អូន! សូមនិយាយមក កុំឲ្យបងចាំស្ដាប់យូរពេក។ ប្អូនធ្លាប់ភប់ប្រសព្វនឹងបង ជាយូរណាស់មកហើយ។ គួរណាស់ តែអូនស្ដាប់បងឲ្យជាក់។ អូនៗ សូមទុកចិត្តបងចុះ បងនឹងជួយអូន ទោះដល់ក្ដីមរណៈក៏បងហ៊ានដែរ។ ឱ! ក្នុងជាតិនេះ បងស្រឡាញ់អូនអស់ប៉ុណ្ណឹងហើយ គឺថាឥតមានរបស់អ្វីមកប្រៀបធៀបបានទេ។ សូមអូននិយាយមកចុះ បងចាំស្ដាប់។
ច៎ាះ! ... ច៎ាះ! ... ហ៊ឺ! ប្អូននិយាយមិនបានទេ។ ចាំយប់ស្អែកទៀតចុះ។
បង! បង!
នារីឱបបុរសយ៉ាងខ្លាំងជាថ្មីម្ដងទៀត រួចបន្តវាចាថា៖
បុរសចាប់មុខនាង ដៃទាំងពីរច្របាច់ដោយសេ្នហា និងដោយរីករាយយ៉ាងខ្លាំង។ នារីបន្តកិច្ចសន្ទនាតទៅទៀតថា៖
កញ្ញារីករាយយ៉ាងណា អស្ចារ្យនឹងពាក្យនេះ។ គឺជាពាក្យដែលនាងរង់ចាំប្ដូរស្លាប់ ប្ដូឬរស់។
ទេវីទទួលពាក្យនេះដោយពេញចិត្តទៀត។ ស្ត្រីសើចទាំងទឹកភ្នែករមៀល ស្រក់តក់ៗ ធ្លាក់លើទ្រូងមានន្ទ ដែលមានចិត្តខ្លោចផ្សាឥតឧបមា។
បុរសពុំចង់ឲ្យនាងយំទេ ពុំចង់ឲ្យនាងកើតទុក្ខទេ អ្នកចង់ឲ្យសង្សារសប្បាយ។ អ្នកពន្យល់នាងថា៖
កុំយំអូន! គេយំតែកាលណាស្រុកខ្ញុំគេ។ បងមិនចោលអូនទេ បងប្ដេជ្ញាថា ទោះមានរឿងរ៉ាវឪពុកម្ដាយ បងប្អូន ជំទាស់យ៉ាងណា ក៏បងយកអូនជាប្រពន្ធដែរ។ ចូរអូនកុំភ័យអី ព្រោះយើងនិយាយថា យើងសាងសុខដោយខ្លួនយើង។ យើងគ្មានគំនិត ពឹងផ្អែកផ្ដេករកសុខលើចន្ទល់អ្នកណាទេ។ អូននិងបង បានគិតហើយ បានយល់ហើយ យើងស្រឡាញ់គ្នា។ គំនិត និងបំណងនេះ ជាទេពវត្ថុ ដែលគ្មានអ្វីមករំលាយបានឡើយ។ យើងជាមនុស្ស យើងជាអ្នកសម្រេចវាសនាយើង យើងជ្រើសរើសផ្លូវយើងដើរ យើងគូសវាសជីវិតយើងដោយខ្លួនយើង នេះជាការធម្មតាទេ យើងជាយុត្តិធម៌តាមគន្លងធម៌ទៀតផង។ រីឯមាតាបិតាយើងទុកជាធំជានិច្ច ក៏ប៉ុន្តែដែលល្អប្រពៃ មិនត្រូវបញ្ចុះតម្លៃខ្លួនឲ្យទាប អាម៉ាស់ខ្លួនរហូតទៅផ្ដាច់កូន ឲ្យបែកគូគេនោះទេ។ បើមាតាបិតាខ្លះ ធ្វើដូចនេះ គឺជាមាតាបិតាប្រើអំណាចលើកូន គឺជាអំពើសង្កត់សង្កិនមនុស្ស ក៏លាមកក្រៃលែង។ ចូរអូនគិតមើល ពាក្យថាសម្លាប់ស្នេហា កាត់ចំណងមេត្រីភាព រំលាយរឿងកម្សត់ផ្សេងៗ ជាពាក្យមួយ ដែលគ្មានជនណាចង់ឮទេ។ តែកាលណា គេឮឡើង គេអារចិត្ត គេខាំធ្មេញ គេខឹង។ ឯណាយុត្តិធម៌ ឯណាសីលធម៌ ឯណាមនុស្សធម៌ ឯណាធម៌ព្រះ បើធ្វើឲ្យព្រាត់ប្រាស់គូគេនោះ? ការបង្ខំ ការបង្គាប់ ការគំរាម ការត្រួតត្រាលើចិត្ដមនុស្ស ជាអំពើអមនុស្សធម៌ចំពោះមនុស្សដូចគ្នា ដែលចេះគិត ចេះគូរ។ ក្នុងលោកនេះបងសូមកុំឲ្យមានរឿងអកុសលដូចនេះទៀតឡើយ គឺសូមឲ្យគូស្នេហាបានជួបគ្នា អាចទុកដាក់ខ្លួនឯង តាមសេចក្ដីយល់ឃើញរបស់ខ្លួន។
ច៎ាះ ! ប្អូនបានធូរស្បើយបន្ដិចដែរ តែពុំដឹងជាមានរឿងអ្វីទៀតទេ ដែលអាចជំទាស់មិនឲ្យយើងជួបគ្នាបាន!
