រឿង៖ ស៊ឹមអ្នកបរឡាន (១១វគ្គ)
វគ្គទី១៖ វាលសង់ផ្ទះ វគ្គទី២៖ ថ្ងៃសម្រាក វគ្គទី៣៖ ថ្ងៃបើកលុយ វគ្គទី៤៖ រាត្រីថ្ងៃសៅរ៍ វគ្គទី៥៖ ចាំលោក វគ្គទី៦៖ ព្រឹកថ្ងៃអាទិត្យ វគ្គទី៧៖ ចាំលោក វគ្គទី៨៖ ដើរលេង វគ្គទី៩៖ ទៅមុន វគ្គទី១០៖ អស់ការធ្វើ វគ្គទី១១៖ ភ្ញាក់រលឹក(ចប់)
វគ្គទី១៖ វាលសង់ផ្ទះ
ព្រឹកម៉ោង៩ នៅលើផ្លូវជាតិលេខ១ ចំពីមុខផ្សារត្រីក្រុងភ្នំពេញ រទេះឡានតូច-ធំបើកវីចុះឡើង ប្រជ្រៀតនឹងស៊ីក្លូ រទេះកង់ រទេះសេះ និងរទេះគោ។ នៅក្បែរថ្នល់ខាងកើតឆៀងខាងជើងផ្សារ មានទីលានមួយមានបណ្ដោយប្រហែល៧០ម ទទឹង៣០ម។ ក្នុងទីវាលនោះអ្នកធ្វើការប្រុសស្រី បានប្រញាយកាប់គាស់រែកសែង ញាប់ដៃញាប់ជើង។ ខ្លះជីកចង្អូរ ខ្លះបំបែកដុំឥដ្ឋ ដុំបេតុង ខ្លះដងទឹកពីទន្លេសាបយកមកលាងក្រួសអាចម៍ផ្កាយលាយបាយអ។ល។ ហើយបើយើងសង្កេតមើលយូរបន្តិច យើងមុខជានឹងឃើញអ្នកធ្វើការទាំងនោះ មានមុខការខុសគ្នា ធ្វើដោយក្រុមៗនៅក្រោមមេតម្រួតបួននាក់។
ក្នុងក្រុមលាយបេតុង ស្រីប្រុសវៀតណាមធ្វើការលាយចម្រុះគ្នា។ អ្នកទាំងអស់គ្នាបែកញើសសស្រាក់ខំធ្វើការតែរៀងខ្លួន ខ្លះជញ្ជូនថ្មដាក់ធុងវាល់ ខ្លះចូកខ្សាច់ ខ្លះលាយបេតុង ខ្លះរែកទឹក ខ្លះលីបាវស៊ីម៉ងត៍ ខ្លះទៀតជញ្ជូនបេតុងយកទៅចាក់ឫសផ្ទះ។ ក្នុងក្រុមរៀបជញ្ជាំង ជាងកំបោរ ខ្មែរវៀតណាម បានខំរៀបឥដ្ឋដាក់តជាន់លើគ្នាផ្សារភ្ជាប់នឹងបាយអ។ បានមួយជាន់ពីរជាន់ឥដ្ឋ គេផ្ទៀងតម្រង់ខ្សែបន្ទាត់ឲ្យត្រង់ ប្រយ័ត្នកុំឲ្យវៀច។គេខំសម្អិតសម្អាងណាស់។នៅចម្រុះនឹងពួកជាងកំបោរ មានជាងឈើយកមេទ្វារបង្អួច មកលើកដំឡើង វាយចាងណាងខ្វែងចុះឡើង ប្រើកូនតឹងស្ទង់មេបញ្ឈរ ប្រើកែវស្ទង់មើលមេផ្ដេកឲ្យស្មើ។ ក្នុងក្រុមជីកបន្លាយឫស គូលីស្រីប្រុស ខ្មែរវៀតណាម ចម្រុះគ្នាបាន់ជីកកាប់ដីបំបែកដុំបេតុង គាស់កម្រាលឥដ្ឋ។ខ្លះទៀតកើបដីជញ្ជូនចាក់ឆ្ងាយពីកន្លែងធ្វើការ។
ក្រុមគូលីនោះរាប់អានគ្នាណាស់។ គេមិនប្រកាន់ថា អ្នកនេះជាតិនេះ អ្នកនោះជាតិនោះឡើយ។គេនិយាយរកគ្នាដោយស្មោះស្ម័គ្រ គេចំអែចំអន់គ្នាលេង។ ក្មេងៗហៅចាស់ៗ ពូមីង យាយតា។ ឯចាស់ៗវិញ ហៅក្មេងៗ ក្មួយឬចៅ ឬអាមឹងទៅតាមការរាប់អានរបស់គេ។ ក្រុមគូលីមានចិត្តស្រដៀងគ្នា គំនិតដូចគ្នា ជីវភាពដូចគ្នា ការងារដូចគ្នា ចិត្តដូចគ្នា។សេចក្ដីត្អូញត្អែររបស់កម្មករម្នាក់ ក៏ដូចជាសេចក្ដីត្អូញត្អែររបស់ក្រុមទាំងមូលដែរ។ បើម្នាក់បានទទួលផលអាក្រក់ណាមួយ អ្នកឯទៀតបើមិនយូរក៏ឆាប់ ត្រូវទទួលផលអាក្រក់នោះមិនខានដែរ។
នៅក្នុងក្រុមបេតុង មីងប្រេមមានរាងស្គមស្លាំង បានងាកមើលឆ្វេងស្កាំ មិនឃើញអ្នកតម្រួត ក៏និយាយតិចៗថា៖
ខ្ញុំខានមួយថ្ងៃអាទិត្យនេះ។
ហេតុអ្វីក៏ដូចនេះ? (សម្លេងមួយសូរឡើង!)
