Telegram Channel
Youtube Channel
Online TV

មហាចោរនៅទល់ដែន

រឿង៖ មហាចោរនៅទល់ដែន (២៤ភាគ)
01. ខ្លាបាក់ចង្គូម 02. បងប្អូនពីរនាក់ 03. រាត្រីស្ងាត់ 04. សពស្នេហា 05. បណ្តាំបង 06. ភ្លើងរាគះ 07. បាត់កូន 08. ត្រឡប់ពីច្បាំង 09. រត់តាមប្តី 10. ស្តេចខ្ញាល់ 11. តដៃដោះខ្លួន 12. អាសន្នធំ 13. វាយផ្តាច់ព្រ័ត្រ 14. ព្រះនាងខត្តិយាណី 15. ទារុណកម្ម 16. រំដោះអ្នកស្នេហាជាតិ 17. ស្នេហាលើទូក 18. ថ្កើងត្រង់ណា 19. ចាញ់កល់ស្នេហា 20. នារីទុគ៌ត 21. ក្បួនការពារឯករាជ្យ 22. បាត់ខ្លួនទៅណា 23. ផែនការសម្ងាត់ 24. ជោគជ័យ

ភាគទី១៥៖ ទារុណកម្ម

ព្រះ​នាង​មណី​ថយ​ចេញ​ពី​មានន្ទ​ដោយ​មាន​ចិត្ដ​អៀន​ខ្មាស​យ៉ាង​ខ្លាំង​ក្រៃ​លែង​។ នាង​អៀន​ ពី​ព្រោះ​ស្រី​ស្រ​លាញ់​ រួច​អិត​បាន​គេ​ស្រលាញ់​​វិញ​។ ឆោម​ក្ដៅ​ក្រហាយ​ថា តាំង​ពី​តូច​មក​នាង​មាន​រូប​ល្អ មិន​ដែល​និយាយ​ស្រលាញ់​ជា​មួយ​ប្រុស​ឈ្មោល​ណា​ដល់​ម្ដង​ ទើប​តែ​មក​ដល់​មួយ​គ្រា​នេះ​ នាង​និយាយ​ពេញ​មាត់​ តែ​គេ​គ្មាន​ទទួល​តាម​សោះ​។ ថា​បើ​មានន្ទ​ជា​អ្នក​ក្រៅ​ទៅ​ក៏​មិន​ថា​ដែរ​ តែ​នេះ​ប្រុស​ជា​បង​ជីដូន​មួយ​បង្កើត​ រួច​ធ្លាប់​បាន​ដឹង​ចិត្ដ​ថ្លើម​គ្នា​ខ្លះ​មក​ដែរ​ មិន​គួរ​ជា​ថ្លៃ​គ្មាន​ត្រា​ប្រណី​ដូច្នេះ​សោះ​។ បើ​ថា​មិន​ត្រា​ប្រណី​ក៏​ហី​ទៅ​ចុះ យ៉ាង​ហោច​ក៏​មានន្ទ​ត្រូវ​គោរព​នាង​បន្ដិច​ដែរ​ គឺ​និយាយ​អោយ​ធីតា​មាន​ផ្លូវ​សង្ឃឹម​បន្ដិច​ផង​។ នេះ​គ្មាន​ទេ​ និយាយ​យ៉ាង​ដាច់​អហង្ការ​តែ​ម្ដង​ គ្មាន​សំចៃ​គំនិត​បន្ដិច​បន្ដួច​។
ស្ត្រី​មើល​រូប​រាង​កាយ​ខ្លួន​គ្រវី​ក្បាល​ហួស​ចិត្ដ​ថា បើ​នាង​មាន​រូប​អាក្រក់​ក៏​មិន​ថា​ទៀត​ ចុះ​នេះ​នាង​មាន​រូប​ល្អ​ឆើត​ឆាយ​នឹង​គេ​ដែរ​ គួរ​តែ​បុរស​ស្រលាញ់​ បើ​មិន​ស្រលាញ់​ក៏​ត្រឹម​តែ​ចូល​ចិត្ដ​ទៅ​ចុះ​។ គិត​ឡើង​ក្ដៅ​ឡើង​ៗ​។ ភ្លើង​ស្នេហា​ក៏​ប្រែ​ក្លាយ​ជា​ភ្លើង​សង​សឹក​ សង​សឹក​ព្រោះ​​ខ្មាស​​បុរស​ សង​សឹក​ព្រោះ​ប្រាកដ​ជា​បុគ្គល​ដ៏​ខ្ពង់​ខ្ពស់​នេះ​ មើល​ងាយ​ដល់​រូប​នាង​មិន​ខាន​ សង​សឹក​ព្រោះ​គេ​មុខ​ជា​និយាយ​ហែក​កេរ្តិ៍​​នាង​​ ប្រាប់​អ្នក​អែ​ទៀត​ជា​ប្រាកដ​។ អាស្រ័យ​ហេតុ​នេះ​ ត្រូវ​តែ​លុប​ប្រុស​ម្នាក់​អាយ​បាត់​ពី​លោក​។ ការ​នេះ​ជា​ការ​ចាំ​បាច់​ដែល​អាច​ជួយ​ស្រោច​ស្រង់​កិត្ដិ​នាម​នាង​បាន​។ ធីតា​ដើរ​តូង​ៗ​ ចូល​ទៅ​ក្នុង​បន្ទប់​ព្រះ​កំពុត​ដែល​កំពុង​ជំនុំ​ជា​មួយ​កាមា​។ លុះ​នាង​ដើរ​ទៅ​ដល់​ ព្រះ​កំពុត​ស្រដី​មក​នាង​ដោយ​គួរ​សម​ថា
  ក្មួយ ! មានការអ្វី?