ចូរអូនដឹងឲ្យច្បាស់ថា មនុស្សអ្នកគិតការ ទេវតាអ្នកសំរេច។ ចំពោះឪពុករបស់អូន បងជឿថា លោកចាស់ហើយ ហើយលោកស្គាល់បង ដឹងចិត្ដបង ស្រលាញ់បងណាស់។
នាងទេវីដកដង្ហើមធំ។ ស្រីគ្រវីក្បាល ដោយនឹកឃើញរឿងមួយទៀត។ នាងនិយាយស្រងូតស្រងាត់ថា៖
បង ! ប្អូនមិនគួរមកស្រលាញ់បងទេ ។ ប្អូនទាបណាស់ ។ យើងខុសគ្នាដូចមេឃ និងដី។ រឿងខុសគ្នាខ្លាំងពេកនេះហើយ ដែលនាំឲ្យប្អូនមានទុក្ខព្រួយយ៉ាងខ្លាំងនៅពេលនេះ។ បើសិនជាប្អូនយកអ្នកក្រដូចគ្នា ម៉្លេះសមប្អូនមិនបានទុក្ខព្រួយដូច្នោះទេ។
កុំគិតដូចនោះអូន ... ខុសស្រឡះ។ នែ ! អូន ! យើងកើតមកលើលោកនេះ គ្មានអ្នកណាយកបុណ្យស័ក្ដិ និងទ្រព្យសម្បត្ដិមកជាមួយផងទេ មនុស្សកើតឡើងខ្លួនទទេដូចៗគ្នា។ សព្វថ្ងៃអូនក្រ ៗមកពីបងមាន។ ស្ដាប់បានទេ ?គឺថាទ្រព្យដែលអូនត្រូវបាន ទៅជាហូរមកចូលហឹបបងវិញ។ ឯចំនែកខាងបុណ្យសក្ដិវិញ មនុស្សត្រូវតែងចង់បាន។ ក៏ប៉ុន្ដែបើចង់បាន ត្រូវមើលនាយមើលអាយសិន។ មានខ្លះចង់បានបុណ្យសក្ដិ ខំបន្ដុះបន្ដាលខ្លួនដោយរៀនសូត្រតំរិះវិជ្ជាផ្សេងៗ ឲ្យបានចេះដឹងជ្រៅជ្រះ ហើយខិតខំធ្វើការបំរើប្រទេសជាតិ និងប្រជាជនឲ្យបានគង់វង្សស្ថិតស្ថេរចិរកាលទៅ។ ជនបែបនេះហើយដែលប្អូនត្រូវស្វែងរកឲ្យបានជួប។ ......
កាលពេលដែលមានន្ទ និងនាងទេវីកំពុងនិយាយគ្នានេះ ស្រមោលមួយលបស្ដាប់នៅជិតនោះ រួចរសាត់យ៉ាងលឿនទៅឯខាងផ្ទះនាងទេវី។ គឺស្រមោលកាមាប្អូនមានន្ទ បុត្របន្ទាត់របស់ព្រះកំពុត មេទ័ពខាងតំបន់ម្លូព្រៃ ក្រោមកិច្ចបញ្ជាការរបស់មានន្ទជាបង ដែលជាមេទ័ពនាអាណាខេត្ដសិរីសោភ័ណនេះឯង។ កាមាទៅដល់ខ្ទមវិសេសក្លាហាន ច្រានទ្វារចូល រួចបង្កូកឡើងថា៖
លោកអ៊ំ ! លោកអ៊ំ !
ចុងដាវវិសេសក្លាហានផ្ទុចមកចំចុងដង្ហើមកាមាជាស្រេច។ ស្រឡាំងកាំងក្នុងងងឹត កាមាហៀប នឹងនិយាយ តែវិសេសក្លាហានគំហកថា៖
នៅស្ងៀម អាចោរកំណាច ! ឯងហ៊ានតែកម្រើកខ្លួន ជីវិតឯងសូន្យក្នុងពេលនេះឥឡូវ !
ខ្ញុំបាទមិនមែនចោរទេ លោកអ៊ំ!
បើឯងពុំមែនចោរ ម្ដេចឯងចូលក្នុងផ្ទះអញទាំងយប់? ឯងមកមានការអ្វី ?
