយ​ថយ​រត់​យក​តែ​ខ្លួន​។ បុរស​ឈ្មោះ​លោក​គ្រូ​ឃើញ​ដូច្នោះ​ តាំង​វាយ​ដណ្ដើម​យក​នាង​ទេវី​។ មិន​យូរ​ប៉ុន្មាន​ ខ្មាំង​រត់​ខ្ចាត់​ខ្ចាយ​កណ្ដាល​យប់​ស្ងាត់​។ បុរស​មិន​ស្គាល់​ឈ្មោះ​ដឹក​ដៃ​នាង​ទេវី​រត់​ទៅ​ដោយ​ប្រាប់​នាង​ថា​:
  មកនាង ! មកតាមខ្ញុំកុំនៅទីនេះ ត្បិតក្រែងថ្ងែស្អែកគេមកហ៊ុមចាប់ទៀត
  ចុះមីងចន្ទ ?
  មួយស្របក់ទៀត ខ្ញុំអោយកូនចៅខ្ញុំមកដឹកគាត់ទៅពួនកន្លែងមួយស្ងាត់ល្អណាស់
  ចុះកូនខ្ញុំ ?
  ពួកយើងយកទៅអែទូកហើយ។ ឆាប់ៗ អីលូវត្រូវរត់អោយរួចជីវិតសិន
បុរស​ទាញ​នាង​ចុះ​ទូក​មួយ​ដែល​មាន​ដំបូល​ជិត​ស្លុង​ កន្លះ​ម៉ោង​ក្រោយ​មក មីង​ចន្ទ​ក៏​បាន​មក​នៅ​ក្នុង​ទូក​ជា​មួយ​នាង​ទេវី​។ ទូក​ក៏​ស្រាយ​ខ្សែ​ទំលាក់​ចែវ​ទៅ​តាម​ទឹក​ចុះ​ទៅ​បាក់​ព្រា​។ ទូក​នោះ​ធំ​។ នាង​ទេវី​នៅ​ក្នុង​បន្ទប់​មួយ​ខាង​ក្រោយ​ម្នាក់​អែង​។ នាង​សង្កេត​ឃើញ​មាន​ពូក​ខ្នល់​ខ្នើយ​យ៉ាង​ស្អាត​សំរាប់​នាង​។ នាង​នឹក​ថា​ អ្នក​ដែល​នាំ​នាង​នេះ​ពុំ​មែន​ជា​មនុស្ស​ធម្មតា​ទេ​ គឺ​ប្រាកដ​ជា​មនុស្ស​ចេះ​ដឹង​ ធ្លាប់​ស្គាល់​ការ​រស់​នៅ​របស់​អ្នក​ធំ​មិន​ខាន​ បាន​ជា​ចេះ​រៀប​ចំ​ទី​កន្លែង​យ៉ាង​ប្រ​សើរ​ដូច្នេះ​។
នារី​ផ្ដួល​ខ្លួន​ទៅ​លើ​ពូក​ដ៏​ស្អាត​។ នាង​យំ​ខ្សឹក​ខ្សួល​ពុំ​ឈប់​ឈរ​ឡើយ​ពេញ​មួយ​យប់​ទើស​ភ្លឺ​។ លុះ​ព្រះ​អារុណ​រះ​ឡើង​ នាង​ទេវី​មើល​តាម​បង្អួច​ទូក​ទៅ​ឃើញ​តែ​ដង​ស្ទឹង​ដែល​មាន​ដើម​ឈើ​ខៀវ​ស្រងាត់​អម​សង​ខាង​។ នាង​ចង់​ចេញ​​ទៅ​លើ​ដំបូល​ទូក​ តែ​ទ្វារ​បិទ​ចាក់​សោ​ជាប់​។ នាង​កើត​រកាំ​រកុះ​ក្នុង​ចិត្ដ​ជា​ពន់​ពេក​។ នៅ​ជិត​នោះ​ មាន​ពាង​ទឹក​ ផ្ដិល​ សាប៊ូ​ សំរាប់​នាង​ជា​ស្រេច​។ នាង​លុប​លាង​មុខ​មាត់​ សិត​សក់​ស្អាត​បាត​។ ស្រី​ហួស​នឹង​យំ​សោក​ទៀត​ហើយ យូរ​បន្ដិ​ច​មក​ ទ្វារ​របើក​ឡើង​។ នាង​ទេវី​រីក​រាយ​ក្នុង​ចិត្ដ​អិត​អុបមា​។ មនុស្ស​ដែល​លោត​ពី​លើ​ដំបូល​ចូល​មក​នោះ មាន​អាយុ​ប្រមាណ​ជាង​សែ​សិប​ឆ្នាំ​។ បុរស​សួរ​នាង​ថា​ :
  ម៉េចនាង ស្រួលទេ នៅក្នុងទូកនេះ?
