ក្បួនការពារអែករាជ្យ បានមកដល់ស្រុកមង្គលបុរី។ គឺនៅទីនេះហើយដែលព្រះនាងខត្ដិយាណីកែវមណីបំរុងសំរេចផែនការទីពីររបស់នាង គឺផែនការផ្ដាច់ជីវិតព្រះកំពុតជាអូវពុកមា រួមដៃជាមួយមេទ័ពកាមា និងសហជីវិនខ្លះដែលគេអាចរាប់អស់នឹងម្រាមដៃ មាននិលពេជ្រ និលអែក បក្សីជាដើម។
គឺចំនួនមនុស្សមួយក្ដាប់ខាងលើនេះហើយ ដែលសង្កត់ខ្មែររាប់ម៉ឺននាក់។ មួយថ្ងៃផុតទៅ ការតឹងតែងក្នុងស្រុកក៏ចេះតែរីកធំឡើង។ គំនិតជាន់លើសិរៈសារាស្រ្ដទាំងអស់ ដើម្បីឡើងខ្លួនអោយខ្ពស់ផុតគេផុតអែង ធ្វើអោយមនុស្សដែលចិញ្ចឹមគំនិតនេះ គិតចេះតែខុសប្រព្រឹត្ដចេះតែឆ្គង។ មើលហ៍។ ផែនការព្រះនាងមណីចេះតែអាក្រក់ទៅៗ អិតត្រើយ។ ក្នុងរាត្រីនោះ កញ្ញាអែកបានប្រជុំអស់សហជីវិន ដើម្បីអោយជនទាំងនេះទទួលកិច្ចបញ្ជាជាចុងក្រោយបង្អស់។
ក្នុងរាត្រីដដែលនេះ មានន្ទមហាចោរនៅទល់ដែនដែលធីតាឆើតស្មានថាស្លាប់ទៅហើយនោះ កំពុងទទួលទានបាយយ៉ាងស្ងប់ស្ងៀមស្រួលបួលជាមួយតាគីរីសុមេរុក្នុងផ្ទះតៀមតូចមួយ។ មានន្ទអង្គុយនៅមាត់បង្អួចដែលកាន់ភ្លៅមាន់បរិភោគយ៉ាងឆ្ងាញ់ពិសា។ នៅពីមុខផ្ទះតៀមនេះ គេហដ្ឋានមួយដ៏ស្ដុកស្ដម្ភអើតកំពស់ត្រដែតទៅក្នុងមេឃងងឹត។ យូរៗ មានន្ទបង្ហើបស្បែកបង្អួចចោលកន្ទុយភ្នែកទៅលើស្លាបព្រិលមាត់ទ្វារនៃគេហដ្ឋានដ៏ស្ដុកស្ដម្ភនោះ ដែលបិទជិតឃើញតែពន្លឺចង្កៀងជះលឹមៗមកខាងក្រៅ។ មានន្ទសួរតាសុមេរុថា:
មានន្ទសញ្ចឹងគិត ចងចិញ្ជើម។ បុរសនឹកដល់រាស្រ្ដអ្នកក្រដែលអត់ផ្ទះនៅ ក្មេងៗអត់សាលារៀន៘ អ្នកគ្រវីក្បាល! រួចគ្រវាត់ឆ្អឹងមាន់ប្រូសទៅលើក្ដារនិយាយថា
មានន្ទឈប់មើលទៅផ្ទះខាងមុខ បែរមកចាប់ពែងតែផឹកក្អឿក នៅធ្មឹងអិតមើលមុខតាគិរីឡើយ! តាគិរីបំរះខ្លួនទៅលើជើងម៉ាមួយវែងអុជខ្សៀបង្ហុយផ្សែងនិយាយថា
មានន្ទញញឹមស្លូត តែចុកណែនអស់ដើមទ្រូង មុខឡើងក្រហម តែបុរសស្ដាប់អិតប្រកែកឡើយ ដូចតទៅ :
តាគិរីលូករាវក្នុងហោប៉ៅយកសំបុត្រមួយបង្ហាញមានន្ទ។ មានន្ទស្ទុះភ្លែតទៅជិតតាគិរីប្រាថ្នាយកសំបុត្រនោះមកមើលភ្លាម។ តែតាគិរីរាដៃ
កុំអាលៗ ជារឿងសំខាន់ណាស់ !
សំខាន់យ៉ាងណា ខ្ញុំចង់ដឹង ?
គង់តែចៅបានដឹងទេ
សំបុត្រពីណាមក ?
គង់តែចៅបានដឹងទេ
និយាយពីអ្វី ?
គង់តែចៅបានដឹងទេ ! តែមុននឹងយកសំបុត្រនេះ សូមចៅសច្ចាអោយតាសិន !
សច្ចាយ៉ាងណា ?
សច្ចាថា មើលសំបុត្រនេះចប់ចុងចប់ដើម មានអារុក្ខទេវតាព្រះអិន្ទ្រ ព្រះព្រហ្មអារក្ស អ្នកតាបិសាច បង់បត់ជាសាក្សី
ខ្ញុំសច្ចា ! សច្ចាយ៉ាងណាទៀត?