ខ្ញុំបាទយកការណ៍មួយអាម៉ាស់បំផុតមកជំរាបលោកអ៊ំឲ្យបានជ្រាប។
វិសេសក្លាហានគំហកថា៖
ការអ្វី អាចោរអប្បលក្ខណ៍ ? អញដឹងហើយការដែលឯងចង់និយាយនឹងអញ។ ហ៊ីសៗ ឪពុកឯង និងអញជាគូសត្រូវប្រចាំជីវិតនឹងគ្នា។ ឪពុកឯងគុំអញស៊ីសាច់ហុតឈាម។ អញគុំឪពុកឯងវិញដូច្នោះដែរ។ រាល់ថ្ងៃអញនៅទីនេះ ទន្ទឹងចាំរឿងដែលឪពុកឯងបង្កើតឡើង ដើម្បីរំលោភលើអញ។ អានាងពេលមកដល់មែន។ ឥឡូវគ្មានអ្វីច្រើនទេ ចូលមកចុះ ដកដាវឡើងកុំទុកឲ្យនៅស្ងៀមយូរទាន់ចិត្ដនៅក្ដៅៗ ដាវអញសំរាកយូរមកហើយ ទើបមកដល់ឥឡូវដាវអញមានចិត្ដរីករាយ និង មានសកម្មភាពជាថ្មី។ មកអានាង។ ឱ ! ឪពុកឯងចំជាមនុស្សកំសាកញីណាស់អីមិនហ៊ានស៊ូនឹងអញដោយខ្លួនឯងទេ? ទើបប្រើឯងមកនេះ រួចប្រើមកទាំងយប់ទៀត ! ហាសៗ ឪពុកឯងមិនសមកិត្ដិយសជាស្ដេចត្រាញ់ពិតៗនោះទេ។ ឪពុកឯងស្លាប់នឹងគ្រឿងអាវុធអញរឺ ?
កាមាសើចបើកភ្នែកធំៗ។
សូមទោសលោកអ៊ំ ខ្ញុំមិនដឹងរឿងទាំងនេះទេ។ រឿងទាំងនេះជារឿងផ្ទាល់ខ្លួនរបស់លោកអ៊ំទេ ដែលប៉ះពាល់ដល់កិត្ដិនាមលោកអ៊ំ។ ដែលខ្ញុំមកនេះ ... ។
កុំលាក់ កុំធ្វើពុត កុំធ្វើពើ ... អើបើឯងមិនដឹង អញជាអ្នកប្រាប់ឲ្យឯងដឹង។
ទេ ៗ ៗ លោកអ៊ំ កុំទាន់អាល ខ្ញុំសូមនិយាយមួយម៉ាត់សិន។
ឱ ឯងភ័យខ្លាចស្លាប់ដែរ? ឯងមិនសមជាកូនប្រុសទេ។
ហ៊ី ! លោកអ៊ំ ខ្ញុំនិយាយមួយម៉ាត់ទេ។
និយាយភ្លាម កុំបង្អង់ អញសម្លាប់ចោលឥឡូវនេះ។
បាទ ! ខ្ញុំបាទមកនេះដើម្បីនិយាយហើយតើ ប៉ុន្ដែបើចុងដាវនៅផ្ទាប់នឹងចុងដង្ហើមយ៉ាងនេះ និយាយម្ដេចកើត ?
ហាៗ ! អញមិនចេះសម្លាប់មនុស្សដែលឥតមានអាវុធនៅក្នុងដៃទេ នៅឲ្យស្ងៀមកុំកម្រើក។
ក្នុងមួយវិនាទីនោះ វិសេសក្លាហានចូលប្រកៀកនឹងខ្លួនកាមា ហូតយកដាវដែលព្យូរនៅចង្កេះគ្រវាត់ឮប្រាវលើក្ដារ ឆែកឆេរមើលសព្វហោប៉ៅពុំឃើញមានអាវុធអ្វីទៀត ក៏បញ្ជាឲ្យកាមាអង្គុយលើកៅអីជិតនោះ កាមាធ្វើតាមបង្គាប់។ មួយសន្ទុះក្រោយមក ចង្កៀងខ្លាញ់ក៏ភ្លឺឡើង កាមាញញឹមយ៉ាងខែងរកវិសេសក្លាហាន ដែលប្រុងស្មារតីគ្មានធ្វេសសោះឡើយ។
មើលរឿងអ្វី ?
សូមលោកអ៊ំ មើលទៅបន្ទាប់កូនស្រីលោកអ៊ំមើល។
វិសេសក្លាហានងាកទៅមើលទ្វារ ឃើញចំហមួយប្រលោះខ្លួន។ លោកភ្ញាក់ខ្លួនខ្ញាក ស្ទង់ដឹងស្ថានការណ៍កើតសង្ស័យ ចិត្ដក្ដៅក្ដួល។ កាមាកាន់ជ័យជំនះមួយយ៉ាងអស្ចារ្យនៅពេលនោះ។
សូមលោកអ៊ំអញ្ជើញចូលមើលលើគ្រែកូនស្រីលោកអ៊ំមើល។
វិសេសក្លាហានស្ទុះភ្លែតចូលក្នុងបន្ទប់នារី យកចុងដាវវាត់បើកមុងមានតែពួក និងខ្នើយ។ ចិត្ដមោហោមួយយ៉ាងរំពងក្នុងរាត្រីស្ងាត់ថា៖
ហាស់ ! កូនស្រី ! ទេវី !
