រឿង៖ មហាចោរនៅទល់ដែន (២៤ភាគ)
01. ខ្លាបាក់ចង្គូម 02. បងប្អូនពីរនាក់ 03. រាត្រីស្ងាត់ 04. សពស្នេហា 05. បណ្តាំបង 06. ភ្លើងរាគះ 07. បាត់កូន 08. ត្រឡប់ពីច្បាំង 09. រត់តាមប្តី 10. ស្តេចខ្ញាល់ 11. តដៃដោះខ្លួន 12. អាសន្នធំ 13. វាយផ្តាច់ព្រ័ត្រ 14. ព្រះនាងខត្តិយាណី 15. ទារុណកម្ម 16. រំដោះអ្នកស្នេហាជាតិ 17. ស្នេហាលើទូក 18. ថ្កើងត្រង់ណា 19. ចាញ់កល់ស្នេហា 20. នារីទុគ៌ត 21. ក្បួនការពារឯករាជ្យ 22. បាត់ខ្លួនទៅណា 23. ផែនការសម្ងាត់ 24. ជោគជ័យ
ភាគទី២៤៖ ជោគជ័យ (ភាគបញ្ចប់)
ព្រះសុរិយារះចំកណ្ដាលវង់ឆព្វណ្ណរង្សី ទាំងប្រាំពីរថ្នាក់ ដែលមើលឃើញច្បាស់ក្រវង់ជាទីអស្ចារ្យក្រៃពេក។ ពពកបន្លាយជើងភ្នាយវែងទៅដល់ជើងមេឃ។ តាមចាស់ទុំ គឺភេទស្រុកសង្រ្គាម។ ប្រជាជនដែលជាម្ចាស់ស្រុកងើបក្បាលទៅមើលគ្រប់ៗគ្នា ដើម្បីពិនិត្យហេតុដ៏ចំលែកនេះ។ ពាក្យថា «ស្រុកមានកើតភាន់ប្រែ អ្នកធំស្លាប់» ផ្លាយចេញពីមាត់មួយទៅមាត់មួយ បង្កើតក្ដីខ្លាចក្នុងចិត្ដគ្រប់ៗគ្នា។
មែន ថ្ងៃនោះ គឺជាថ្ងៃដែលព្រះនាងខត្ដិយាណីសំរេចនូវផែនការដើម្បីខ្លួននាង និងដើម្បីកាមា។ ផែនការនេះជះចំហាយក្ដៅដល់ទៅទេវតា ដែលយើងមើលមិនឃើញថែមទៀត។
តើព្រះកំពុតស្លាប់ រឺទេ ? តើព្រឹត្ដិការណ៍ស្រុកទេសប្រែប្រួលទៅយ៉ាងណា ? យើងរំជួលចិត្ដក្រៃពេក! មួយគ្រានេះ បើព្រះនាងសំរេចបំណងទាំងបីយ៉ាងគឺ :
១ - សំលាប់មានន្ទបាន
២ - សំលាប់ព្រះកំពុត
៣ - លួចមាសប្រាក់បាន
នោះលទ្ធិផ្ដាច់ការ មុខជារាត្បាតយ៉ាងឃោរឃៅលើប្រជានុរាស្រ្ដខ្មែររាប់ម៉ឺននាក់ជាដាច់ខាត។ តែអ្នកអានទាំងឡាយជ្រាបហើយថា ផែនការទីមួយរបស់មណី ស្រីវិសេសរលំគ្រេង នៅចុងជើងរាស្រ្ដយើងទៅហើយ គឺ មានន្ទអិតត្រូវស្លាប់ដូចស្រីខត្ដិយាណីចង់នោះទេ។ សួរថា បើផែនការទីពីរ និង ទីបីបានសំរេច តើបំណងស្រីស្រស់ដែលចង់ជិះករាស្រ្ដខ្មែរសម័យនោះបានសំរេចទេ? យើងអាចឆ្លើយថា ក្នុងពីរភាគបីបំណងស្រីចំណាប់អាចសំរេចបាន ពីព្រោះថា បើព្រះកំពុតស្លាប់ អំណាចបានទៅនាង រួចស្រីបានមាសប្រាក់ ដើម្បីទិញអាវុធបន្ដសង្គ្រាមជិះជាន់នោះទៅទៀតបាន ហើយបានយ៉ាងសាហាវមិនខាន។ ហេតុនេះគួរភ័យណាស់ពេក ព្រោះមហន្ដរាយនៅមានទំងន់យ៉ាងធ្ងន់ដដែលលើសិរសាជាតិយើង។ តែប្រហែលផែនការទីពីររបស់ស្រីកំណាចមិនបានសំរេចទេ ពីព្រោះយើងបានដឹងថ្មីៗនេះទៀតថា ដារាសុខចិត្ដមិនសំលាប់ព្រះកំពុតតាម សេចក្ដីស្នើរបស់មានន្ទក្នុងផ្ទះតៀម។