សច្ចាថា មើលសំបុត្រនេះរួចអោយពិចារណា !
បាទ
អើ មើលចុះ
ថាតែប៉ុណ្ណោះ តាគិរីបោះសំបុត្រប្រូសលើតុ។ មានន្ទក្រសាវយកភ្លាមមកបើកឃើញអក្សរ។ បុរសស្គាល់ជាក់ជាអក្សរនាងទេវី។ បុរសរៀបគ្រវាត់សំបុត្រចោល តែតាគិរីធ្វើមុខស្មើបែបខឹង។ បុរសត្រជាក់អស់ខ្លួនប្រាណ រួចប្រឹងមើលសេចក្ដីដូចតទៅ :
ក្នុងព្រៃ ថ្ងៃ ១៥ កើត ខែបុស្ស គ.ស ១៨៦៧
លំទោនចំពោះបងមានន្ទជាទីគោរព
ក្នុងពេលដែលបងកំពុងមើលសំបុត្ររបស់ប្អូននេះ ព្រលឹងប្អូនកំពុងស្ថិតនៅក្នុងពពកនាស្ថានទេវលោក។ ក្នុងស្ថានថ្មីនេះ ប្អូនបានសុខសប្បាយក្រៃណា នឹង រកអ្វីមកផ្ទឹមពុំបានឡើយ។ ចោលកន្ទុយភ្នែកមកលើស្ថានមនុស្សវិញ ប្អូនសើច ព្រោះឃើញបងកំពុងហែលឆ្លងវដ្ដសង្សារដែលលំបាកដូចប្អូនបានហែលឆ្លងរួចមកហើយ។
ថ្ងៃមួយ ដល់បងដល់ត្រើយសុខដូចប្អូន បងនឹងឈរមើលអ្នកជាន់ក្រោយៗ ប្រវេប្រវាហែលឆ្លងដូចយើងទៀតមិនខាន រួចបងមុខជាសើចដូចខ្ញុំសើច នឹង បងក្នុងពេលនេះ។
អោ! ប្អូនថាបងកំពុងហែលឆ្លងសមុទ្រទុក្ខដូចប្អូនបានហែលឆ្លងនោះខុសទេ ព្រោះថាទុក្ខប្អូនខុសអំពីទុក្ខរបស់បងស្រលះ។ ទុក្ខប្អូន គឺទុក្ខស្នេហាលើរូបបង។
ក្នុងមួយជាតិនេះ ប្អូនបានទទួលស្នេហាតបពីបងវិញ តែត្រឹមថ្ងៃបងបែកពីប្អូនទៅច្បាំងប៉ុណ្ណោះទេ។ ចាប់ពីពេលដ៏អស្ចារ្យនោះមក គឺប្អូនមានតែទុក្ខរហូតដល់ដាច់ខ្យល់ស្លាប់។
ដោយប្អូនបានដល់ត្រើយសុខទៅហើយ ប្អូនខ្លាចអី នឹង រំលឹកល្បែងស្នេហាដែលប្អូនបានលេងជាមួយបង។ គឺថា ប្អូនបានស្គាល់ទិវាងងឹតបំផុតរបស់ស្រ្ដីកំព្រាព្រាត់ប្ដី។ បងនឹកឃើញទេ បងទៅច្បាំងប្អូនចាំៗៗ ចាំបាត់ៗ។ ប្អូនបីកូនចាំមើលផ្លូវបង។ ទឹកភ្នែកហូរៗ ជាថ្លុក ជាអូរ ជាស្ទឹង ជាទន្លេ ជាសមុទ្រ។ សំរេចបងមិនឃើញត្រលប់មកសោះ។
ថ្ងៃបងមកដល់។ ប្អូនស្មានថា ប្អូនផុតទុក្ខដែលធ្លាប់រួបរឹតប្អូនហើយ។ តែអិតដូច្នាះទេ បងមិនយល់ប្អូន បងខឹងនឹងប្អូនដោយគេចោទប្អូននោះជ្រុលពេក ហួសវិស័យប្អូន។
ប្អូនមិនបន្ទោសបងថា មិនចេះពិចារណាអោយវែងឆ្ងាយនោះទេ ពីព្រោះអីលូវនេះប្អូនដឹងច្បាស់ថា ធម្មតាមនុស្សតែងភាន់ច្រលំជានិច្ច។ ដល់ពេលក្រោយ ប្អូនពកូនតាមបង ដើម្បីទៅពន្យល់បង និយាយនឹងបង ថាបើរឿងពិតដែលប្អូនស្រលាញ់បងនោះ ពុំគាប់ចិត្ដបងទេពេលនោះប្អូនប្ដេជ្ញាថា ប្អូនសុំផ្ដាច់ជីវិត។ តែរកបងមិនឃើញសោះ។ ទុក្ខប្អូនក៏ចេះតែមានរាល់ថ្ងៃ រាល់ខែ រាល់ឆ្នាំទៀត។
ថ្ងៃមួយ មនុស្សម្នាក់បានជួយប្អូន និង បទុមកូនយើងអោយរួចពីកន្ដាប់ដៃកាមា។ មនុស្សដ៏សប្បុរសនេះ បាននាំប្អូនទៅរកបងអែឃុំថ្មី ស្រុកភ្នៀត ដោយបានជួយលាក់បំពួនប្អូនអិតអោយអ្នកណាដឹងឡើយ។ ពេញមួយឆ្នាំគត់ ប្អូនលបមើលឃើញតែគេអែទៀត អែរូបបងមិនដែលឃើញ។ ប្អូនក៏ចាប់ឈឺៗៗ អោឈឺត្រាតែ . . . ដូចបងជ្រាប។ នេះហើយពណ៌សមុទ្រដែលប្អូនហែល!។
ចុះពណ៌សមុទ្រដែលបងកំពុងហែលវិញនោះ យ៉ាងណា ?
