រឿង៖ មហាចោរនៅទល់ដែន (២៤ភាគ)
01. ខ្លាបាក់ចង្គូម 02. បងប្អូនពីរនាក់ 03. រាត្រីស្ងាត់ 04. សពស្នេហា 05. បណ្តាំបង 06. ភ្លើងរាគះ 07. បាត់កូន 08. ត្រឡប់ពីច្បាំង 09. រត់តាមប្តី 10. ស្តេចខ្ញាល់ 11. តដៃដោះខ្លួន 12. អាសន្នធំ 13. វាយផ្តាច់ព្រ័ត្រ 14. ព្រះនាងខត្តិយាណី 15. ទារុណកម្ម 16. រំដោះអ្នកស្នេហាជាតិ 17. ស្នេហាលើទូក 18. ថ្កើងត្រង់ណា 19. ចាញ់កល់ស្នេហា 20. នារីទុគ៌ត 21. ក្បួនការពារឯករាជ្យ 22. បាត់ខ្លួនទៅណា 23. ផែនការសម្ងាត់ 24. ជោគជ័យ
ភាគទី២២៖ បាត់ខ្លួនទៅណា
ក្នុងហ្វូងអ្នកស្រុកដែលកំពុងអ៊ូអរ មានជនប្រាំនាក់ដើរបន្លំជាមួយគេអែង តែភ្នែករវៀសប្រុងមើលឆ្វេងស្ដាំជានិច្ច។ ជនចំលែកទាំងប្រាំនាក់គឺ មហាកាល អារុណ វីរ នាកត និង នាយឡំ។
ក្រោយពីពេលដែលនាយកត និង នាយឡំបានរួចពីអណ្ដូងមរណភាពមក ជនទាំងពីរបានត្រលប់ទៅកាន់បន្ទាយវិញ។ ថ្វីត្បិតតែរឿងធ្លាក់អណ្ដូងនេះកន្លងទៅបានមួយឆ្នាំមកហើយ តែជនទាំងពីរនៅនឹកឃើញរឿងនេះហាក់ថ្មីជានិច្ច។ ហេតុនេះហើយបានជាក្នុងអោកាសបុណ្យរបស់ព្រះកំពុតនេះ ជនទាំងពីរប្រុងស្មារតីជាងគេ ព្រោះរអានឹងរឿងអណ្ដូងចង្រៃដែលគេចេញសឹងពុំរួចនោះ។ លុះដល់កន្លែងមួយឆ្ងាយពីមនុស្សបន្ដិចមហាកាលចាប់ស្មាមិត្ដទាំងបួននិយាយខ្សឹបៗថា :
រកលោកគ្រូមិនឃើញទេ
អារុណសើចរួចថា
ខ្លាចក្រែងគាត់ក្លែងខ្លួនជាអ្នកស្រុកដូចយើងទេដឹង?
វីរកាត់ភ្លាម
ទេ ! លោកគ្រូមិនដែលក្លែងខ្លួនទេ !
រួចមិត្ដទាំងប្រាំដាក់គូថអង្គុយលើស្មៅដោយអស់សង្ឃឹមថា នឹងរកមានន្ទឃើញ។ មហាកាលអង្គុយកណ្ដាលវង់មិត្ដទាំងបួន ដកដង្ហើមធំពិគ្រោះថា
គាត់ប្រហែលទៅណាហ៎? ធ្វើម៉េចអោយបានដឹងរឿងនេះឆាប់ៗ? គិតទៅជាងមួយអាទិត្យមកហើយដែលគាត់អញ្ជើញមកបាត់ពីកន្លែង។ អែងសុំគាត់មកជាមួយផង ក៏គាត់មិនអោយ។ គិតទៅលោកគ្រូហ៊ានពេកតែម្ដង។
វីរឆ្លើយថា
យ៉ ! បើមិនហ៊ានធ្វើកូនប្រុសម្ដេចកើត?