នាង​ទេវី​ភ្ញាក់​ខ្លួន​នឹង​សំលេង​នេះ​។
នាង​លើក​ដៃ​សំពះ​ដោយ​ទើប​បាន​ឃើញ​មុខ​មនុស្ស​អ្នក​មាន​គុណ​ ដែល​គ្រា​មុន​បាន​យក​កូន​នាង​មក​អោយ​ រួច​ថ្មី​ៗ​នេះ​បាន​ជួយ​ជីវិត​នាង​ និង​ជីវិត​កូន​នាង​ទៀត​។
  ច៎ាះ !ស្រួលទេលោកពូ តែខ្ញុំព្រួយណាស់
នាងទេវីស្រក់ទឹកភ្នែកច្រោកៗ។ បុរសសើចកំលា ហើយនិយាយថា
  កុំគិតច្រើនអី !
  លោកពូ ! នាំខ្ញុំទៅណា ?
  ខ្ញុំនាំនាងទៅរកទីសុខ !
  ទីសុខនោះនៅអែណា ?
  នៅទល់ដែន !
  ទល់ដែន ?
  ទល់ដែន
  ម៉េចក៏ដូច្នោះ ? ខ្ញុំមិនយល់ទេ ម៉េចក៏ទល់ដែនជាទីសុខ ?
  ត្បិតនៅទីនោះមានសេរី ។ មនុស្សកាន់ច្បាប់ ។ អ្នកមានអំនាចបំរើអ្នកខ្សត់ខ្សោយ។ យុត្ដិធម៌ជាធំ
  អ្នកណាកាន់អំណាចធំជាងគេ ?
  ប្ដីនាង !
  ប្ដីខ្ញុំ ? អោព្រះម្ចាស់ថ្លៃអើយ ! ប្ដីខ្ញុំ ? ច៎ាះ ! លោកនៅអែណាសព្វថ្ងៃ ?
  នៅអែទល់ដែន
  អោ ​! លោក​នៅ​អែ​ទល់​ដែន​។ ច៎ាះ ​! ទល់​ដែន​ជា​ទី​សប្បាយ​មែន​។​ ច៎ាះ​ ទល់​ដែន​ជា​ទី​សុខ​។ សូម​លោក​ជូន​ខ្ញុំ​ទៅ​ទល់​ដែន​ផង​។ ខ្ញុំ​អរ​គុណ នឹង​ លោក​ណាស់ អរ​គុណអស់​មួយ​ជីវិត​នេះ​។ ខ្ញុំ​មិន​ភ្លេច​គុណ​លោកពូ​​ទេ​ច៎ាះ ​! ទល់​ដែន ​ៗ ​ៗ ​ៗ​។ ប្ដី​ខ្ញុំ​នៅ​ទល់​ដែន​។ តែ​លោក​ពូ​ក្រែង​មិន​មែន​ប្ដី​ខ្ញុំ​ទេ​រឺ​​ដឹង​?
  មានន្ទ
  ច៎ាះ ! ច៎ាះ ! មានន្ទមែនហើយ ! អោព្រះម្ចាស់ថ្លៃអើយ !ច៎ាះ ប្ដីខ្ញុំឈ្មោះមានន្ទនោះអែង។ ម្ដេចក៏លោកពូស្គាល់ ?
  សិស្សខ្ញុំ
  អូ ! សិស្សលោកពូ ?
  បាទ ! សិស្សខ្ញុំៗ ​បាន​បង្ហាត់​បង្រៀន​វិជ្ជា​គ្រប់​យ៉ាង​ ទាំង​អក្សរ​ទាំង​ក្បាច់​ច្បាំង​ជា​មួយ​គិរី​សុ​មេរុ​?
  អ្នកណាគិរីសុមេរុ ?
  ក្លើខ្ញុំ នាងមិនស្គាល់ទេ ។ គាត់នោះចាស់ណាស់ហើយតែជាមនុស្សកំពូលមនុស្ស
  ច៎ាះ ! លោកពូធ្លាប់ឃើញប្ដីខ្ញុំមែនរឺទេ ?
  ខ្ញុំមិនដែលបានជួបទេ តែខ្ញុំមានគ្នីគ្នាទៅមករាល់ពេល
  លោកពូ ! ប្ដីខ្ញុំសុខសប្បាយជាទេ ?
  សុខសប្បាយជាទេ
  គាត់ធាត់ រឺ ស្គម ?
  នៅ​ដដែល​ដូច​មុន​ទេ​មើល​ទៅ​។ ខ្ញុំ​មិន​សូវ​ដឹង​ ព្រោះ​យើង​ឃ្លាត​គ្នា​តាំង​តែ​ពី​ពេល​ដែល​នាង​ចេញ​ពី​សិរី​សោ​ភ័ណ​មក​នោះ​អែង​
  អូ ​! យូរ​ណាស់​មក​ហើយ​ តែ​លោកពូ​ ! លោក​ពូ ​! អោ​! ទុក្ខ​ខ្ញុំ​ធ្ងន់​ណាស់​។ ប្ដី​ខ្ញុំ​នឹក​ស្មាន​ថា​តែ​ខ្ញុំ​នេះ​ជា​ស្រី​ដែល​ក្បត់​គាត់​
  ខ្ញុំ​ជា​សាក្សី​ស្រាប់​ តើ​ភ័យ​អ្វី ​?
