Telegram Channel
Youtube Channel
Online TV

ថៅកែចិត្តចោរ

រឿង៖ ថៅកែចិត្តចោរ (៧ឆាក)
ឆាកទី១. ផានីត និងតៃកុង ឆាកទី២. ផានីត-ហំ-ថៅកែ ឆាកទី៣. ផានីត-កម្មករ-សុខ-មាន-ទ្រី-គង់ ឆាកទី៤. ផានីត-ថៅកែនិងតៃកុង ឆាកទី៥. មនុស្សដដែលថែមនាងយ៉ាង(ប្រពន្ធពូហំ) ឆាកទី៦. មនុស្សដដែលថែមកម្មករ-សុខ-ទ្រី-មាន-គង់ ឆាកទី៧. ទាំងអស់គ្នាថែមពួកក្រុមនគរបាលចូលមក(ចប់)

ឆាកទី១. ផានីត និងតៃកុង

គេឃើញផានីតនៅក្មេងរាងស្គម កំពុងកត់ត្រាចុះដាក់បញ្ជីសៀងភៅធំមួយទើបពូហំចំណាស់ពាក់កណ្ដាលមនុស្សដើរចូលមកលប។ជនទាំងពីរឃើញគ្នាសម្លឹងគ្នាយូរបន្តិចទើបពូហំនិយាយ
  ពូហំ : លោកក្មួយមានរឿងអ្វី បានមើលពូតាំងពីក្បាលដល់ចុងជើងហាក់ដូចជាយើងមិនដែលស្គាល់គ្នា?
  ផានីត : ពូក្រែង…ក្រែងឡានពូ…
  ហំ : ថៅកែនៅហ្នឹងឬទេ?
  ផានីត : ចេញបាត់តាំងពីព្រលឹមម្ល៉េះ
  ហំ : យី!ថ្មើរម៉ានទៅគាត់ត្រឡប់វិញពូមានរឿងប្រញាប់ជាមួយនឹងគាត់ផង។
  ផានីត : មើលទៅបន្តិចទៀតគាត់នឹងអញ្ជើញមកវិញហើយ។
  ហំ : ចុះពួកអាដែងអស់នោះកំពុងតែរៀបចំធ្វើឡានអាផាគោរី?
  ផានីត : បាទ!
  ហំ : ទៅមើលពួកអាដែងអស់នោះមួយភ្លែតសិន!
ដើររួចទុចវិញ
  ណ្ហើយកុំឱ្យវាឃើញមុខនាំពិបាកចិត្តទេ។
  ផានីត : អញ្ជើញអង្គុយទៅពូ (ពូហំធ្វើតាម)
  ខ្ញុំឡើងទៅផ្ទះសិន
ផានីតក៏ដើរយ៉ាងលឿនចេញពីទីនោះហាក់ដូចជាខ្លាចមិនហ៊ានអង្គុយ ជាមួយតៃកុង។
  ហំ : លោកក្មួយកុំទៅណាអង្គុយនៅនេះហើយឱ្យបានពីរនាក់គ្រាន់បានជាគ្នា
ផានីតក៏ត្រឡប់មកអង្គុយវិញតែធ្វើជាបើកសៀវភៅ ធ្វើការ តៃកុងឡានជក់ខ្លះហួចខ្លះច្រៀងខ្លះទើបនិយាយថា:
  យី! ចំតែម្ដងហើយថៅកែទៅណាក៏ក្រមកម្ល៉េះ។ លោកក្មួយមាន លឺនរណាគេនិយាយថាអ្វីពីខ្ញុំទេ?
  ផានីត : លឺគេនិយាយតែរឿងហ្នុង?
  ហំ : រឿងស្អីរឿងហ្នុង!
  ផានីត : រឿងពីម្សិលនុះណា! ថាលោកបើកឡានទៅជល់ឡានអុងប៉ាងហុងលីស្លាប់មនុស្សអស់៣នាក់និងមានរបួសជាច្រើន។
  ហំ : រួចដូចម្តេចទៀត?
