រឿង៖ មហាចោរនៅទល់ដែន (២៤ភាគ)
01. ខ្លាបាក់ចង្គូម 02. បងប្អូនពីរនាក់ 03. រាត្រីស្ងាត់ 04. សពស្នេហា 05. បណ្តាំបង 06. ភ្លើងរាគះ 07. បាត់កូន 08. ត្រឡប់ពីច្បាំង 09. រត់តាមប្តី 10. ស្តេចខ្ញាល់ 11. តដៃដោះខ្លួន 12. អាសន្នធំ 13. វាយផ្តាច់ព្រ័ត្រ 14. ព្រះនាងខត្តិយាណី 15. ទារុណកម្ម 16. រំដោះអ្នកស្នេហាជាតិ 17. ស្នេហាលើទូក 18. ថ្កើងត្រង់ណា 19. ចាញ់កល់ស្នេហា 20. នារីទុគ៌ត 21. ក្បួនការពារឯករាជ្យ 22. បាត់ខ្លួនទៅណា 23. ផែនការសម្ងាត់ 24. ជោគជ័យ
ភាគទី០៥៖ បណ្តាំបង
មានន្ទបំផាយសេះយ៉ាងលឿនកន្ដាលទីងងឹតឆ្ពោះទៅកាន់គេហដ្ឋានព្រះកម្ពុត។ ទុក្ខដែលកើតអំពីមរណភាពវិសេសក្លាហាននៅញាំញីចិត្ដអ្នកពុំចេះចប់ពុំចេះហើយ។ មរណភាពតែមួយនេះ ធ្វើឲ្យអ្នកអាណិតអាសូរដល់បិតាក្មេកដែលចាកស្ថានទៅផង ឲ្យអ្នកអាណិតដល់នាងទេវីជាភរិយាសំនប់ដែលរស់នៅនោះផង។
ទុក្ខទាំងពីរប្រភេទសឹងមានទម្ងន់ស្មើគ្នា។
អ្នកអាណិតវិសេសក្លាហានដោយបុគ្គលនេះស្លាប់ទៅមានទឹកមុខញញឹមស្រស់ប៉ប្រិម ដូចភក្រ្ដព្រះពុទ្ធដែលចូលព្រះនិព្វាន។ អ្នកអាណិតនាងទេវីដោយស្រីឆើតឆាយបានបង្ហូរទឹកភ្នែកសស្រាក់ ទឹកភ្នែកនេះហាក់នៅសើមៗក្នុងដួងវិញ្ញាណរបស់អ្នក។ សេះបោលសម្រុកទៅមុខយ៉ាងលឿន កាត់ព្រៃ និង វាល ដូចព្រួញព្រហ្មរបស់ព្រះនរាយណ៍។ គេឮសូរស្លឹកឈើ និង មែកឈើដែលបាក់ប្រាវៗ។ មិនយូរប៉ុន្មានមានន្ទមើលឃើញកំពែងអាសនបិតាខ្លួន។ អ្នកបោះពួយតម្រង់ទៅមាត់ទ្វារ។ អ្នកយាមធ្វើសញ្ញាគោរពយ៉ាងស្វាហាប់។ លុះអ្នកជិះសេះនេះទៅដល់បន្ទាយហើយ ក៏លោតចុះពីលើខ្នងសេះដោយរួសរាន់បន្ទាន់ចិត្ដ។ សេនាម្នាក់ក៏ស្ទុះមកគោរពជាលើកទីពីរ។ មនន្ទស្គាល់ក្នុងទីងងឹតថាជាសេនារបស់ខ្លួន ក៏មានវាចាខ្សឹបៗថា៖
បងកោប បងឯងមានដឹងរឿងអ្វីប្លែកក្នុងផ្ទះខ្ញុំទេ ?