  ច៎ាះ ! ច៎ាះ ! សូមលោកពូមេត្ដាជួយពន្យល់គាត់ផង!។
  អោ ! ទុក្ខខ្ញុំមានយូរហើយ ពេលនេះខ្ញុំទើបបានសប្បាយម្ដង
  ចូរនាងកុំព្រួយអោយសោះ
  ហ៊ឺ ! លោកពូមានគុណនឹងខ្ញុំដល់ម៉្លេះ តើលោកពូនាមឈ្មោះអី ? នៅស្រុកណា ? ប្រពន្ធឈ្មោះអី ? មានកូនប៉ុន្មាន ?
  ខ្ញុំជាមនុស្សអត់ឈ្មោះ អត់ស្រុកទេស អត់គ្រួសារ អត់កូនចៅទេ
  ម៉េចក៏យ៉ាងដូច្នោះ?
  សូមនាងកុំចង់ដឹងរឿងខ្ញុំអោយសោះ
បុរស​ធ្វើ​ទឹក​មុខ​ស្រងូត​ស្រងាត់​ក្រៃ​ពេក​ ដែល​នាំ​អោយ​នាង​ទេវី​មាន​ចិត្ដ​អាណិត​រក​អ្វី​មក​ប្រដូច​ពុំ​បាន​។ ឃើញ​ដូច្នោះ​ នាង​ក៏​អត់​ដង្ហើម​ មិន​សួរ​អ្វី​ពី​រឿង​នេះ​ទៀត​ឡើយ​។
  អោ! លោកពូ មីងចន្ទនៅអែណា ?
  នៅបន្ទប់ខាងមុខ
  ខ្ញុំសុំអោយគាត់មកនៅជាមួយខ្ញុំបានទេ ?
  ហាសៗ ខ្ញុំមិនចង់ដូច្នោះទេ
  ម៉េចក៏ដូច្នោះ ?
  ព្រោះស្រីៗ បើនៅជិតគ្នា ចេះតែនាំគ្នានិយាយពីទុក្ខ រួចយំនាំអោយខ្ញុំពិបាកចិត្ដណាស់
  មិនអីទេខ្ញុំអផ្សុកណាស់ ខ្ញុំសុំអោយគាត់មកនៅជាមួយខ្ញុំមក។ រួចកូនខ្ញុំផង
  បាន ! កុំនិយាយគ្នា រួចកុំយំណ៎ា !
  ច៎ាះ ! ខ្ញុំធនាជូនលោកពូ
លំដាប់​ក្រោយ​ពី​នោះ មីង​ចន្ទ និង នាង​បទុម​ក៏​បាន​មក​នៅ​ជា​មួយ​នាង​ទេវី​។ រី​អែ​បុរស​មិន​ស្គាល់​ឈ្មោះ​ក៏​ឡើង​ទៅ​លើ​ដំបូល​ទូក​វិញ​ អ្នក​ចែវ​ទាំង​អស់​មាន​បួន​នាក់ អ្នក​កាច់​ចង្កូត​ម្នាក់​ទៀត​ត្រូវ​ជា​ប្រាំនាក់​។ បុរស​យើង​បញ្ជា​អោយ​ក្មេង​ម្នាក់​ដាំ​បាយ បំរើ​ទឹក​ក្ដៅ ទឹក​ត្រជាក់​ដល់​ស្រី​ទុគ៌ត​ទាំង​ពីរ​ប្រាណ​។ ក្នុង​វេលា​ថ្ងៃ​នោះ ​បុរស​និទ្រា​លក់​យ៉ាង​ស្កប់​ស្កល់​លើ​ដំបូល​ទូក​ ដែល​លឿន​ស្លុង​ស្លៅ​បណ្ដោយ​តាម​ទឹក​ហូរ​។
រឿង៖ មហាចោរនៅទល់ដែន (២៤ភាគ)
01. ខ្លាបាក់ចង្គូម 02. បងប្អូនពីរនាក់ 03. រាត្រីស្ងាត់ 04. សពស្នេហា 05. បណ្តាំបង 06. ភ្លើងរាគះ 07. បាត់កូន 08. ត្រឡប់ពីច្បាំង 09. រត់តាមប្តី 10. ស្តេចខ្ញាល់ 11. តដៃដោះខ្លួន 12. អាសន្នធំ 13. វាយផ្តាច់ព្រ័ត្រ 14. ព្រះនាងខត្តិយាណី 15. ទារុណកម្ម 16. រំដោះអ្នកស្នេហាជាតិ 17. ស្នេហាលើទូក 18. ថ្កើងត្រង់ណា 19. ចាញ់កល់ស្នេហា 20. នារីទុគ៌ត 21. ក្បួនការពារឯករាជ្យ 22. បាត់ខ្លួនទៅណា 23. ផែនការសម្ងាត់ 24. ជោគជ័យ