រឿង៖ ស៊ឹមអ្នកបរឡាន (១១វគ្គ)
វគ្គទី១៖ វាលសង់ផ្ទះ វគ្គទី២៖ ថ្ងៃសម្រាក វគ្គទី៣៖ ថ្ងៃបើកលុយ វគ្គទី៤៖ រាត្រីថ្ងៃសៅរ៍ វគ្គទី៥៖ ចាំលោក វគ្គទី៦៖ ព្រឹកថ្ងៃអាទិត្យ វគ្គទី៧៖ ចាំលោក វគ្គទី៨៖ ដើរលេង វគ្គទី៩៖ ទៅមុន វគ្គទី១០៖ អស់ការធ្វើ វគ្គទី១១៖ ភ្ញាក់រលឹក(ចប់)
វគ្គទី២៖ ថ្ងៃសម្រាក
ព្រះអាទិត្យពេលជិតថ្ងៃត្រង់ ចោលចំហាយក្តៅដូចគេដុត អ្នកធ្វើការគ្រប់គ្នាអស់កម្លាំងធ្វើការរវ៉ើយដៃរវ៉ើយជើង ស្នូររគាំងលាន់ឮម៉ឹងៗ។ ពេលសម្រាក់ថ្ងៃត្រង់បានពង្រីកមុខអ្នកធ្វើការ។ក្រុមគូលីសើចដាក់គ្នា យកប្រដាប់ប្រដារបស់ខ្លួន មានបង្គី ចបកាប់ ប៉ែល ធុងទឹក។ល។ ទៅប្រគល់ឲ្យអ្នកយាមឃ្លាំង រួចក៏បោសដីពីខ្លួនយ៉ាងប្រញាប់ប្រញាល់ ដើរសំដៅទៅទីកន្លែងរៀងខ្លួន។
គូលីនៅផ្ទះជិត ជាងណាមានកត់ជិះបានត្រឡប់ទៅសម្រាកថ្ងៃត្រង់នៅផ្ទះអាត្មាជួបជុំប្រពន្ធកូន។ឯចំណែកអ្នកគ្មានផ្ទះ ឬមានផ្ទះនៅឆ្ងាយមិនបានត្រឡប់ទៅទីលំនៅក្នុងពេលសម្រាកនេះទេ។ ពួកថីកាប៉ូរ៉ាល់បានវិលត្រឡប់ទៅផ្ទះតែសព្វៗខ្លួន។
ក្នុងពពួកគូលីជាប់១០០នាក់ គេឃើញគូលី២០នាក់បានទៅសម្រាកក្នុងវាលធ្វើការហើយមានខ្លះពិតមែន តែមិនបានត្រឡប់ទៅផ្ទះ បានថយទៅសម្រាកនៅសំយាបផ្ទះ ឬក្រោមម្លប់ឈើលើចិញ្ចើមថ្នល់ក្រៅរបងធ្វើការទៅវិញ។ គូលីដែលបានសម្រាកក្នុងរបងធ្វើការបានបែងចែកគ្នាជាក្រុម។ អ្នកស្និទ្ធស្នាល ឬសាច់ញាតិគ្នាបានរួមបាយជាមួយគ្នា។ មីងប្រេមបានចូលវង់ជាមួយម៉េង នាងប្រុញក្មួយស្រីគាត់ និងគូលីម្នាក់ទៀត។ គេចូលម្ហូបគ្នា ម្នាក់ៗសុទ្ធតែមានកញ្ចប់បាយម្ហូបក្រៀមក្រោះ មានកូនត្រីប្រឡាក់ ក្តាមប្រៃ ខ្ទឹមប្រៃ ប្រហុកអំបិល គេស៊ីត្បិតត្បៀតណាស់ គេស៊ីម្ហូបតិច គេស៊ីបាយច្រើន។ គេស៊ីឲ្យតែធ្ងន់ពោះ ព្រោះម្ហូបគេមិនមែនបានផ្តល់ឲ្យគេមានសុខភាពអាយុវែងទេ។ គេស៊ីឲ្យតែរស់សម្រាប់កាប់គាស់ថ្ងៃរសៀល...ថ្ងៃស្អែកទៀត...។ ស៊ីរលីបរលាប រហេមរហាមនេះបានធ្វើឲ្យគេអស់កម្លាំងឆាប់ ព្រមនិងបណ្តុះស្មារតីឲ្យគេត្រិះរិះដោះទុក្ខវេទនារបស់គេ។ លក្ខណៈសម្បត្តិនៃការរស់នៅជាមេកំណត់ស្មារតីរបស់មនុស្ស។ ម៉្លោះហើយគូលីទាំងនោះ ទាំងត្រូវទាំងខុស ចេះតែបបួលគ្នាជជែករកមធ្យោបាយប្រែការរស់នៅរបស់ខ្លួនឲ្យបានស្រួល ឲ្យបានឆ្អែត។