អារុណបញ្ចេញគំនិតថា
មើល៍! អ្នកណាគ្រាន់បើ ធ្វើយ៉ាងណាអោយឃើញលោកគ្រូទាំងយប់នេះ?
មហាកាលងក់ក្បាល
អឺៗ មែន ! មើល៍ យើងគិតយ៉ាងណា?
នាយកតលើកដៃភ្លែត
យើងដើរទៅមើលក្នុងហ្វូងស្រីណាដែលល្អៗ មិនលែងឃើញលោកគ្រូទៅលបមើលគេទេ!
អ្នកទាំងអស់គ្នាសើចគឹលឡើង។ មហាកាលដែលសើចដែរក៏រាដៃថា
ឆ្កួត ! គេនិយាយមែន អែងគិតតែពីលេង
នាយឡំនិយាយយ៉ាងស្ងួតថា
ខ្ញុំបាទនឹកឃើញហើយ តោង . . . តោងនាំគ្នាទៅដេក
អារុណសួរភ្លាមថា
ម៉េចអីចុះវិញ ?
ពីព្រោះបើយើងអាល័យតែដើរ លោកគ្រូក៏ដើរ កាលណាជួបគ្នា? វាទាល់តែយើងនៅស្ងៀមទើបវាជួប
គេសើចគឹលឡើង។ មហាកាលទះក្បាលនាយឡំមួយផូងដែលធ្វើអោយនាយកតភ្ញាក់តាំងឃុមខ្ញង់
អារុណនិយាយនឹងនួនថា
យើងតោងបំបែកគ្នាដើររក រួចសន្យានឹងគ្នាថាពេលណាសឹមជួបគ្នាទៅ !
មហាកាលថា
អើ អារុណនិយាយត្រូវ! យើងដើរជុំៗគ្នា គឺធ្វើម៉េចរកលោកគ្រូឃើញ !
វីរដែលនៅស្ងៀមសញ្ជឹងគិតយូរមកហើយ សើចក្អាកក្អាយននៀលដកអាវុធកាប់ដីផូងៗ លោតស្រែកថា
នឹកឃើញហើយ ! នឹកឃើញហើយ !
មហាកាលឃើញដូច្នោះ ស្ទុះទៅឃាត់ថា
ឆ្កួត ! នៅអោយស្ងៀមៗគេលឺ !
តែវីរកាប់មហាកាលផូងៗ ធ្វើអោយអ្នកទាំងអស់គ្នាស្រលាំងកាំងរួចឃើញវីរផ្ដួលខ្លួនននៀល ក្រោកឡើងចាប់ដៃគេអែងមករួមគ្នាស្ដីថា
ខ្ញុំនឹកឃើញហើយ !
អារុណ
យ៉ាងណា ? យ៉ាងណា?
ស្ដាប់ខ្ញុំអ្នកទាំងអស់គ្នា ! យើងទៅឡោមព័ទ្ធចាប់និលពេជ្រ ឈ្លេចសួរវា ទើបដឹងច្បាស់ ពីព្រោះនិលពេជ្រវាជាសេនារបស់...អ្នកទាំងអស់គ្នាញញឹមញញែម ទះស្មាវីរដោយសរសើរគំនិតនេះក្រៃពេក។
នាយកតឡើងក្អេងឡើងដែរ
មែន ! ខ្ញុំឃើញវាទៅដេកជិតជង្រុក។ វាប្រហែលមានស្រីផងក៏មិនដឹង !
មហាកាលត្រេកអរក្រៃលែងបន្ទរថា
មែនហើយ! មែនហើយ! កនយើងៗ ទៅឡោមព័ទ្ធចាប់វាអោយបាន! ហ៊ឹស! នឹកឃើញអាចង្រៃហ្នឹងឡើងចង់តែស៊ីសាច់ហុតឈមវាទាំងស្រស់ៗ។ ទៅកនយើងលបៗទៅ។
នាយអារុណទាញដៃសហការីថយក្រោយខ្សឹបៗថា
ប្រយ័ត្ន ! វាមានទាហានច្រើនណាស់ណ៎ា !
