អារម្ភកថា
អក្សរសិល្ប៍ទំនើបបែបល្ខោននិយាយ
រឿង៖ ថៅកែចិត្តចោរ
ដោយ៖ លោក ពៅ យូឡេង និងលោក អ៊ុំ ឈឺន
ខ្លឹមសារនៃរឿងនេះបានយកមកចម្លងដោយនាយកដ្ឋានសិល្បៈនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ១៩៨១ បោះពុម្ពផ្សាយដោយវិជ្ជាស្ថានវិទ្យាសាស្ត្រស្រាវជ្រាវក្រសួងអប់រំនៅទីក្រុងភ្នំពេញឆ្នាំ១៩៨៩
សង្ខេបរឿង
នៅឆ្នាំ១៩៥៦ មានព្រឹត្តិការណ៍មួយកើតឡើងនៅទីក្រុងភ្នំពេញ គឺលោកថៅកែបានប្រើឲ្យពូហំបើកឡានបុកឡានរបស់អុងប៉ាងហុងលីដោយសន្យាថាឲ្យលុយ ១០០០០រៀល។ ក្រោយមកគេឃើញពូហំ និងផានីតកំពុងជជែកគ្នាពីរឿងនេះដោយផានិតបានឲ្យពូហំរត់គេចខ្លួន ប៉ុន្តែពូហំមិនរត់ទេ គឺចាំយកលុយមួយម៉ឺនពីថៅកែសិន ព្រោះត្រូវការយកលុយនេះទៅឲ្យម្តាយធ្វើបុណ្យ និងឲ្យកូនទិញប្រដាប់ប្រដាររៀនសូត្របន្តទៅទៀត។ មួយសន្ទុះក្រោយមកទើបឃើញថៅកែចូលមកដល់ ពូហំក៏សុំលុយពីថៅកែ ថៅកែបែរជាបដិសេធទៅវិញ ហើយឲ្យតែ ២០០រៀល ដោយយកលេសថា គាត់មិនបានប្រើពូហំបើកឡានបុកគេឲ្យស្លាប់នោះទេ។ អ្នកទាំងពីរក៏មានការឈ្លោះប្រកែកប្រណាំងគ្នា តែនៅតែមិនព្រមត្រូវគ្នាទេ ព្រោះថៅកែមិនព្រមឲ្យលុយ ១០០០០រៀលទៅពូហំ។
នៅផ្ទះពូហំឯណេះវិញមានប៉ូលីសជាច្រើនទៅឡោមព័ទ្ធចាប់ពូហំ ប៉ុន្តែប្រពន្ធគាត់ប្រាប់ថាប្តីគាត់អត់មកផ្ទះ៤, ៥ថ្ងៃហើយ។ ពួកក្រុមប៉ូលីសក៏ត្រឡប់ទៅផ្ទះរបស់ថៅកែ ឃើញអ្នកទាំងពីរប្រកែកគ្នា ប៉ូលីសក៏សួរថា "នរណាជាចោរ?" យើងជាក្រុមនគរបាល ប្រាប់មុខចោរយើងមក យើងនឹងចាប់។ ពេលនោះអ្នកទាំងអស់គ្នាក៏ជ្រួលច្របល់ពូហំបានសារភាពថាគាត់ជាអ្នកបើកឡានបុកឡានរបស់អាហុងលី ប៉ុន្តែនេះគឺដោយសារថៅកែបញ្ជាឲ្យបុកដែរត្រូវតែចាប់ទាំងថៅកែ។ ថៅកែប្រកែកថាពូហំនិយាយកុហក ពេលនោះមានផានិត គង់ ទ្រី សុខមានជួយធ្វើជាសាក្សីឲ្យពូហំ។ ស្រាប់តែថៅកែបានអូសដៃប៉ូលីសទៅខ្សឹបប៉ូលីសក៏ចាប់ពូហំយកទៅក្រសួងនគរបាលដោយទុកឲ្យប្រពន្ធពូហំយំសោកបោកប្រាណអាណិតប្តី។ ទីបញ្ចប់មានសុខ គង់ ទ្រី និងផានីតក៏ត្រូវបានថៅកែដេញចេញឈប់ឲ្យធ្វើការងារនៅទីនោះ។
តួអង្គ
១. នាយ ផានីត អាយុ ១៧ឆ្នាំ ធ្វើការក្នុងហាងឡាន, ២. ពូ ហំ អាយុកណ្ដាលមនុស្ស តៃកុងឡាន, ៣. ថៅកែឡាន, ៤. នាង យ៉ាន ប្រពន្ធពូ ហំ, ៥. សុខ … កម្មករឡាន, ៦. មាន … កម្មករឡាន, ៧. គង់ … កម្មករឡាន, ៨. ទ្រី … កម្មករឡាន, ៩. ពួកក្រុមនគរបាល បីនាក់ (រឿងនេះប្រឌិតមានឡើងនៅទីក្រុងភ្នំពេញ)
និពន្ធដោយ៖ លោក ពៅ យូឡេង និងលោក អ៊ុំ ឈឺន
គ.ស.១៩៥៦