គឺមនុស្សម្នាក់រូបតូច ខ្នងខុបបាក់ជាពីរ ។ មនុស្សនេះឆ្លើយដោយនឹងនួនវិញថា៖
បាទទេ ! អត់មានរឿងអ្វីទេ ! តែមុននេះបន្ដិចមានឃើញទាហានម្នាក់ជិះសេះមកដល់ទីនេះ រួចចូលទៅក្នុងបន្ទប់ឪពុករបស់លោកគ្រូ ។ ខ្ញុំឃើញសេះ និង អ្នកជិះនោះបែកញើសដាបខ្លួន។ ប្រហែលជាមានការអ្វីប្លែកមកពីក្រៅហើយមើលទៅ។
ឪពុកខ្ញុំនៅទេ ?
នៅហ្នឹង!
ចុះបងកោប ឯងមានឮសូរមាត់គាត់និយាយអ្វីទេ ?
ទេ ! អត់ទេ !
តាំងពីល្ងាចមក គាត់សម្រាន្តហើយ រឺ នៅ?
នៅ ! ម៉េចក៏លោកគ្រូសួរដូច្នោះ ?
ការផ្ទាល់ខ្លួន !
ការអ្វី ?
មានន្ទទះស្មាកោបមួយផូង សើច ធ្វើដោយមេត្រីភាព៖
ចាំថ្ងៃក្រោយខ្ញុំនិយាយប្រាប់។ ឥឡូវយកសេះខ្ញុំទៅទុកចុះ។
នាយកោបមិនអស់ចិត្ដ ចាប់បង្ហៀរសេះបណ្ដើរ សួរបណ្ដើរទៀតថា៖
ការធំ រឺ ការតូច ? ការចិត្ដ រឺ ការនគរ ? ការសប្បាយ រឺ ការច្បាំង ?
ការចិត្ដ តែឥឡូវនេះខ្ញុំប្រញាប់ណាស់ ប្រញាប់ទៅជួប នឹង ឪពុករបស់ខ្ញុំ។
បានជាខ្ញុំចង់ដឹង ពីព្រោះខ្ញុំចេះតែញាក់ភ្នែកឆ្វេងព្រើតៗ...!
ឆ្គួត !
បើមានរឿងអ្វី សូមលោកគ្រូអាណិតប្រាប់ខ្ញុំឲ្យឆាប់ផងណ៎ា !..
យល់ព្រម
មានន្ទក៏ស្ទុះឡើងកាំជន្ដើរទៅលើផ្ទះ។ នាយកោបក៏ដឹកសេះយកទៅទុក។ មានន្ទដើរយ៉ាងមាំមួនចូលទៅក្នុបន្ទប់ព្រះកម្ពុត។ គឺជាបន្ទប់មួយធំ ជញ្ជាំងលាបពណ៌បៃតងខ្ចីស្រស់។ នៅជញ្ជាំងនីមួយៗមានព្យួរផ្ទាំងគំនូរចាស់ៗ គូរដោយដៃសិប្បករយ៉ាងចំណាននៃសម័យព្រងនាយនោះ។ នៅលើក្ដារ គឺកម្រាលល្អឆើតឆាយរំលេចដោយរូបភាពសត្វផ្សេងៗ និងរុក្ខាលតាវល្លិប្លែកៗដោយពណ៌ស លឿង ក្រហម បីដូចពណ៌ធម្មជាតិមែនៗ។ ក្រៅពីនេះចក្ខុយើងចាប់ភ្លឹកស្ញប់ស្ញែងដល់តុ ទូ កែវកង ដែលរៀបចំយ៉ាងប្រពៃ។ វត្ថុទាំងអស់សុទ្ធសឹងតែលាងដុសខាត់ស្អាតរលោងរលើបស្ទើរឆ្លុះមុខបាន។ គ្រឿងលំអទាំងពួងមានកែវកងជាដើមសឹងធ្វើអំពីប្រាក់ និង មាសយ៉ាងរុងរឿង។ នៅខាងមុខបន្ទប់ដ៏ស្ដុកស្ដម្ភនេះ ព្រះកម្ពុតកំពុងធ្វើការ អង្គុយសរសេរនៅលើតុធំមួយ។ គឺជាមនុស្សម្នាក់ប្រមាណ ៥០ឆ្នាំ ភ្នែកលៀនសក់ស្កូវល្បាយអាចម៍ខ្លា ថ្ងាសខ្ពស់។ នៅពីក្រោយខ្នងស្ដេចសឹកនេះ គេសង្កេតឃើញអាវុធគ្រប់បែប គ្រប់យ៉ាងដែលព្យួរនៅជញ្ជាំង មានកាំបិតស្នៀត ដាវ ធ្នូ ព្រួញ ខែល ជាដើម។
