អារម្ភកថា
អក្សរសិល្ប៍ខ្មែរ
រឿង៖ មហាចោរនៅទល់ដែន
ដោយ៖ លោក សាង សាវាត
កើតក្នុងឆ្នាំ១៩២៦ ហើយត្រូវបានយកទៅសម្លាប់ចោលរយៈពេល១ឆ្នាំបន្ទាប់ពីសៀវភៅនេះបោះពុម្ពជាលើកដំបូងក្នុងឆ្នាំ១៩៥៥ ពោលគឺក្នុងឆ្នាំ១៩៥៦
អ្នកនយោបាយគិតគូរបញ្ហាគ្រប់គ្រងរដ្ន មានបញ្ហារដ្ឋធម្មនុញ្ញ បញ្ហាលទ្ធិ បញ្ហាសេរីភាព បញ្ហាបោះឆ្នោតជាដើម។
អ្នកតិកនិកដោះស្រាយបញ្ហារដ្ឋបាល មានបញ្ហាហិរញ្ញវត្ថុ បញ្ហាយោធា បញ្ហាសាធារណការ បញ្ហាសេដ្ឋកិច្ច បញ្ហាទូរលេខ ទូរស័ព្ឌវិទ្យុជាដើម។
អ្នកនិពន្ធចោទបញ្ហាសង្គម មានបញ្ហាអក្សរសាស្រ្ដ បញ្ហាទំនៀមទំលាប់ បញ្ហាតំលៃជាតិ បញ្ហាចិត្ដសាស្រ្ដជាដើម។
អ្នកនយោបាយ និង អ្នកតិកនិក មានប្រយោជន៍ដល់ប្រទេសជាតិ និង ប្រជាជន អ្នកនិពន្ធក៏មានប្រយោជន៍ដូចនេះដែរ។ គេតែងនិយាយថា អ្នកនិពន្ធជាព្រលឹង ហើយជាពន្លឺរបស់ជាតិ៖
១. ព្រលឹងរបស់ជាតិ ពីព្រោះអ្នកនិពន្ធសំដែងទឹកចិត្ដពិតៗ របស់ប្រជាជនក្នុងសម័យកាលដែលអ្នកនិពន្ធនោះរស់នៅ។
២. ពន្លឺរបស់ជាតិ ពីព្រោះអ្នកនិពន្ធអាចនែនាំគំនិតប្រជាជនអោយចំរើនទាន់សម័យដូចជាតិនានាឡើង។
ចំពោះប្រទេសកម្ពុជាយើងសព្វថ្ងៃ គំនិតដែលជាសត្រូវរបស់ប្រជារាស្រ្ដ គឺគំនិតចក្រពត្ដិ គំនិតមើលងាយមនុស្ស (ចាស់មើលងាយក្មេង ប្រុសមើលងាយស្រី អ្នកធំមើលងាយអ្នកតូច អ្នកមានមើលងាយអ្នកក្រ) គំនិតលុតក្រាប គំនិតប្រកាន់បក្សពួកហួសហេតុ គំនិត សង្គ្រាមនិយម។
អាស្រ័យហេតុនេះអ្នកនិពន្ធគប្បីតំរង់បញ្ញាតែងរឿង ទោះជារឿងប្រលោមលោកសាមញ្ញក្ដី ទោះជារឿងប្រលោមលោកក្នុងប្រវត្ដិសាស្រ្ដក្ដី ឆ្នៃយ៉ាងណាអោយជនរួមជាតិ មានសតិសម្បជញ្ញភ្ញាក់រលឹកឡើង ដឹងខ្លួនថា ជាមនុស្ស មនុស្សមានសិទ្ធស្មើមនុស្សអែទៀត មានសេរីភាពតាមលំអានសកលលោក និង លទ្ធិប្រជាធិប្បតេយ្យ។
ធ្វើយ៉ាងនេះ គឺជួយដំណើរការអ្នកនយោបាយ (មានរាជរដ្ឋាភិបាលជាដើម) អោយងាយក្នុងការរៀបចំសង្គមយើង អោយមានវឌ្ឍនធម៌ និង សន្ដិភាពដែលមនុស្សលើសកលលោកស្រលាញ់គ្រប់ៗគ្នា។
តួអង្គសំខាន់ៗនៅក្នុងរឿងនេះមាន មានន្ទ នាងទេវី វិសេសក្លាហាន កាមា និង ព្រះកម្ពុតជាដើម៕
និពន្ធដោយ៖ លោក សាង សាវាត
បោះពុម្ពជាសៀវភៅលើកដំបូងក្នុង ព.ស.២៤៨៥ ត្រូវនឹង គ.ស.១៩៥៥