  ច៎ាះ ! ខ្ញុំចង់ស្ដាប់កិច្ចការជំនុំជំរះរឿងបងមានន្ទដែរ
កាមា​ផ្អៀង​ខ្លួន​កំនាប់​នាង​។ ព្រះ​កំពុត​ញញឹម​យ៉ាង​ស្រស់​ទទួល​ធីតា​។ នាង​មណី​អោន​ក្បាល​បន្ដិច​ទទួល​សេច​ក្ដី​រាក់​ទាក់​របស់​ជន​ទាំង​ពីរ។ កាមា​លួច​មើល​កល្យាណ​ម្ដង​ៗ​ រួច​សួរ​នាង​ថា
  តើអូនចាប់ចិត្ដ ចាប់អារម្មណ៍នឹងរឿងនេះខ្លាំងណាស់ទៅរឺ បានជាមកទីនេះ?
  ច៎ាះ ! ពីព្រោះជារឿងប៉ះពាល់ដល់ខ្ញុំដែរ
កាមាភ្ញាក់ ព្រះកំពុតឆ្ងល់ គោះខ្សៀសួរថា
  ប៉ះពាល់យ៉ាងណាក្មួយ ?
ដោយឃើញទឹកមុខកល្យាណ កាមាប្រែទៅជាស្ងួតវិញ នារីសើចក្អាកក្អាយ
  ច៎ាះ ! ហាសៗ ! លោកមា និង បងឆ្ងល់ ? ច៎ាះ ! ហាសៗ ! ប៉ះពាល់ដល់សេចក្ដីសុខខ្ញុំដែរ
  កាមាចងចិញ្ចើមស្រដីយ៉ាងខ្លាំងៗថា
  លោកពុក និង បងមិនយល់ទេ ។ មណីអូន ! រឿងបងមានន្ទជារឿងធំណាស់ណ៎ា !
មណីសំលក់កាមា រួចតបវិញថា
  អ្នក​ណា​ថា​រឿង​នេះ​ជា​រឿង​តូច​។ បង​នឹក​ស្មាន​ថា​ មាន​តែ​បង​ទេ​រឺ​អី​ដែល​ត្រូវ​គិត​ដល់​រឿង​មានន្ទ​នេះ​។ ខ្ញុំ​ៗ​គ្មាន​អំណាច​គិត​ទេ​រឺ​អី​?
រះ​កំពុត​មើល​មុខ​ស្រ្ដី​ចំ​ ដោយ​រឹត​តែ​ឆ្ងល់​ទៅ​ទៀត​។
  ក្មួយ​! មា​ចង់​ដឹង​ទឹក​ចិត្ដ​ក្មួយ​អែង​ចំពោះ​រឿង​មានន្ទ​នេះ​ណាស់​ ត្បិត​​មា មាន​យោ​បល់​មួយ​លើ​រឿង​នេះ​ទៅ​ហើយ រួច​​មា​មាន​​ទាំង​បំរុង​ចាត់​ការ​ថែម​ទៀត​ផង​។
  ច៎ាះ​! ខ្ញុំ​មក​នេះ​ គឺ​មក​ដោយ​ចង់​ដឹង​យោ​បល់​លោក​មា និង យោ​បល់​បង​កាមា​អែង​។ អែ​ខ្ញុំ​មាន​យោ​បល់​មួយ​ និង​មាន​បំណងមួយ​យ៉ាង​មាំ​ដែរ​ ដែល​ខ្ញុំ​មក​ស្នើ​សុំ​លោក​មា​ ក្រែង​បំណង​ខ្ញុំ​អាច​បាន​សំរេច​។
កាមាញាប់ញ័រក្នុងចិត្ដ ពីព្រោះអ្នកមើលឃើញថា «មណីមុខជាការពារមានន្ទមិនខាន» ។ អ្នកឆ្លើយយ៉ាងរួសរាន់ថា
  ទេអូន ! តោងអូនទុកការនេះអោយលោកពុកសំរេចចុះ
នាងមណីកាត់ផូងគ្មានសំចៃថា
  មិនបានក្នុងនាមនៃយុត្ដិធម៌ ខ្ញុំក៏ត្រូវដឹងរឿងបងមានន្ទ ហើយត្រូវតែស្នើរឿងនេះជូនយោបល់ដល់លោកមាដែរ
កាមាកាតផូងវិញ
  មិនបាន ! តោង . . .
ព្រះកំពុតរាដៃ
  ទេ​! ​ឈប់​ ទុក​អោយ​ក្មួយ​ខាង​នេះ​និយាយ​មើល​ក្រែង​មាន​យោ​បល់​ល្អ​យើង​អាច​តាម​ដែរ​។ មើល​ក្មួយ​យល់​យ៉ាង​ណា​? ​ចង់​​យ៉ាង​ណា​? រួច​មា​សូម​ប្រាប់​ទុក​ជា​មុន​ថា បើ​បំណង​ក្មួយ​មិន​សម​នឹង​បំណង​យើង​ទេ​កាល​ណា យើង​មិន​ធ្វើ​តាម​បំណង​ក្មួយ​ ចូរ​ក្មួយ​កុំ​អាក់​អន់​ចិត្ដ​ ​អោយ​សោះ​ណ៎ា​ ?