អ្នកមិនដឹងឬ? ដើម្បីបានការធ្វើ ខ្ញុំត្រូវបង់ខាតមួយថ្ងៃឲ្យទៅគេណា។
នាយម៉េងដែលជាអ្នកចូកខ្សាច់ ក្រោយដែលបានយកខ្នងដៃជូតញើសថ្ងាស ឆ្លើយតប៖
មិនមែនតែមីងឯងទេខាតនោះ ខ្ញុំក៏ត្រូវគេកាត់ប្រាក់ឈ្នួលអស់ពីរថ្ងៃដែរ។ គេចេះប្រកាន់ថា ខ្ញុំដើរឡានធ្វើឲ្យបែកក្បឿងច្រើន...
ប្រាក់ឈ្នួលមួយថ្ងៃ១៨រៀល ហើយកាត់មួយថ្ងៃទៅទៀត បានអ្វីស៊ី(មីងប្រេមថ្ងូរ)។
យើងជាពួករងកម្មមែន...
ពិតមែនហើយ(ម៉េងឆ្លើយ)។
យើងបានជាឫសសង្គមខ្មែរ។ យើងត្រូវទទួលការធ្ងន់ទាំងប៉ុន្មាន មិនខុសពីបេតុងឫសផ្ទះយើងធ្វើនេះទេដែលត្រូវទ្រទម្ងន់ផ្ទះសព្វសារពើ...។
កំពុងតែជជែកថ្លែងទុក្ខប្រាប់គ្នាដូចនេះ ស្រាប់តែសម្លេងមួយខ្លាំងលាន់ថា៖
ខំធ្វើការឲ្យមែនទែន ខ្ជិលណាស់គិតតែជជែក... ប្រយ័ត្នមិនបើកលុយឲ្យថ្ងៃសៅរ៍អាទិត្យនេះ។
ថីសែហ្វមកហើយវ៉ើយកនយើង។ ថីនេះជាភ្នែកច្រមុះរបស់ហាង។ គាត់បានប្រាក់ខែច្រើនណាស់ ហាងឲ្យឡានគាត់មួយដើរត្រួតការ (នាងម៉េងបានខ្សឹបប្រាប់កូនគាត់)។
កន្លះម៉ោងក្រោយ ថីសែហ្វបានបើកឡានទៅវិញ ម៉េងនិយាយត៖
ប្រាំឆ្នាំហើយ ខ្ញុំធ្វើការជាមួយហាងនេះ។ ខ្ញុំដើរឡានដឹកឥដ្ឋ ក្បឿង ឈើនៅកំពង់ឆ្នាំង កំពង់ចាម តាកែវ។ ហាងបានចំណេញច្រើនណាស់ក្នុងប៉ុន្មានឆ្នាំនេះ ពីដើមមានឡានតែមួយទេ ឥឡូវមានប្រាំបី។ ថៅកែពីដើមជិះតែស៊ីក្លូ ឥឡូវមានឡានតូចល្អណាស់ ឯចំណែកគូលីវិញ ដូចខ្ញុំជាដើម នៅតែខ្វះច្រករាល់ពេល។ ក្នុងពពួកជើងឈ្នួលហាង មានតែថីសែហ្វទេដែលបានគ្រាន់បើមានផ្ទះនៅ មានកូនឡានជិះ។ ហាងនេះទទួលម៉ៅការសង់ផ្ទះ សង់បន្ទាយច្រើនក្នុងប៉ុន្មានឆ្នាំនេះ។
រឿង៖ ស៊ឹមអ្នកបរឡាន (១១វគ្គ)
វគ្គទី១៖ វាលសង់ផ្ទះ វគ្គទី២៖ ថ្ងៃសម្រាក វគ្គទី៣៖ ថ្ងៃបើកលុយ វគ្គទី៤៖ រាត្រីថ្ងៃសៅរ៍ វគ្គទី៥៖ ចាំលោក វគ្គទី៦៖ ព្រឹកថ្ងៃអាទិត្យ វគ្គទី៧៖ ចាំលោក វគ្គទី៨៖ ដើរលេង វគ្គទី៩៖ ទៅមុន វគ្គទី១០៖ អស់ការធ្វើ វគ្គទី១១៖ ភ្ញាក់រលឹក(ចប់)