មហាកាលបញ្ជាក់ថា
យ៉! កុំខ្លាច យប់ថ្ងៃបុណ្យយ៉ាងនេះ អាសត្វនេះវាធ្វេសខ្លួនហើយ
ក្រោយពីពេលដែលខ្សឹបខ្សៀវគ្នាអស់ពេលយ៉ាងយូរ ជនទាំងប្រាំនាក់ក៏ដើរលបៗ ទៅជិតផ្ទះមួយដែលនៅឆ្ងាយដាច់ពីគេ
មហាកាលគ្រាន់តែបញ្ជាក់ឡើងវិញ
កតអែងប្រាកដជាវាដេកផ្ទះនោះមែនរឺ?
ខ្ញុំតាមជាប់នឹងភ្នែក។ ប្រាកដជាវាដេកក្នុងផ្ទះនោះអែង
អារុណញាក់ស្មាដើរទៅមុខអិតរួញរា ដោយពោលពាក្យថា
ទៅចាប់ធ្វើការឡើង កុំបង្អង់អោយយូរ
វីរចាប់ស្មាអារុណ
ធ្វើការយ៉ាងណា ? ចូលតាមណា ? ធ្វើម៉េច ?
មហាកាលនិយាយឡើងថា
អញ! ទុកអោយអញ អញចង់សងសឹកនឹងវា! អញរកតែមុខវាអោយឃើញនេះអែង។ ទុកអោយអញសំលាប់វា!
វីរសួរទៀតថា
ចុះបើវាសំលាប់កាលអែងវិញ តើធ្វើយ៉ាងណា?
មហាកាលសើច :
អែងសងសឹកអោយអញទៅទៀត
អារុណងក់ក្បាល
ប្រាកដហើយ ! កុំយូរពេក ! ទៅសង្រ្គាម ! ជយោសង្គ្រាម វីរចងចិញ្ចើមគំហកថា
ជយោសន្ដិភាព ! តែចូលយ៉ាងណា ?
អារុណឆ្លើយភ្លាមអិតបង្អង់
ហ៊ឹ! ទៅឆោតអី ដើរចូលត្រង់ៗ រួចទៅគោះទ្វារហៅវាមកបានហើយ! យើងមានដាវគ្រប់ដៃ។ កាលណាវាបើទ្វារចេញមកយើងកៀបកវា ចងវាដូចជាវាចងបងកាលអែង កាលជាប់គុកដូច្នោះ!
មហាកាលសើចនឹងអនុស្សាវរីយ៍ ដែលអារុណរំលឹកក្នុងពេលជិតមានអាសន្ននេះ
នាយឡំសួរថា
ចូលតាមណាលោកគ្រូ?
មហាកាលឆ្លើយ
ដើរព័ទ្ធមួយជុំផ្ទះសិន ក្រែងមានឆ្កែ
ជនទាំងប្រាំដើរមួយជុំផ្ទះយ៉ាងអង់អាច បីដូចអិតមានរឿងអ្វីឡើយ។
អែអារុណវិញអិតធ្វើតាមអ្នកអែទៀតឡើយ។ អារុណលោតចូលតាមបង្អួចរួចហួចលឺវើតៗ រីអែអ្នកទាំងបួនអែទៀត ក៏រត់ស្រចូលតាមអារុណអិតបង្អង់។
ជនទាំងប្រាំបានដល់ទៅក្នុងផ្ទះ។ ចង្កៀងមួយឆេះផ្លុងៗ។ នៅសងខាងគ្រែដែលនិលពេជ្រដេកឃើញមានតុ និង ទូត្រៀបត្រា។
អារុណបិទបង្អួចដោយខ្សឹបថា
ក្រែងវារត់តាមបង្អួចរួច គិតតែខ្ទប់វាដូចយើងខ្ទប់ត្រចៀកដូច្នោះអែង
មហាកាលលាន់មាត់ថា
យី ! ផ្ទះនេះចំនាប់ចំនួនមែន! ប្រយ័ត្ន!
