Telegram Channel
Youtube Channel
Online TV

ថៅកែចិត្តចោរ

រឿង៖ ថៅកែចិត្តចោរ (៧ឆាក)
ឆាកទី១. ផានីត និងតៃកុង ឆាកទី២. ផានីត-ហំ-ថៅកែ ឆាកទី៣. ផានីត-កម្មករ-សុខ-មាន-ទ្រី-គង់ ឆាកទី៤. ផានីត-ថៅកែនិងតៃកុង ឆាកទី៥. មនុស្សដដែលថែមនាងយ៉ាង(ប្រពន្ធពូហំ) ឆាកទី៦. មនុស្សដដែលថែមកម្មករ-សុខ-ទ្រី-មាន-គង់ ឆាកទី៧. ទាំងអស់គ្នាថែមពួកក្រុមនគរបាលចូលមក(ចប់)

ឆាកទី៥. មនុស្សដដែលថែមនាងយ៉ាង(ប្រពន្ធពូហំ)

មនុស្សដដែលថែមនាងយ៉ាង(ប្រពន្ធពូហំ) នាងយ៉ាន ដើរចូលមកដោយយំបណ្ដើរចូលមកឃើញថៅកែមុនមិនទាន់ឃើញប្ដីនាងទេ
  ឱ!ព្រះតេជគុណម្ចាស់អើយ! ជួយ ខ្ញុំផងចុះរឿងអ្វីបានជាបាត់ប្ដីខ្ញុំមិនឃើញមកផ្ទះហើយស្រាប់តែមានលឺពួកគិញមកព័ទ្ធផ្ទះខ្ញុំ(យំ)។
  ថៅកែ : ឃើញទេអាហំអញនិយាយអាឯងមិនជឿ
  នាងយ៉ានក៏ឃើញប្ដីខ្លួន : យី! ពុកវា! តើមានរឿងអ្វីប្រាប់ខ្ញុំឱ្យដឹងផង។
  ហំ : តើពួកគិញគេមកធ្វើដូចម្ដេចខ្លះ?
  យ៉ាន : ខ្ញុំ កំពុងតែជាត់បាយម៉ែគាត់ទើបនឹងមកពីវត្តមីកាទូចកំពុងរៀបចំ សៀវភៅចាស់ៗរបស់វាស្រាប់តែលោកមួយសួរខ្ញុំថានែអ្នក តៃកុងហំ ទៅណា? ខ្ញុំថា:លោកអើយបាត់តាំងពីព្រឹកម្សិលមិនទាន់ឃើញត្រលប់មកផ្ទះ វិញផងខ្ញុំមិនដឹងដែរ។ លោកទាំង នោះក៏មើលសម្លឹងចោលភ្នែកពេញខ្ទមយើង រួចលោកម្នាក់ទៀតសួរទៅម៉ែថា៖ លោកយាយ ក្រែងបានដឹងថាតៃកុងហំ នៅឯណាដែរឮម៉ែលើកដៃសំពះហើយនិយាយថា: ចាស់ទេ យកព្រះពុទ្ធធ្វើជាប្រធានខ្ញុំមិនបានដឹងទេ។ ពួកអស់លោកក៏ថយ ទៅវិញទៅ កាទូចលបមើលថាឃើញឡើងឡានហ្ស៊ីបទៅ។ ពួកជិតខាងក៏មករោមយើងអ៊ូ សួរថាពួកគិញមករកចាប់អ្នកហំ ហើយ។ ឱ្យពុទ្ធោអើយតើឪវាឯងទៅធ្វើ អ្វីនរណា?
  ថៅកែ : ខ្យ៉ានអើយ! អាហំវាឆ្កួតហើយវាចង់ជាប់គុកវាចង់ងាប់អញអាណិតវាអញប្រាប់វាថាឱ្យវាគេចខ្លួនទៅវាមិនព្រម។ បន្តិច ទៀតពួកគិញអូសក្បាលពីកន្លែងនេះហើយបើវានៅរឹងទទឹងអញដូចនេះ។
  យ៉ាន : ចុះរឿងអ្វី! មានរឿងអ្វីបានជាគេចាប់?
