Telegram Channel
Youtube Channel
Online TV

កុលាបប៉ៃលិន

រឿង៖ កុលាបប៉ៃលិន (៧ភាគ)
01. ជីវិតរបស់ក្មេងកំព្រា 02. ការធ្វើដំណើរទៅប៉ៃលិន 03. ចៅចិត្រកើតគំនិតថ្មី 04. ចោរកម្មកើតឡើងនាកណ្តាលព្រៃស្ងាត់ 05. សេចក្តីស្នេហាកើតក្រោយឧប្បត្តិហេតុ 06. គេហដ្ឋានរតនសម្បត្តិត្រូវចោរប្លន់ 07. អវសាន(ចប់)

ភាគទី០៦៖ គេហដ្ឋានរតនសម្បត្តិត្រូវចោរប្លន់

ក្នុងថ្ងៃមួយនោះ។ ជាវេលារសៀលម៉ោងប្រហែលម៉ោង ៤ នាងនារី និង ចៅចិត្រ កំពុងអង្គុយធ្វើបញ្ជីត្បូងនៅក្នុងបន្ទប់ធ្វើការនាងនារីផ្តើមនិយាយឡើងថា
  តាំងពីបង ចិត្រមកនៅធ្វើការជាជំនួយលោកឪពុកកាលណាកិច្ចការក៏ចំរើនឡើងច្រើនជាងពីដើម (នាងនិយាយដោយសុចរិត)
ហើយនឹងចាប់និយាយតទៅទៀត
ស្រាប់តែឮសូររថយន្តមួយមកចតនៅមុខផ្ទះ រតនសម្បិត្ត ចៅចិត្រក៏ស្ទុះក្រោកឡើងទៅមើលទៅតាមចន្លោះបង្អួច ហើយត្រឡប់មកអង្គុយនៅកន្លែងដដែលវិញ។
  នារី បងចិត្រអ្នកណាមកន៎ុះ ?
  ចិត្រ បាឡាត់ៗស្រុកសង្កែ,តែម្នាក់ទៀតបងមិនស្គាល់។
  នារី អេះ, គេមករកអ្វី ? ចុះបងចិត្រមិនទៅទទួលភ្ញៀវជំនួសលោកឪពុកផង ។
ចៅ ចិត្រក្រោកឡើងដើរចេញនាំ នារីឲ្យដើរតាមទៅផង។ ឯលោក បាឡាត់ឈរយ៉ាងអង់អាចនៅខាងមុខផ្ទះជាមួយ នឹងបុរសម្នាក់ទៀតមានរាងមាំខ្មៅ សក់ក្រញាញ់ភ្នែកគ្រលួង ចៅ ចិត្រដើរចូលទៅសួរដោយសុភាពទានប្រោសលោកអញ្ជើញមករកអ្នកណា? តែលោក បាឡាត់ គ្រាន់តែញាក់មុខ ហើយងាកទៅទទួលសំពះនាង នារីដែលឈរពីក្រោយចៅ ចិត្រ រួសរាយប្រស្រ័យនឹងនាង ដោយឥតរវល់នឹងចៅ ចិត្រ ដែលឈរជ្រងោនៅចំពីមុខនោះឡើយ។
  បាឡាត់លោកឪពុកនៅទេ, ឃុននារី ?
  នារី ច៎ាះ, នៅមើលទៅលោកប្រហែល នៅក្នុងបន្ទប់មើលសៀវភៅខាងលើ, ចុះលោកបាឡាត់មានធុរៈអ្វី?