ជនទាំងប្រាំហូតដាវវិបដំណាលគ្នា។ នាយឡំ និង នាយកតគេចទៅខាងឆ្វេងមាត់ទ្វារត្រៀមចាំលោតទៅចាប់និលពេជ្រ កាលណានិលពេជ្រមកដល់មាត់ទ្វារនេះ។ វីរអែបខ្លួននឹងជញ្ជាំងខាងស្ដាំមាត់ទ្វារ។ មហាកាល និង អារុណ ក្រោយពីពេលចោលកន្ទុយភ្នែកយ៉ាងលឿនទៅលើវត្ថុនានាដែលនៅក្នុងផ្ទះហើយ ក៏ចូលស្លុងទៅរកចំណីដោយវាត់ដាវម៉ាំងលើគូថនិលពេជ្រដែលកំពុងដេកលក់។ អារុណស្រែកថា
អ្ហេ៎ ! លោកសំលាញ់ចាស់ ! ក្រោកឡើងឆាប់ៗ
និលពេជ្រជូតភ្នែកល្ងីល្ងើ ស្រាប់តែភ្ញាក់ដូចគេកន្ដ្រាក់ ព្រោះឃើញមហាកាល រហ័សដូចខ្លា និលពេជ្រគេចខ្លួនផាំងចំងាយបីម៉ែត្រដកដាវវីត!
ហាសៗ បងកាល អ្នកណាមិនស្គាល់និលពេជ្រ
អារុណភ្លែតកាប់និលពេជ្រម៉ាំងៗ ផូងៗ ជាប់ញាប់ដូចកង្ហារ។ និលពេជ្រកាត់ប៉ាំងៗ យ៉ាងញាប់ដែរ។ ផូងទៅផូងមកៗ ញាប់ៗល្អមើលជាទីអស្ចារ្យ។ មហាកាលឈរមើល ញញឹមយ៉ាងស្រស់ រួចក៏ស្ទុះទៅច្រានអារុណចេញ ចូលកាប់និលពេជ្រប៉ាច់ៗ ៗ។ និលពេជ្ររងគេចថយ មហាកាលវាយរន្ថើនរន្ដំគ្នា សូរយ៉ាងពីរោះដោយនិយាយថា
អញចង់យូរហើយ! អញនឹកមិនភ្លេចទេ កាលអញជាប់គុក! ហ៊ឹស! អញហុតឈាមអាអោយបានក្នុងពេលនេះ
មហាកាលវាត់ដាវវឹងចំកនិលពេជ្រ ស្រាប់តែមានដាវមួយទៀតមករងចែសទាន់។ និលពេជ្រលេបទឹកមាត់ក្អឿកៗ។ មហាកាលខឹងយ៉ាងខ្លាំងស្ទុះវឹងទៅរកមនុស្សថ្មីនេះ។ អារុណស្ទុះវឹងចូលទៅទៀត។ វីរៈ នាយកត នាយឡំ ក៏អិតនៅព្រងើយស្ទុះវឹងទៅដែរ ដាវនៅដៃ។ បុរសថ្មីកាត់ដាវជនទាំងប្រាំយ៉ាងខែង ហាក់ដូចគ្មានប្រឹងអ្វីដល់តិចតួចសោះ។ អារុណដោយខឹងខ្លាំងពេក ចាក់គេមិនត្រូវស្រែកថា
អាណា ?
បុរសមិនស្គាល់មុខសើច
ហ៊ឹស ៗ ៗ
អារុណលុតជង្គងគ្រឹប
លោកគ្រូ ! លោកគ្រូ !