  ផានីត : ថាលោកពូរត់បាត់។ ឥលូវ…រាជការប្រកាសឱ្យគេរកចាប់ខ្លួនមានទាំងផ្សាយតាមវិទ្យុផងថាបើនរណាឃើញរូបលោកពូឱ្យទៅ ជម្រាបរាជការ។ ចុះពូឯងមកធ្វើអ្វីកន្លែងនេះតិចគិញមករកមើលម្ដេចមិនគេចឱ្យបាត់ខ្លួនទៅ។
  ហំ : (សើច) មុខតែគេចហើយតែធ្វើម្ដេចឱ្យបានជួបថៅកែបើកលុយសិន។
  ផានីត : ប្រាក់ខែបន្តិចបន្តួចពូអើយកុំស្តាយ។ ចាំទៅៗតិចមានគ្រោះថ្នាក់ធំបើលោកស្ដាយពូត្រូវការលុយធ្វើសាហ៊ុយខ្លះខ្ញុំជូនខ្លះ បាន
ផានីតហូតកាបូបលុយចង់រាប់លុយឱ្យតៃកុងខ្លះ ហំរាដៃមិនព្រមទទួលលុយ
  ទុកចាយចុះលោកក្មួយពូមានហើយ។ លោក ក្មួយឯងមុននឹងមកធ្វើការនៅទីនេះនៅឯណាពីមុន?
  ផានីត : នៅរៀនវិទ្យាល័យស៊ីសុវតិ្ត។ ខ្ញុំបានខំណាស់ដែរតែប្រលងចេះតែធ្លាក់ឥលូវ មិនចង់ត្រលប់ទៅស្រុកសោះព្រោះខ្មាស់គេក៏មកសុំធ្វើការនៅទីនេះយកលុយរៀនឈ្នួលយប់ៗទៀត។
  ហំ : ក្មួយឯងអាយុប៉ុន្មានហើយ?
  ផានីត : ចូលឆ្នាំនេះទៀតបាន១៧ហើយ។
  ហំ : នៅក្មេងណាស់គ្មានទាន់បានដឹងរឿងកន្លុកកន្លៀតជីវិតបន្តិចសោះ។ ពូមកនេះមកបើកលុយរង្វាន់មិនមែនមកបើកប្រាក់ខែ ទេប្រាក់ខែបើកចាយអស់១ខែមុនស្រេចទៅហើយ។
  ផានីត : រង្វាន់ដោយពូបានធ្វើការយូរណាស់មកហើយឬ? ខ្ញុំបើធ្វើការយូរៗទៅថៅកែថានឹងឱ្យរង្វាន់ខ្ញុំដែរគឺប្រាក់ចំណេញដែលត្រូវ ចែកគ្នាតាមភាគៗនោះឬ!
  ហំ : រង្វាន់នោះលឺគ្រាន់តែនិយាយតែគេមិនដែលចែកទេ។ រង្វាន់ពូគឺរង្វាន់ក្ដៅ។ គឺថៅកែណាដែលជាអ្នកបញ្ចេះឱ្យពូបុកឡាន អាហុងលីឱ្យវាមានគ្រោះថ្នាក់គេលែងហ៊ានជិះទៀតគេមកជិះតែឡានយើងហើយថៅកែសន្យាថាបើពូធ្វើបានគាត់ឱ្យ រង្វាន់១ម៉ឺនរៀល។ រឿងនេះជារឿងស្ងាត់កុំនិយាយឱ្យសោះ។
  ផានីត : យី! អូអញ្ចឹងម្សិលមិញគឺពូបុកឡានវាដោយចេតនាតែម្ដង។
  ហំ : នឹងហើយ! ដាក់អាមួយម៉ោងមួយរយទាន់អាឯងព្រលែងចំកណ្ដាលឆ្អឹងជំនី។
  ផានីត : យី! ពូហ៊ានធ្វើអញ្ចឹង!
  ហំ : មិនហ៊ានឯណា ”មួយម៉ឺនរៀល”…។
  ផានីត : ចុះមានអ្នកជិះបានស្លាប់ដោយពូឯងបុកឡាននោះ។
  ហំ : ពួកនោះវាស៊យវាអាយុវាអស់។ អ្នកណាដឹងធ្វើម៉េច។
  ផានីត : ចុះឥលូវបើរាជការគេមករកចាប់ពូឯង?