មានន្ទដើរបោះជំហានវែងៗចូលទៅរកព្រះកម្ពុតជាបិតា។ ព្រះកម្ពុតឮសូរជើងមានន្ទស្គាល់ជាក់ថា ជាសូរជើងកូនរបស់ខ្លួន តែព្រះកម្ពុតធ្វើពុំឮ គិតតែសរសេរសំបុត្រតូចមួយដោយផ្ទៀងផ្ទាត់យ៉ាងហ្មត់ចត់។ មានន្ទមកដល់ លុតជង្គង់វន្ទាពីមុខព្រះកម្ពុតដោយគោរពមួយសន្ទុះក្រោយមក ព្រះកម្ពុតដាក់ស្លាបប៉ាកកាចុះ ទឹកមុខមាំមួនហូតខ្សៀមកញាត់ថ្នាំអុជជក់យ៉ាងព្រងើយ។ មានន្ទឃើញផ្សែងហុយទ្រលោមឡើងទៅលើ។ អ្នកប្រុងស្មារតីនឹកក្នុងចិត្ដរកមើល តើគ្រោះថ្នាក់ដែលអ្នកទទួលនោះយ៉ាងណា? ព្រះកម្ពុតសម្លក់កន្ទុយភ្នែកមើលទៅមានន្ទ ខាំធ្មេញរួចនៅស្ងៀម។ មានន្ទរិតតែឆ្ងល់អស្ចារ្យក្នុងចិត្ដ អំពីអាកប្បកិរិយាដ៏ប្លែករបស់លោកឪពុកអ្នក។ អ្នកនឹកច្នៃថា ប្រហែលជាលោកដឹងរឿងរ៉ាវទាំងអស់របស់អ្នកជាមួយអាពាហ៍ពិពាហ៍នាកណ្ដាលរាត្រីស្ងាត់នេះ។ តំនក់ញើសហូរពាសពេញខ្លួនអ្នក តែយុវជនប្ដេជ្ញាក្នុងចិត្ដថា បើឪពុកអ្នកជំទាស់នឹងរឿងនេះ អ្នកនឹងហ៊ានចេញមុខជំទាស់វិញយ៉ាងដាច់ខាត។ នាទីដ៏តឹងតែងនេះ ក៏ចេះតែហូរទៅ មានន្ទក៏រឹតតែថប់ដង្ហើមឡើងៗបុរសគិតរិះរកចំនុចផ្សេងៗ ដើម្បីបានដឹងឆាប់អំំពីគោលបំនងនៃការកោះហៅខ្លួនអ្នកមកនេះ ។ នឹងយករឿងនាងទេវីមកនិយាយដោះសាជម្រាបលោកតែម្ដងទៅជាការធ្វេសប្រហែសមួយយ៉ាងធំ។ នឹងរង់ចាំឲ្យឪពុកអ្នកបង្ហើបរឿងមុនឪពុកអ្នកពុំធ្វើសោះ។ មិនតែប៉ុណ្ណោះអាកប្បកិរិយារបស់ព្រះកម្ពុត បង្កើតបរិយាកាសកំហែងដល់មានន្ទយ៉ាងខ្លាំងក្រៃពេក។ មានន្ទលូកហោប៉ៅដើម្បីរកកូនកន្សែងមកជូតញើស ស្រាប់តែចុងម្រាមដៃអ្នកបះលើសំបុត្រដីកាកោះ។ រន្ទះនៃសេចក្ដីរីករាយមួយមកដាស់ចិត្តឲ្យចាកផុតអំពីរណ្ដៅចង្អៀតចង្អល់ ដែលអ្នកជួបប្រទះមកនេះ។ មានន្ទក៏ហុចសំបុត្រដីកានោះជូនព្រះកម្ពុតដោយគោរព។
ព្រះកំពុតយកសំបុត្រនោះបោះទៅលើតុ រួចសួរដោយសង្កត់សម្លេងយ៉ាងធ្ងន់ៗថា៖
ឯងទើបមកពីណា ?