  បាឡាត់ បាទ, មានខ្លះដែរ គឺខ្ញុំបាទនាំថៅកែផាន់មកទិញត្បូង ដើម្បីយកទៅលក់ឯព្រៃនគរ
លោក បាឡាត់ តបហើយខំញញឹមអោយស្រស់តែត្រឡប់ជាទាស់ភ្នែករបស់ ចៅ ចិត្រជាបំផុត
នាង នារីញញឹមទទួលដោយកិរិយាទន់ភ្លន់ ហើយនិយាយថា
  អញ្ជើញលោកឡើងទៅខាងលើឲ្យជួបនឹងប៉ានិយាយថ្លៃគ្នាចុះ
ថាហើយនាងក៏ដើរនាំមុខភ្ញៀវឡើងទៅលើផ្ទះថ្នាក់លើ ជួបនឹងលោក ហ្លួងរតនសម្បិត្ត កំពុងដេកមើលសៀវភៅនៅលើកៅអីផ្តៅលោកក៏ក្រោកឡើងនិយាយរាក់ទាក់ដោយសេចក្តីស្និទ្ធស្នាលថា
  អា៎! លោកបាឡាត់ ឬ? អញ្ជើញអញ្ជើញមកខាងណេះ ចុះលោកមានធុរៈអ្វី?
 បាឡាត់ ខ្ញុំបាទនាំថៅកែ ផាន់មកទិញត្បូង
លោក បាឡាត់ ឆ្លើយព្រមទាំងទាញកៅអីមួយឲ្យចៅកែផាន់អង្គុយខ្លួនឯងក៏អង្គុយលើកៅអីមួយក្បែរខាង នាង នារី ឯចៅចិត្រឈរឃ្លាតឆ្ងាយពីនោះបន្តិចដ្បិតមិនទាន់ទុកចិត្តមនុស្សចំណូលថ្មី រាងធំភ្នែកក្រឡោតឈ្មោះ ថា ថៅកែផាន់ នោះសោះ។
ហ្លួងរតនសម្បិត្ត​ ងាកទៅខាងថៅកែ ផាន់ហើយសួរថា
  ថៅកែត្រូវការទិញត្បូងបែបណា?
  ផាន់ ខ្ញុំបាទតោងសំុពិនិត្យមើលសិនបើត្រូវចិត្តខ្ញុំបាទនឹងនិយាយថ្លៃទិញយកលក់ឯព្រៃនគរ
  ហ្លួង បាទ បានថៅកែ, វេលានេះត្បូងមានច្រើនពណ៌ផ្សេងៗទឹកល្អទាំងអស់
ហើយលោក ហ្លួង ងាកទៅខាងចៅ ចិត្រប្រាប់ថា
  ចិត្រ ទៅយកត្បូងមកអោយថៅកែពិនិត្យមើលបន្តិចមើល!។
ចៅ ចិត្រ ដើរចូលទៅក្នុងបន្ទប់បាត់ទៅមួយស្របក់ត្រឡប់ចេញមកវិញ កាន់ហឹបត្បូងដែលច្នៃហើយ ២ទៅ៣ហឹប យកដាក់លើតុហើយបើកបង្ហាញថៅកែផាន់។ ថៅកែផាន់និងលោកបាឡាត់បើកភ្នែកគ្រលួងកាលដែលបានឃើញត្បូងពណ៌ផ្សេងៗក្នុងហឹបនេះមានចំនួនដល់ទៅជាង ២០០គ្រាប់ ថៅកែផាន់ចាប់លើកឡើងពិនិត្យមើលដោយប្រុងប្រយ័ត្ន ហើយដាក់ទៅវិញនិយាយថាត្បូងអស់នេះទឹកល្អមែន ប្រហែលជាមានតំលៃច្រើន?
លោក ហ្លួង គ្រវីក្បាលហើយថាមិនសូវជាថ្លៃប៉ុន្មានទេមានតំលៃថោកជាងឯព្រៃនគរច្រើន
រួចថៅកែ ផាន់ ចាប់១គ្រាប់លើកឡើងមើលម្តងទៀត ហើយសួរថ្លៃថា
  ទានប្រោស,១គ្រាប់នេះតំលៃប៉ុន្មានទៅ ?
  ហ្លួង យ៉ាងនេះទឹកល្អច្រើន១ក្រាត់ ថ្លៃ២០០រៀល ក្នុង១គ្រាប់នេះប្រហែលជា៤ក្រាត់
  ផាន់ ទានប្រោស,ថ្លៃបន្តិចបើចុះបន្តិចទៅទៀតបានទេ ?
  ហ្លួង មិនជាអ្វីទេ បើថៅកែត្រូវការជូនឲ្យបានខ្លះ ដោយសេចក្តីរាប់អានគ្នា។
  ផាន់ ចុះថ្លៃប៉ុន្មាន ?
