រឿង៖ ស៊ឹមអ្នកបរឡាន (១១វគ្គ)
វគ្គទី១៖ វាលសង់ផ្ទះ វគ្គទី២៖ ថ្ងៃសម្រាក វគ្គទី៣៖ ថ្ងៃបើកលុយ វគ្គទី៤៖ រាត្រីថ្ងៃសៅរ៍ វគ្គទី៥៖ ចាំលោក វគ្គទី៦៖ ព្រឹកថ្ងៃអាទិត្យ វគ្គទី៧៖ ចាំលោក វគ្គទី៨៖ ដើរលេង វគ្គទី៩៖ ទៅមុន វគ្គទី១០៖ អស់ការធ្វើ វគ្គទី១១៖ ភ្ញាក់រលឹក(ចប់)
វគ្គទី៦៖ ព្រឹកថ្ងៃអាទិត្យ
ម៉ោងប៉ុន្មានហើយ? មកចាំខ្ញុំយូរហើយឬ?
ម៉េងបានសួរទៅស៊ឹមដែលកំពុងតែឈរមើលម៉ាស៊ីនបូមដី នៅត្រង់ផ្លូវបែលហ្ស៊ិក និងផ្លូវស៊ីសុវត្ថិ។
មកមួយស្របក់ហើយ។ ម៉ោង៨ជាងកន្លះហើយ។ ព្រឹកនេះមេឃស្រទំជាប់។
ខ្ញុំមិនយឺតទេ បើដូចនោះ តស់យើង ទៅផ្ទះមីងប្រេម។
ផ្ទះគាត់នៅឆ្ងាយពីទីនេះឬ?
នៅឆ្ងាយដែរ។ នៅកន្លែងគាត់ធ្វើការឯណោះ។ អាទិត្យមុនគាត់នៅខាងលិចម៉ាស៊ីននេះចម្ងាយប្រហែល២០០ម៉ែត ជាមួយនឹងគូលីរទេះភ្លើងចាក់ដី។ ក្រុងយើងត្រូវតុបតែងកាយទទួលជនបរទេស មកមើលបុណ្យ ម៉្លោះហើយ មីងប្រេម និងក្រុមគាត់ក៏ត្រូវបែកគ្នាចេញពីទីនេះ...។ ណ្ហើយ កុំមើលម៉ាស៊ីនយូរពេក យើងត្រូវឆាប់ទៅ កុំឲ្យមីងប្រេមទន្ទឹងមើលផ្លូវ...។
ថាហើយម៉េង និងស៊ឹមបានឡើងកង់មួយម្នាក់ ជិះតាមផ្លូវបែលហ្ស៊ិកទៅឯជើង ម្ភៃនាទីក្រោយមកគាត់បានចូលទៅក្នុងភូមិមួយ មានផ្ទះពីរខ្នងធំៗ សង់មិនទាន់ហើយ។ ម៉េងបាននាំស៊ឹមដើរសំដៅទៅពពួកខ្ទមគូលី ហើយចង្អុលប្រាប់ស៊ឹមថា៖
ស៊ឹម នេះផ្ទះមីងប្រេម។ ឃើញគាត់ទេ កំពុងតែរៀន...។
ម៉េង និងស៊ឹមបានទៅដល់ផ្ទះមីងប្រេម។ គេបានសួរសុខទុក្ខគ្នារួចហើយ មីងប្រេមអញ្ជើញភ្ញៀវឲ្យចូលទៅក្នុងខ្ទមគាត់ដែលចុះតែកូនគ្រែតូចមួយ។ គ្រែនេះជាកន្លែងដេករបស់មីងប្រេម នាងប្រុញ និងអាប្រាជ្ញកូនតូចគាត់។ គ្រែនេះជាកន្លែងទទួលភ្ញៀវ ហើយនៅពេលភ្ញៀវចេញ គ្រែនេះក៏ក្លាយទៅជាកន្លែងបាយទៀត។ នៅក្រោមគ្រែមានឆ្នាំងដី ពាងក្រឡ លាយឡំចម្រុះនឹងចានគ្រើមបីបួន។ មីងប្រេមបានហៅនាងប្រុញឲ្យយកអាប្រាជ្ញមកឲ្យគាត់ ហើយបង្គាប់ឲ្យរកថ្នាំដាក់ជូនម៉េង និងស៊ឹម។ បន្ទាប់មកគាត់និយាយ៖