ដំបូងបងហែលម្នាក់អែង គ្មានគូ! ចំនាប់មែន! ជាពិសេស ជីវិតបងជាជីវិតតស៊ូ តស៊ូ នឹង ធម្មជាតិ តស៊ូនឹងខ្មាំង តស៊ូនឹងកិច្ចការ។ ប្រសើរពេក។ ជីវិតបងខុសពីជីវិតអ្នកអែទៀត។ ទុក្ខរបស់បង គឺទុក្ខរបស់រាស្រ្ដខ្មែរ។ ក្ដីវេទនារបស់បង គឺក្ដីវេទនារបស់សង្គមខ្មែរ បងមានការធ្វើច្រើន។ គឺកិច្ចការនេះហើយ ដែលបំភ្លេចបងមិនអោយនឹកនាដល់ប្អូនដែលស្រលាញ់បង ហើយមិនអោយបងនឹកដល់ស្រ្ដីអែទៀត។ ដូចនោះ បងជ្រាបរឿងយើងហើយ! ប្អូនសូមលាហើយណាបងសំលាញ់។
អោ! បងភ័យក្រែងប្អូនចងពៀរ នឹង បងរឺ? ទេកុំភ័យដល់ថ្ងៃដែលមច្ចុរាជអញ្ជើញបងអោយចាកផុតស្ថានកណ្ដាល ថ្ងៃនោះប្អូនរង់ចាំទទួលបងមិនខាន។
នៅចុងក្រោយបំផុត ប្អូនសូមអោយបងមានជ័យជំនះក្នុងដំណើរការរបស់បងដើម្បីជាតិខ្មែរ ដើម្បីប្រទេសខ្មែរ និងដើម្បីប្រយោជន៍ខ្មែរ។
ដោយសេចក្ដីរាប់អានយ៉ាងខ្ពង់ខ្ពស់!
ទេវី
អានសំបុត្រនេះចប់ ទឹកភ្នែកពីរដំនក់ស្រក់ម៉ាត់ៗ ពីភ្នែកមានន្ទ។ តាគិរីនៅស្ងៀម។ មានន្ទខាំធ្មេញប្រឹងបង្ក្រាបតណ្ហាដែលត្រលប់មកគ្របដន្ដប់ខ្លួនវិញ។ តណ្ហានេះដែលក្រាបស្រពោនយូរមកហើយស្រាប់តែងើបផុសស្ទុះឡើងបីដូចទឹកដែលបាក់ទំនប់។ ទឹកនេះហូរខ្លាំងក្រៃណាខ្លាំង ធ្វើអោយវីរបុរសវិលក្បាលលឺសូរងឺង។ ហូតកូនកំបិតស្នៀតភ្នែត មានន្ធប្រឹងអស់ទំហឹងលើកបុកចុងដង្ហើមដោយអិតនិយាយមួយម៉ាត់ឡើយ។ កូនកាំបិតស្រាប់តែខ្ចាយផឹង របូតពីដៃធ្លាក់ទៅចំហៀងជាមួយកូនកាំបិតមួយទៀត។
តាគិរីញញឹមស្ងួត មើលមុខមានន្ទដែលញ័រអស់ទាំងខ្លួន។ តាគិរីក្រោកឡើងដើរមួយៗ ទៅរើសកូនកាំបិតរបស់គាត់ដែលគាត់បានចោលទៅ ត្រូវកូនកាំបិទរបស់មានន្ទ កាលមានន្ទលើកចាក់ខ្លួនអែង។ រួចគាត់រើសកូនកាំបិតមានន្ទកោរពុកមាត់ធ្វើព្រងើយ។ មានន្ទស្ទុះទៅទ្រោបលើពូកយំដូចកូនក្មេង លឺសូរឃឹកៗ គឺជាលើកដំបូងក្នុងមួយជីវិតនេះដែលយើងឃើញមានន្ទយំ។