  ច៎ាះ​! មាន​អី​លោក​មា​។ យឺ​! បង​ម៉ា​ ឃើញ​អែង​ស្រី​មិន​ចង់​អោយ​អែង​និយាយ​អី​យ៉ាង​ម៉េច​អញ្ចេះ​ ?
  ណ្ហើយៗ ! ក្មួយ​និយាយ​ទៅ​មើល​ មា​ស្ដាប់​នារី​សំលក់​កាមា​មិន​ដាក់​ភ្នែក
កាមា​ខាំ​ធ្នេញ​មុខ​ឡើង​ក្រហម​។ នាងនិយាយមួយៗថា
  ខ្ញុំស្រលាញ់បងមានន្ទណាស់
កាមាស្ទើរលោត តែមណីបន្ដទៅទៀតថា
  ស្រលាញ់​ចង់​តែ​ស៊ី​សាច់ ហុត​ឈាម​ អារ​ក​ទាំង​រស់​ កាមា​មើល​មុខ​នាង​ដោយ​ឆ្ងល់​។ ស្រី​បន្ដ​ទៅ​ទៀត​ដូច​ត​ទៅ
  ពីព្រោះ​ខ្ញុំ​ទើប​ដឹង​ការ​ច្បាស់​ ដឹង​រហូត​ដល់​ឈាម​ដែល​ហូរ​ក្រោម​ស្បែក​បង​មានន្ទ​ ដឹង​រហូត​ដល់​ខួរ​ក្នុង​ឆ្អឹង​បង​មានន្ទ​ ដឹង​ថា​មនុស្ស​នេះ​ជា​គ្រឿង​អា​ម៉ាស់​មួយ​យ៉ាង​ធំ​ក្រៃ​លែង​ចំពោះ​គ្រួសារ​យើង​ ដឹង​ទៀត​ថា គាត់​ជា​មនុស្ស​អសិរ​ពិស​មួយ​យ៉ាង​មហិ​មា​ ចំពោះ​ជន​ជាតិ​សៀម​ ដឹង​ថា គាត់​នេះ​ជា​ថ្នាំ​ពុល​មួយ​ដល់​សេច​ក្ដី​សុខ​របស់​អ្នក​ស្រុក​។ គាត់​មាន​គំរោង​ការ​មួយ​ដ៏​លាមក​ដែល​អាច​បំផ្លាញ​នគរ​អោយ​វិនាស​អន្ដ​រាយ​ អន្ដ​រាយ​ទាំង​រូប​ខ្ញុំ​ទៅ​ថ្ងៃ​មុខ​។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ថា រឿង​នេះ​ជា​រឿង​ដែល​អាច​ប៉ះ​ពាល់​ខ្ញុំ​ផង​នោះ​ ចូរ​បង​ម៉ា​ និង​លោក​មា​ កុំ​ស​ង្ស័យ​អោយ​សោះ​។ បង​មានន្ទ​ក្បត់​យើង​បំរុង​បង្ក​ភ្លើង​សង្រ្គាម​អោយ​ឆួល​ឆេះ​ឡើង​ ដើម្បី​យក​អានា​ខេត្ដ​ដែល​រដ្ឋា​ភិបាល​សៀម​មាន​ទាំង​ប៉ុន្មាន​អោយ​ទៅ​ខ្មែរ​វិញ​។ អាស្រ័យ​ហេតុ​នេះ​ ខ្ញុំ​សូម​លោក​មា​អោយ​ប្រយ័ត្ន​ នឹង​ អ្នក​ទោស​មួយ​រូប​នេះ​អោយ​មែន​ទែន ​ដែល​ចង់​តែ​ធំ ចង់​តែ​ខ្ពស់​គ្មាន​សន្ដាន​ចិត្ដ​ល្អ​ត្រង់​ណា​សោះ​។
កាមាសើចនិយាយថា :
  អឺ ! អាហ្នឹងវាអាក្រក់ដូចអូនអែងថាមែន ! បងស្មានតែអូនមិនដឹងរឿងអ្វីទេ!
ព្រះកំពុតងក់ក្បាល
  មា​ដឹង​រឿង​ដែរ​ តែ​មិន​ច្បាស់​សោះ​។ ម្ដង​គេ​ថា​មានន្ទ​វា​អញ្ចេះ​ ម្ដង​គេ​ថា​វា​អញ្ចុះ​។ ក្មួយ​បាន​និយាយ​នឹង​វា​ រឺ ទើប​បាន​ដឹង​ចិត្ដ​វា​នេះ​?