សូរសម្រែកឮបានតែប៉ុណ្ណោះតាចាស់យើងដួលផ្ងាខ្លួនទៅក្រោយសន្លប់បាត់ស្មារតី។ កាមាឃើញដូច្នោះ ក៏ក្រោកពីកៅអីឈានជើងទៅយកដាវខ្លួនដែលដេកលើក្ដារមកស៊កចូលក្នុងស្រោមដូចមុន រួចផ្លោះតាមបង្អួចទៅបាត់ក្នុងទីងងឹតទៅ។ សម្រែកវិសេសក្លាហានលាន់ឮស្ទើររហែកមេឃ។ សូរសម្រែកបោះពួយក្នុងអាកាសទៅដល់ត្រចៀកនាងទេវី ដែលកំពុងនិយាយលេងយ៉ាងរីករាយជាមួយមានន្ទជាគូគាប់ នាងឈប់ង៉ក់ដូចគេកន្ដ្រាក់។ កញ្ញាងើបក្បាលឡើងពីជង្គង់មានន្ទដោយបើកភ្នែកធំៗ ។ ដើមទ្រូងនាងញ័រយ៉ាងខ្លាំង។ ស្រីហាក់ដឹងរឿងអាសន្នអស់។ នាងច្រានមានន្ទវឹងដែលដួលទៅក្រោយ រួចរត់សំដៅទៅផ្ទះ។ មានន្ទស្រឡាំងកាំងក្រោកឡើងបោសគូទស្រែកដោយសម្លេងហៅនាង៖
ឈប់ៗ រឿងអ្វី ? ទេវីអូន !
តែនារីទៅឆ្ងាយណាស់ទៅហើយ បុរសក៏ដើរតាមក្រោយនាងទៅ ដោយឈានជើងយ៉ាងវែងៗ ប្រញាប់ប្រញាល់ឲ្យបានទាន់គូធីតាពន្លឺចង្កៀងចោះប្រលោះមួយយ៉ាងធំក្នុងអាកាសងងឹត តាមទ្វារខ្ទមដែលចំហ។ នាងទេវីទុចជើងដោយបានឃើញពន្លឺនេះ។
ពន្លឺធ្វើឲ្យនាងកើតក្ដីខ្លាច តែទោះដល់មរណៈក៏ដោយនាងត្រូវតែចូលទៅរកពន្លឺនេះ។ ព្រលឹងនៅចុងសក់ កញ្ញាប្រឹងទប់សន្ដានចិត្ដកុំឲ្យជ្រួលច្របល់ពេក តែឥតប្រយោជន៍។ ស្រីដឹងមុនថា ទុក្ខមួយយ៉ាងធំនឹងមានដល់នាងក្នុងមួយភ្លែតទៀតនេះ តែនាងយល់ថាចៀសទុក្ខនេះមិនបានផុតទេ នាងត្រូវតែប៉ះទង្គិចជាដាច់ខាត។ នាងនឹកថា មិនអីទេខ្លួននាងខុស ហើយនាងព្រមទទួលទុក្ខទាំងអស់ដោយឥតប្រកែក តែពុំដឹងជាទុក្ខនោះ មានភាព រឺ បែបយ៉ាងណានៅឡើយ។
កល្យាណកើតមានមនោសញ្ចេតនាមួយថ្មីដែលមកសណ្ឋិតក្នុងខ្លួននាង គឺចង់ដឹង។ នាងឈានជើងមួយៗចូលក្នុងផ្ទះយ៉ាងមានះ ដោយធ្មេចភ្នែកកុំឲ្យឃើញពន្លឺដ៏មហិមានេះ។ មួយជំហានដែលនាងដើរ ធីតាហាក់ឃើញឧបសគ្គកាន់តែធំឡើង។ ខ្លួន ស្រីព្រលឹងហាក់ចេះតែថយក្រោយទៅវិញ។ មួយជំហានដែលនាងបានបោះកន្លងរួចមកហើយ គឺឧបសគ្គមួយដែលនាងឆ្លងរួច ស្រីហាក់បានធូរចិត្ដបន្ដិច។ ផ្ទះស្ងាត់ឈឹង ទេវីរិតតែឆ្ងល់ទៅទៀត។ នាងដើរដល់មាត់ទ្វារ។ នាងដកដង្ហើមធំម្ដង។ នាងអើតមុខចូលខាងក្នុងផ្ទះ។ ឱ ! រឿងអីដូច្នោះ ? នាងឃើញឪពុកនាងដួលដេកលើក្ដារសន្លប់បាត់ស្មារតីឥតដឹងខ្លួន។ យុវតីខ្លោចចិត្ដអាណិតឪពុក។ នាងយំយ៉ាងខ្លោចផ្សា ហើយរត់ទៅបីត្រកងលោកឪពុកជាអ្នកមានគុណ ផ្ដេកក្បាលដាក់លើភ្លៅនាង។ បុត្រីអង្រួនដាស់បិតា តែគ្មានពោក្យអ្វីសួរ អ្វីឆ្លើយសោះ។ កញ្ញាភិតភ័យកាន់តែខ្លាំងឡើងៗ។ កល្យាណងើបមុខឡើងឃើញម៉ែភួង នាងទ្រហោយំថា៖
ម៉ែភូង ជួយផង ! ជួយឪពុកខ្ញុំផង លោកកើតអី?