លោក ហ្លួង ចាប់ត្បូងគ្រាប់នោះមកពិនិត្យមើលម្តងទៀតហើយថា
  បែបនេះចុះជូនបានក្នុង១ក្រាត់២០រៀល
ថៅកែ ផាន់មើលមុខលោកបាឡាត់ជាទំនងសូមឲ្យជួយគិតគូរតថ្លៃផង។​​ ឯលោក បាឡាត់ ញាក់មុខប្រាប់ថា
  គួរសមហើយចៅកែព្រោះត្បូងបែបនេះមិនងាយរកក្នុងវេលានេះ។
ចៅកែក៏ញញឹមឃើញធ្មេញស្ញេញ ហើយនិយាយតថ្លៃនឹង ហ្លួងថា
  រឿងនេះទុកជាស្រេចទៅចុះតែវេលានេះខ្ញុំបាទមិនបានយកប្រាក់មកទេ ដល់ព្រឹកស្អែកខ្ញុំបាទនឹងយកប្រាក់មកជូនហើយទទួលត្បូងទៅផងមើលទៅប្រហែលជាត្រូវការជាចំនួនច្រើនគ្រាប់ផង។
  ហ្លួង បាទ,បាន អង្កាល់ក៏បាន ខ្ញុំនៅផ្ទះជាដរាបបើអញ្ជើញមកគង់តែជួបនឹងខ្ញុំជានិច្ច។
ថៅកែ​ ផាន់និយាយដោយឱនលំទោន
  សូមអរគុណ តែខ្ញុំបាទសូមឲ្យលោកមេត្តាបន្តិចដ្យិតខ្ញុំបាទមិនដែលឃើញរបៀបជីកត្បូងសោះសូមលោកបើកឱកាសឲ្យខ្ញុំបាទទៅមើលបានឬទេ ?
លោក ហ្លួងសើចហើយថា
  បាន,បាន ថៅកែខ្ញុំមិនកំណាញ់ទេមានអណ្តូងត្បូងនៅក្បែរៗផ្ទះនេះក៏មាននៅខាងក្រោយផ្ទះនេះឯងអញ្ជើញទៅមើលបានតាមត្រូវការ។
លោក ហ្លួង ក៏កក្រោកឡើងពីកៅអីហើយថា
  អញ្ជើញមកតាមខ្ញុំ ចៅ ចិត្រ ទៅជាមួយផង។
ចៅ ចិត្រមិនចង់ចេញចោលពីនាង នារីឡើយ គេក្រឡេកមើលបាឡាត់ ស្រុកនោះដោយកិរិយាមិនទុកចិត្តសោះហើយសួរទៅថា
  សូមទោស,លោកមិនអញ្ជើញទៅមើលទេឬ ?
លោកបាឡាត់គ្រវីក្បាលហើយថា
  មិនទៅទេ, ធ្លាប់មើលរាប់រយដងហើយ។
ឯនាង នារី ក្រោកឡើងប្រុងនឹងដើរតាមចៅ ចិត្រ ទៅដោយនាងដឹងចិត្តរបស់គូស្រករនាងយ៉ាងជាក់ច្បាស់ តែបាឡាត់ស្រុកឃាត់នាងថា
  ប្រញាប់អញ្ជើញទៅណាឃុននារី ទុកខ្ញុំបាទអោយអង្គុយងក់តែម្នាក់ឯងឬអី ?
នាងនារីបែរមកញញឹមតាមទំនៀមទាំងមិនដោះសាថាអ្វីក៏ដាក់គូតអង្គុយលើកៅអីដដែលដោយនឹកក្រែងចិត្តភ្ញៀវហើយសួរថា
  លោក បាឡាត់ មានរឿងអ្វីនិយាយនឹងខ្ញុំឬ?