តាគិរីដកដង្ហើមធំ យកថ្នាំញាត់ខ្សៀជាថ្មី អុជរួចបឺតខ្សៀយ៉ាងស្ងប់ស្ងៀម អោ! មានន្ទយំៗ មែន! ហេតុតែចិត្ដក្មេង! ចេះតស៊ូ ចេះមានចិត្ទទូលាយ ហ៊ានលះបង់បុណ្យសក្ដិទ្រព្យសម្បត្ដិ សេចក្ដីស្នេហា ចេះគិតរៀបចំអង្គការបដិវត្ដយ៉ាងល្អ ចេះមានប្រាជ្ញាវៃឆ្លាត ចេះគិតឃើញខុសត្រូវ អីលូវអំពើពាលរត់ចូលមកនាំដៃអោយធ្វើឃាតកម្មខ្លួនអែង! ហ៊ឹះ អស្ចារ្យមែន! ចិត្ដក្មេង! នាមឈ្មោះល្អក្រអូប បើធ្លោយពេលនេះអោយមោហ៍មកបាំងបាន អស់ហើយ! ចប់ហើយ! អស់កើតជាមនុស្សហើយ អស់ទៅជាខ្មែរស្នេហាជាតិហើយ!។
តាគិរីគ្រវីក្បាល មើលផ្សែងដែលហុយធ្លោមទៅលើ។ យូរមកតាគិរីនិយាយថា
ចៅ ! ក្រោកឡើង ធ្វើការយើងទៀត ។ យ៉ ! ទៅរវល់អីអារឿងប្រពន្ធកូននោះ។
ធ្វើការយើងទៀត! ពាក្យនេះចោទសួរយ៉ាងខ្ទរឆ្លើយឆ្លងក្នុងក្រអៅចិត្ដមានន្ទ។ សតិសម្បជញ្ញៈរបស់បុរសវិលត្រលប់មកវិញបន្ដិចម្ដងៗ។ សូរមាត់តាគិរីលឺទៀតថា
តាដឹងហើយថា ចៅនៅក្មេងចិត្ដខ្លាំង។ តែចៅតោងជ្រាបថា រឿងស្នេហាដែលយើងបានជួបប្រទះ គឺគ្រាន់តែធ្វើអោយយើងមានអនុស្សាវរីយ៍មួយ ដោយឡែកក្នុងចិត្ដយើងទេ។ កុំទុករឿងស្នេហាជារឿងសំខាន់អោយសោះ។ គ្មានបានការអីទេ ក៏ប៉ុន្តែយើងមិនត្រូវមើលងាយស្នេហាដែរ។ អែការដែលមានខ្លឹមសារពិតៗ គឺការដែលយើងកំពុងធ្វើអែណេះទេ! យើងកំពុងធ្វើការបដិវត្ដន៍! មក! ក្រោកឡើងបញ្ចប់ការងារយើងអោយស្រួល រួចដល់ថ្ងៃសេរីរបស់ជាតិយើង ចាំយើងដោះស្រាយរឿងស្នេហានេះអោយបានស្រួលទៀត។
មានន្ទក្រោកអង្គុយ ដាក់ដៃទាំងពីរលើក្បាលជង្គង់ភ្នែកហើម មុខស្លូតនិយាយស្ទើរខ្សឹបថា
ចៅខុសហើយ ! ទទួលខ្លួនខុសៗមែន
ឆ្លៀតអោកាសនោះ តាគិរីបន្ថែមថា
អឺ ! បើចៅទេវីក្បត់ចៅ ម្ដេចក៏នាងរត់តាមចៅ ? ឃើញទេ ? វាជាក់ស្ដែងណាស់ណ៎ា !
បាទ ! មែន ! ខ្ញុំខុសស្រលះ
មានន្ទខាំធ្មេញក្រឹកៗ នឹកដល់កាមា! បុរសស្ទុះភ្នែតទៅបើកកំណាត់ប៉ាក់ដែលបាំងបង្អួចមើលទៅគេហដ្ឋានដែលនៅពីមុខនោះទៀត។ មើលបណ្ដើរ បុរសនិយាយបណ្ដើរ
ហ៊ឹះ! អានិតស្រីពេក ! អូនស្លាប់បាត់ទៅហើយ ទើបអែងភ្ញាក់ខ្លួន ចាំទៅរកផ្នូរនាងសំពះស្មាលាទោសស្រី!
ទឹកភ្នែកពីរដំនក់ស្រក់ជាថ្មីទៀត។ បុរសហូតយកកូនកន្សែងញើសសំបោរ។ តាគិរីបង្ហុយខ្សៀទ្រមឹងដដែល ស្ដាប់បណ្ដើរផង ដកដង្ហើមធំផង។ មានន្ទនិយាយថា
ឈប់គិត !
តាគិរីបង្វែងរឿងទេវីចោល ដោយនិយាយថា
ចៅឃើញអ្នកណាខ្លះទៀត ចូលក្នុងផ្ទះនោះ ?