នាងភួងទឹកភ្នែករហាមដែរឱបជើងវិសេសក្លាហានយំដូចកូនក្មេង។
ម៉ែភួងៗ ទៅរកទឹកមួយផ្ដិលមក ឆាប់ៗ ម៉ែភួង។
លុះបានទឹកមក នាងទេវីលាបមុខលោកឪពុក លាបដៃជើង និង សព្វសព៌ាង្គកាយ។ គាប់ជួនពេលនោះ ព្រលឹងវិសេសក្លាហានក៏ចូលមកសណ្ឋិតកាន់រូបវិញធ្វើឲ្យមេទ័ពចាស់ងាកក្បាលចុះឡើងៗ។ នាងទេវីត្រេកអរក្រៃលែង ដូចបានឃើញឪពុកនាងមានកំនើតជាថ្មី។ ស្រីខំដាស់បោសអង្អែលទាំងទឹកភ្នែកថា៖
លោកពុក លោកពុក នេះកូន ស្គាល់កូនទេ លោកពុក ពុកកើតអ្វី?
ដំបូងវិសេសក្លាហានហាក់ភ្ញាក់ពីដេក។ លោកឮមាត់កូនលោកខ្សាវ រួចសូរមាត់បុត្រីនេះឮកាន់តែខ្លាំងឡើងៗ។ លោកបើកភ្នែកឃើញនាងទេវីឱបលោក ឃើញនាងភួងនៅទ្រចុងជើងលោក។ មួយស្របក់ក្រោយមក កម្លាំងក៏កាន់តែមានឡើងវិញបន្ដិចម្ដងៗ ទើបវិសេសក្លាហាន នឹកឃើញរឿងដែលនាំឲ្យលោកដេកដួលនៅទីនេះ។
សេចក្ដីក្រោធខឹងមួយឆួលឆេះឡើងយ៉ាងពេញទំហឹង មករោលរាលរូបគាត់។ គាត់ក្រោកអង្គុយសម្លឹងមើលមុខនាងទេវីមិនដាក់ភ្នែក។ លោកច្រានកែវដែលធ្លាប់ជាពន្លកចេញពីខ្លួនលោក កុំឲ្យស្រីអប្បលក្ខណ៍កាន់សាច់លោកទៀត។ នាងទេវីឆ្ងល់ ឆ្ងល់នឹងកាយវិការនេះ ទើបនាងនឹកភ្លែតឡើងថា លោកឪពុកនាងជ្រាបរឿងនេះហើយ។ នាងលុតជង្គង់ ដៃទាំងពីរខ្ទប់មុខយំឮឃឹកៗ។ កញ្ញាពោលទាំងត្រដាបត្រដួសថា៖
លោកឪពុក កូនសូមទោស ! ច៎ាះ ! កូនសូមទោស លោកឪពុក ! កូនបានជាខុសចំពោះចិត្ដលោកឪពុកហើយ។ ច៎ាះ! កូនខុសពិតមែន។ កូនស្រលាញ់ ។ កូនបានលបចេញពីផ្ទះទៅជួបនឹងគេទាំងយប់ពាក់កន្ដាលអធ្រាត្រ។ កូនខុសនឹងទំនៀមទំលាប់ ខុសនឹងអ្នកមានគុណមែនហើយ។ តែសូមលោកឪពុកជ្រាបថាកូនពុំទាន់បានខុសនឹងធម្មជាតិទេ។ កូនជាផ្នែកមួយរបស់ធម្មជាតិ កូនជាមនុស្ស។
ថាហើយនាងមើលមុខវិសេសក្លាហាន។ តែទឹកមុខបិតានៅក្រហមដដែល ភ្នែកនៅតែសម្លក់ក្រឡោតដដែល មានតែថ្គាមទាំងពីរ ដែលប្រខាំគ្នាថែមទៀត នារីអស់សង្ឃឹម។ ញើសលោតចេញពីថ្ងាសនាងផ្លោតៗ ហូរតាមខ្នងនាង។ ស្ងួនភ្ងាដឹងថា ឪពុកនាងពុំប្រណីទោសនាងទេ។ ហេតុនេះមានតែទឹកភ្នែកប៉ុណ្ណោះ ដែលនិយាយទៅទៀត។
វិសេសក្លាហានក្រោកឈរឡើង ដង្ហើមធំៗ ខ្លីៗ មុខដូចខ្លា។ នាងទេវីរិតតែភ័យទៅទៀតឱបជើងលោកឪពុក។ នាងភួងអោជើងម្ខាង។ យូរបន្ដិចមក វិសេសក្លាហានអោនទៅចាប់បុត្រីឲ្យក្រោកឈរឡើង នាងទេវីបានធូរក្នុងចិត្ដឥតឧបមា នឹកថាឪពុកនាងយល់ព្រមអនុលោមកំហុសនាងហើយ។ វិសេសក្លាហានដឹកដៃឆោមស្ងួនទៅមាត់ទ្វារ។ កញ្ញាបែរជាឆ្ងល់ឡើងវិញជាពន់ពេក ដោយមិនដឹងថា ឪពុកនាងចង់ធ្វើយ៉ាងណា ចង់និយាយយ៉ាងណា។ លុះដល់មាត់ទ្វារហើយ វិសេសក្លាហានច្រានស្មានាងទេវីយ៉ាងខ្លាំងទៅខាងក្រៅ ដោយពន្លឺពាក្យថា៖