 ​ ច៎ាះ ​! ខ្ញំ​ទៅ​ឆ​ថា​ ខ្ញុំ​ស្រលាញ់​គាត់​ គាត់​ធ្លោយ​ប្រាប់​ខ្ញុំ​អស់​ ទើប​ខ្ញុំ​រត់​មក​រក​លោក​មា​អោយ​បាន​ជ្រាប​ការ​នេះ ទុក​បង្អង់​ក្រែង​មាន​គ្រោះ​ថ្នាក់​ទៅ​ថ្ងៃ​ក្រោយ​។
កាមានិយាយដោយស្ងើចថា
  យី! អី​អូន​ទៅ​និយាយ​នឹង​វា​? អូន​ចំ​ជា​ក្លា​ហាន​មែន​ៗ អា​នេះ​វា​ត្រូវ​ជា​បង​របស់​បង​បង្កើត​មែន​ តែ​ចិត្ដ​វា​ខ្មៅ​រិស្យា​មិន​ដូច​បង​សោះ​។ អូន​គិត​មើល​! លោក​អូវ​ពុក​មាន​ដិកា​កោះ​ហៅ​វា វា​ហ៊ាន​ទាំង​វាយ​តប​នឹង​ពួក​អ្នក​នាំ​សារ​ រួច​វា​គេច​ខ្លួន​រហូត​។ ហ៊ី​! ថា​អា​មនុស្ស​ទុច្ច​រិត​មួយ​ វា​មិន​ហ៊ាន​មក​ទេ​។ អោ​កាស​នោះ​ បើ​វា​មក​ប្រ​ហែល​ជាប់​ជុច​ហើយ​អា​នាង​។
ព្រះកំពុតធ្វើទឹកមុខក្រៀមពោលថា
  ពីដើម​មា​ខំ​ទុក​ចិត្ដ​វា ស្រ​លាញ់​វា​ជា​កូន​ មិន​ដឹង​ជា​វា​មាន​ចិត្ដ​ដូច្នោះ​សោះ​។ វា​លួច​ស្រលាញ់​កូន​វិសេស​ក្លា​ហាន​ដែល​មា​ស្អប់​រក​អ្វី​ប្រៀប​គ្មាន​ រួច​វា​រៀប​ការ​ជា​មួយ​គ្នា​ដោយ​អិត​អោយ​មា​ដឹង​ រួច​វា​ប្រ​កាប់​ប្រចាក់​នឹង​កាមា​ទាល់​តែ​មាន​ស្នាម​របួស​នោះ​ទៀត​។ មា​ខឹង​ខ្លាំង​ណាស់​ ថា​អោយ​តែ​ចាប់​បាន​យក​មក​វាយ​ជាន់​ក​តែ​ម្ដង​។ វា​ចេះ​រត់​ថយ វាយ​ថយ​ស្លាប់​ពល​ជា​ច្រើន​ រួច​តាំង​ខ្លួន​ជា​មហា​ចោរ​ព្រ​ងើយ​​ទៅ​។ សព្វ​ថ្ងៃ​វា​នៅ​ទល់​ដែន​ខាង​បាក់​ព្រា​ជិត​ទន្លេ​សាប​។ វា​ប្លន់​គេ​វា​ចាប់​គេ​កាប់​សំលាប់​ វា​ក​ទ័ព​វាយ​នឹង​អែង​។ តែ​វា​ទើប​នឹង​បាន​ធ្វើ​បន្ដិច​​បន្ដួច​ ទេវ​តា​មិន​ជួយ​ មា​ចាប់​វា​បាន​មក​នេះ​។
ធីតាសើចបញ្ចេញធ្មេញសស្គុស រួចនិយាយថា
  ចុះលោកមាគិតធ្វើយ៉ាងណា?
 មាគិតសំលាប់វានៅវេលាយប់នេះអែង
កាមាសើច និយាយថា
  យើង​គិត​សំលាប់​វា​។ បង​សំលាប់​នឹង​ដៃ​បង បង​ខឹង​ណាស់ វា​កោង​កាច​ដាក់​លោក​ឳពុក រួច​វា​ធ្វើ​អោយ​អ្នក​ផង​មាន​ទុក្ខ​ព្រោះ​វា​។
មាណវីសើចខាំធ្មេញ ពោលថា
  ទេ​! លោក​មា​! ទេ​វា​ជា​មនុស្ស​មាន​ទោស​ធ្ងន់​ណាស់​ គឺ​ទោស​ក្បត់​ផែន​ដី ក្បត់​ព្រះ​មហា​ក្សត្រីយ៍​ក្រុង​អយុធ្យា​ ក្បត់​លោក​មា ក្បត់​ជន​ជាតិ​សៀម​យើង​។ វា​ស្លាប់​ភ្លាម​ៗ មិន​សម​ហេតុ​សម​ផល​ទេ តោង​លោក​មា​ជ្រាប​ថា វា​មិន​ខ្លាច​ស្លាប់​ទេ រួច​វា​សប្បាយ​ចិត្ដ​ នឹង ស្លាប់​ថែម​ទៀត​ ពី​ព្រោះ​វា​ដឹង​ថា បើ​វា​ស្លាប់​ភ្លាម​ៗ មុខ​ជា​មាន​មនុស្ស​បន្ដ​ការ​ងារ​របស់​វា​រិត​តែ​ខ្លាំង​ជា​ង​មុន​ទៅ​ទៀត​មិន​ខាន​។ ព្រះ​កំពុត​ចាប់​អារម្មណ៍​ នឹង​ ពាក្យ​របស់​នាង​មណី​កាន់​តែ​ខ្លាំង​ឡើង​ត្បិត​ស្រី​ល្អ​អែក​នេះ​និយាយ​ត្រូវ​ៗ​ ស្ទើរ​ទាំង​អស់​។
លោកសួរថា
  ដូច្នេះ បើតាមក្មួយត្រូវធ្វើយ៉ាងណា?