ស្មានតែមិនអញ្ជើញមក ខ្ញុំចាំមើលផ្លូវតាំងពីព្រឹក...។
មិនមកឯណាបាន ខ្ញុំនឹកមីងណាស់។ ស៊ឹមបានតប។
មីងរៀនចេះច្រើនហើយ មើលទៅបែបឧស្សាហ៍...។
មិនទាន់ចេះទេ ទើបតែរៀនដល់បំបែក។ តាំងពីខ្ញុំស្តាប់អ្នកនិយាយយប់ថ្ងៃសៅរ៍មក ខ្ញុំបានឆ្លៀតរៀនជាប់។ នាងប្រុញក្មួយខ្ញុំមើលសៀវភៅដាច់ខ្លះ វាបានរៀនដល់ថ្នាក់ទី៣នៅស្រុកខ្ញុំ។ រាល់យប់វាបានដាក់ច្បាប់ឲ្យខ្ញុំ... ខ្ញុំរៀនទៅទៀត។
យើងដើរផ្លូវត្រូវហើយ។ ម៉េងបានបន្ថែម។
វិញ្ញាណខ្ញុំ វាមិនមូលក្នុងការរៀនសូត្រសោះ។ វាប្រេះបែកខ្ញែកមួយរយជំពូក។ មីងប្រេមបានថ្លែងទុក្ខ។ ខ្ញុំពិបាកជាប់ ព្រួយជាប់ ពិបាកកាយ ដោយខ្ញុំមិនសូវជាពិបាកចិត្តដោយមិនដឹងជាទៅនៅឯណាប្រាកដ ដល់អស់ការធ្វើនៅទីនេះ។
មីងគ្មានបងប្អូនទេឬ នៅភ្នំពេញ? ស៊ឹមបានសួរ។
មានដែរ តែឯងក្រមិនហ៊ានទៅបៀតគេឡើយ។ អាប្រាជ្ញកើតមកបានជិតមួយខួប ប្តីខ្ញុំត្រូវគ្រាប់ស្លាប់នៅឱកាសដែលបារាំងទៅព័ទ្ធភូមិដុតផ្ទះអស់ពីរខ្នង។ អាកូនបងខ្ញុំបាន១៨ឆ្នាំ ពេលនោះភ័យពេក រត់បាត់ទៅ មិនដឹងជាស្លាប់ឬរស់ទេ។ ខ្ញុំចេញពីភូមិកំណើតជិតបួនឆ្នាំហើយ... ពិបាកណាស់នៅស្រែនោះ...។
មកភ្នំពេញមីងនៅឯណា?
ខ្ញុំនៅស៊ីឈ្នួលគេក្នុងគ្រួសារ។ ខ្ញុំបម្រើគេ យកតែបាយចិញ្ចឹមអាប្រាជ្ញខ្ញុំ កាលនោះវាមានអាយុជាងមួយខួប។
មីងចេញមកធ្វើគូលីហាងយូរហើយ?
ចាស៎ ជាង៦ខែហើយ។ តាំងពីមីក្មួយខ្ញុំនេះ វាមកនៅជាមួយ។ មីនេះ ម៉ែឪវាស្លាប់ចោលអស់ទៅ រកអ្វីរៀនគ្មាន បានជាវារត់មកនៅជាមួយខ្ញុំ។ វាទើបតែបានអាយុ១៣ឆ្នាំ...។ ពិបាកណាស់ឯងក្រនោះ។ គ្មាននរណាមើលឃើញឡើយ។ ឥឡូវខ្ញុំនៅតែសម្បកខ្លួនប៉ុណ្ណឹងទេ ថ្ងៃណាឈឺធ្វើការមិនកើត មុខជាដាច់ពោះហើយ។ មិនដឹងជារកស៊ីអ្វីឲ្យបានសល់ទុកដាក់នឹងគេឡើយ ធ្វើការញើសជាទឹក នៅតែខ្វះជានិច្ច។ មួយរៀលច្រៀកជាមួយរយចំរៀក នៅតែខ្វះទៀត។ ប្រាក់បើកថ្ងៃសៅរ៍មិនដែលសល់ដល់អង្គារទេ។ ទំនិញសព្វគ្រប់ឡើងថ្លៃ...។ បើចេះតែយ៉ាប់ទៅៗដូចនេះ តើយ៉ាងណាទៅ។ ណាអាណិតមីប្រញមិនទាន់ដល់អាយុផង ក៏ខំមកកាប់ជញ្ជូនដីនឹងគេ។