មានន្ទបុកពោះភឹបៗ នឹកថា អីយ៉ា ! រករឿងទេតើ ! ក៏ប៉ុន្ដែមុននឹងចេញសម្ដីតវ៉ា អ្នកនឹកឃើញថា ត្រូវតែឆ្លើយទៅតាមលំអានរឿង។
លោកឪពុកមានការអ្វី ហៅខ្ញុំទាំងយប់ ?
ព្រះកម្ពុត សម្លក់មានន្ទចុងភ្នែកជាថ្មី។
អញមិនមែនឪពុកឯងទេ ?
មានន្ទភ្ញាក់ដូចគេកន្រ្ដាក់នឹងពាក្យនេះ ។ អ្នកបើកភ្នែកធំ បបូរមាត់ឡើងស្វាយ ជង្គង់ឡើងញ័រស្ទើរឈរពុំកើត។ បុរសនឹកថា ម្ដងនេះមុខជាដាច់អស់និស្ស័យហើយ។ អ្នកប្រឹងញញឹម រួចឆ្លើយដោយចំអកថា៖
បើលោកឪពុកមិនជាឪពុកខ្ញុំ តើជាអ្វីទៅវិញ ?
ព្រះកម្ពុតក្រោកឡើងគំហកវិញថា៖
អញហៅឯងមកសួរឯង មិនមែនហៅឯងមកសួរអញទេ។ តោងឆ្លើយតាមពាក្យអញសួរ។ អញសួរឯងថា តើឯងទៅណាបាត់តាំងពីល្ងាចម្លេះ ?
មានន្ទសើច៖
ការផ្ទាល់ខ្លួនរបស់ខ្ញុំ ខ្ញុំពុំអាចប្រាប់លោកឪពុកបានទេ។ ខ្ញុំមកនេះ គឺមកឋានៈជាទាហាន ពីព្រោះដីកាកោះហៅតាមកិច្ចការទាហាន។ បើសិនជាមានការផ្ទាល់ខ្លួន ប្រាកដជាពុំមានដីកាដូច្នេះទេ។ បើដូច្នេះខ្ញុំអាចឆ្លើយជម្រាបលោកឪពុកបាន តែអំពីកិច្ចការខាងទាហានប៉ុណ្ណោះ ដោយសូមទោសលោកឪពុក ខ្ញុំមិនឆ្លើយពីការផ្ទាល់ខ្លួនជាដាច់ខាត។
ព្រះកម្ពុតពេបមាត់ តែងក់ក្បាល។ ឃើញដូច្នោះ មានន្ទបានធូរក្នុងចិត្ដបន្ដិច។ ព្រះកម្ពុតបឺតខ្សៀបង្ហុយផ្សែង រួចដោយនិយាយបន្ទន់សម្លេងថា៖
ឯងបំពេញការផ្ទាល់ខ្លួនរបស់ឯងស្រេចហើយរឺនៅ?