ឃើញកាមា ឃើញមេទាហានជាច្រើន !
ចុះចំពោះចៅ និង នាងកែវមណីយ៉ាងណាទៅ បានជាអីលូវបែបខ្វែងគ្នាម៉្លេះ ?
ហ៊ឹះ លោកតាអើយ ! ខ្ញុំទើបតែរួចពីជុចរបស់វាថ្មីៗ នេះអែង
ស្អីទៅជុចនោះ ?
ជុចណ៎ា លោកតា គឺជុចដូចគេដាក់ត្រីនោះណ៎ា ! ជុចនោះចំលែកណាស់ធ្វើអំពីរដែក មានទ្វារមួយដែលគេចូលទៅបាន រួចចេញវិញមិនបាន។ អ្នកនេសាទតែងយកជុចនេះទៅដាក់តាមច្រកដងអូរបង្កប់ក្នុងទឹក។ លោកតាមមិនដែលឃើញជុចទេ?
ហីមិនដែលឃើញ !
បាទ! គឺនៅបាត់ដំបង។ ខ្ញុំលបដើរតាមអូនមណី។ ដល់ផ្ទះមួយនោះខ្ញុំចូលទៅតាមគេ។ ស្រាប់តែចូលទៅឃើញមានទ្វារបីជាន់។ ដល់ទ្វារទីពីរ មានទឹកហូរដល់ទ្វារទីបី ទឹកលិចរកដើរទៅទៀតមិនរួច។ ខ្ញុំចេញមកវិញ។ ហ៊ឹះៗ ចេញអែណា ទ្វារបិទអស់រលីង។ ស្ទាបនាយស្ទាបអាយឃើញដែកប៉ុនៗមេដៃ។ បានជាស្ទាប ព្រោះងងឹតដូចយប់។ ដល់ពេលនោះហើយទើបខ្ញុំដឹងថា ខ្ញុំជាប់ជុចគេហើយ។ ខ្ញុំមុជទៅ បាតស្ទាប់រកផ្លូវចេញ តែឃើញដែកត្បាញជាក្រលាដូចជុចដដែល។ ខ្ញុំហែលទៅខាងចុង ចុងស្រួចរកច្រកគ្មានទៀត។ ខ្ញុំតោងដែកនៅតែទីនោះអែង រង់ចាំពេលស្លាប់។ អោ! លោកតាអើយ! សំណាងខ្ញុំណាស់ទឹកស្ទឹងវាស្រកយ៉ាងខ្លាំង ថាបើទឹកច្រើនបន្ដិច ខ្ញុំដាច់ខ្យល់ស្លាប់ហើយ។ តែអូនមណីនឹកស្មានថា ខ្ញុំស្លាប់ប្រាកដ ព្រោះប្រមាណបីថ្ងៃគត់ខ្ញុំអត់បាយផឹកតែទឹក។
ចៅធ្វើម៉េចទៅបានចេញរួចពីជុចចង្រៃនោះ ?
ឈប់! ឈប់! ចាំខ្ញុំនិយាយអោយអស់។ ខ្ញុំស្ទាបសព្វកន្លែងមិនឃើញមានច្រកចេញសោះ។ ខ្ញុំគិតកាច់ដែក តែកាច់មិនកើតខ្ញុំគិតកាប់ដែកនឹងដាវខ្ញុំតែកាប់មិនកើតទៀត ខ្ញុំក៏លះបង់គំនិតតស៊ូ។ មិនអស់ចិត្ដនឹងមកស្លាប់ខ្លួនទទេ ខ្ញុំមុជរាវរកផ្លូវចេញទៀត។ តែម្ដងនេះខ្ញុំប៉ះខ្មោចមួយ។ អៃយ៉ា! ខ្មោចទេតើខ្ញុំព្រឺខ្លួនខ្ញាកៗ នឹកថា បន្ដិចទៀតខ្ញុំទៅជាខ្មោចដែរ។
ធ្វើយ៉ាងម៉េចទៅបានចេញរួច ?
ងាយណាស់ខ្ញុំចេញតាមខ្មោច !
តាមខ្មោច ?
បាទ! ដល់ចុងក្រោយបំផុត ខ្ញុំគិតស្រែកអោយគេលឺដើម្បីអោយគេសំលាប់ខ្ញុំទៅ តែស្រែកគ្មានអ្នកណាលឺ។ ខ្ញុំអិតនឹកឃើញថា ខ្ញុំចេញតាមខ្មោចទេ តែអូនស្រីនឹកឃើញខ្មោច ពីព្រោះមិនមែនស្រួលទេដែលនាងដេកលើខ្មោចនោះ។ អាស្រ័យហេតុនេះហើយបានជាអូនមណីនឹកថា បើខ្មោចជាប់គុកត្រូវតែដោះលែងខ្មោចវិញ។ រួចលែងខ្មោចរបៀបណា ? ដោយថ្ពក់ទាញម្ដងៗ ? ទេ! ទេ! អូនមណីជាស្រីឆ្លាតណាស់។ ខ្មោចស្អុយ! ស្រីមិនចាំបាច់ថ្ពក់ទាញអោយប្រលាក់ដៃទេ។ ស្រីបើកជុចអោយខ្មោចអណ្ដែតទៅតាមខ្សែទឹកជាការស្រេច។ ខ្ញុំៗ អោបខ្មោចទៅតាមខ្សែទឹកទៅ ងាយទេ លោកតា! បាទងាយណាស់! ខ្ញុំធ្វើជាខ្មោចទៅ រួចខ្ញុំបានរួចខ្លួនដូចខ្មោច។
លោកតា អីលូវដល់ពេលយើងចេញទៅក្រៅហើយ
ទៅណា ?