ជនទាំងប្រាំឈប់ដូចម៉ាស៊ីន ស្ទុះទៅអោបបុរសថ្មីនេះអិតបង្អង់ឡើយ។ គឺ មានន្ទ ។ និលពេជ្រដែលឈរមើលគេជួបគ្នា ភ័យរឹតតែខ្លាំងឡើង គិតរត់ តែមានន្ទចោលកន្ទុយភ្នែកទាន់ យកដាវរាំងទ្វារជាប់ ធ្វើអោយនិលពេជ្រឈរស្ងៀមមួយកន្លែង។
មហាកាលសួរថា
លោកគ្រូអញ្ជើញទៅណាបាត់យូរម៉្លេះ ?
ខ្ញុំអិតទៅណាទេ !
លោកគ្រូសុខសប្បាយជាទេ ?
ជាធម្មតា
អារុណនិយាយប្រជែងថា
លោកគ្រូអើយ ! ពួកយើងចាំមើលតែផ្លូវលោកគ្រូ។ ដល់បាត់យូរពេក ទើបពួកយើងមកតាមនេះអែង
មានន្ទទះស្មាអារុណសើច រួចច្រានជនទាំងប្រាំអោយមករួមគ្នាខ្សឹបថា
ទៅសិនចុះ ! ភ្លាមទៅស្កាត់ភ្នំស្វាយ ។ ព្រឹកនេះជិតភ្លឺបក្សីវានាំមាសពេជ្រទៅដាក់ក្នុងរូងភ្នំស្វាយ
អ្នកទាំងអស់គ្នាបើកភ្នែកធំៗ ។ មានន្ទបន្ដទៅទៀតថា
គឺមាសពេជ្រអូវពុកខ្ញុំ បក្សីវាលួចបួនដប់ថ្ងៃមកនេះអែង។ គ្នាវាម្ភៃនាក់។ វាយយកអោយបាន។ យើងបានមាសពេជ្រនោះយើងយកទៅធ្វើសឹកសង្រ្គាមយើងទៀត! ប្រយ័ត្ន! កុំអោយអ្នកណាដឹងអោយសោះណ៎ា! ទៅៗ កុំនៅយូរ។
អារុណមកកាន់ដៃមានន្ទនិយាយថា
ខ្ញុំនឹកលោកគ្រូណាស់ !
មានន្ទសើច
ខ្ញុំអរគុណអារុណណាស់ !
អារុណសើច
ចុះហេតុម៉េច បានជាលោកគ្រូមិនអោយពួកយើងសំលាប់និលពេជ្រចោលទៅ ?
ពីព្រោះ បើអារុណអែងសំលាប់ ធ្វើម៉េចខ្ញុំបានសំលាប់។ ខ្ញុំបានសន្យាជាដាច់ខាតថា ខ្ញុំនឹងសំលាប់និលពេជ្រដោយដៃខ្ញុំ
វីរ នាយកត នាយឡំ មហាកាល អារុណ ស្រែកដំនាលគ្នា
អោ ! បើដូចនោះ សូមលាលោកគ្រូហើយ
មហាកាលបន្ថែមខ្សឹបទៀតថា
យើងទៅលួចសេះព្រះកំពុតជិះ ទៅសិរីសោភ័ណបានទាន់
នាយកតនិយាយកខិបកខុបថា
ខ្ញុំបានស្គាល់កន្លែងពួកវាបំរុងយកមាសទៅលាក់ហើយ គឺលាក់ក្នុងភ្នំដែលឆ្នាំមុនខ្ញុំធ្លាក់អណ្ដូងនោះអែង
វីរ តបថា
បើដូច្នោះ យើងទៅចាំវានៅមាត់ច្រកភ្នំបានហើយ
អារុណច្រានគេច្រានអែង
ជយោ ! ទៅកុំនៅយូរវាខូចការ លាហើយលោកគ្រូ !