  ហំ : ឱ្យតែបានមួយម៉ឺនរៀលគេចប្រាវឥលូវយូរៗភ្លេចខ្លួនបន្លំផ្លាស់ឈ្មោះមកវិញដដែល។ ហើយម្យ៉ាងទៀតថៅកែគាត់សន្យាថា គាត់ជួយគិតគូរគេឯង។ រឿងអ្វីតែមានលុយហើយវាមិនដែលទៅជាធំរួចទេ។
  ផានីត : ខ្ញុំបើថៅកែប្រើបែបនេះទុកជាឱ្យលុយច្រើនយ៉ាងណាក៏មិនហ៊ានដែរ។
  ហំ : ចុះបើក្មួយធ្វើការរាជការនិយាយឱ្យត្រង់ណា! តើលោកក្មួយហ៊ានស៊ីសំណូកឬទេ? និយាយឱ្យត្រង់ណា!
  ផានីត : ខ្ញុំមិនហ៊ានថាទេ។
  ហំ : ឃើញទេរឿងស៊ីសំណូកនិងរឿងបែបពូនេះមិនខុសគ្នាប៉ុន្មានទេ។
  ផានីត : ពូឯងសម្លាប់គេទាំងរស់ណា។
  ហំ : ចុះស៊ីសំណូកមិនកាច់កគេទាំងរស់! ចុះបំបាត់លុយរាជការមិនកាច់កគេទាំងរស់! អ្នករកស៊ីបំបាត់គេគ្រប់យ៉ាងមិនកាច់កគេ ទាំងរស់!
  ផានីត : ឱពុទ្ធោអើយ! ខ្ញុំយ៉ាងណាក៏មិនហ៊ានដែរទុកជាគេឱ្យប៉ុន្មានក៏មិនហ៊ានសម្លាប់មនុស្សដែរ។
  ហំ : កុំអាលរករឿងពូបើមិនសម្លាប់គេមានតែទុកឱ្យគ្នាឯងស្លាប់! លាប់! ក្មួយរើសយកខាងណា?
  ផានីត : ខ្ញុំមិនយល់ទេពូពូឯងចង់ថាដូចម្ដេចអំបាញ់មិញ?
  ហំ : ថា ”បើមិនដាច់ចិត្តសម្លាប់គេតោងគ្នាឯងស្លាប់” តើគ្នាឯងស្លាប់ក្មួយឯងធ្វើដូចម្ដេច?
  ផានីត : ម៉េចអញ្ចឹង?
  ហំ : ពូត្រូវការលុយមួយម៉ឺនគ្មានលុយមួយម៉ឺនប្រពន្ធពូងាប់ឈឺដើមទ្រូងក្អកខេះៗត្រូវការសម្រាកមិនធ្វើការតើបានអ្វីស៊ី។ ទៅ ពេទ្យៗឱ្យសំបុត្រទិញថ្នាំចាក់។ ពូគ្មានលុយទិញថ្នាំធ្វើម្ដេចទុកឱ្យប្រពន្ធស្លាប់ឬ? កូនស្រីពូប្រលងជាប់ចូលអនុវិទ្យាល័យនារី សាលាតម្រូវឱ្យទិញសំពត់អាវសៀវភៅមុងតាមរបៀបគេមិនទិញឱ្យកូនកូនខាតរៀន។ ខាតរៀនល្ងង់ដូចពូទៀត។ ធំឡើង វេទនាម្ល៉ោះហើយត្រូវពូហ៊ានប្ដូរឱ្យកូនបានចំណេះដឹងនឹងគេទើបដោះបញ្ហានេះឱ្យបានស្រេចខំវិលវល់តែដដែលៗនៅតែ ល្ងង់ព្រោះហេតុក្រនៅតែក្រព្រោះហេតុល្ងង់…ម្ល៉ោះហើយប្រថុយធ្វើម្ដេចឱ្យតែបានលុយនឹងបានចំណេះទៅ។ម្ដាយពូគាត់ ចាស់ហើយហើយគាត់ចង់ធ្វើបុណ្យមុននឹងគាត់អនិច្ចកម្មគាត់សុំលុយពូឱ្យពូធ្វើដូចម្ដេចមិនឱ្យពូធ្វើបុណ្យធ្វើទានហាក់ដូចជា ធ្វើទណ្ឌកម្មសំរាប់គាត់អញ្ចឹង..