ទៅ ៗ ! ភ្លាមៗ កុំបង្អង់
ជនទាំងពីរក៏សៀតកាំបិតស្នៀតរៀងខ្លួន ដើរចេញពីបន្ទប់ផ្ទះ តៀមនោះទៅ !។ លុះទៅដល់ផ្លូវតូចមួយដែលងងឹតស្លុង មានន្ទអែបខ្លួន នឹងគល់ឈើមួយ តាគិរីអែបនៅគល់ឈើម្ខាងទៀត។
មានន្ទនិយាយតិចៗថា
យើងចាំវានៅទីនេះហើយ ! មិនយូរទេ វាមកដល់អីលូវ!
អ្នកណា ?
គឺអាដារានោះណ៎ា !
អោ ! អាដែលតែងនិយាយថា វាសងសឹកអោយបាននោះរឺ?
បាទ ! សងសឹកអាកាមា
អឺ ! តានឹកឃើញហើយ វាថាវាសងសឹកដោយកាត់ដៃ កាត់ជើងអាកាមាមែនទេ?
បាទ ! ដោយសំលាប់ឪពុកខ្ញុំ !
តាគិរីព្រឺខ្នងខ្ញាកៗ មានន្ទបន្ដទៀតថា
លោកតាងឿងឆ្ងល់អី ការជាតិជាការជាតិ អែការគ្រួសារជាការគ្រួសារ។ ឪពុកខ្ញុំជាឪពុក។ ព្រះកំពុត ជាព្រះកំពុត។ តែក្នុងពេលនេះ យើងចាប់អាដារាអោយបាន ព្រោះព្រះកំពុតត្រូវរស់មួយគ្រាសិន។ កុំទាន់អាលអោយគាត់ស្លាប់ ថាបើគាត់ស្លាប់ក្នុងពេលនេះ មុខជាអំណាច បានទៅដៃអាកាមា និង អូនមណីមិនខាន។ សព្វថ្ងៃព្រះកំពុតមិនធ្វើឃោរឃៅខ្លាំងលើយើង បានជាអាកាមាចង់សំលាប់ចោល
ចៅដឹងរឿងនេះពីណាមក ?
ខ្ញុំមានរនុកក្នុងមាំណាស់។ នៅជាមួយអូនមណី មានស្រីម្នាក់អោយការខ្ញុំ។ ផែនការគេមានបីយ៉ាង អីលូវកំពុងសំរេចផែនការទីពីររបស់គេ។
អ្នកណា ?
នាងមាលាកូនពូអុត្ដុង្គ
អូ !តាស្គាល់ហើយ
នោះលោតា! វាចេញមកហើយ! ក្នុងគ្រានេះយើងកាន់ភ័ព្វវាសនាជាតិ និងប្រជារាស្រ្ដយើង។ លោកតាឃើញអាដារាទេ ដែលដើរមករកយើង។ បើយើងចាប់វាមិនបាន វាទៅធ្វើឃាតកម្មហើយ គឺស្អែកព្រឹកព្រះកំពុតត្រូវវាសំលាប់ រួចស្អែកអាកាមាឡើងកាន់អំណាច។ លោកតាឃើញទេ នោះហើយវាសនារាស្រ្ដខ្មែរដែលកំពុងដើរ។ កាយវិការតែមួយរបស់យើងដែលមិនបានសំរេច កម្ពុជាមុខជាផ្លាស់ទឹកមុខមិនខាន។
តារាដើរមកដល់ មានន្ទផ្អឹបខ្លួនទៅនឹងដើមឈើ តាគិរីភ័យញ័រចុងដៃ មានន្ទស្ទុះភ្លែតទៅទះស្មាដារា
អ្ហេ ! មិត្ដនិយាយគ្នាពីបីម៉ាត់សិន !
ដារាឈប់
លោកគ្រូ ! អោ ! ទៅណាមកណាទាំងយប់នេះ ?
ចង់និយាយជាមួយដារាអែង នៅកន្លែងស្ងាត់មួយ
អត់ទោសលោកគ្រូ ! យប់នេះខ្ញុំចង់តែនិយាយជាមួយទេវតាប៉ុណ្ណោះអែង
មានន្ទកៀកដៃដារាជាប់ តាគិរីដើរម្ខាង មានន្ទសើចសប្បាយផងនិយាយថា
នែហ៍ ! ម៉េចក៏ដារាអែងមិនសុខចិត្ដជជែកលេងបន្ដិចជាមួយមិត្ដភក្ដិនោះ ?