  ថៅកែ : វាស្រវឹងឆ្កួតបើកឡានបុកឡានថៅកែហុងលីពីម្សិលដោយមានគ្រោះថ្នាក់ស្លាប់អ្នកជិះដល់ទៅ៣នាក់។
  យ៉ាន : ឱពុទ្ធោអើយ! ដាច់ខ្យល់ស្លាប់ទៅល្អជាជាង។ ចុះឥលូវត្រូវធ្វើដូចម្ដេច?
  ថៅកែ : ធ្វើម្ដេច! ថាឱ្យវាគេចសិនឱ្យតែរួចមួយគ្រាសិនទៅ។ អញនឹងវែកផ្លូវទៅទៀតហើយអញក៏មិនមែនធ្មេចភ្នែកមិនមើលខុសត្រូវ លើខ្យ៉ានឯងយាយចាន់និងកាទូចដែរ។
  យ៉ាន : ចុះឱវាបើថៅកែគាត់មានប្រសាសន៍ដូចនេះហើយនៅចាំធ្វើស្អីទៀតក៏ស្ដាប់មិនបាន។
  ថៅកែ : អាហំឥលូវប្លែកណាស់។
  យ៉ាន : ឪវា!ខ្ញុំអង្វរថៅកែចុះតែជាប់គុកហើយឈ្មោះយើងមិនល្អទេ។ គេឯងជិតខាងគេធ្លាប់ស្គាល់យើងគេថា៖ ន!កូននេះឪពុកវា ជាប់គុកហើយ។ កូនយើងដែលទៅរៀនគេថាន៎!កូននេះឪវាជាប់គុកតើឱ្យគ្នាយកមុខទៅទុកឯណា? ម៉ែបើគាត់ជ្រាបរឿងនេះ ហើយគាត់នឹងព្រួយដាច់ខ្យល់មិនខាន។ ជាប់គុកលោតែគេបណ្ដើរឱ្យឯងមកធ្វើការជាប់ខ្នោះដៃស្លៀកខៀវពាក់ខៀវខ្ញុំខ្មាស់ ដាច់ខ្យល់ហើយ។ ថៅកែគាត់និយាយយើងតោងស្ដាប់តោងតាមគាត់ដែលស្រលាញ់យើងគាត់ចង់តែឱ្យយើងបានស្រួលម្ដេចក៏ ឪវាមិនព្រមធ្វើតាមកុំឈប់នៅស្ងៀមគិតមើលឱ្យមែនទែនអណិតកេរ្ត៍ឈ្មោះកូនស្រីអាណិតម្ដាយអាណិតខ្ញុំ។ ស៊ូឱ្យបែកព្រាត់ ប្រាស់កុំឱ្យមានឮថាជាប់គុកពូជយើងក្រមែនតែគ្មាននរណាដែលជាប់គុកទេ។
  ថៅកែ : ហ៏ខ្យ៉ានយក៣០០៛ទៅ! ហង១០០ យាយចាន់១០០ មីកាទូច១០០។
  ហំ : កុំយក! កុំធ្វើថោករស់ដោយសារគេដាក់ទាននោះ!
  ថៅកែ : ខ្យ៉ានហងជួយស្ដាប់មើលសំដីវា។ រស់តាំងពីនោះមកដោយសារអ្នកណាបើមិនដោយសារអញ? យក៣០០ទៅខ្យ៉ានអញ ធ្វើបុណ្យ។
  ហំ : កុំ!កុំព្រមទទួលបុណ្យពីមនុស្សបាប។
  យ៉ាន : ឪវាឯងថាអ្វីអញ្ចេះថៅកែគាត់ជាអ្នកមានគុណលើយើង។
  ថៅកែ : ហងលឺនឹងត្រចៀកហងស្រាប់ហើយតិចលោថាអញបញ្ចេះណា។
  យ៉ាន : ចាស៎! ខ្ញុំក៏ឆ្ងល់ណាស់ដែរ។ ចុះគេខឹងថៅកែពីរឿងអ្វីរហូតដល់ដាក់ទានលុយកាក់មិនឱ្យយក? មានតែឯងខំរកលុយឱ្យបានច្រើន ហូរហៀរមកកុំបានព្រឹកខ្វះល្ងាចគ្មានអង្ករប្រចាំពាងគ្មានសំពត់អាវសំរាប់ផ្លាស់? គ្មានអ្វីជាទៀងទាត់សំរាប់ទ្រទ្រង់ជីវិតសោះ។
  ហំ : កុំយកមកនិយាយវែងពេកទៅផ្ទះទៅអីទៅ!