អូស! បានធូរទ្រូងបន្ដិច! តែទេការពិត ព្រឹត្ដិការណ៍មិនទាន់បានធូរដូចយើងស្មាននោះទេ។ តោងយើងដឹងសុភាសិតបុរាណដែលចែងថា «ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ»។ ហេតុនេះទោះផែនការទីមួយ និងទីពីរមិនបានសំរេចក៏ដោយ ក៏ព្រះនាងអាចបន្ដសង្គ្រាមយ៉ាងម៉ឹងម៉ាត់មិនខាន ដោយព្រះនាងបានលួចអស់ទ្រព្យសម្បត្ដិព្រះកំពុតទៅហើយ។ ម្យ៉ាងទៀត កាលមុនគិតគូរគ្រោងការធ្វើក្បួនហែ «ការពារឯករាជ្យ» នោះព្រះនាងបានបញ្ជូនបេសកជនសំងាត់បីនាក់អោយទៅសុំកំលាំងទ័ពពីអូវពុកនាងអែសុរិន្ទរ៍ និង សុំកំលាំងទ័ពថ្មី ពីព្រះចៅក្រុងអយុធ្យានៃប្រទេសសៀម។ ដូចនេះ ខាងព្រះនាងឃើញថា នៅមានកំលាំងខ្លាំងដូចដំរីសារនៅឡើយ។ អោ! កាលបើស្រីមានជ័យជំនះហើយ យើងអ្នកអានមុខជាក្រៀមក្រំមិនខាន ព្រោះខាងមានន្ទអ្នកតស៊ូដើម្បីយើងទាំងអស់គ្នានោះមុខជាបរាជ័យហើយ។
តែអីលូវនេះ វែកញែកមើលកំលាំងខាងមានន្ទមើល តើខ្លាំងប៉ុនណា? អាចស៊ីសងបានរឺទេ? អូ! គួរអោយអាសូរណាស់ មានន្ទដើរមកស្រុកមង្គលបុរីតែពីរនាក់តាសុមេរុ។ រួចណាមួយថ្ងៃនោះ ព្រះអាទិត្យបាំងឆ័ត្រប្រាំពីរជាន់ទៀត។ តែប្រវត្ដិសាស្រ្ដឆ្លើយថា ខ្មែរឈ្នះ! ឈ្នះព្រោះកំលាំងខាងមានន្ទពឹងផ្អែកលើកំលាំងរាស្រ្ដ ហើយកំលាំងប្រជារាស្រ្ដតែងឈ្នះដរាប។ ព្រឹកនោះ មនុស្សមកកុះករ ផ្កាភ្ញីសំរាប់ព្រះសង្ឃសូត្រជយន្ដោ។ គេលឺសូរតែសំរែកហ៊ោ «ជយោ ! ព្រះកំពុត ជយោ! ព្រះកំពុត »។ រួចគេ បានសប្បាយ និង មើលក្បួន សេះដំរីដែលដើរជាជួរប្រដាប់ដោយគ្រឿងប្លែកអស្ចារ្យ ដែលពណ៌លឿង ខៀវ ក្រហម ស លេចឃើញជាងគេ។
ព្រះនាងខត្ដិយាណី និងនាងមាលា លបមើលក្បួនតាមចន្លោះបង្អួចដែលនៅក្នុងផ្ទះស្ងាត់តូចមួយជិតនោះ។ ទឹកមុខព្រះនាងខត្ដិយាណីមាំកាច។ ធីតាចាំមើលអាចារ្យដារាសំលាប់ព្រះកំពុតនឹងភ្នែកស្រី។ គ្មាននរណាមួយនឹកសង្ស័យដល់អាចារ្យនោះឡើយ។ អែចំណែកព្រះកំពុតបានបង្គាប់មិនអោយគេយាមព្រះអង្គឡើយ ដើម្បីបង្ហាញអោយគេឃើញថា រាស្រ្ដស្រលាញ់មែន។ ស្លៀកស្បៃរំលេចរំយោលពណ៌មាសភ្លឺផ្លេកៗ ជើងទទេ ដៃកាន់ថាសដែលមានទៀនធូប ក្បាលអោនព្រះកំពុតដើរមួយៗ ចូលមកថ្វាយបង្គំព្រះសង្ឃដែលគង់ចាំនៅត្រៀបត្រា។
អ្នកស្រុកផងទាំងពួង មិនថាចាស់ក្មេង ស្រី រឺប្រុស ងាកមើលមកលោកគ្រប់ៗគ្នា។ កិច្ចសូត្រធម៌ថ្វាយបង្គំព្រះ ក៏ចាប់ផ្ដើមឡើងយ៉ាងពីរោះ។ ព្រះកំពុតបត់ជើងរម្យទមសំពះព្រះសង្ឃ។ រួចយើងរាល់គ្នាស្ដាប់លោកសូត្រធម៌ប្រស់ទឹក។ ធម៌ជយន្ដោមកដល់។ ព្រះសង្ឃសូត្រចប់។ អាចារ្យមួយរូបស្លៀកស ពាក់ស ទទូរស ចេញពីមាត់ទ្វារមួយដើម្បីមកប្រស់ទឹកជូនព្រះកំពុត។ ព្រះនាងខត្ដិយាណីរំភើបក្នុងចិត្ដ កាលបើឃើញអាចារ្យនេះចេញមក។ ព្រះនាងនឹកថា នុ៎ះ! ឃាតករចេញមកហើយ។ អាចារ្យប្រស់ទឹក អោយពរដល់ព្រះកំពុតដែលលុតជង្គង់នេះឡើងសំពះទទួលពរជ័យ។ ព្រះនាងដែលលបមើលរឿងនេះទន់អស់ជើងដៃ ស្ទើរដួល។ ពេលដ៏សំខាន់មកដល់ ។ គឺពេលដែលព្រះកំពុតលុតជង្គង់នេះហើយដែលដារាត្រូវចាក់សំលាប់វិញ។ ព្រះកំពុតបត់ជើងចុះវិញ។ ព្រះនាងខត្ដិយាណីអោនខ្លួនបន្ដិចដើម្បីប្រឹងមើលអោយបានច្បាស់។ រួចគឺក្នុងពេលនោះហើយដែលអគ្គីឆួលឆេះក្នុងទ្រូងនាង។
ព្រះកំពុតបត់ជើងទៅវិញ . . . រួចអាដារាវាមិនសំលាប់ . . . !