ដារាធ្វើសញ្ញាថា ទទួលភារៈនេះ ហើយជនទាំងបីក៏ដើរតំរង់ទៅបន្ទប់ផ្ទះតៀមដែលមានន្ទជួល
អង្គុយជុំវិញតុ ពីមុខពែងតែ មានន្ទនិយាយថា
ទឹកតែនេះនូវក្ដៅៗ អែចិត្ដកក់ក្ដៅដូចទឹកតែ ព្រោះពេលនេះខ្ញុំបានឃើញមិត្ដម្នាក់ គឺដារានេះអែង។ ក្នុងជីវិតកំសត់របស់ខ្ញុំ ក្នុង ពេលដែលខ្ញុំអស់សង្ឃឹមកាលណាខ្ញុំឃើញថា លើលោកនេះខ្ញុំមានតែម្នាក់អែងមួយ គឺដារាអែងហើយដែលខ្ញុំនឹកដល់។ ខ្ញុំដែលមិនចេះនឹក ទោះអូវពុកក្ដី ប្រពន្ធកូនក្ដី ខ្ញុំហាក់ដូចមានចិត្ដចន្លោះតែមួយ គឺនឹកដារាអែង។ ដារាជឿទេ ?
ដារាងក់ក្បាល
ជឿណាស់ លោកគ្រូ! បាទខ្ញុំជឿ ព្រោះគឺលោកគ្រូហើយដែលថ្ងៃនោះបានចង្អុលប្រាប់ផ្នូរខ្មោចម្ដាយខ្ញុំ។ តាំងពីថ្ងៃនោះមក វង់ មុខលោកគ្រូស្ថិតជានិច្ចក្នុងវិញ្ញាណខ្ញុំ។ អីលូវនេះ គឺយប់នេះមិនគួរណាឡើយខ្ញុំមកជួបមុខលោកគ្រូទេ។ យប់នេះជាយប់ទីបំផុតនៃជីវិតខ្ញុំ ព្រោះវេលាដែលកល្លិយុគមួយយ៉ាងអស្ចារ្យ ជិតដើរមកដល់ហើយ ប្រហែលជាមានទេវតានាំផ្លូវលោកគ្រូដែលជាបុរសតែមួយ ដែលខ្ញុំស្រលាញ់មកអោយជួបខ្ញុំ មើលទៅ ! លោកគ្រូ ! ខ្ញុំចង់សងសឹកមនុស្សដែលសំលាប់ម្ដាយខ្ញុំណាស់។
អឺ! មែន អាកាមាវាស្រលាញ់ម្ដាយដារាអែងមិនបានដូចចិត្ដវា ៗក៏សំលាប់ទៅ អភ័ព្វណាស់ដារាអែង មិនបានទាន់ដង្ហើមគាត់។ មានតែខ្ញុំទេដែលបានទទួលពាក្យបណ្ដាំរបស់គាត់មកដារាអែង។ អីលូវគាត់សំរាកក្នុងសន្ដិភាពហើយ។
ដារាដាក់មុខយំឃូរៗ មួយស្របក់ ទើបនិយាយថា
លោកគ្រូ ! នាំអោយខ្ញុំនឹករឿងមួយដែលខ្ញុំខាំធ្មេញជានិច្ច ស្អែកនេះម្ដាយខ្ញុំ បានខ្ញុំសងសឹកជួសហើយ !
ដារាអែងសំលាប់កាមា ?
ទេ ! ហាសៗ ! ទេ សំលាប់អូវកាមា ដើម្បីអោយកាមាវេទនាតែលតោលម្នាក់អែង ដូចខ្ញុំដែលតែលតោលមកហើយនេះ
អ្នកណាអោយសំលាប់ ?
ព្រះនាងមណី។ គឺជាការសំងាត់មួយដែល មានតែអាទិទេពទើបដឹងមនុស្សក្បាលខ្មៅដូចយើង មិនដឹងការសំងាត់នោះទេ។ បាទ! លោកគ្រូស្អែកខ្ញុំសំលាប់ព្រះកំពុត ស្អែកសត្រូវលេខមួយរបស់លោកគ្រូដែលមិនហួសពីអូវពុកលោកគ្រូ ត្រូវខ្ញុំសំលាប់ជួសលោកគ្រូ ហើយ ដើម្បីសងសឹកជូនលោកគ្រូទៀត។
ត្បិតតែដារាអែង បាននិយាយការសំងាត់នេះប្រាប់ខ្ញុំហើយអីលូវ សូមប្រាប់ខ្ញុំមើល តើដារាអែងបំរុងធ្វើយ៉ាងណា ដើម្បីសំលាប់នេះ?