  ផានីត : ពូយកលុយក្ដៅក្រាហាយទៅជូនគាត់យកទៅធ្វើបុណ្យក្រែងមិនបានបុណ្យណា?
  ហំ : បានឬមិនបានទុកមួយឡែកសិនធ្វើម្ដេចឱ្យតែម៉ែបានស្រួលចិត្តដោយថាអញមានលុយធ្វើបុណ្យនឹងគេដែរស្រុកឥលូវអញ្ចឹង គេកាប់ជ្រូកធ្វើបុណ្យគេស៊ីសំណូកបុណ្យដើម្បីមានផ្លូវរកស៊ីគេសំពះព្រះសង្ឃដើម្បីឱ្យគេស្រលាញ់ (ផានីតគ្រវីក្បាលហួស ចិត្ត) លោកក្មួយគ្រវីក្បាលហួសចិត្តណ្ហើយជីវិតពិតៗដែលមិនមែនជីវិតតែពាក្យសំដីតែក្បួនខ្នាតបានថាសរុបសេចក្តីឃើញ ថាពូត្រូវតែប្រថុយឱ្យបានមួយម៉ឺនរៀលសិន។​ ពូគិតស្រេចយូរណាស់មកហើយពូល្បងស្រាយរឿងនេះតាមវិធីច្រើនណាស់ ហើយតែទៅមិនរួចបានជាសល់ផ្លូវមួយហ្នឹងទើបប្រថុយទទួលថៅកែគាត់ត្រូវការស្រាប់ផងចាំអីហ្នឹងលេងមួយចានដើម្បី កសាងជីវិតវង្សត្រកូល។ល។
  ផានីត : ខ្ញុំឈប់ឭឈប់ឆ្លើយឈប់ដឹងហើយ!(ដើរចូលមកអង្គុយ)
  ហំ : កើតមកជាមនុស្សហើយក្មួយមិនឱ្យឈប់ឭឈប់ឆ្លើយឈប់ដឹងបានទេ!​ ច្បាប់ជីវិតបង្ខំក្មួយឱ្យដោះស្រាយរឿងដែលមានចោទរាល់ថ្ងៃ។​ បើក្មួយគេចមិនដោះស្រាយគឺក្មួយព្រមទទួលងាប់ជាមុនហើយស្រេច។
  ផានីត : ខ្ញុំនឹកថាខ្ញុំហើយជាមនុស្សអភ័ព្វជាងគេកំព្រាឥតឪពុកម្ដាយនៅជាមួយមាមីងគេអ្នកមានគេធ្វើបាបគ្រប់យ៉ាងដូចម្ដេចក៏ មិនត្រូវខ្មោចចេញខ្មោចចូលនិយាយតែពីមានពីសប្បាយផ្ទុយនឹងខ្ញុំដែលក្រ។
  ហំ : មានមនុស្សវេទនាជាងក្មួយជាងមាច្រើនណាស់ទៅទៀតលោកក្មួយ។​ មានមនុស្សច្រើនបានព្រឹកខ្វះល្ងាចគ្មានអ្វីវ័ណ្ឌគ្មាន ដំបូលជ្រករស់ដោយសារលក់កម្លាំងប្រចាំថ្ងៃលោតែឈឺដេកចាំងាប់។​ ជនទាំងនោះគេប្រៀបបានទៅនឹងសត្វដែលកើតមក គេទុកឱ្យរស់គ្រាន់តែសម្រាប់ធ្វើការផ្ដល់ផលឱ្យទៅជនមួយជំពូកទៀតដែលកើតមកចាំតែទទួលផលស្រាប់ដោយមិន ចាំបាច់ធ្វើការឬដោយធ្វើការតែបន្លំ។​ មួយថ្ងៃគិតតែប្រើស្នៀតបោករាប់មិនអស់។