មានន្ទនឹកថា បញ្ហានាងទេវីនៅតែចោទដដែលក្នុងពេលដែលអ្នកស្មានថាបានធូរបន្ដិចទៅហើយ។ បញ្ហានេះគ្រាន់តែផ្លាស់បែបចោទប៉ុណ្ណោះ ។ យុវជនឆ្លើយតបវិញថា៖
ការផ្ទាល់ខ្លួនពុំអាចមាននរណាបំពេញចប់នោះទេ ។ តែលោកឪពុកសូមជ្រាបថា ការផ្ទាល់ខ្លួនជាការតូចតាចដែលគេអាចទុកចោលមួយកន្លែងបាន។ ឯការដែលធំហើយសំខាន់នោះ គឺការនគរ។
ព្រះកម្ពុតដើរចុះដើរឡើងស្ដាប់មានន្ទអធិប្បាយ។ លុះអធិប្បាយចប់ លោកក៏ដើរទៅជិតតុ ទាញយកសំបុត្រមួយមកហុចឲ្យមានន្ទ ។ វីរបុរសភិតភ័យឡើងសាជាថ្មី ដោយពុំដឹងសេចក្ដីសំបុត្រនោះយ៉ាងណាសោះ។ អ្នកទទួលសំបុត្រ រួចបត់ដាក់ទៅក្នុងហោប៉ៅយ៉ាងស្រួល។ ឃើញដូច្នោះ ព្រះកម្ពុតបែរមកមើលមុខមានន្ទស្ទុះមកចាប់ស្មាបុត្រា រួចពោលវាចាឡើងញ័រៗថា៖
កូនឯងអាចមើលសំបុត្រនេះឥឡូវ។
មានន្ទហូតសំបុត្រមកពីហោប៉ៅវិញ សម្លឹងមើលមុខឪពុកដោយប្រឹងរិះរកមើលរឿងដែលឪពុកចង់ប្រាប់ខ្លួននោះ ត្បិតទាំងកាយវិការ ទាំងវាចាអ្នកលែងយល់អ្វីឡើយ។ មានន្ទដាក់ភ្នែកចុះទៅលើសំបុត្រ រួចនិយាយយ៉ាងរហ័សថា៖
លោកឪពុកឲ្យខ្ញុំទៅច្បាំងឥឡូវ ?
ព្រះកម្ពុតញញឹម៖
មិនមែនឪពុកឲ្យកូនទៅទេ គឺនគរ។
ខ្ញុំបាទសូមមួយអាទិត្យទៀតបានរឺទេ ?
ព្រះកម្ពុតបើកភ្នែកធំៗ តបវិញថា
ឯងមកនេះគឺមកក្នុងឋានៈ ជាទាហាន ទាហានគ្មានប្រកែកទេ!
ខ្ញុំសុំដល់ថ្ងៃស្អែក ពីព្រោះ ... !
គ្មានពីព្រោះទេ ។ តោងឯងដឹងឲ្យច្បាស់ថា សព្វថ្ងៃឪពុកស្រលាញ់កូនលើសលុបរកអ្វីប្រៀបស្មើគ្មាន។ ឪពុកមិនចង់ឲ្យកូនលំបាកវេទនាសោះ។ ឪពុកចង់ឲ្យតែកូនបានសប្បាយរាល់ពេលវេលា។ កូនឯងទាំងរូបកាយ ទាំងចរិយា ទាំងចិត្ដក្លាហាន បានធ្វើឲ្យឪពុកពេញចិត្ដជាទីបំផុត ក៏ប៉ុន្ដែនៅពេលនេះ ប្រទេសមានអាសន្នធំ។ ចំនួនមួយខែមកហើយ កងទ័ពភូមាវាយចូលលុកតាមអានាខេត្ដឈៀងម៉ៃ ឆ្ពោះមកក្រុងអយុធ្យា (រាជធានី) កងទ័ពយើងបានចេញតស៊ូយ៉ាងម៉ឺងម៉ាត់ តែចាញ់ដៃខ្មាំងជានិច្ច។ ឥឡូវព្រះរាជាព្រះចៅយើងបានបញ្ជាមកឲ្យកងទ័ពយើងទៅជាប្រញាប់ ដើម្បីជួយក្រុងអយុធ្យាពីភយន្ដរាយ។ សរុបសេចក្ដីនគរត្រូវការឈាមយើងហើយ។ ក្នុងការរិះរកមេដឹកនាំកងទ័ពយើងទៅនេះ ឪពុកបានរិះរកមើលគុណសម្បត្ដិរបស់មេទ័ពទាំងអស់ ឪពុកឃើញមានតែឯងមួយទេ ដែលអាចបំពេញការងារនេះបាន។ ហេតុនេះចូរកូនប្រមូលទ័ពទៅទាំងយប់នេះ។
