អារម្ភកថា
រឿងព្រេងខ្មែរ
រឿង៖ ខ្លា ស្វា និងទន្សាយ
ដំនើររឿង
មានសត្វខ្លាមួយ វាដាច់សង្វែង ដើររកចាប់អ្វីមិនបានសោះ ខំដើរស្វែងណាស់ៗទៅប្រទះនឹងសត្វអកមួយ កំពុងតែយំឮសូរអកអូៗ ទំលើដើមព្រឹក្សាមួយនៅមាត់ត្រពាំង ខ្លាក្រឡេកមើលទៅឃើញគិតក្នុងចិត្តថា « ធ្វើម្ដេចនឹងចាប់អានេះបានហ្ន ! បើវានៅខ្ពស់ម្ល៉េះ ? បើអញឡើងទៅ មុខជាវាឃើញ ហើយហើរទៅកាលណានឹងចាប់វាបាន ? »។ ខ្លាអង្គុយចាំមើលកិច្ចកលសត្វអកនោះ ។ ឯសត្វអកនោះកាលណាទំហើយ ភ្នែកវាតែងរំពៃមើលទៅបង្ហែត្រី ក្រែងមានត្រីបន្លៀកខ្លួនឡើងនឹងចាប់ ។ យូរបន្តិចមានត្រីមួយផុសឡើងពីក្នុងទឹក , អកស្ទុះទៅចាប់បានត្រីនោះ យកមកធ្វើជាចំណីវាទៅ ។
ខ្លាឃើញអកធ្វើដូច្នោះ ក៏គិតក្នុងចិត្តថា « យើ ! អាអកនេះវាអង្គុយតែស្ងៀមសោះ ស្រាប់តែមានត្រីហែលក្នុងត្រពាំងនោះ វាស្ទុះទៅចាប់បានមួយរំពេចយកមកក្រអែះ មិននឿយហត់ប៉ុន្មានសោះ មិនព្រួយដូចជាខ្លួនអញ ខំដើរស្វែងរកស្ទើរស្លាប់មិនងាយបាន , អានេះអង្គុយធ្វើច្រងុកៗ ចាប់បានភ្លាមៗ ហើយវាមិនលំបាកលបលំបាកឱន ក្រាបទៀតផង, បើដូច្នេះអញគិតធ្វើដូចសត្វអកនេះវិញស្រួលជាង » ខ្លាគិតដូច្នោះហើយក៏ដើរទៅទៀត....