កញ្ញាសើច បន្ដវាចាទៅទៀតថា
  ច៎ាះ​! បើ​តាម​ខ្ញុំ​ ត្រូវ​ផ្ដាន់​ទា​ទោស​វា​អោយ​សម​តាម​កំហុស​ដែល​វា​ប្រ​ព្រឹត្ដ​ គឺ​ដាក់​ច្រវាក់​ដៃ​ រួច​វាយ​អា​ក្រោស​បណ្ដើរ​តាម​​ភូមិ​ស្រុក​ ចេញ​ប្រកាស​ប្រាប់​ចំ​ៗ អោយ​អ្នក​ស្រុក​ដឹង​លឺ​គ្រប់​ៗ​គ្នា​ថា វា​ជា​មនុស្ស​ក្បត់​ជាតិ​ ជា​មេ​បះ​បោរ​ ជា​មហា​ចោរ កុំ​អោយ​អ្នក​ណា​យក​តំរាប់​តាម​វា​ទៀត​។ រួច​លោក​មា​ក្នុង​ពេល​បណ្ដើរ​នេះ សូម​វាយ​វា​នឹង​រំពាត់​ផ្ដៅ​ធំ​មួយ អោយ​វា​បែក​ឈាម​ហូរ​សស្រាក់​ ឈឺ​ចាប់​ខ្លោច​​ផ្សា (មក​ដល់​ត្រង់​នេះ​កញ្ញា​នឹក​ថា​ ពី​ព្រោះ​សេច​ក្ដី​ស្នេហា​របស់​នាង​លើ​រូប​បុរស​នេះ​ពុះ​ពោរ​កញ្ជ្រោក​កញ្ជ្រោល​ហូរ​សស្រាក់​ឈឺ​ចាប់​ខ្លោច​ផ្សា​ដែរ​) ច៎ាះ​! រួចយ​ក​វា​ទៅ​ចង​ឆ្កាង​ហាល​ថ្ងៃ​បង្អត់​បាយ​ បង្អត់​ទឹក​។​ ធ្វើ​យ៉ាង​នេះ​បាន​បី​ថ្ងៃ យក​វា​អោយ​ទៅ​កិន​ស្រូវ​នឹង​ត្បាល់​មួយ​ធំ​វាយ​ដំ​វា​អោយ​ប្រឹង​ៗ​អោយ​រួច​។ សូម​ធ្វើ​យ៉ាង​នេះ​អោយ​បាន​ពីរ​ខែ​។ រួច​រាល់​ថ្ងៃ​អោយ​អ្នក​ស្រុក​មក​មើល​វា ស្រែក​ចំ​អក​អោយ​វា​ខ្មាស​គេ (នាង​នឹក​ថា​ព្រោះ​នាង​បាន​ខ្មាស​បុរស​នេះ​ដូច្នោះ​អែង​)​។
ជន​ទាំង​ពីរ​រូប​ក៏​យល់​ព្រម​តាម​កម្ម​វិធី​របស់​នាង​មណី​។
មួយ​ថ្ងៃ​ក្រោ​យ​មក​ទៀត មានន្ទ​ក៏​ត្រូវ​ទទួល​ទារុណ​កម្ម​ដ៏​ខ្លោច​ចិត្ដ​នេះ​។ អ្នក​រង​ទុក្ខ​វេទនា​ក្រៃ​ណា នឹង​រក​អ្វី​ផ្ទឹម​ស្មើ​គ្មាន​។ ក្នុង​ពេល​ដែល​គេ​វាយ​បណ្ដើរ​អាក្រោស​ អ្នក​ស្រុក​ទាំង​ពួង​ផ្អើល​ឆោ​លោ​ទាំង​ចាស់​ ទាំង​ក្មេង​មក​មើល​យ៉ាង​អ៊ូ​អរ​ពាស​ពេញ​។ អ្នក​ផង​សំដែង​សេច​ក្ដី​អានិត​ អ្នក​ផង​ជេរ​ប្រទេច​ផ្ដា​សា​ថែម​។ ក្នុង​ពួក​អ្នក​ជួយ​ស្អប់​ យើង​សង្កេត​ឃើញ​ច្រើន​តែ​ពួក​ដែល​រស់​ជា​រណប​នៅ​ជើង​កំផែង​ព្រះ​កំពុត​ រួច​ពី​នោះ ​គឺ​ពួក​អ្នក​មិន​យល់​រឿង​ច្បាស់​ នៅ​ក្រោយ​បំផុត​ពី​ពួក​អ្នក​មិន​ដឹង​រឿង​អ្វី​សោះ​ ដែល​មាន​ត្រ​ចៀក​ស្រាល​ ចេះ​តែ​ជឿ​តាម​គេ​អិត​ចេះ​គិត​ដល់​តិច​តួច​ឡើយ​។ តែ​រឿង​មានន្ទ​ក៏​បាន​ផ្ទុះ​លឺ​សុះ​សាយ​ពេញ​អានា​ខេត្ដ​សេរី​សោភ័ណ​។ អ្នក​ផង ទាំង​ខាង​ពួក​ស្អប់ ទាំង​ខាង​ពួក​ស្រ​លាញ់​អានិត​ ស្គាល់​មានន្ទ​គ្រប់​គ្នា​ថា​ជា «មហា​ចោរ​នៅ​ទល់​ដែន​»​។