មានន្ទដាក់ទឹកមុខ រួចវន្ទាព្រះកម្ពុតថយខ្លួនចេញមក។ ព្រះកម្ពុតស្រែកហៅមានន្ទថា៖
មានន្ទ ! មកនេះសិន ។ ហេតុម្ដេចក៏ឯងមានទឹកមុខស្ងួតម៉្លេះ ? ឯងមិនចង់ទៅទេឬអ្វី ? តោងប្រាប់មកឲ្យឆាប់។ អញទុកចិត្ដលើឯង... ។
ខ្ញុំមានប្រកែកអ្វី ។ ដូចលោកឪពុកជ្រាបស្រាប់ហើយ ខ្ញុំចូលចិត្ដចម្បាំងណាស់។ ក៏ប៉ុន្ដែក្នុងពេលនេះខ្ញុំព្រួយ ព្រួយព្រោះការដែលខ្ញុំបំរុងនឹងធ្វើនោះធំក្រៃពេក។
បើដូច្នោះទៅចុះ ។ ទៅឲ្យសុខសប្បាយ។
សូមលោកពុកនៅឲ្យបានសុខសប្បាយ។
មានន្ទដើរយ៉ាងលឿនចេញទៅក្រៅ។ ស្គរទ័ពក៏លាន់ឮរំពងឡើងក្នុងកណ្ដាលរាត្រី។ សូរស្គរទូងៗហាក់វាយទៅលើទងបេះដូងរបស់បុរសយើង។ មិនយូរប៉ុន្មាន ពលរេហ៍មកដល់ណែនណាន់តាន់តាប់ ប្រដាប់ដោយគ្រឿងព្រួញស្នា លំពែងដូចៗគ្នា។ គេឮសូរមាត់មានន្ទដែលបញ្ជាឲ្យប្រមូលគ្នាជាជួរ គេឮសូរមាត់នាយកោបដែលតឿនកូនទាហានឲ្យប្រញាប់ គេឮសូរសេះដែលកញ្ជ្រោលស្រែកយ៉ាងក្លៀវក្លា។ សកម្មភាពនេះគួរឲ្យព្រឺក្បាលក្រៃពេកក្នុងក្ដីងងឹត គឺសញ្ញានៃស្រុកមានអាសន្ន។ មានន្ទចាត់ការយ៉ាងជ្រះស្រលះល្អណាស់។ ពលរេហ៍ឈរតំរៀបត្រៀបត្រាជាជួរ ក្រាស់មីរដេរដាស ឃើញតែចុងខែល និងលំពែងចំរុះច្រោងច្រាង។ ខាងទ័ពសេះ ក៏ត្រៀមស្រេចតាមសណ្ដាប់ធ្នាប់។ មានន្ទដើររាប់កងទាហានបែកញើសរហាម។ ក្នុងពេលនោះរដ្ឋបុរសក្រឡេកឃើញឪពុកអ្នកដែលឈរនៅមុខទ្វារ ទឹកមុខញញឹមពេញចិត្ដ នឹងពីធីត្រៀមទ័ពរៀបចេញដំនើរនេះ។ នៅជិតបិតានេះ អ្នកឃើញកាមាប្អូនប្រុសអ្នក។
មានន្ទនឹកឃើញនាងទេវីស្រីពុំងា ពុំដឹងផ្ដាំអ្នកណាទៅឲ្យនាងបានដឹងផងថា អ្នកខ្ចាត់ព្រាត់ពីនាងទេវីទៅហើយ។ ប្ដីធីតាបែររកមើលអ្នកឯទៀតដែលពុំទៅ ក្រែងជួបអ្នកណាដែលអ្នកផ្ញើពាក្យទៅដល់នាងផងពុំឃើញសោះ។ បុរសស្ទុះទៅខ្សឹបដាក់ត្រចៀកនាយកោបថា៖
ឯងទៅហៅកាមាប្អូនអញឲ្យមកជួបនឹងអញមួយភ្លែត។
បាទ
កាមាមកដល់។ មានន្ទចាប់ស្មាកាមាពាលពាក្យថា៖
កាមា ប្អូនឯងជាប្អូនរបស់បងមែនរឺទេ ?