មានតែយើងទេដែលចេះស្គាល់ទុក្ខវេទនាក្រុមយើង។ ស៊ឹមបានកាត់។
មានអ្នកចេះ អ្នកធំ អ្នកមានខ្លះដែរកាន់ជើងយើង។ ម៉េងបានបន្ថែម។
មានអ្នកចេះ អ្នកធំ អ្នកមានខ្លះដែរ តែចំនួនតិចតួចណាស់។ ស៊ឹមបានប្រកែក។ សំខាន់គឺយើងត្រូវពឹងលើកកម្លាំងយើង ដូចជានៅក្នុងកន្លែងធ្វើការនេះដែលមានគូលីជាប់១០០នាក់ យើងត្រូវចាត់តាំងបង្ហាត់បង្រៀនគ្នាឲ្យចេះរៀនសូត្រ ឲ្យចេះមើលកាសែត។ នៅស្រុកប្រជាធិបតេយ្យពិតប្រាកដ ក្នុងហាងដូចជាយើងនេះ សុទ្ធតែមានសមាគម ឬសហជីពការពារក្រុមអ្នកធ្វើការ ហើយដឹកនាំអ្នកធ្វើការឲ្យចេះការពារកម្លាំងរបស់ខ្លួន...។ រាល់ជាង រាល់គូលី សុទ្ធតែបានមើលកាសែតចេះដឹងរឿងនយោបាយក្នុងស្រុក និងក្រៅស្រុក...។
ក្រជិតងាប់ មាត់ជិតស្លាប់ មានលុយមានពេលឯណាទិញកាសែតមើល។ មីងប្រេមបានប្រកែក។
បើម្នាក់ៗស្ម័គ្រចិត្តសន្សំប្រាក់កាក់មួយអាទិត្យ ចូលទិញកាសែតក្នុងកន្លែងយើងនេះ យើងអាចទិញកាសែតមួយថ្ងៃៗ បានពីរសន្លឹក ហើយនៅសល់ទិញសៀវភៅចែកគ្នាមើល ឬជួយអ្នកឈឺថ្កាត់ខ្លះទៀតផង...។
យើងកំពុងតែគិតដែរ រឿងនេះ។ ម៉េងបានតប។ ឥឡូវជាង និងគូលីចូលចិត្តនិយាយពីការរស់នៅ ពីសមាគមណាស់...។ បើស៊ឹមឯងចង់ស្គាល់ពួកយើងប្រែខុសពីដើមយ៉ាងណា សូមមកលេងថ្ងៃធ្វើការ ពេលនេះកាន់តែថ្ងៃហើយ យើងល្មមលាមីងប្រេម។
ស៊ឹមបានចោលភ្នែកមើលនាឡិកាដៃ គាត់លោជាភ្ញាក់លាន់មាត់ថា
យី ម៉ោងជិត១១ហើយ ថ្ងៃហើយ តស់យើងទៅម៉េង! ថ្ងៃក្រោយសឹមជួបទៀត តែសូមមីងបន្តការរៀនសូត្រទៅទៀត។ ស្រុកយើងចម្រើន ទាល់តែមីង ទាល់តែយើងទាំងអស់គ្នាមានផ្ទះ មានសម្លៀកបំពាក់គ្រប់គ្រាន់ឡើង ។
រឿង៖ ស៊ឹមអ្នកបរឡាន (១១វគ្គ)
វគ្គទី១៖ វាលសង់ផ្ទះ វគ្គទី២៖ ថ្ងៃសម្រាក វគ្គទី៣៖ ថ្ងៃបើកលុយ វគ្គទី៤៖ រាត្រីថ្ងៃសៅរ៍ វគ្គទី៥៖ ចាំលោក វគ្គទី៦៖ ព្រឹកថ្ងៃអាទិត្យ វគ្គទី៧៖ ចាំលោក វគ្គទី៨៖ ដើរលេង វគ្គទី៩៖ ទៅមុន វគ្គទី១០៖ អស់ការធ្វើ វគ្គទី១១៖ ភ្ញាក់រលឹក(ចប់)