ព្រះនាងខាំធ្មេញ និយាយក្នុងចិត្ដថា :
រឿងអី ? ហេតុម៉េចក៏ដូច្នោះ ?
សូរសូត្រ «យំកិញ្ចិ » ក៏លាន់លឺឡើងយ៉ាងយឺតៗ។ ព្រះនាងខត្ដិយាណីលុតជង្គង់ចុះដោយឈរមើលទៀតលែងកើត។ តើព្រះនាងនឹកយ៉ាងណាក្នុងពេលដ៏អស្ចារ្យនេះ? តែភ្នែកស្រីចោះចាក់ទៅលើរូប ដារាដែលមកដល់ព្រិបពីមុខនាង។ ព្រះនាងស្ទុះហេទៅរកអាចារ្យឈប់ពីមុខបុរស។ មួយស្របក់ព្រះនាងសួរថា:
ម៉េចក៏អែងមិនសំលាប់ ? យ៉ាងណា? រឿងអ្វី? ហ៊ឹះ ! ហ៊ឹះ ! . . . ថាមើល!
តែរូបអាចារ្យដែលស្លៀកស ពាក់ស នៅស្ងៀមអិតឆ្លើយឡើយ។ ក្នុងពេលដដែលនោះ ស្រីហូតកំបិតស្នៀតខ្វាកពីចង្កេះនាង ដែលនាងសៀតមិនដែលដាច់ឡើយ។ អាចារ្យកំរើកខ្លួនបន្ដិច។ រួចសើចលឺឃឹស!
ព្រះនាងលឺសំនើច ទុចងក់ភ្នែកឆ្លេឆ្លា។ ទើបព្រះនាងលឺសំដីថា
សួស្ដីអូនមណី! បងមិនចាំបាច់ឃើញមុខអូនទេ បានស្គាល់អូននោះ។ បងគ្រាន់តែលឺសំដីអូន ក៏ស្គាល់អូនស្រេចទៅហើយ ពីព្រោះសូរសំដីរបស់អូន ជាសូរសំដីដែលគេមិនអាចភ្លេចបានទេ ទោះនៅក្នុងជុចក៏មិនភ្លេចដែរ...។ អូនចង់ដឹងបងជាអ្នកណា ?...មើលចុះ។
ព្រះនាងថយបីជំហានខ្សាកទៅក្រោយ។ មុខស្រីឡើងស្លាំងដូចមនុស្សស្លាប់ រួចក្នុងពេលអាចារ្យកំពុងនិយាយ ព្រះនាងនឹកថា គឺសំលេងមានន្ទហើយ! ប្រាកដហើយ! រួចការស្លាប់នោះវាទៅជាយ៉ាងណាវិញ ? គឺសំលេងនេះហើយដែលអញស្អប់ ... គឺសំលេងនេះហើយដែលអញស្រលាញ់...។ ស្រីនៅស្ងៀមធ្មឹង ទន្ទេញតែក្នុងពោះថា
គាត់ស្លាប់បាត់ទៅហើយ! អញប្រាកដជាគាត់ស្លាប់ រួចអីលូវគាត់និយាយរកអញ! រួចគាត់មកនៅនឹងមុខអញទៀត!
