Telegram Channel
Youtube Channel
Online TV

ថៅកែចិត្តចោរ

រឿង៖ ថៅកែចិត្តចោរ (៧ឆាក)
ឆាកទី១. ផានីត និងតៃកុង ឆាកទី២. ផានីត-ហំ-ថៅកែ ឆាកទី៣. ផានីត-កម្មករ-សុខ-មាន-ទ្រី-គង់ ឆាកទី៤. ផានីត-ថៅកែនិងតៃកុង ឆាកទី៥. មនុស្សដដែលថែមនាងយ៉ាង(ប្រពន្ធពូហំ) ឆាកទី៦. មនុស្សដដែលថែមកម្មករ-សុខ-ទ្រី-មាន-គង់ ឆាកទី៧. ទាំងអស់គ្នាថែមពួកក្រុមនគរបាលចូលមក(ចប់)

ឆាកទី៣. ផានីត-កម្មករ-សុខ-មាន-ទ្រី-គង់

ផានីត-កម្មករ-សុខ-មាន-ទ្រី-គង់ ដោយថៅកែ និងតៃកុងហំចេញពីទីនោះទៅ ពួកកម្មករធ្វើឡានដោយមានលឺជជែកគ្នាយ៉ាងខ្លាំងនាំគ្នាមកសួរមើលតើមាននរណាមានរឿងអ្វី
  ទ្រី : លោកប្អូនមានរឿងអ្វីលឺមាត់នរណាជជែកគ្នាខ្លាំងម្ល៉េះ?
ផានីតងើបមុខឡើងរួចឱនទៅវិញ
  សុខ : បើសួរគេមិនឆ្លើយដដែលមកទៅធ្វើការយើងវិញ។
  គង់ : ទេចង់ដឹង។ នែលោកប្អូននរណាមានរឿងអ្វី?
  ផានីត : រឿងចំណាស់ខ្ញុំមិនហ៊ាននិយាយជំម្រាបទេ។
  មាន : យី!យ៉ាងណាទៅមិនស្រួលទេដឹង?
  ទ្រី : ប្រាប់យើងឱ្យដឹងផងមើល៍។
  ផានីត: នែ!…នែ…ពូហំគាត់មកហើយគាត់ជាប់ឈ្លោះនឹងថៅកែពីរឿង…ណ្ហើយកុំសួរខ្ញុំខ្ញុំនិយាយមិនរួចទេលោកអើយក្នុងលោកនេះ បើខ្ញុំកើតមកហើយកុំឱ្យមានភ្នែកមានត្រចៀកប្រហែលជាខ្ញុំបានសប្បាយជាង។ ខ្វាក់ថ្លង់គកុំឱ្យឃើញលឺនិយាយចេញឮរឿង តែម្ដងទៅវាធូរដើមទ្រូងជាង! ខ្វាក់ត្រង់ជាអាការះអាចនាំឱ្យមនុស្សពិបាកខ្លះមែនតែពិបាកនោះតូចជាងអាការះឃើញលឺចេះ និយាយហើយធ្វើអ្វីមិនកើត។ មនុស្សយើងរស់នៅសព្វថ្ងៃប្រយុទ្ធគ្នាក្នុងអយុត្តិធម៌លួចល្បិចគ្នាទៅវិញទៅមកដើម្បីម្នាក់ៗមាន ស្រួលល្អពីរោះតែសំដីក្រៅតែមេទន្ទេញចាំមាត់សំរាប់បង្រៀនសិស្សានុសិស្សឱ្យគ្នាសូត្រមួយថ្ងៃៗអំពីសេចក្ដីល្អទៀងត្រង់សម្បជញ្ញះករណីកិច្ចចិត្តមេត្តាចិត្តបរិសុទ្ធចិត្តមនុស្សធម៌តែក្នុងជីវិតក្នុងសង្គមរឿងល្អទាំអស់អំបាញ់មិញដែលបានរៀនចេះ ពីសាលាមកហើយយកមកប្រើស្ទើរតែមិនកើតក្នុងជីវិតនេះ។
  គង់ : លោកប្អូនកុំអាលផ្ទុះភ្លាមអញ្ចើញនិយាយប្រាប់យើងឱ្យស្រួលមករឿងយ៉ាងម៉េច?
  ផានីត : រឿងឡានបុកពីម្សិល!
  សុខ : ណ្ហើយគិតឱ្យសព្វៗទៅមិនត្រូវចង់ដឹងរឿងគេទេ។មកទៅធ្វើការវិញពួកយើង។
  គង់ : រឿងនេះទាក់ទងដល់យើងទាំងអស់គ្នាសុខត្រូវតែយើងចង់ដឹងបានត្រូវ។
  ផានីត : បងទាំងអស់សួរខ្ញុំថារឿងបុកឡានរួចវាម្ដេចទៅចុះក្រែងដឹងស្រាប់ហើយរឿងលុយ១ម៉ឺន។
  មាន : អើ…អើ…អើ…
  ផានីត : ឥលូវស្ងាត់តូចទៅហើយថៅកែថាគាត់មិនដឹងទេ។
  ទ្រី : ពួកអានាយទុនទុកចិត្តមិនបានទេដូចត្រីឆ្ដោរអញ្ចឹងដើម្បីវាធំធាត់វាគ្មានញញើតនឹងស៊ីកូនឯងឡើយ។
  សុខ : លោកបងហំគាត់មិនជឿខ្ញុំៗនិយាយប្រាប់ថាឱ្យប្រយ័ត្នតិចលោថៅកែមិនទទួលដឹងយើងងាប់តែម្ដង។
  ផានីត : ឥលូវពូហំឡាំប៉ាឱ្យខាងតែបាន។
  សុខ : អា! លេងមិនកើតទេដូចនេះរឿងនេះធំណាស់!
  មាន : មកទៅធ្វើការវិញតិចលោរាលដាលដល់យើងរឿងនេះអញច្បាស់ជាមិនយកជ័រព្នៅមកត្បៀតក្លៀកទេ។ អញស្រេចតែមិន ដឹងៗ រួចគ្នាតែប៉ុណ្ណឹងហើយ។ នុះឮសូរដូចជាថៅកែមកវិញហើយមកទៅធ្វើការវិញពួកយើង។
  ទ្រី : លោកប្អូនមើលផងណាលោកបងហំតែហួសចិត្តគាត់ៗព្រលែងឥតស្គាល់ថៅកែថៅកំអ្វីទេ។
  គង់ : បើមានរឿងមិនស្រួលមើលទៅហៅពួកយើងផង។
ទាំងអស់គ្នាត្រឡប់ទៅធ្វើការវិញទៅ។ ……………………….
រឿង៖ ថៅកែចិត្តចោរ (៧ឆាក)
ឆាកទី១. ផានីត និងតៃកុង ឆាកទី២. ផានីត-ហំ-ថៅកែ ឆាកទី៣. ផានីត-កម្មករ-សុខ-មាន-ទ្រី-គង់ ឆាកទី៤. ផានីត-ថៅកែនិងតៃកុង ឆាកទី៥. មនុស្សដដែលថែមនាងយ៉ាង(ប្រពន្ធពូហំ) ឆាកទី៦. មនុស្សដដែលថែមកម្មករ-សុខ-ទ្រី-មាន-គង់ ឆាកទី៧. ទាំងអស់គ្នាថែមពួកក្រុមនគរបាលចូលមក(ចប់)