  ផានីត : នេះហើយសង្គមសក្ដិភូមិគ្មានរបៀបបណ្ដោយមនុស្សប្រយុទ្ធគ្នាតាមចិត្តប្រកាប់ប្រចាក់គ្នាបោកបន្លំគ្នាលួចប្លន់គ្នាកេងប្រវ័ញ្ចគ្នារហូតដល់ច្បាំងគ្នាដើម្បីតែម្យ៉ាងគឺដើម្បីរស់ទៅតាមសេចក្ដីលោភមិនចេះឆ្អែត។ នេះហើយសង្គមពុករលួយដែលអ្នកប្រសប់ចេះតែ សប្បាយនៅចំពោះមុខមនុស្សភាគច្រើនដែលវេទនាពីរឿងរស់។ នេះហើយសង្គមនាយទុនមនុស្សជិះជាន់មនុស្សព្រោះពួកឈ្នះចេះរៀបចំគ្នាដើម្បីសង្កត់ពួកអ្នកចាញ់អោយធ្វើការបង្កើតផលអោយខ្លួនរស់បានស្រួល។
  ហំ : ក្មួយបានរៀនក្មួយចេះរកពាក្យចំៗថាបាន។
  ផានីត ពូឯងហ្នឹងក៏សម្លាប់គេដើម្បីខ្លួនរស់ដែរ។
  ហំ : ពូមានចង់ឯណាក្មួយតែជីវិតវាបង្ខំទេតើ!ដូចពូបានជម្រាបក្មួយរួចមកហើយស្រាប់។
  ផានីត : ថៅកែហ្នឹងបង្ខំពូឯង។
  ហំ : ថាដូចនេះក៏បាន។​ តែចុះនរណាបង្ខំថៅកែ?
  ផានីត : អ្នកណា!លោភចង់មានតែឯងហួសពេក។
  ហំ : ត្រូវហើយថៅកែគាត់ហ៊ានលោភព្រោះគ្មានច្បាប់ណាមកកម្រិតសេចក្ដីលោភគាត់សោះ។​ ដល់ចង់មានបានហួសកម្លាំងគាត់គាត់យកទឹកលុយទៅទិញកម្លាំងគេសម្បត្តិគាត់កើនឡើងយូរៗទៅគាត់ទិញខ្មែរទាំងអស់មកប្រើ។
  ផានីត : ពិតមែនហើយចុះផ្លូវដោះស្រាយ?
  ហំ : កុំមាត់លឺសូរសំលេងអា​ ”មែរសឺដេស”​ ថៅកែមកហើយ។​ នុះថៅកែមែនលោកក្មួយខ្ញុំលាលោកក្មួយឱ្យហើយណាព្រោះតែបានលុយមួយម៉ឺនចាយគ្ឌឹងហើយខ្ញុំ។
  ផានីត : ចុះខ្ញុំពូឱ្យទៅណា?
  ហំ : អង្គុយបូកលេខហើយសង្វេគរឿងសង្គមតទៅទៀតចុះ។
  ផានីត : ពូឯងពួនត្រង់នេះសិនទៅក្រែងថៅកែឃើញគាត់បើកឡានចេញគេចទៅណាទៀត។
  ហំ : ក្មួយថានេះសមម្យ៉ាងដែរ​ (តៃកុងក៏ពួនបន្តិចសិន) ……………….
រឿង៖ ថៅកែចិត្តចោរ (៧ឆាក)
ឆាកទី១. ផានីត និងតៃកុង ឆាកទី២. ផានីត-ហំ-ថៅកែ ឆាកទី៣. ផានីត-កម្មករ-សុខ-មាន-ទ្រី-គង់ ឆាកទី៤. ផានីត-ថៅកែនិងតៃកុង ឆាកទី៥. មនុស្សដដែលថែមនាងយ៉ាង(ប្រពន្ធពូហំ) ឆាកទី៦. មនុស្សដដែលថែមកម្មករ-សុខ-ទ្រី-មាន-គង់ ឆាកទី៧. ទាំងអស់គ្នាថែមពួកក្រុមនគរបាលចូលមក(ចប់)