ទៅចុះ អញអស់មានកូនទៀតហើយ។
នាងភួងដែលឃើញរឿងចំលែកអស្ចារ្យដូច្នោះ ស្ទុះភ្លែតទៅឱបជើងវិសេសក្លាហានសាជាថ្មី ហៀបនឹងនិយាយ តែវិសេសក្លាហានច្រាននាងដួលទៅក្រោយដោយគំហកថា៖
ទេ! អញគ្មានកូនទៀតទេ។
នៅខាងក្រៅ នាងទេវីឱបដៃស្រពោនដូចផ្កាត្រូវថ្ងៃ។ នាងអស់ចិត្ដ អស់ពាក្យនឹងនិយាយ អស់គំនិតនឹងគិត។ ស្រីយំខះទឹកភ្នែកអស់ហើយ។ មួយរំពេចនេះ នាងឃើញជាក់ថាកែវអស់ផ្ទះនៅទៀតហើយ គឺមុខជាដេកក្រោមដើមឈើ ត្រូវខ្យល់ ត្រូវថ្ងៃ ត្រូវភ្លៀង អត់បាយហើយចាប់ពីរាត្រីនេះតទៅ។ ទេវីបែរមើលក្នុងទីងងឹត ដើម្បីរកផ្លូវដែលនាងត្រូវដើរទៅមុខក្នុងជីវិតនេះ តែមិនឃើញផ្លូវណាសោះ។កល្យាណបែរមើលរកទិសដែលនាងត្រូវយក តែមិនដឹងជាយកទិសណាសោះ។ នាងបែរមើលដំបូលផ្ទះ។ ឱ! ដំបូលនេះដាច់ចិត្ដលែងទទួលនាងទៅហើយ។
មានន្ទមកដល់ ! ដៃប្រុសម្នាក់ចាប់នាងយ៉ាងខ្លាំងទាញចូលក្នុងផ្ទះវិញ។ ធីតាភ្ញាក់។ មានន្ទដើរយ៉ាងស្វាហាប់ចូលស្លុងទៅក្នុងផ្ទះ លុតជង្គង់ម្ខាងគ្រឹប ទៅលើក្ដារពីមុខវិសេសក្លាហាន និយាយដោយវាចាមួយៗ យ៉ាងដាច់ខាត៖
សូមទានលោកអ៊ំ រូបកូនប្រុសរបស់លោកអ៊ំ ទើបលេចចេញពីបន្ដូលចិត្ដលោកអ៊ំ។ ខ្ញុំមានន្ទ ខ្ញុំសូមប្រគល់ខ្លួន ប្រគល់ជីវិតជាកូនប្រុសតែមួយរបស់លោកអ៊ំ។ សូមលោកអ៊ំជឿថា កូនប្រុសនេះមានចិត្ដដូចលោក មានគំនិតដូចលោកអ៊ំ មានឧត្ដមគតិចំពោះជាតិ និងចំពោះប្រជាជនដូចលោកអ៊ំគ្មានខុសប៉ុនមួយចម្រៀកសក់ទេ។ ខ្ញុំសូមលើកដៃសច្ចាចំពោះមុខលោកអ៊ំថា ចាប់តាំងពីយប់នេះទៅ ខ្ញុំធ្វើការពុះពារគ្រប់បែបយ៉ាងប្រឆាំងនឹងអយុត្ដិធម៌ ដែលជនជាតិខ្មែរយើងកំពុងរងទុក្ខវេទនា ប្រឆាំងនឹងគំនិតខ្ញុំគេដែលខ្មែរមាន ប្រឆាំងនឹងជនជាតិនានា ដែលគ្របសង្កត់ខ្មែរយើងជំនួសលោកអ៊ំដែលចាស់ណាស់ទៅហើយ។ ក្នុងការតស៊ូនេះ ខ្ញុំបេ្ដជ្ញាជាឱឡារិកថា ចំពោះប្អូនទេវីខ្ញុំទទួលបីបាច់រក្សាអស់មួយជីវិត ទុកនាងជាគូវាសនាពីអតីតជាតិមក ហើយជាវត្ថុមួយដ៏ថ្លៃថ្លា ដែលខ្ញុំការពាររាល់ទិវា។
វិសេសក្លាហាន មើលមុខមានន្ទដោយពុំលែងចោលសោះ។ លោកញញឹមជាសញ្ញាទទួលយល់ព្រម។ លោកងក់ក្បាល រួចលូកដៃទៅចាប់ស្មាមានន្ទ មានវាចាថា៖
ចាប់តាំងពីពេលនេះតទៅ ឯងជាកូនអញទាំងពីរ។
នាងទេវីសប្បាយចិត្ដក្នុងគ្រានោះ នឹងរកវត្ថុអ្វីមកប្រៀបគ្មានឡើយ។ នាងហាក់ហើបខ្លួនពីដី ហាក់អណ្ដែតត្រសែតលើអាកាសជាមួយមានន្ទ និងជាមួយឪពុកនាង កញ្ញាស្ទុះទៅឱបជង្គង់លោកឪពុកជាទីស្នេហា។ នាងភួងក៏ធ្វើដូច្នោះដែរ។ វិសេសក្លាហានបន្ដសេចក្ដីមួយៗ ដូចតទៅ ៖
កាលណាបានឯងគិតរៀបការគ្នា ?