និលពេជ្រដែលនៅឆ្ងាយពីគេ ឃើញគេអោនខ្សឹបគ្នាក៏រឹតតែភ័យទៅទៀត ដោយមិនដឹងជាគេនិយាយពីរឿងអ្វីឡើយ។ ជនទាំងប្រាំគោរពមានន្ទ រួចចេញដំណើរទៅ។ មានន្ទងាកទៅរកនិលពេជ្រនិយាយយ៉ាង នឹង នួនថា:
បងនិល
ព្រះបាទទាន !
បងនិលអែងចង់សំលាប់ខ្ញុំ អីលូវមកសំលាប់ចុះ
ខ្ញុំរង់ចាំពេលក្រោយបន្ដិចទៀតសិន !
អញ្ចឹងក៏បាន ! អិតទាស់អ្វីទេ អែខ្ញុំចង់សំលាប់បងនិលអែងដែរ ហើយខ្ញុំចង់តែសំលាប់ពេលនេះអែង !
សូមលោកគ្រូកុំភ័យ ប្រាកដជាយើងបានជួបគ្នាទាន !
មិនទៀងទេ !
លោកគ្រូនឹកស្មានថា ខ្ញុំមិនហ៊ានជាមួយលោកគ្រូរឺ ?
ទេ! ទេ! ខ្ញុំទុកបងនិលអែងជាមនុស្សក្លាហានទៅហើយ។ ប៉ុន្ដែ បានជាខ្ញុំចង់ពេលនេះ ពីព្រោះខ្ញុំអាចស្លាប់ នឹង ដៃអ្នកអែទៀតមុនពេលដែលខ្ញុំសំលាប់បងអែង។
និលពេជ្រញញឹម
បើពីអីលូវទៅដល់ពេលដែលយើងណាត់ជួប លោកគ្រូស្លាប់ គឺជាសេចក្ដីស្ដាយមួយយ៉ាងធំរបស់ខ្ញុំ
បើដូច្នោះ តើអ្វីដែលបង្គាប់មិនអោយបងអែងមានចិត្ដចង់អោយស្លាប់ក្នុងពេលនេះ?
ពីព្រោះខ្ញុំមានមិត្ដបួន គឺខ្ញុំនេះមួយ អែកនេះពីរ មហារន្ទះនេះបី និងលោកកាមានេះបួន។ យើងទាំងបួនបានសន្យា នឹង គ្នាថា សំលាប់លោកគ្រូអោយបានជាមួយគ្នា។ បើក្នុងពេលនេះ ខ្ញុំសំលាប់លោកគ្រូម្នាក់អែងទៅ គឺខ្ញុំក្បត់មិត្ដខ្ញុំទាំងបីនាក់ទៀត។
សំលាប់ខ្ញុំយ៉ាងណាទៅ ដល់ទៅបួននាក់ បើខ្ញុំម្នាក់អែង
ងាយណាស់ ។ ខ្ញុំកាត់ក្បាលលោកគ្រូ អែកគេវះយកថ្លើមប្រមាត់ រន្ទះគេកាត់ដៃ និង ជើង លោកកាមាគេហុតឈាមលោកគ្រូ
និលពេជ្រប្រហែលជាខឹងណាស់ ពីព្រោះគេលឺសូរធ្មេញដែលសង្កៀតគ្នា រួចនិយាយទៅទៀតថា
ហេតុនេះ សូមលោកគ្រូរង់ចាំបន្ដិចទៀតចុះ រង់ចាំពេល គឺថ្ងៃដែលយើងទាំងបួននាក់ដាក់ដៃលើលោកគ្រូនោះអែង!
ខ្ញុំប្រឹងរង់ចាំថ្ងៃនោះប្រាកដ ប៉ុន្ដែខ្ញុំបារម្ភខ្លាចក្រែងខ្ញុំមិនបានរស់ដល់ថ្ងៃដែលយើងត្រូវជួបគ្នានោះ។ ខ្ញុំគិតឃើញថា ពេជ្រអែងត្រូវតែឆ្លៀតអោកាសល្អដែលយើងបានជួបគ្នានេះ។
ទេ !