ពេលនោះ មានន្ទបើកកន្សែងដែលទទូរមុខឡើង។ ព្រះនាងខត្ដិយាណីញ័ររន្ធត់សព្វសាច់។ វិញ្ញាណព្រះនាងហិចហើរទៅណាអស់រលីង។ ចិត្ដចង់សំលាប់មានន្ទ សេចក្ដីស្រេកឃ្លានចង់ស៊ីសាច់ សេចក្ដីខ្លាចស្លាប់នឹងដៃមានន្ទវិញ ក៏ហូរមកក្នុងចិត្ដស្រីបន្ដៗគ្នាអិតស្រាកស្រាន្ដ។ ស្ទុះភ្លែតយារកាំបិតហៀបចាក់ មានន្ទធ្មេចភ្នែកនៅស្ងៀមធ្មឹង ហាក់ទទួលចុងកាំបិតនេះដោយរីករាយ។ ព្រះនាងដែលឆេះពេញខ្លួនមកចាញ់ៗៗ ទឹកមុខ ទឹកចិត្ដដ៏ត្រជាក់នេះជាថ្មីម្ដងទៀត។ កាំបិតធ្លាក់ពីដៃស្រីប្រូសទៅលើក្ដារ។ មានន្ទនៅជិតព្រះនាងមុខស្ងួតពោលថា៖
អូន! អនុញ្ញាតអោយបងប្រាប់អូនម្តងទៀតចុះថា អូនមានរូបល្អ អូននៅក្មេង! ត្រលប់ទៅសុរិន្ទរ៍វិញទៅ! ធ្វើតែជាស្រ្ដីធម្មតា ដូចស្រីអែទៀតប៉ុណ្ណោះបានហើយ! អូនមុខជាបានសុខមិនខាន។ តោងអូនស្រលាញ់សេចក្ដីស្នេហា។ សេចក្ដីស្នេហា គឺជាចរិតរបស់ស្ត្រីទាំងអស់ និងជាចរិតរបស់បុរសទាំងអស់។ ទោះព្រះរាជាក្ដី អធិរាជក្ដី ព្រះសង្ឃក្ដី យាយជីក្ដី នាម៉ឺនក្ដី អ្នកជំនួញក្ដី អ្នកស្រែក្ដី គេតែងស្រលាញ់ដរាប។ ទៅ ! អូនទៅចុះ ! រួចសូមទុកអោយពួកយើងទាមទារដណ្ដើមយករស្មីជីវិត គឺឯករាជជាតិ និងសេរីប្រជារាស្ត្រដដែលមនុស្សត្រូវតែបាន មិនថាសៀម ចិន ភូមា រឺ ខ្មែរទេ។ អូនចង់សំលាប់បង ប៉ុន្ដែអូនយំ។ ហេតុនេះហើយបានជាបងសូមប្រាប់អូនដោយមេត្រីភាពដូចបានរៀបរាប់មកស្រាប់។ តែបើអូនមិនស្ដាប់បងទេ .... អូនបង្ខំអោយបងប្រព្រឹត្ដឃាតកម្មអុក្រិដ្ឋមិនខាន។ បងមិនចង់សំលាប់ម នុស្សទេ តែបើមនុស្សនោះចេះតែចង់រស់ម្នាក់អែងហួសហេតុពេក បងប្រែជាចង់សំលាប់មនុស្សបែបនោះណាស់ទៅវិញ។
ព្រះនាងខត្ដិយាណីពេបមាត់បញ្ចេញអាការកាច។ នាងហាក់ដូចគ្មានព្រឺអ្វីនឹងសំដីចុងបំផុតរបស់មានន្ទឡើយ។ តើអ្នកណាអាចដឹងថាធីតាមានគ្រោងការអ្វីទៀត។ ស្រីនិយាយតបថា៖
យើងជាខ្មាំង នឹងគ្នាដរាប
មានន្ទចងចិញ្ចើម មុខឡើងក្រហមដូចគេរោលភ្លើង
បើដូច្នោះគ្មានអ្វីផ្សះផ្សារយើងបានទេ ! មានតែអាវុធ
មានន្ទហូតដាវផ្ទាប់គល់កព្រះនាងអិតបង្អង់ឡើយ។ ព្រះនាងពេបមាត់។ ស្រីលាតត្រដាងដៃស្ដាំទៅមាត់ទ្វារមួយជិតនោះ ដើម្បីអោយមានន្ទមើលតាម។
គាប់ជួនពេលនោះ ទ្វាររបើកភ្លែតឡើង ទាហានចូលមក។ លុះឃើញមានន្ទដែលតំរង់ចុងដាវគល់កព្រះនាង ទាហានដកដាវខ្លួនគិតស្ទុះចូលមក តែធីតារាដៃ
កុំ ! កុំ ! មានការអី ?
ព្រះបាទម្ចាស់មានសំបុត្រមួយមកពីព្រះចៅក្រុងអយុធ្យា
អើ ! យកមកមើល
ទាហានចូលមកធ្វើគារវកិច្ចរួចហុចសំបុត្រ។ ព្រះនាងមើលរួចហុចសំបុត្រនោះទៅអោយមានន្ទមើលដូចតទៅ
ពីព្រះចៅក្រុងអយុធ្យាដល់ព្រះនាងខត្ដិយាណីកែវមណី
ខ្ញុំព្រះចៅក្រុងអាយុធ្យាបានទទួលលិខិតរាយការណ៍ អំពីមហាចោរមានន្ទ ហើយនិង អំពីកំលាំងទ័ពយើងដែលនៅស្ដួចស្ដើងនៅឡើយ។ ជាដំបូងខ្ញុំមានព្រះទ័យត្រេកអរ នឹង ព្រះនាងណាស់ ដោយបានប្រឹងប្រែងពុះពារការលំបាកគ្រប់យ៉ាង ដើម្បីទ្រទ្រង់ការគ្រប់គ្រងរបស់ជាតិសៀមយើង ក្នុងអានាខេត្ដសិរីសោភ័ណ។
សូមព្រះនាងបន្តការងារយើងទៅទៀត។ ខ្ញុំបញ្ជូនមកជាមួយនេះនូវកងពលចំនួនប្រាំពាន់នាក់ ក្រោមការដឹកនាំរបស់នាយសេរីវង្សម្កុដ ជាមួយនឹងមាសចំនួនកន្លះហាប ដើម្បីបង្ក្រាបចលាចល សូមព្រះនាងប្រើប្រាស់តាមត្រូវការ។ ខ្ញុំសូមអោយទេវតាជួយថែរក្សាព្រះនាង និង ស្វេតឆ័ត្រ អោយបានគង់វង់យឺនយូររាប់លានឆ្នាំទៅមុខកុំខាន។
ព្រះចៅក្រុងអយុធ្យា
ព្រះនាងញញឹម ងក់ក្បាលបញ្ជាអោយទាហាន
ទៅចុះ។ អែចំនែកខាងបង សុំដាក់ដាវចុះ។
មានន្ទញីសំបុត្រចោលទៅលើក្ដារ។ ព្រះនាងបន្ដទៀតថា
បងចង់សំលាប់ប្អូន ? ហ៊ឹះ ! បងមិនយំ ដូចប្អូនយំនឹងបងទេ ! ទេៗ កុំសំលាប់ ពីព្រោះ . . .