កាមាដំបូងនឹកឆ្ងល់ដោយពុំដឹងរឿងអ្វី រួចធ្វើទាំងប្រថុយវិញថា៖
បាទ ខ្ញុំជាប្អូនបង្កើតរបស់បង។
ឈាមដែលហូរក្នុងសរសៃប្អូន ដូចឈាមដែលហូរក្នុងសរសៃបងទេ?
បាទដូចគ្នា។
ប្អូនស្រលាញ់បងទេ ?
មិនចាំបាច់សួរទេ ! ខ្ញុំសព្វថ្ងៃមានជីវិតមួយនឹងបង ?
មានន្ទសើចយ៉ាងរីករាយ រួចបន្ដកិច្ចសន្ទនាទៅទៀតថា៖
បងពេញចិត្ដនឹងពាក្យឆ្លើយនេះណាស់ ។ ប៉ុន្ដែ តើបងអាចប្រគល់របស់អ្វីមួយឲ្យប្អូនជួយបីបាច់រក្សាឲ្យបងផងបានទេ។
មានអីបង របស់អ្វី ? ប្រាប់មក ! មិនអីទេ ខ្ញុំរក្សាទុកជូនបងមិនឲ្យខូចទេ។ បើខូចក្រែងតែជីវិតខ្ញុំស្លាប់។
ក្នុងជាតិនេះ បងមានរបស់មួយយ៉ាងថ្លៃថ្លា ដែលបងស្រលាញ់ខ្លាំងណាស់ ស្រលាញ់នឹងចិត្ដ ស្រលាញ់នឹងឈាម ស្រាលាញ់នឹងសាច់ ស្រលាញ់ស្មើជីវិត។
វត្ថុនេះជាអ្វីបង នៅឯណា?
ឥឡូវបងទៅច្បាំង។ បងពុំទាន់ទុកចិត្ដអ្នកណាក្រៅពីប្អូនឯងទេ បងសូមផ្ញើវត្ថុនេះទុកនឹងប្អូនសិន ទម្រាំបងវិលត្រលប់មកពីច្បាំងវិញ បងនឹងយកវិញ។
មិនអីទេបង ! ប្អូនរក្សាទុកជូនបងប្រាកដដូចមានព្រះអាទិត្យ ព្រះចន្ទដូច្នោះឯង។
វត្ថុនោះគឺមនុស្ស។
អី គឺមនុស្ស ?
អឺ ! គឺពិតជាមនុស្ស ហើយមនុស្សស្រីថែមទៀត !
យីមនុស្សស្រីនោះនៅឯណា?
នៅជិតៗនេះឯង ។ បងសូមប្រាប់រឿងប្អូនឲ្យអស់ទៅចុះ។ ពីរម៉ោងមុននេះ បងបានរៀបការហើយ!
នែ ! ការនឹងអ្នកណា ?
ការនឹងនាងទេវី កូនស្រីវិសេសក្លាហាន។
យី ! អីបងការហើយ ?