ដារាគិតសញ្ជឹងបន្ដិច
ខ្ញុំមិនឃើញថា មានប្រយោជន៍អ្វីទេ បើខ្ញុំលាក់របៀបសំលាប់នោះមិនអោយលោកគ្រូដឹង។ ស្អែកម៉ោងដប់ នៅចំពោះមុខព្រះសង្ឃសូត្រជយន្ដោត្រង់កន្លែងផ្សារកណ្ដាលវាល។ ព្រះកំពុតមកស្ដាប់ព្រះសង្ឃជយន្ដោដែរ អង្គុយបែរមុខទៅខាងកើត។ ខ្ញុំទទូរសំពត់ស ស្លៀកស ពាក់ស ធ្វើជាអាចារ្យចុះមកពីលើមេឃស្រោចទឹកអោយពរជ័យដល់ព្រះកំពុត។ ក្នុងពេលស្រោចទឹកនេះខ្ញុំ . . . ហូតកាំបិតចាក់សំលាប់ ព្រះកំពុត។
ហេតុម៉េចក៏ចាំទទូផង ?
បើមិនទទូរ គេស្គាល់ខ្ញុំហើយ !
ងាយមែន ! តែដារា ខ្ញុំស្នើសុំខមួយពីដារាអែង
ដារារីករាយឆ្ការដៃ និយាយថា
គឺជាកិត្ដិយសមួយដ៏ខ្ពង់ខ្ពស់របស់ខ្ញុំ ដែលមុននឹងស្លាប់បានបំរើមិត្ដម្នាក់ដូចលោកគ្រូនេះ។ មានប្រសាសន៍មកចុះលោកគ្រូ! ខ្ញុំជូនបាន បើខ្ញុំអាចជូនបាន!
ខ្ញុំត្រូវការអោយព្រះកំពុតរស់សិន ! ខ្ញុំសុំជីវិតព្រះកំពុត !
ដារាឡើងស្លាំងរអូរថា
លោកគ្រូត្រូវការអោយព្រះកំពុតរស់សិន ?
ពីព្រោះ បើព្រះកំពុតស្លាប់ក្នុងពេលនេះ ខ្មែរច្រើនណាស់ដែលត្រូវស្លាប់ រួចកាមាម្នាក់អែងរស់ !
ដារាបើកភ្នែកធំៗ
ម៉េចក៏ដូច្នោះ ?
ព្រោះអំនាចទាំងប៉ុន្មានមុខជាវាធ្លាក់ទៅក្នុងដៃកាមាដែលជាអ្នកសំលាប់ម្ដាយរបស់ដារាអែង!
ដារាអោនមុខជ្រប់ ខាំធ្មេញ រួចងើបមើលមុខមានន្ទចងចិញ្ចើម ហើយបើមានន្ទត្រចៀកទិព្វ មានន្ទអាចលឺពាក្យដូចខាងក្រោមនេះមិនខាន
លោកគ្រូសុំជីវិតព្រះកំពុត? លោកគ្រូសុំអញ្ចឹង ? តែការសងសឹក . . . សេចក្ដីស្នេហា . . . ព្រះនាងខត្ដិយាណីដ៏ល្អអស្ចារ្យក្នុងលោក ស្ត្រីឆ្នើមរង់ចាំខ្ញុំយប់ស្អែកលើពូកស្អាតសាច់សស្គុស មុខស្រស់ចំនាប់ ដើម្បីជារង្វាន់ដល់ខ្ញុំ។ អីលូវលោកគ្រូសុំកុំអោយខ្ញុំស្គាល់កាមរាគ នឹងឆោមស្រស់នេះ ?
ចំបាំងមួយយ៉ាងធំកំពុងតយុទ្ធគ្នាក្នុងទ្រូងដារា រួចនៅចុងបំផុតដារា ពោលតិចៗថា
ស្អែកព្រះកំពុតរស់
មានន្ទសប្បាយចិត្ដយ៉ាងក្រៃអនេកនឹងពាក្យនេះ
រឿង៖ មហាចោរនៅទល់ដែន (២៤ភាគ)
01. ខ្លាបាក់ចង្គូម 02. បងប្អូនពីរនាក់ 03. រាត្រីស្ងាត់ 04. សពស្នេហា 05. បណ្តាំបង 06. ភ្លើងរាគះ 07. បាត់កូន 08. ត្រឡប់ពីច្បាំង 09. រត់តាមប្តី 10. ស្តេចខ្ញាល់ 11. តដៃដោះខ្លួន 12. អាសន្នធំ 13. វាយផ្តាច់ព្រ័ត្រ 14. ព្រះនាងខត្តិយាណី 15. ទារុណកម្ម 16. រំដោះអ្នកស្នេហាជាតិ 17. ស្នេហាលើទូក 18. ថ្កើងត្រង់ណា 19. ចាញ់កល់ស្នេហា 20. នារីទុគ៌ត 21. ក្បួនការពារឯករាជ្យ 22. បាត់ខ្លួនទៅណា 23. ផែនការសម្ងាត់ 24. ជោគជ័យ