គ្រាន់តែថាប៉ុណ្ណោះ ទ្វារមួយទៀតរបើកឡើង។ ពេជ្ឈឃាតពីរនាក់ចាប់ដៃនាងទេវីម្នាក់ម្ខាងៗ ផ្ដោតចុងកាំបិតនឹងកនាង។ មាត់នាងត្រូវគេចុកណែនរកស្រែកពុំរួច។
កាលបើឃើញមានន្ទ នាងកញ្ជ្រោលអស់ទំហឹងចង់ស្ទុះរត់មករកមានន្ទ។ រីអែមានន្ទកាលបើឃើញនាងទេវីដែលអ្នកស្មានថា ស្លាប់បាត់ទៅហើយនោះបុរសហៀបស្ទុះទៅចាប់ តែសំលេងព្រះនាងមណីគំហកថា
នៅអោយស្ងៀម ! បើបងកំរើកតែបន្ដិចទេវីស្លាប់ហើយ!
មានន្ទមុខឡើងស្លាំង ញ័រដូចកូនសត្វ។ តើធ្វើយ៉ាងណា ?
នាងមណីធ្វើព្រងើយ ផ្អែកខ្នងទៅនឹងសសរនិយាយថា
ដាវបងនៅមួយចំអាមពីកខ្ញុំ។ ដាវខ្ញុំនៅជាប់នឹងកនាងទេវី។ បងឃើញទេ? ខ្ញុំដើរមុនបងជានិច្ច។ អីលូវសំរេចយ៉ាងណា សំរេចទៅ! រឺ មួយលែងអោយខ្ញុំរស់ នាងទេវីក៏រស់ រឺមួយសំលាប់ខ្ញុំ នាងទេវីក៏ស្លាប់
មានន្ទប្រឹងនៅស្ងៀម។ ក្នុងវិនាទីនេះ ចិត្ដពីរបញ្ច្រាស់គ្នាមកទង្គិចគ្នាយ៉ាងខ្លាំងក្នុងខ្លួនអ្នក។ ចិត្ដទីមួយ អាណិតស្រីនោះ ស្រលាញ់នាងទេវីបន្ដូលចិត្ដ ដោយព្រាត់យូរហើយៗ ដែលជាទីគោរពក្រៃពេក។ ស្រីស្រស់ល្អបរិសុទ្ធរកគ្មានថែមទាំងមានចិត្ដស្នេហាអ្នកពិតៗ ពេញសុដនស្រី។ មើលចុះទឹកមុខនាងដែលពុំដែលបានសប្បាយ ចិញ្ចើមនាងដែលខ្មៅដូចគេគូរ ភ្នែកនាងដែលរលើបរលង់ទៅដោយទុក្ខ។
អោ ! ស្រីអង្វរអោយទុកជីវិតនាង
ចិត្ដមួយទៀត គឺចិត្ដស្នេហាការងារ ស្នេហាជាតិ។ ក្នុងការងារនេះ នាងខត្ដិយាណីជាអុបសគ្គមួយដ៏ធំក្រៃលែង។ បើលែងចោល កញ្ញានេះអាចរំលាយអង្គការតស៊ូបាន។ ចិត្ដទាំងពីរនេះស្ថិតនៅក្នុងរូបមានន្ទតែមួយ រួចច្បាំងគ្នាយ៉ាងគគ្រឹកគគ្រេង។ ត្រូវតែចិត្ដមួយឈ្នះលើចិត្ដមួយ។ ចិត្ដទាំងពីរនេះពុំអាចនៅជាមួយគ្នាបានឡើយ។ អីលូវ :
រឺ ទុកជីវិតនាងទេវី នុ៎ះជាតិវេទនា !!
រឺ សំលាប់នាងមណី នាងទេវីសំលាញ់ស្លាប់!!
ចំនែកនាងទេវីវិញ ពីមុខរឿងនេះ តើស្រីគិតយ៉ាងណា?