គេបាយបណ្តើរ គេជជែកគ្នាបណ្តើរ។មីងប្រេមបែបគិតជាងគេ។ គាត់រំពៃមើលទៅកូនប្រុសគាត់ដែលមានអាយុ៥ឆ្នាំ ហើយដែលគាត់ដាក់ឲ្យវាដេកនៅបៀតនោះ។ គាត់យកក្រមាបក់ដេញរុយឲ្យវាម្តងៗ បន្ទាប់មកគាត់បាននិយាយ៖
ធ្វើការហត់ណាស់ ញើសជាទឹក បានស៊ីមិនឆ្អែត បានព្រឹកខ្វះល្ងាច លិទ្ធអំបិលប្រហុករាល់តែថ្ងៃ មានកម្លាំងឯណាធ្វើការ។
ប្រាកដហើយ...! (ម៉េងបន្ថែម...)។
ស្រុកយើងឯករាជ្យ សន្តិភាពហើយ គួរតែយើងបានរស់ស្រួល គួរតែយើងស៊ីឆ្អែត គួរតែយើងបានធូរ។ (ម្នាក់បានបន្ត...)។
គ្មាននរណាស្គាល់ទុក្ខយើងជាងយើងទេ មានតែក្រុមយើងទេដែលអាចដោះទុក្ខយើង។ខ្លួនទីពឹងខ្លួន។យើងជាគូលីមិនខុសពីសត្វគោនោះទេ។គេចិញ្ចឹមយើងឲ្យ គ្រាន់តែរស់ដើម្បីគេប្រើថ្ងៃស្អែកទៀត...។ (ម៉េងបាននិយាយ)។
ចុះអ្នកហ៊ីឯង បានធ្វើគូលីប៉ុន្មានឆ្នាំហើយៗ មានសល់កាក់ខ្លះទេ?
មីងប្រេមបានសួរទៅគូលីម្នាក់ទៀតដែលបាយជាមួយ ហើយដែលមានមាឌមាំ សក់រួញអង្គាដី។
ខ្ញុំធ្វើគូលីជាងមួយឆ្នាំហើយ។ប៉ុន្មានខែមុននេះ ខ្ញុំបានចូលធ្វើគូលីនៅបៀតវត្តភ្នំ ធ្វើផ្ទះបុណ្យពិព័រណ៍។
ធ្វើស្រួលឬទេនៅទីនោះ?
ស្រួលមិនកើតទេ! ស៊ីមិនគ្រាន់ដូចតែគ្នាអ៊ីចឹង!
ចុះហេតុអ្វីបានជាឈប់ពីទីនោះ?
ខ្ញុំទៅសួរកូនខ្ញុំឈឺនៅបាត់ដំណឹង ហើយត្រឡប់មកវិញ គេឈប់យកគូលីទៀត។ ខ្ញុំតែលតោលអស់៤-៥ថ្ងៃទើបនឹងសូមធ្វើការបាននៅហាងនេះ...។
នាងប្រុញ ក្មួយស្រីមីងប្រេមបានផ្ទៀងស្តាប់ ហើយក៏សួរដោយឆ្ងល់ថា៖
នៅគ្រប់កន្លែងធ្វើការគូលីស៊ីដូចគ្នាឬ? រស់នៅដូចគ្នាឬ?
មិនដូចគ្នាទេ។ (នាងម៉េងឆ្លើយ)។
គូលីត្រាវ៉ូស៊ីបានមួយថ្ងៃ១២រៀលនៅខេត្តក្រៅ។នៅទីក្រុងស៊ី១៥រៀល ឬ១៨រៀលតាមភេទប្រុសស្រី តាមចាស់ក្មេង។ គូលីហាងក៏ស៊ីមិនដូចគ្នាដែរ។ ដូចពួកយើងនេះ មានស៊ីតាំងពី១៤រៀល ទៅ២២រៀល តាមអាយុក្មេងចាស់ និងតាមធ្វើការយូរឆាប់។ នៅកន្លែងបូមដី គូលីមានស៊ីដល់ទៅ៣០រៀលមួយថ្ងៃ។
រឿង៖ ស៊ឹមអ្នកបរឡាន (១១វគ្គ)
វគ្គទី១៖ វាលសង់ផ្ទះ វគ្គទី២៖ ថ្ងៃសម្រាក វគ្គទី៣៖ ថ្ងៃបើកលុយ វគ្គទី៤៖ រាត្រីថ្ងៃសៅរ៍ វគ្គទី៥៖ ចាំលោក វគ្គទី៦៖ ព្រឹកថ្ងៃអាទិត្យ វគ្គទី៧៖ ចាំលោក វគ្គទី៨៖ ដើរលេង វគ្គទី៩៖ ទៅមុន វគ្គទី១០៖ អស់ការធ្វើ វគ្គទី១១៖ ភ្ញាក់រលឹក(ចប់)