បាទខ្ញុំបាទសូមរៀបការក្នុងបីខែទៀត។
វិសេសក្លាហានងើបទៅលើគិត។ រួចលោកគ្រវីក្បាល។
ទេ ! មិនបានទេ
បាទពីរខែទៀត
ទេ!
បាទមួយខែទៀត
ទេ !
បើដូច្នោះតាមចិត្ដលោកអ៊ំកាលណា ? មួយអាទិត្យទៀត ?
ទេ ! មិនបានទេ។ តោងសែនទាំងយប់នេះ។
មានន្ទឮដូច្នោះ ក៏ដាក់ភ្នែកចុះ។ អ្នកនៅស្ងៀមគិតវាយក្រឡាស្ទង់ ញញឹមរួចទទួល :
បាទ ! បាន !
ពិធីសែនព្រេនចាប់ធ្វើឡើងមួយរំពេចក្នុងវេលានោះ។ នាងភួងត្រូវទៅដាស់លោកមេឃុំ ជំទប់មកដោយឥតបង្អង់។ នាងទេវីត្រូវធ្វើម្ហូបអាហារមាន់ទាសំរាប់សែនភ្លាម។ វិសេសក្លាហាន និងមានន្ទត្រូវកាច់ស្លាធម៌ រកទៀនធូបដោយរួសរាន់។ មិនយូរប៉ុន្មាន លោកមេឃុំ លោកជំទប់ក៏មកដល់ ភ្លើងទៀនធូបក៏ភ្លឺរន្ទាល កូនស្រី កូនប្រុសក៏ក្រាបទាំងគូទន្ទឹមគ្នា។ លោកមេឃុំ លោកជំទប់បាចទឹកឲ្យពរសព្ទសាធុការដល់គូថ្មី ដែលផ្ដិតមេដៃចុះសំបុត្រអាពាហ៍ពិពាហ៍ មិនឲ្យយូរដល់តិចតួចឡើយ។ ទើបវិសេសក្លាហានឲ្យពរជ័យដល់បុត្រាបុត្រី ឲ្យបានសុខគ្រប់ប្រការ។
សូមកូននៅជាមួយគ្នាឲ្យបានសុខ។ ឪពុកគ្មានអ្វីចងដៃកូនទេ ឪពុកមានតែប្រទេសខ្មែរយើងទាំងមូលចងដៃកូន ។ ប្រទេសនេះមានទឹក ដី ព្រៃសព្វគ្រប់មុខ លោហធាតុគ្រប់មុខ។ កូនអាចនាំគ្នាកាប់គាស់ ចិញ្ចឹម ដាំ ឆ្ការ ពុពារ ទាញផលឲ្យបានបរិបូណ៌តាមចិត្ដកូន។ប៉ុន្ដែដើម្បីឲ្យផលដែលកូនរកបានមក កូនតោងធ្វើខ្លួនកូនឲ្យទៅជាម្ចាស់ស្រុកពិតៗ កូន ! កូន !...
ក្នុងពេលប្រស់ទឹកឲ្យពរនេះ វិសេសក្លាហានដួលផ្ងារខ្លួនទៅក្រោយ។ លោកមេឃុំ លោកជំទប់ មានន្ទ នាងទេវី នាងភួងក៏ផ្អើលឆោឡោ ខ្លះកោសខ្យល់ ខ្លះចាប់ ខ្លះច្របាច់ ខ្លះហៅ ខ្លះផ្ដុំត្រចៀក តែជីពចរវិសេសក្លាហាន ក៏ចេះតែវាយថយទៅៗ រហូតដល់ដាច់ខ្យល់សូន្យឈឹងតែម្ដង។ វិសេសក្លាហានចូលកាន់មរណភាពក្នុងពេលនេះឯង។ លោកថយចេញពីពិភពលោកនេះដោយមានទឹកមុខញញឹម ព្រោះលោកបានទុកដាក់បុត្រីជាទីស្នេហារបស់លោកហើយ ញញឹមព្រោះលោកជឿថា វរលក្ខណ៍មានបង្អែកមួយដ៏មាំមួនហើយ ញញឹមដោយពេញចិត្ដគ្មានអរិត្រង់ណា។
នាងទេវី និងមានន្ទប្ដីប្រពន្ធថ្មី កើតទុក្ខនឹងមរណៈសញ្ញានេះយ៉ាងខ្លាំងជាងគេ។ នាងភួងឱបជើងខ្មោចយំរអាក់រអួល រៀបរាប់ពីចិត្ដវិសេសក្លាហាន ពីគុណសម្បត្ដិវិសេសក្លាហាន។ នាងទេវីរៀបរាប់អំពីសេចក្ដីសោកស្ដាយដោយបិតានេះ ពុំទាន់បានឃើញនាងសុខ រឺទុក្ខយ៉ាងណាផងទៅថ្ងៃមុខ។ នាងរំជួលយោលយោគសោកយ៉ាងក្រៃអនេក។ មានន្ទមានទឹកមុខក្រៀមបំផុត។ ក្នុងពេលនោះ ជើងសេះឮសូរកុបៗផាយពីចំងាយមក។ មានន្ទប្រុងខ្លួនមើលទៅទិសដែលអស្សពាហ៍មក។ លុះមកដល់មុខខ្ទមកម្សត់ អ្នកជិះលោតចុះពីលើខ្នងអាជានេយ្យយ៉ាងរហ័ស។ បុរសមិនស្គាល់នេះមកគំនាប់មានន្ទយ៉ាងស្វាហាប់ រួចហុចសំបុត្រមួយដែលមានន្ទហែកមើលឃើញមានសេចក្ដីដូចតទៅ៖