នាងនឹកថា ក្នុងមួយពេលនេះ បើមានន្ទសុខចិត្ដអោយគេសំលាប់នាង ប្រុសនេះហៅចំជាប្រុសអាក្រក់មែន គ្មានចិត្ដជាប្រុសឡើយ។ នាងនឹកទៀតថា ការតស៊ូមិនមែនប្ដូរមនុស្សដូចប្ដូរអាវនោះទេ គឺមានល្បិចបន្ថែម។ រីអែជីវិតមនុស្សថ្លៃណាស់។ ស្រីជ្រួញចិញ្ចើម ស្រី ឃើញថានាងស្លាប់ហើយ ស្រីឃើញថា មានន្ទប្ដីសំលាប់នាង សំលាប់នាងនឹងដៃអែងហើយ ព្រោះទឹកមុខមានន្ទប្រឹងៗ បុរសប្រឹងគិត ប្រឹងទាល់តែចុងក្រោយបំផុតបញ្ហាជាតិមានជ័យជំនះលើសេចក្ដីស្នេហ៍។ មានន្ទខាំធ្មេញជាសញ្ញាប្រាប់ថាសំលាប់នាងមណី សុខចិត្ដអោយគេ សំលាប់ទេវីពន្លកចុះ។ ស្រីជាភរិយាខឹងឆួលឡើងណែនអស់ដើមទ្រូង។
តែពេលដដែលនោះ ព្រួញពីររត់ពីមាត់បង្អូចខាងនោះ ចូលមកត្រូវអ្នកចាប់នាងទេវីពឹបៗ។ ទាហានស្រែកអូយៗ ដួលច្រងាង។ នាងទេវីស្ទុះរត់ទៅក្រៅ។ នាងមាលាដែលទើប នឹងបាញ់ព្រួញអំបាញ់មិញនោះ ជាមួយស្រីម្នាក់ទៀត ក៏រត់ទៅខ្ទប់ទ្វារមិនអោយនាងទេវីដែលយំរហាមរត់រួចឡើយ នៅបង្អួចពីលើម្ខាងទៀត អារុណយិតព្រួញតំរង់ចុងដង្ហើមព្រះនាងខត្ដិយាណី។ ព្រួញរត់មកបុកដើមទ្រូងនោះលឺឌឹប។ ស្រីដួលតូងស្រែកថា :
អូយ ! អូយ !
មានន្ទក្រលេកទៅលើឃើញវីរ មហាកាល និង មិត្ដអែទៀតជាច្រើនមកដល់ដែរ កំពុងតដៃយ៉ាងរីករាយជាយមួយខ្មាំង។ ព្រះនាងមណីឈឺចុករមួលទាំងខ្លួនក្នុងរង្វង់ដៃមានន្ទ។ នាងនិយាយឡើងខ្សាវៗថា:
បង! បង! ប្អូនសូមចងកម្មចងពៀរវេរាជាមួយបងទៅជាតិមុខទៀត ... សុំ ចង ...ចងពៀរ ...ពៀរ ....លឺដូច្នោះ មានន្ទងក់ក្បាលនិយាយថា
បាន ! មិនអីទេ !
ធីតាក៏កំរើកខ្លួនជាចុងក្រោយបំផុត ដើម្បីជូនសង្ខារស្រីអោយមច្ចុរាជវិញ។
នេះហើយអំពើទុច្ចរិត ដែលពីដើមមកធ្លាប់តែមានជ័យជំនះ តែដល់ពេលមួយទុច្ចរិតតាមទាន់ ជនអ្នកជាតួឯកដែលសប្បាយនឹងលេងល្បែងនេះ រមែងតែងចាញ់មិនខាន។ អយុត្ដិធម៌រស់បានតែដោយសារមនុស្សប្រាសចាកការតស៊ូ រឺ ខ្លាចញញើតទេ។ ដរាបណា មនុស្សពុះ ពារដោយម៉ើងម៉ាត់ហើយ ដ៏រាបនោះយុត្ដិធម៌ផុសឡើងមិនរួចឡើយ។
ភ័ស្ដុតាង ព្រះនាងមណីដែលទើបនឹងដួលស្ដូកស្ដឹងស្លាប់ក្នុងថ្លុកឈាមអាក្រក់អំបាញ់មិញនេះ។ មានន្ទក្រោកឡើងជួយប្រកាប់ប្រចាក់ រួចក្រលេកមើលខាងឆ្វេង ឃើញមហាកាលកំពុងតដៃជាមួយកាមា។ ក្រលេកមើលស្ដាំឃើញនាងទេវីកំពុងបំរះចេញពីដៃនាងមាលារកផ្លូវរត់។ និលអែកយឹតធ្នូបាញ់នាងទេវីផូង។ ព្រួញរត់ឆាល់យ៉ាងលឿន។ មានន្ទស្រែក
គេច ! អូន !