ថ្ងៃ​មួយ​មានន្ទ​កំពុង​ធ្វើ​ការ​អូស​រទេះ​ដែល​ផ្ទុក​សុទ្ធ​តែ​ថ្ម​កណ្ដាល​ថ្ងៃ​បែក​ញើស​ហូរ​រហាម​ ក្រោម​រំពាត់​របស់​កង​យោធា​ នាង​មណី​កើត​ចិត្ដ​មួយ​ចង់​ឃើញ​នឹង​ភ្នែក​នូវ​ទុក្ខ​វេ​ទនា​របស់​មានន្ទ​ដែល​មាន​រូប​នាង​ជា​បុព្វ​ហេតុ​។ ស្រី​វរ​លក្ខណ៍​បាន​ដើរ​ទៅ​លប​មើល​បុរស​ទុរ​គត​នា​កន្លែង​មួយ​ស្ងាត់​កំបាំង​ពី​ភ្នែក​អ្នក​ផង​។ ធីតា​អផ្សុក​ពេញ​ខ្លួន​នឹក​ឃើញ​បុរស​កាល​ណា​ក្ដៅ​ឆួល​ក្នុង​ចិត្ដ​កាល​ណោះ​។
នាង​ចង់​ឃើញ​ ព្រោះ​ខ្លាច​ក្រែង​មានន្ទ​មិន​បាន​ទទួល​កម្ម​អោយ​សម​តាម​កម្ម​ដែល​ស្រី​ទទួល​ដោយ​សា​បុរស​នេះ​។ មាណី​ហេវ​អស់​ទាំង​រូប​កាយ​ដោយ​នឹក​មិន​យល់​ថា​ ប្រុស​អ្វី​ក៏​មាន​ចិត្ដ​រឹង​ម៉្លេះ​។ ចិត្ដ​នេះ​ហាក់​ដូច​កៅ​ស៊ូ​ដែល​ធីតា​ប្រឹង​ទាញ​ៗ​ យ៉ាង​ពេញ​​ទំហឹង ​រួច​ដល់​ពេល​លែង​វិញ​ កៅ​ស៊ូ​ធូរ​មក​ដដែល​ដូច​ដើម​។
មិន​យូរ​ប៉ុន្មាន​ នាង​ឃើញ​មានន្ទ​ធ្វើ​ការ​។ ក្នុង​ហ្វូង​អ្នក​ទោស​ ស្រី​សង្កេត​ឃើញ​នាយ​កោប ​អគ្គី មហា​កាល និង​មនុស្ស​ទោស​អែ​ទៀត​ដែល​នាង​ពុំ​ស្គាល់​។ អគ្គី​ មហា​កាល និង​ នាយ​កោប​ខំ​ក្រដាប​ទាញ​រទេះ​ដួល​ចុះ​ដួល​ឡើង​ដោយ​អស់​កំលាំង​ខ្លាំង​ពេក​។ អ្នក​យាម​ដែល​មាន​នាទី​ចាំ​តែ​ត្រួត​មើល​ការ​ ស្ទុះ​ទៅ​វាយ​ដំ​ជន​ទាំង​បី​ខ្វាប់​ៗ​ គ្មាន​ត្រា​ប្រណី​។
មានន្ទឈប់អូសរទេះខ្លួនមកចាប់សហការីទាំងបីលើកឡើងដោយករុណា
កោបនិយាយថា
  សុំទឹក ! សុំទឹក !
មានន្ទ​ស្ទុះ​ទៅ​យក​ទឹក​មួយ​ត្រ​លោក​ដែល​នៅ​ជិត​នោះ​ ក្នុង​ពាង​មួយ​។ អ្នក​យាម​ម្នាក់​វាយ​ត្រ​លោក​ធ្លាក់​ពី​ដៃ​មានន្ទ​!!​ មានព​ក្ដៅ​ក្នុង​ចិត្ដ​ជា​ពន់​ពេក នឹក​ថា​មួយ​ពេល​នេះ​ស្លាប់​ទៅ​ល្អ​ជាង​​។ អ្នក​សំលឹង​អ្នក​យាម​នោះ រួច​ស្ទុះ​ភ្លែត​ដាល់​ផូង​។ អ្នកទោសអែទៀតក៏កាន់ជើងមានន្ទគ្អិលឡើង។
ការ​វាយ​ប្រលូក​ក៏​កើត​មាន​យ៉ាង​ជ្រួល​ច្រាល​ តែ​ពួក​មានន្ទ​ដែល​មាន​តែ​ដៃ​ទទេ​ ត្រូវ​ពួក​ខាង​តំរួត​វាយ​ដួល​ក្រលាប់​ផ្កាប់​ផ្ងារ​។
នាង​មណី​ជា​សាក្សី​នៃ​រឿង​នេះ​។ ស្រី​រំជួល​ក្នុង​ដួង​ចិត្ដ​ ត្បិត​ក្នុង​សមុទ្រ​ទុក្ខ​ដែល​នាង​បាន​បង្កើត​ដោយ​ចេត​នា​សង​សឹក​នេះ មានន្ទ​បាន​បញ្ចេញ​នូវ​រស្មី​មេត្ដា​មួយ​ ដែល​ដាស់​អស់​សតិ​សម្ប​ជញ្ញៈ​ស្រី​អោយ​មាន​រស​ជាតិ​ជូរ​ចត់​ក្រៃ​ពេក​។ កាមា​បញ្ជា​អោយ​ពួក​ដែល​កំពុង​ប្រលូក​គ្នា​នោះ​ឈប់​។
  អ្នកណាជាមេបះបោរក្នុងទីនេះ?
