Telegram Channel
Youtube Channel
Online TV

ថៅកែចិត្តចោរ

រឿង៖ ថៅកែចិត្តចោរ (៧ឆាក)
ឆាកទី១. ផានីត និងតៃកុង ឆាកទី២. ផានីត-ហំ-ថៅកែ ឆាកទី៣. ផានីត-កម្មករ-សុខ-មាន-ទ្រី-គង់ ឆាកទី៤. ផានីត-ថៅកែនិងតៃកុង ឆាកទី៥. មនុស្សដដែលថែមនាងយ៉ាង(ប្រពន្ធពូហំ) ឆាកទី៦. មនុស្សដដែលថែមកម្មករ-សុខ-ទ្រី-មាន-គង់ ឆាកទី៧. ទាំងអស់គ្នាថែមពួកក្រុមនគរបាលចូលមក(ចប់)

ឆាកទី៧. ទាំងអស់គ្នាថែមពួកក្រុមនគរបាលចូលមក(ចប់)

ទាំងអស់គ្នាថែមពួកក្រុមនគរបាលចូលមក
  សែហ្វ : អ្នកណាថាឯណាចោរ? យើងជាក្រុមនគរបាលប្រាប់មុខចោរយើងមកយើងចាប់
ទាំងអស់គ្នាជ្រួលភ័យ
  ភ្នាក់ងារទីពីរ: កុំជ្រួលនៅឱ្យស្ងៀម!
  ថៅកែ : អស់លោកមករកចាប់តៃកុងហំឬ? នុះវា! ខ្ញុំជាថៅកែឡានឥលូវខ្ញុំប្ដឹងថែមទៀតព្រោះវាបំផ្លាញឡានខ្ញុំឱ្យខូចដែរ។
  ហំ : បាទ! ខ្ញុំបាទនេះហើយតៃកុងហំលោកចាប់ខ្ញុំចុះខ្ញុំមិនរត់ទេខ្ញុំព្រមទទួលថាបានប្រព្រឹត្តអំពើអមនុស្សធម៌មែនតែសូម លោកជ្រាបថាបើលោកចាប់ខ្ញុំលោកត្រូវចាប់មនុស្សដែលបាននែនាំខ្ញុំឱ្យធ្វើអំពើឃោរឃៅនេះផង។ មនុស្សនោះខ្ញុំ មិនបាច់ជម្រាបលោកទេទុកឱ្យពួកទាំងអស់គេជម្រាបលោកជំនួសខ្ញុំចុះព្រោះខ្ញុំជាមនុស្សមានទោសក្រែងលោថាសំដីខ្ញុំ យកធ្វើការមិនកើត។
  ថៅកែ : (និយាយខ្សឹប) អាបួននាក់អញឱ្យពីរម៉ឺន។
  សែហ្វ : ទាំងអស់គ្នាតើមនុស្សណាមួយ?
  ផានីត : ថៅកែនេះឯងគាត់បានបញ្ចេះពូហំឱ្យបើកឡានបុកឡានអុងប៉ាងហុងលីដោយសន្មតថាឱ្យពូហំមួយម៉ឺនរៀល។
  ថៅកែ : អានេះវាបង្កាច់ខ្ញុំទេលោកវាស្អប់ខ្ញុំព្រោះខ្ញុំមិនព្រមឱ្យឡើងប្រាក់ខែ។
  យ៉ាន : លោកសែហ្វ! រឿងថៅកែបញ្ចេះនេះជារឿងពិតពួកកម្មករឡានទាំងបួននាក់នេះជាសាក្សីស្រាប់ព្រោះបានដឹងដែរ។
  ហំ : អាមាន ជម្រាបលោកដោយត្រង់ទៅ។
  ថៅកែ : អាមាន…នែ…(ខ្សឹប) ពីរម៉ឺនរៀល។
  សែហ្វ : ម្ដេចនៅស្ងៀមទាំងអស់គ្នាហើយ! មើលឆ្លើយប្រាប់ខ្ញុំឱ្យត្រង់មកថាតើថៅកែនេះបានប្រើតៃកុងឱ្យបុកឡានគេមែនឬទេបើ មែនថាមែនបើទេថាទេ
ចង្អុលទៅកម្មករទ្រី
  មែនឬអ្នកឯណោះ?
  ថៅកែ : អាទ្រី
  ហំ : អាទ្រី
  ទ្រី :មែន!
  ថៅកែ : វាភរទេ! វាភរទេ!
  សែហ្វ : ចុះអ្នកនេះ?
  ថៅកែ : អាគង់អាណិតអញ!
  ហំ : អាគង់អាណិតខ្លួនអាឯង!
  គង់ :មែន!