នាងមាលាកំពុងអោបប្រយឹតប្រតោងនាងទេវី។ ស្រីជាទាសីត្រូវនឹងព្រួញនិលអែកផាំងដួលខ្ពោក។ មានន្ទរត់ហេទៅត្រកងបីស្រីឆ្នើមដែលនិយាយតិចៗថា
ប្អូនសូមលាបង ! ស្ដាយណាស់ ... ការបដិវត្ដយើងមិនទាន់ចប់ ... ប្អូនមិនទាន់បានឃើញពន្លឺឯករាជ្យ ... ពន្លឺសិទ្ធិ និង សេរីភាពផង
មានន្ទមុខស្រងូតឆ្លើយតបថា
កូនចៅយើងមុខជាបានឃើញមិនខាន
នាងមាលាញញឹមងក់ក្បាលបន្ដិច រួចទន់ខ្លួនស្រិបមួយរំពេច។ មានន្ទក្រោករត់ទៅចាប់ដៃ «មនុស្សអិតឈ្មោះ» ដែលបានជួយនាងទេវីកាលនៅបាត់ដំបងបញ្ចូលទៅកៀនមួយសួរយ៉ាងប្រញាប់ថា
លោកគ្រូ ! ម៉េចបានទ័ពរបស់រដ្ឋាភិបាលទេ ?
បាន ! កំពុងតតាំងគ្នាហ្នឹងហើយ
អុស ! ជយោលោកគ្រូ ! ខ្ញុំស្មានតែទ័ពរបស់បងកាល
ទេ ! ទេ ! ទ័ពនេះមកពីរាជធានីអុត្ដង្គមានជ័យណ៎ា
អ្នកណានាំមក !
ខ្ញុំ
ជយោ ! លោកគ្រូ ! ប៉ុន្មាននាក់ ?
ប្រាំពាន់
ជយោ ! លោកគ្រូ ! មានសំបុត្រទេ ?
មាន
ថាយ៉ាងម៉េចខ្លះ ?
ចំាមើលក្រោយ ! អីលូវវាយទៅអោយអស់ដៃ
មានន្ទស្រែកបញ្ជាថា
វាយ ! អាកូន ! ចូលលុក !
មានន្ទបង្វិលខ្លួលទៅជិតមហាកាលសួរថា
បានមាសទេ ?
បានស្រេច លោកគ្រូ !
ជយោ ! យើងអាចច្បាំងម្ភៃឆ្នាំទៀត ! ចូលអាកូន!
អីលូវនៅអែណាមាសនោះ ?
យកទៅដល់កន្លែងហើយ !
ការប្រលូកប្រកាប់ប្រចាក់ក៏កើតមានយ៉ាងសាហាវ។ គេលឺសូរតែដាវដែលទង្គិចគ្នា និង សំរែកក្មេងចាស់ដែលភ័យផ្អើល។ មានន្ទវាយថយទៅជិត «លោកគ្រូអិតឈ្មោះ» ថា
លោកគ្រូ ! ធ្វើយ៉ាងម៉េចចាប់អូវពុកខ្ញុំអោយបានណា ?
បាទ !
រីអែកាមា ដល់ឃើញពលរេហ៍ខាងខ្លួនមានចំនួនតិចជាង ក៏វាយថយខ្ទប់ទ្វារជាប់ រត់ទៅចាប់សេះមួយបំផាយវឹងទៅទិសខាងលិច។ គឺចំផ្លូវទៅក្រុង «អយុធ្យា»។ មានន្ទរត់ស្កាត់ដោយបានផ្លោះទៅតាមបង្អួច។ កាមាទើបបានចំងាយប្រមាណដប់ម៉ែត្រ។ យិតធ្នូបាញ់ម៉ាំងព្រួញ ហោះឆាល់ទៅត្រូវខ្នងកាមាពឹប តែសេះផាយយ៉ាងលឿនទៅទៀត។ កាមាដួលខ្ពោកអោបខ្នងសេះ រួចមិនយូរប៉ុន្មានបុរសក៏ធ្លាក់ដាំដូងពីខ្នងអាជនេយ្យ។
ពេលរេហ៍ កាលបើអស់មេបញ្ជា ក៏រត់ខ្ចាត់ខ្ចាយ។ អែពួកកងពលខាងយើងអត់អោយរត់រួចឡើយ នាំគ្នាដេញវាយប្រហារយ៉ាងឃោរឃៅ។ ក្រលេកទៅខាងត្បូង មានន្ទឃើញសេះមួយបោលទៅឆ្ងាយ។ លើអស្សពាហ៍ បុរសស្គាល់ជាក់ជានាងទេវី ភរិយាសំលាញ់តែមួយ ដែលប្រាកដជាអាក់អន់ចិត្ដរត់ចោលអ្នកវិញ។ មានពចាប់បានសេះមួយបំផាយតាមអិតបង្អង់ឡើយ។
លឿនប្រិចៗ សេះមានន្ទកាន់តែជិតសេះស្រីវរលក្ខណ៍ឡើង ជិតឡើង។ លុះដល់កណ្ដាលវាលជិតដើមពោធិ ដែលកាលប្រាំឆ្នាំមុនអ្នកបានប្រកាប់គ្នាជាមួយកាមា បុរសលោតផ្លោតទៅចាប់នាងទេវី ដែលដួលទៅនឹងដី។ នៅពីក្រោមស្វាមីស្រីបំរះយ៉ាងអស់ទំហឹង តែមានន្ទសង្កត់ជាប់។ មួយ ស្របក់ធំ កំលាំងទេវីដ៏ល្អក៏អស់ហេវ ញើសចេញពេញទាំងមុខ។ ស្រីធ្មេចភ្នែក ដើម្បីកុំអោយឃើញមុខប្រុសដ៏កំណាចដែលនាងស្រលាញ់យូរណា ស់មកហើយ ៗដែលជាហេតុនៃកងទុក្ខរបស់នាងនេះ។ មានន្ទអោបរឹត ស្រី ដែលគេចមុខចុះឡើងលើធរណី ដើម្បីកុំអោយស្វាមីដែលទើបចង់ សំលាប់ថ្មីៗនេះដាក់ច្រមុះជិតនាងបាន។