មានន្ទឈរនៅស្ងៀមអិតចេញវាចាមួយម៉ាត់
នាយតំរួតម្នាក់ចង្អុលទៅមានន្ទ
  នុ៎ះ ! ព្រះតេជគុណ វានោះជាមេបះបោរ!
កាមាដើរទៅជិតមានន្ទ ដោយបញ្ចេញនូរអាការសាហាវមួយដែលរកអ្វីប្រដូចគ្មាន។
  ហ៊ឹះ ! បង ! ជាប់ទោសហើយនៅបង្ខំបង្កកល្លិយុគអីទៀត ?
កាមា​យារ​កំនាត់​ឈើ​បំរុង​វាយ​មានន្ទ​។ នាង​មណី​ស្រែក​យ៉ៃ​ឡើង​ពី​ក្នុង​កន្លែង​ដែល​ពួន​ ត្បិត​នាង​ទ្រាំ​មិន​បាន​នឹង​អំពើ​លាមក​នេះ​។ សំរែក​នេះ​ធ្វើ​អោយ​ទាំង​អ្នក​ទោស​ ទាំង​អ្នក​ប្រើ​អំណាច​ ឈប់​ស្ងៀម​ស្រលាំង​កាំង​ មុខ​បែរ​ទៅ​រក​ទី​ដែល​សំរែក​ហែក​ចេញ​មក​។ អោ​! ទារុណ​កម្ម​ដែល​មានន្ទ​ទទួល​ ស្ត្រី​ឃើញ​ហួស​សេច​ក្ដី​ស្មាន​របស់​នាង​ទៅ​ហើយ​។ អីលូវ​មាន​ហេតុ​មួយ​ទៀត​ដែល​បន្ថែម​ទំងន់​ទៅ​​លើ​អ្នក​រង​គ្រោះ​។
ក្នុង​មនោ​ចិត្ដ​របស់​យុវតី​ដែល​អាក្រក់​ ចំពោះ​មានន្ទ​អិត​ឧបមា​នេះ​លេច​មាន​បន្ទះ​ល្អ​មួយ​ដែរ​។ ស្រី​ដើរ​យ៉ាង​លឿន​ទៅ​ចាប់​រំពាត់​ពី​ដៃ​កាមា​ បេះ​គ្រ​វាត់​ចោល​ចេញ​ដូច​ដែល​នាង​បាន​ធ្វើ​នៅ​ក្នុង​គុក​។ កល្យាណ​ទៅ​ដង​ទឹក​ហុច​អោយ​មានន្ទ​ដែល​មាន​ទឹក​មុខ​មាំ​ យក​ទឹក​នោះ​ទៅ​អោយ​អ្នក​ស្រេក​ឃ្លាន​។
ធីតាខ្សឹបដាក់ត្រចៀកកាមាថា
  ទៅ ! បងទៅចុះ ! មេទ័ពមិនត្រូវវាយអ្នកទោសនឹងដៃអែងទេ នាំអោយថោកទាបវិញទេ
នាង​ដឹក​ដៃ​កាមា​ចេញ​ទៅ​បី​ដូច​ក្មេង​ម្នាក់​ដែល​ដឹក​ខ្លា​កំនាច​ចេញ​ពី​កន្លែង​មួយ​។ លុះ​មក​ដល់​ក្នុង​បន្ទប់​នាង​វិញ​ កល្យាណ​ណែន​ណាន់​តាន់​តាប់​ពេញ​ដើម​ទ្រូង​។ ធីតា​បំរះ​ននៀល​លើ​គ្រែ​ដែល​មាន​កំរាល​ស​ស្អាត​។ ស្រី​បង្ហូរ​ទឹក​ភ្នែក​យ៉ាង​ខ្សឹក​ខ្សួល​។ ធីតា​យំ ... អោ​! នាង​យំ​អានិត​ប្រុស​ដែល​អិត​ដឹង​ខ្លួន​ថា​ ទទួល​លំពែង​ទុក្ខ​របស់​នាង​។
នាងយំៗ អោយអស់ចិត្ដ
ទឹកភ្នែកដែលហូរចេញមក បន្ទោសស្ដីជេរកែវម៉ាំងៗ គ្មានត្រាប្រណីឡើយ។
កញ្ញាហាក់លឺសំលេងមួយស្រែកថា
  យំ​ទៅ​មណី​ យំ​កុំ​ឈប់​។ ហែល​ក្នុង​ទឹក​ភ្នែក​អែង​ចុះ​។ នេះ​គឺ​កម្ម​ដែល​អែង​ធ្វើ​ខ្លួន​អែង​។ យី​! មណី​ មាន​មុខ​យំ​ផង​ យំ​ធ្វើ​អី​បើ​អែង​ចេះ​មាន​ចិត្ដ​អាក្រក់​ទៅ​រក​គេ​ហើយ​។ ទឹក​ភ្នែក​អែង​មិន​អាច​លាង​វេរា​ដែល​អែង​ផ្ដុំ​មក​នោះ​ទេ​។ ទឹក​ភ្នែក​អែង​មាន​រស​ជាតិ​ល្វីង​ណាស់​ មិន​សម​ហូរ​ចេញ​ពី​ភ្នែក​ដែល​ល្អ​នោះ​ទេ​។ អែង​ជា​ស្រី​​ឆន្ទា​ខ្លាំង​ណាស់​។ គេ​ល្អ​គ្រប់​បែប​គ្រប់​យ៉ាង​ អែង​ឈ្នា​និស​គេ​។​ អែង​យក​ល្បែង​ចិត្ដ​មក​សង​សឹក​គេ​ ដោយ​បន្លំ​ថា​ ជា​ល្បែង​ស្រុក​ទេស​ទៅ​វិញ ។ មណី ! បើអញវិញ ខ្មាស់ខ្លួនអែងស្លាប់ហើយ។