  យ៉ាន : ឪវា! ខ្ញុំលែងយល់ឯងហើយ!
  ហំ : យល់ឫមិនយល់ទៅផ្ទះទៅរឿអញស្រេចនឹងអញឯងកុំចេះដឹងអ្វី។
  យ៉ាន : ខ្ញុំមិនទៅទេ។
  ហំ : នែនិយាយឱ្យចេះស្ដាប់ឯងមិនបានដឹងរឿងក្នុងកុំមកធ្វើជាចេះដែរ។
  យ៉ាន : អាងអ្វីអាងតែគេមិនដឹងរឿង។ ឯងអ្នកចេះដឹងម្ដេចក៏ធ្វើឱ្យថៅកែពិបាកដោយសារ?
  ហំ : មីនេះគំនិតខ្ញុំគេក្រាស់ណាស់ជ្រៅណាស់។
  យ៉ាន : (យំកាន់តែខ្លាំង)បើខ្ញុំគេក៏វាមិនអីដែរកុំឱ្យតែជាប់គុក។
  ហំ : យី!មីនេះ! (ខឹងច្រឡោត)
  ផានីត : ពូហំ! ពូហំ! កុំច្រឡោតបើមីងគាត់ល្ងង់កុំយកសេចក្ដីល្ងង់ទៅតប។
  ថៅកែ : អាផានីតអាឯងចេះដឹងអ្វីដែរ? រឿងអាឯងគិតតែបូកលុយទៅ។ តិចអញដេញចោលឱ្យឈប់ធ្វើការឥលូវ។
  ផានីត : បូកលេខមិនកើតទៀតទេ! វាច្រលំខ្ទង់អស់ហើយឯងថាត្រូវស្រាប់តែខ្ទង់គេថាខុសទៅវិញ។ ក្បួនដែលគេបង្រៀនខ្ញុំឯសាលា ទាំងប៉ុន្មានយកមកប្រើក្នុងជីវិតនេះមិនត្រូវសោះ។ ក្បួនប្រាប់ថាធ្វើនេះ ”ល្អ” ជីវិតថា “ឆោត” ក្បួនថា “ចេះ” ជីវិតថា “ល្ងង់” ក្បួនថា “ទាប” ជីវិតថា “ខ្ពស់។
  ថៅកែ : អាផានីតឈប់និយាយអញដេញអាឯងឱ្យឈប់ធ្វើការឥលូវហើយ។
  ផានីត : មិនចាំបាច់ថៅកែដេញចោលទាន់ទេខ្ញុំឈប់មុនហើយព្រោះច្រមុះវាមិនចៀបខ្ញុំទ្រាំនៅជិតគំរង់មិនបានឡើយ។
  ថៅកែ : អាផានីត…អាផានីត…
  ផានីត : មានការអ្វីថៅកែ? ……………………………….
រឿង៖ ថៅកែចិត្តចោរ (៧ឆាក)
ឆាកទី១. ផានីត និងតៃកុង ឆាកទី២. ផានីត-ហំ-ថៅកែ ឆាកទី៣. ផានីត-កម្មករ-សុខ-មាន-ទ្រី-គង់ ឆាកទី៤. ផានីត-ថៅកែនិងតៃកុង ឆាកទី៥. មនុស្សដដែលថែមនាងយ៉ាង(ប្រពន្ធពូហំ) ឆាកទី៦. មនុស្សដដែលថែមកម្មករ-សុខ-ទ្រី-មាន-គង់ ឆាកទី៧. ទាំងអស់គ្នាថែមពួកក្រុមនគរបាលចូលមក(ចប់)