មានន្ទប្ដេជ្ញាថា ដរាបណាប្អូនទេវីសំលាញ់ចិត្ដមិនទាន់អស់ខឹងទេ ដរាបនោះអ្នកមិនលែងសង្កត់នាងឡើយ។ អ្នកណាឈ្នះ ? អ្នកណាចាញ់ ? ជនទាំងពីរអិតនិយាយអ្វីឡើយ រង់ចាំតែកាយវិការប៉ុណ្ណោះអែង ដែលសំដែងទឹកចិត្ដរៀងៗខ្លួន។ នាងទេវីទន់អស់ដៃជើង ប្រឹងបំរះទៅទៀតលែងរួចឡើយ គឺនៅតែក្បាលដែលរេចុះ រេឡើងលើស្មៅខ្ចី។ យូរមកសេចក្ដីរលឹកប្ដី សេចក្ដីស្នេហា សេចក្ដីគោរពបើកទ្វារក្នុងដួងចិត្ដធីតាបន្ដិចម្ដង ៗ។ ទ្វារកាមគុណនេះធ្វើអោយទឹកភ្នែកស្រីហូរជាថ្មី នេត្រាកំសត់នេះក៏មើលចំនេត្រាស្វាមី។ នាងឃើញរូបនាងក្នុងកែវភ្នែកប្ដីកំសត់នេះ ដែលអង្វរសូមទោសនាងហើយ។ សេចក្ដីអាណិត ចូលមកបន្ថែមលើកំលាំងស្នេហាទៀត ដៃស្ត្រីក៏រួមៗ អោបស្មាសង្សារកាន់តែតឹងឡើងៗ។ មានន្ទខ្សឹបដាក់ត្រចៀកនាង សួរថា
កូនយើងនៅអែណា ?
នៅភូមិថ្មី ផ្ទះយាយម៉ារ៉ា
អូនអែងមកនៅផ្ទះដែលមណីស្លាប់ ប៉ុន្មានថ្ងៃហើយ ?
ពីរថ្ងៃ
អូនមកជាមួយអ្នកណា ?
ជាមួយទាហាន
គេចាប់រឺ ?
ច៎ាះ ! ពីមុនខ្ញុំនៅបាត់តំបង តាម្នាក់ជួយខ្ញុំ យកខ្ញុំមកនៅភូមិថ្មី។ ពីរថ្ងៃនេះ មានទាហានទៅព័ទ្ធចាប់ខ្ញុំមក។ មានន្ទអោបរឹតថើបស្រីយ៉ាងខ្លាំង ដែលនិយាយទៅទៀតលែងរួច
នៅអែសមរភូមិ សូរត្រែបញ្ឈប់សង្គ្រាមក៏លាន់លឺឡើង។ មានន្ទលើកស្រីអោយក្រោកឈរ។ អ្នកបីបមធីតាដាក់លើខ្នងសេះ រួចអោបស្រីបញ្ជិះទៅអែកងទ័ពអែភូមិវិញ។ មហាកាល អារុណ លោកគ្រូអិតឈ្មោះ វីរៈ នាយកតបញ្ជាអោយទាហានឈរជាជួររង់ចាំធ្វើគារវកិច្ចចំពោះមេទ័ពយើង។ មហាជនរាប់ពាន់នាក់ឈរត្រៀបត្រាស្រែក «ជយោ ! មានន្ទ ! ជយោ ! មានន្ទ ! ជយោ ! ឯករាជ្យ ! ជយោ ! ឯករាជ្យ !» មានន្ទ និង នាងទេវី លើកដៃគ្រវីជាសញ្ញាតបអំណរគុណវិញដោយងាកមើលមុខគ្នាទៅវិញទៅមកយ៉ាងញឹកញយបំផុត។
« ចប់ដោយបរិបូណ៌ »
រឿង៖ មហាចោរនៅទល់ដែន (២៤ភាគ)
01. ខ្លាបាក់ចង្គូម 02. បងប្អូនពីរនាក់ 03. រាត្រីស្ងាត់ 04. សពស្នេហា 05. បណ្តាំបង 06. ភ្លើងរាគះ 07. បាត់កូន 08. ត្រឡប់ពីច្បាំង 09. រត់តាមប្តី 10. ស្តេចខ្ញាល់ 11. តដៃដោះខ្លួន 12. អាសន្នធំ 13. វាយផ្តាច់ព្រ័ត្រ 14. ព្រះនាងខត្តិយាណី 15. ទារុណកម្ម 16. រំដោះអ្នកស្នេហាជាតិ 17. ស្នេហាលើទូក 18. ថ្កើងត្រង់ណា 19. ចាញ់កល់ស្នេហា 20. នារីទុគ៌ត 21. ក្បួនការពារឯករាជ្យ 22. បាត់ខ្លួនទៅណា 23. ផែនការសម្ងាត់ 24. ជោគជ័យ