  ថៅកែ :លោកសែហ្វ! កុំជឿវាវាចូលដៃគ្នាសម្លាប់ខ្ញុំហើយ។
  សែហ្វ : ចុះអ្នកឯណោះទៀត?
  មាន : មែន!
  សុខ : មែន!
  ថៅកែ : ឱពុទ្ធោអើយ!
  សែហ្វ : អ្នកនេះជាប្រពន្ធតៃកុងហំឬ?
  យ៉ាន : ចាស៎លោក! ប្ដីខ្ញុំបានបុកឡានថៅកែហុងលីព្រោះចង់បានលុយ? ១ម៉ឺនឱ្យខ្ញុំតាមសេចក្ដីសន្យារបស់ថៅកែដល់ប្ដីខ្ញុំ បានធ្វើអំពើនោះហើយថៅកែនេះមិនព្រមទាំងបើកលុយ១ម៉ឺនរៀលនោះឱ្យប្ដីផង។
  សែហ្វ : បាទ! បាទខ្ញុំយល់ហើយរឿងនេះ
 (ចង្អុលទៅផានីត) ចុះលោកប្អូនឯណោះយល់ដូចម្ដេចដែរ។
  ថៅកែ : ក្មួយផានីតជួយមាផង។
  ផានីត : ខ្ញុំបានឱ្យយោបល់ហើយតើឈ្មោះនេះឯងដែលខ្ញុំស្រែកជង្អុលថាចោរនោះពេលដែលពួកលោកមកដល់
ថៅកែអូសដៃមេ នគរបាលទៅខ្សឹប។
  សែហ្វ : តាងនាមក្រសួងនគរបាលខ្ញុំសម្រេចថា ត្រូវនាំខ្លួនឈ្មោះហំទៅក្រសួងនគរបាលជាតិទៅ ចូលចាប់
ភ្នាក់ងារនគរបាល ក៏ប្រតិបត្តិតាម ចាប់តែពូហំ។
  ហំ : អរគុណហើយមិត្តទាំងអស់គ្នា។ មែវាថែទាំកូននិងម្ដាយឱ្យបានស្រួលផង។
  ថៅកែ : ពួកអាឯងទាំងអស់គ្នាឈប់ធ្វើការពីផ្ទះអញទៅទៅណាទៅចុះ! ពួកអាក្រពើ!
  សែហ្វ : ទៅ! ទៅក្រសួងនគរបាល (ច្រាននិងវាយពូហំ)។
  យ៉ាន : (ដោយស្រែកយំ) លោកអើយកុំធ្វើបាបប្ដីខ្ញុំ (រត់ចេញទៅ)។
  គង់ : ឱ! អ្នកក្រអើយ! តើខែណា! ឆ្នាំណា! សតវត្សណា! ទើបមានយត្តិធម៌។
  សែហ្វ : ឈប់! ឈប់និយាយ (ប្រាប់នគរបាល) ចាប់វាភ្លាម
  ផានីត : បញ្ហាស្រដៀងៗគ្នាបានចោទពេញទំហឹងនៅក្នុងសង្គមខ្មែរសព្វថ្ងៃដែលទើបនឹងរួចពីការជិះជាន់របស់អាណានិគម គ្រាន់តែចាប់ពូហំដាក់គុកមិនមែនដោះស្រាយបញ្ហាទាំងនោះឱ្យបានស្រឡះទេ នាទីយើងឥលូវគ្រាន់តែស្ដែងឡើងឱ្យ លោកចាប់អារម្មណ៍លើបញ្ហាសង្គមខ្មែរខ្លះឱ្យឱ្យបានច្បាស់ផ្លូវត្រូវសំរាប់ដោះស្រាយលោកលោកទាំងអស់គ្នាជួយគិតចុះ នៅពេលដែលលោកអ្នកបានមកឃើញរឿងប្រឌិតលើរឿងពិតនៃបញ្ហាខ្លះនៃសង្គមខ្មែរយើងរួចហើយនេះ។
« ចប់ដោយបរិបូណ៌ »
រឿង៖ ថៅកែចិត្តចោរ (៧ឆាក)
ឆាកទី១. ផានីត និងតៃកុង ឆាកទី២. ផានីត-ហំ-ថៅកែ ឆាកទី៣. ផានីត-កម្មករ-សុខ-មាន-ទ្រី-គង់ ឆាកទី៤. ផានីត-ថៅកែនិងតៃកុង ឆាកទី៥. មនុស្សដដែលថែមនាងយ៉ាង(ប្រពន្ធពូហំ) ឆាកទី៦. មនុស្សដដែលថែមកម្មករ-សុខ-ទ្រី-មាន-គង់ ឆាកទី៧. ទាំងអស់គ្នាថែមពួកក្រុមនគរបាលចូលមក(ចប់)