កុំឲ្យប្អូនឆ្ងល់ឲ្យសោះ នាងទេវី និង បង ស្រលាញ់គ្នាយូរណាស់មកហើយ ។ ឥឡូវបងសែនជាមួយនាងរួចជាស្រេច។
តែអភ័ព្វណាស់ គ្រាន់តែសែនរួច ឪពុកនាងក៏ស្លាប់ទៅ ... ។
អី វិសេសក្លាហានស្លាប់ហើយ ?
ប្រាកដដូចមានព្រះអាទិត្យ ព្រះចន្ទដូច្នោះមែន។ នាងកំព្រាម្នាក់ឯង ហើយម្យ៉ាងទៀតនាងមានទម្ងន់ផង។
អូ ! អីនាងមានទម្ងន់ផង ?
ពីរខែហើយ ។ កាមាប្អូន។
បាទ!
ការដែលប្អូនត្រូវធ្វើ គឺ៖
ជួយទុកដាក់ឪពុកក្មេកបងឲ្យស្រួលបួល
ជួយការពារនាងទេវី កុំឲ្យសត្រូវមើលងាយ
ជួយផ្ដល់ម្ហូបអាហារ អង្ករស្រូវ សំលៀកបំពាក់ លុយកាក់ដល់នាង។ តើប្អូនអាចទទួលបណ្ដាំទាំងបីយ៉ាងនេះបានទេ?
បាទ ! បាទ មានធ្ងន់ស្រាលអីបង។ បណ្ដាំបងងាយណាស់ មិនអីទេ ចូរបងកុំព្រួយឲ្យសោះ ប្អូនអាចជួយបងបាន។
ប្អូនហ៊ានស្បថឲ្យបងទេ ?
កាមាថយបីជំហានក្រាក លើកដៃទៅលើ។
ខ្ញុំសូមស្បថជូនបង បើខ្ញុំពុំធ្វើដូចបណ្ដាំបងទេ សូមឲ្យអារក្ខទេវតា និង អាកាសទេវតាបំផ្លាញខ្ញុំឲ្យរលាយដូចអំបិលត្រូវទឹក និងដូចក្រមួនត្រូវថ្ងៃ។
កាមាទៅចុះ។ បងសូមលាប្អូនមួយពេលសិនហើយ។ បងទៅនេះគឺទៅដោយរីករាយបំផុត ព្រោះបងសង្ឃឹមថា បានប្អូនស្នងក្នុងកិច្ចរក្សាការពារនាងទេវីជាទីស្នេហារបស់បង។
ថាហើយមានន្ទស្ទុះទៅឱបកាមា រួចបងប្អូនទាំងពីរក៏បែកគ្នាទៅ។ មានន្ទឈរនៅមុខកងទ័ពបញ្ជាឲ្យពលទាហានប្រុង រួចកងទ័ពដើរទៅមុខយ៉ាងសម្បើមកក្រើកភពផែនដី។
រឿង៖ មហាចោរនៅទល់ដែន (២៤ភាគ)
01. ខ្លាបាក់ចង្គូម 02. បងប្អូនពីរនាក់ 03. រាត្រីស្ងាត់ 04. សពស្នេហា 05. បណ្តាំបង 06. ភ្លើងរាគះ 07. បាត់កូន 08. ត្រឡប់ពីច្បាំង 09. រត់តាមប្តី 10. ស្តេចខ្ញាល់ 11. តដៃដោះខ្លួន 12. អាសន្នធំ 13. វាយផ្តាច់ព្រ័ត្រ 14. ព្រះនាងខត្តិយាណី 15. ទារុណកម្ម 16. រំដោះអ្នកស្នេហាជាតិ 17. ស្នេហាលើទូក 18. ថ្កើងត្រង់ណា 19. ចាញ់កល់ស្នេហា 20. នារីទុគ៌ត 21. ក្បួនការពារឯករាជ្យ 22. បាត់ខ្លួនទៅណា 23. ផែនការសម្ងាត់ 24. ជោគជ័យ