កាលបាឡាត់ស្រុកនោះឃើញចៅ ចិត្រ ចេញផុតទ្វារទៅហើយក៏លើកកៅអីចូលមកជិតនាង នារីហើយក៏ញញឹមប៉ប្រឹម រួចនិយាយថា
  រឿងរបស់ខ្ញុំមានច្រើនណាស់។
  មានរឿងអ្វីខ្លះ អញ្ជើញមានប្រសាសន៍ទៅចុះ ខ្ញុំនឹងចាំស្តាប់។
បាឡាត់ស្រុក សំឡឹងមើលនាង នារី ដោយទឹកមុខចំឡែកហើយនិយាយតិចៗស្នើរតែទៅជាខ្សឹបថា
  ឃុននារី, ខ្ញុំមានរឿងសំខាន់ដែលត្រូវនិយាយផ្ទាល់ខ្លួនឃុន !
នាង នារីអង្គុយនៅតែស្ញៀម លោក បាឡាត់ក៏និយាយតទៅថា
  ជារឿងសំខាន់ស្ទើជីវិតរបស់ខ្ញុំតែម្តង! ដ្បិតជីវិតខ្ញុំរងកម្មយូរណាស់ហើយ!។
ទើបនាងនារីដឹងខ្លួនថាបាឡាត់ នោះនិយាយចែចង់ខ្លួននាងហើយ តែធ្វើជាមិនដឹងរឿងរ៉ាវអ្វីនៅតែស្ញៀមដូចប្រក្រតី។
  បាឡាត់ ឃុននារី
  នារី ចា៎ះ
  បាឡាត់មេត្តាជួយសង្គ្រោះខ្ញុំបាទផងបានទេ?
  នារី ចុះនឹងឲ្យជួយលោកបាឡាត់ដូចម្តេចខ្លះ ?
  បាឡាត់ បើឃុនស្ម័គ្រចិត្តជួយមែនមុខជាបានផលប្រាកដ។
  នារី លោកបាឡាត់មិនទាន់ប្រាប់រឿងឲ្យខ្ញុំដឹងថាត្រូវឲ្យខ្ញុំជួយដូចម្តេច?
  បាឡាត់ គង់តែនឹងប្រាប់ឃុន​ឥឡូវនេះហើយតែឃុនត្រូវធ្វើសញ្ញាថាបើសំដីដែលខ្ញុំនិយាយទៅនេះមិនជាទីគាប់ចិត្តទេ,សូមឃុនត្រាប្រណីកុំបីប្រកាន់ខឹងឡើយ។
  នារី ចា៎ះ,​ខ្ញុំមិនខឹងលោកបាឡាត់ផ្តេសផ្តាសទេ។
បាឡាត់ខិតចូលទៅជិត នាង នារី ហើយនិយាយស្ទើរជាខ្សឹមថា
  ខ្ញុំបាទស្រឡាញ់ឃុនណាស់,ឃុននារី
នាងនារី ចងចិញ្ចើមទាំងសងខាងភ្លាម។ បាឡាត់មើលមុខនាងនារី ហើយថា
  ប្លែកណាស់ឬឃុននារី ?
នារី ញាក់មុខហើយថា
  ខ្ញុំប្លែកណាស់ៗតែម្តង!
  បាឡាត់ ឃុនឃើញសេចក្តីមេត្រីេស្នហារបស់ខ្ញុំបាទជាការចំឡែកណាស់ទៅឬ?
  នារី ទេ! លោក បាឡាត់ ខ្ញុំនឹកឆ្ងល់ដ្បិតមិនធ្លាប់នឹកនាថា លោកបាឡាត់ចង់ចងមេត្រីស្រឡាញ់ស្រីដូចខ្លួនខ្ញុំនេះឡើយ។
  បាឡាត់ តែខ្ញុំបាទវិញឥតនឹកឆ្ងល់បន្តិច ក្នុងការមកចងមេត្រីនឹងស្ត្រីដូចរូបឃុនដែលមានលក្ខណៈល្អព្រមគ្រប់ប្រការ
ថាហើយក៏ឈោងដៃទៅចាប់ដៃនាងតែនាងរលាស់ដៃចេញទៅ
  នារី ខ្លួនខ្ញុំឥតមានអ្វីល្អទេ,លោកបាឡាត់
លោក បាឡាត់សើចហឹុះៗហើយថា
  កុំនិយាយបន្ទាបបន្តុះខ្លួនឡើយឃុន មុននឹងខ្ញុំមកនិយាយជាមួយនឹងឃុនខ្ញុំបានគិតហើយគិតទៀតជាច្រើនត្រឡប់,នៅទីបំផុតក៏ដាច់ចិត្តមកនិយាយនឹងឃុន ។
  នារី ចុះលោកដាច់ចិត្តយ៉ាងម្តេច ?