សិរីសោភ័ណ ថ្ងៃ ១០កើត ខែ ពិសាឃ ព.ស ២៤០៨
ទីព្រះពន្លាជ័យព្រះកំពុត មកដល់មានន្ទមេទ័ពអានាខេត្ដសិរីសោភ័ណ
ចូលខ្លួនមកជាប្រញាប់ គ្មានបង្អង់បានឡើយ។ រឹងទទឹង មានទោសអាជ្ញាសឹក។
ព្រះកំពុត
លុះមើកូនសំបុត្រចប់ហើយ មានន្ទដកដង្ហើមធំ។ ណាមួយខ្មោចឪពុកក្មេកនៅជ្រងោ ណាមួយអាណិតដល់នាងទេវី ណាមួយព្រួយបារម្ភប្រហែលឪពុកលោកដឹងរឿងមករៀបការហើយ បានជាហៅទៅបន្ទាយយ៉ាងប្រញាប់ដូច្នោះ។ អ្នកសសៀរទៅជិតនាងទេវីកំពុងតែយំ ខ្សឹបប្រាប់ថា :
ឪពុកបងមានសំបុត្រហៅបងយ៉ាងប្រញាប់ មានសំបុត្រនេះ។
នាងទទួលសំបុត្រមកអាន។ នាងបែរមកកើតទុក្ខនឹងប្ដីទៀតហើយ។ ឱ !ទុក្ខអើយទុក្ខ ! ! គិតទៅក្នុងវដ្ដសង្សារនេះឃើញតែទុក្ខជួបតែទុក្ខ មានតែទុក្ខ។ ទុក្ខអ្វីក៏ទុក្ខម៉្លេះ មកញាំញីនាងទេវីមួយគ្រាជាពីរគ្រា រួចមកបន្ថែមលើគ្នាគ្មានស្រាកស្រាន្ដដូច្នោះ។ នាងសួរស្វាមីថា៖
មានរឿងអ្វីបង ?
ទេ មិនដឹងទេ តែអូនយកប្រាក់ពីរណែននេះទុកស្អែកទិញអីវ៉ាន់ និមន្ដលោកឆាន់ រូបបងមកជួយធ្វើក្ដារមឈូសពីព្រឹកមិនខាន។
ច៎ាះ ! បងមកកុំខានណា !
មានន្ទឮបណ្ដាំនេះព្រឺព្រួចគ្រលួចក្នុងចិត្ដអាណិតភរិយា? ព្រោះភរិយានេះផ្ដាំតែប៉ុណ្ណោះឯង។ បងមកកុំខានណា ពាក្យនេះឮសូរធ្ងន់ក្នុងដួងចិត្ដមេទ័ពក្មេងនេះ។ ពាក្យនេះពីរោះរកតូរ្យតន្ដ្រីណាមកប្រៀបស្មើគ្មាន។ ពាក្យនេះឮក្ដូងៗ ក្នុងបេះដូង...។ ពាក្យនេះថ្មីដរាបចង់តែឮ ចង់តែស្ដាប់ ចង់តែឲ្យនាងថាម្ដងទៀត។ មានន្ទមើលមុខនាង នាងមើលមុខមានន្ទ រួចបុរសក្រោកដើរយ៉ាងលឿនទៅខាងក្រៅ ដែលអ្នកយកសំបុត្រនៅរង់ចាំ។ រួចមានន្ទប្រាប់អ្នកយកសំបុត្រថាឲ្យដើរទៅបន្ទាយវិញចុះ ។ ចំនែកអ្នកលោតលើខ្នងលេះបំផាយតម្រង់ទៅអាសនៈព្រះកំពុតជាបិតា៕
រឿង៖ មហាចោរនៅទល់ដែន (២៤ភាគ)
01. ខ្លាបាក់ចង្គូម 02. បងប្អូនពីរនាក់ 03. រាត្រីស្ងាត់ 04. សពស្នេហា 05. បណ្តាំបង 06. ភ្លើងរាគះ 07. បាត់កូន 08. ត្រឡប់ពីច្បាំង 09. រត់តាមប្តី 10. ស្តេចខ្ញាល់ 11. តដៃដោះខ្លួន 12. អាសន្នធំ 13. វាយផ្តាច់ព្រ័ត្រ 14. ព្រះនាងខត្តិយាណី 15. ទារុណកម្ម 16. រំដោះអ្នកស្នេហាជាតិ 17. ស្នេហាលើទូក 18. ថ្កើងត្រង់ណា 19. ចាញ់កល់ស្នេហា 20. នារីទុគ៌ត 21. ក្បួនការពារឯករាជ្យ 22. បាត់ខ្លួនទៅណា 23. ផែនការសម្ងាត់ 24. ជោគជ័យ