នេះ​ជា​សំលេង​សម្ប​ជញ្ញៈ​។ នេះ​ហើយ​ភ្នែក​របស់​សតិ​ដែល​ជា​អាទិ​ទេព​របស់​មនុស្ស​ម្នាក់​ៗ​។ សំលេង​នេះ​លឺ​ខ្ទរ​ៗ ខ្លាំង​ៗ​ ដែល​អ្នក​ផង​មិន​លឺ​ រួច​ដែល​មាន​តែ​មនុស្ស​ដែល​បាន​ប្រព្រឹត្ដ​ខុស​ មាន​បទ​ឧក្រិដ្ឋ​ជា​ដើម​នោះ​ទេ​ទើប​លឺ​។ សំលេង​នេះ​គ្រប​ដន្ដប់​រូប​កាយ​យើង​ និង​ សូន​ បេះដូ​ងយើងធ្វើអោយ​យើង​ដក​ដង្ហើម​មិន​បាន​ស្រួល​ មើល​មុខ​គេ​អែ​ទៀត​មិន​បាន​ចំ ចង់​តែ​គេច​ខ្លួន​ទៅ​អែ​ណា​ឆ្ងាយ​ៗ អោយ​បាត់​ពី​មនុស្ស​​យើង​ទៅ​។
តើ​ឆន្ទា​មណី​ទៅ​ណា​អោយ​ផុត​ពី​ភ្នែក​សម្ប​ជញ្ញៈ​នេះ​ទេ​? ទេ ​! ទោះ​ទៅ​ដល់​ទី​ណា​ក៏​ភ្នែក​នេះ​តាម​មើល​ក្រលោត​ សំលេង​នេះ​តាម​និយា យ​ប្រដៅ​ កិន​បន្ទោស​ដរាប​។ អោ ​! នាង​មណី​នឹក​ឃើញ​ដំណាក់​ឳពុក​នាង​ដែល​នៅ​នា​ខេត្ដ​សុរិន្ទ​រ​ សីមា​។ នាង​ត្រូវ​តែ​ទៅ​ៗ អោយ​បាន​ឆ្ងាយ​បន្ដិច​ពី​មុខ​ប្រុស​ជា​គូ​កម្ម​ ទៅ​អោយ​ភ្លេច​រឿង​ចាស់​ចេញ​ ទៅ​រក​ទី​មួយ​ដើម្បី​សង្រេង​សង្រៃ​តែ​ម្នាក់​អែង​។ ព្រឹក​ឡើង​ កែវ​មណី​ឡើង​ទៅ​សំពះ​ព្រះ​កំពុតជា​ឳពុក​មា ធ្វើ​ដំណើរ​ត្រលប់​ទៅ​ផ្ទះ​វិញ​។ ព្រះ​កំពុត​ និង​ កាមា​ឃាត់​ស្រី​យ៉ាង​ណា ក៏​នាង​ចេះ​​តែរ​ក​ពាក្យ​ដោះ​សារ​នឹង​ធ្វើ​ដំណើរ​នេះ​។ នៅ​ចុង​បង្អស់​ នាង​បាន​អនុញ្ញាត​ទៅ​តាម​សេច​ក្ដី​ស្នើ​មែន​ក្នុង​រយៈ​វេលា​បី​ថ្ងៃ​​ទៀត​។
រឿង៖ មហាចោរនៅទល់ដែន (២៤ភាគ)
01. ខ្លាបាក់ចង្គូម 02. បងប្អូនពីរនាក់ 03. រាត្រីស្ងាត់ 04. សពស្នេហា 05. បណ្តាំបង 06. ភ្លើងរាគះ 07. បាត់កូន 08. ត្រឡប់ពីច្បាំង 09. រត់តាមប្តី 10. ស្តេចខ្ញាល់ 11. តដៃដោះខ្លួន 12. អាសន្នធំ 13. វាយផ្តាច់ព្រ័ត្រ 14. ព្រះនាងខត្តិយាណី 15. ទារុណកម្ម 16. រំដោះអ្នកស្នេហាជាតិ 17. ស្នេហាលើទូក 18. ថ្កើងត្រង់ណា 19. ចាញ់កល់ស្នេហា 20. នារីទុគ៌ត 21. ក្បួនការពារឯករាជ្យ 22. បាត់ខ្លួនទៅណា 23. ផែនការសម្ងាត់ 24. ជោគជ័យ