អែងខ្លាចស្លាប់រឺ? ហាសៗ និលពេជ្រខ្លាចស្លាប់ ! មិនអីទេចាំពេលក្រោយក៏បាន!
ថាតែប៉ុណ្ណោះ មានន្ទលោតផ្លោតតាមបង្អួចចូលបាត់ក្នុងគុម្ពចេកទៅមនុស្សចាស់ម្នាក់ស្ទុះមកចាប់ដៃមានន្ទ ដែលឆ្លើយថា
បាទ ! អញ្ជើញលោកគ្រូ !
គឺតាគិរីសុមេរុដែលចំនួនមួយអាទិត្យមកហើយបានដើរតាមមានន្ទ
ទៅចៅ ! ចេញពីទីនេះអោយឆាប់ៗ ត្បិតខ្យល់នៅទីនេះមិនល្អចំពោះយើងទេ។ មិនអីទេ! គង់យើងបានជួបនឹងពួកវាមិនខាន
លោកតាបានលឺខ្ញុំនិយាយនឹងនិលពេជ្រទេ ?
លឺទាំងអស់ តាចាំស្ដាប់ក្រោមផ្ទះនេះអែង។
ជនទាំងពីរចាប់ដៃគ្នា ដើរយ៉ាងលឿនចេញទៅទិសខាងសិរីសោភ័ណវិញ បីដូចពួកម៉ាកពីរនាក់ដែលស្រលាញ់គ្នាជីវិតមួយ។ ចំនែកខាងនិលពេជ្រកាលណាបានឃើញមានន្ទចុះបាត់ហើយក៏ស្ទុះរត់ចុះដល់ដីបោលទៅអែកងទ័ព ហៅបានមិត្ដគេទាំងបួនមកមួយរំពេច។ មិត្ដទាំងបួននេះដេញតាមមានន្ទធ្លាយចូលតាមច្រកគុម្ពចេក ដែលមានន្ទភៀសខ្លួនទៅ។ និលពេជ្រសួរអ្នកស្រុកម្នាក់ថា
វាទៅណាហើយ ?
ខ្ញុំមិនដឹងជាគេទៅខាងណាទេ ប៉ុន្ដែដែលខ្ញុំដឹង គឺគេទៅបាត់ទៅហើយ ហើយប្រហែលជាមិនជិតឡើយ !
មិត្ដទាំងបួនបញ្ចូលដាវក្នុងស្រោមវិញ ដោយពោលថា
គង់តែយើងជួបនឹងវាទេ ថ្ងៃក្រោយ ! អានេះវាចូលដៃនឹងខ្មាំងទៀត រួចមិនប្រាប់អែង
ពិតមែន មិត្ដទាំងបួនបានប្ដេជ្ញា ថានឹងសំលាប់មានន្ទដោយបែបខាងលើនោះអែង ហើយសន្មតគ្នាថា មិនសំលាប់មានន្ទម្នាក់អែងឡើយ។
រឿង៖ មហាចោរនៅទល់ដែន (២៤ភាគ)
01. ខ្លាបាក់ចង្គូម 02. បងប្អូនពីរនាក់ 03. រាត្រីស្ងាត់ 04. សពស្នេហា 05. បណ្តាំបង 06. ភ្លើងរាគះ 07. បាត់កូន 08. ត្រឡប់ពីច្បាំង 09. រត់តាមប្តី 10. ស្តេចខ្ញាល់ 11. តដៃដោះខ្លួន 12. អាសន្នធំ 13. វាយផ្តាច់ព្រ័ត្រ 14. ព្រះនាងខត្តិយាណី 15. ទារុណកម្ម 16. រំដោះអ្នកស្នេហាជាតិ 17. ស្នេហាលើទូក 18. ថ្កើងត្រង់ណា 19. ចាញ់កល់ស្នេហា 20. នារីទុគ៌ត 21. ក្បួនការពារឯករាជ្យ 22. បាត់ខ្លួនទៅណា 23. ផែនការសម្ងាត់ 24. ជោគជ័យ