  បាឡាត់ ដាច់ចិត្តថាត្រូវមកជំរាបឲ្យឃុនបានជ្រាបថាខ្ញុំបាទស្រឡាញ់ឃុនជាសេចក្តីស្រឡាញ់ពិតប្រាកដដ៏បរិសុទ្ធចេញពីបេះដូងរបស់ខ្ញុំបាទចុះខាងឃុនតើអាចតបបានឬទេថា ខុនក៏ស្រឡាញ់ខ្ញុំបាទខ្លះដែរ ?
លោក បាឡាត់ និយាយយ៉ាងទន់ភ្លន់ពិរោះស្តាប់ តែនាងនារីនៅតែយល់ថាចៅ ចិត្រ របស់នាងនិយាយពិរោះជាងនេះទៅទៀតទើបនាងឆ្លើយទៅវិញថា
  រឿងនេះខ្ញុំតបលោក បាឡាត់មិនបានទេ
លោក បាឡាត់បើកភ្នែកធំហើយថា
  ព្រោះេហតុអ្វី បានជាតបពាក្យខ្ញុំបាទមិនបាន ?
  នារីព្រោះខ្ញុំមិនស្រឡាញ់លោកបាឡាត់ទេ។
  បាឡាត់ ចុះហេតុអីមិនស្រឡាញ់ខ្ញុំសោះ (សួរនាងនារីដោយសំដីរឹងៗជាងមុនបន្តិច)។
  នារី មិនបាប់តបទេលោកបាឡាត់ ការសំខាន់គឺថាៈ មិនមានចិត្តស្រឡាញ់លោកបាឡាត់ត្រឹមប៉ុណ្ណេះក៏ល្មមហើយ។
  បាឡាត់ ពុទ្ធោ,ឃុននារី ឃុន នឹងសម្លាប់ដោយចិត្តឥតអាណិតអាសូរសោះឡើយឃុនឬ ?
នាងនារី មិនតប។
  បាឡាត់ ឃុន កំពុងតែទំលុះទំលាយបំផ្លាញបំណងល្អ និងសេចក្តីមេត្រីស្នេហាដ៏សុចរិតស្មោះត្រង់របស់ខ្ញុំបាទកក្នុងខណៈនេះហើយឬ?
  នារី មិនមែនដូច្នោះទេលោកបាឡាត់ស្ត្រីដទៃទៀតដែលល្អជាងគ្រាន់បើជាងក៏មានគរគោក ម៉្តេចក៏លោកមិនស្រឡាញ់ ?
  បាឡាត់ ខ្ញុំបាទសូមផ្ញើជីវិតចំពោះរូបឃុនតែមួយបុ៉ណ្ណោះ។
  នារី បើលោកបាឡាត់នៅតែប្រកាន់ដូច្នោះគង់តែឃ្វាងទាំងអស់មិនបានអ្វីឡើយ។
លោក បាឡាត់ទាល់ច្រកក៏ក្រោកដើរវិលវល់តែក្នុងបន្ទប់នោះ ត្រិះរិះរកសំដីនិយាយ, នាងនារីដើរទៅឯបង្អួចចោលភ្នែកក្រឡេកមើលទៅឯក្រោយផ្ទះចាំមើលផ្លូវចៅចិត្ររបស់នាងដោយនឹករំខានចិត្តនឹងបាឡាត់កំឡោះនេះពន់ពេក។ ឯលោកបាឡាត់នោះក៏ដើរទៅឈរពាំងពីមុខនាង ហើយនិយាយថា
  ខ្ញុំដឹងហើយហេតុអ្វីបានជាឃុនមិន ស្រឡាញ់ខ្ញុំ
ឯនាងនារី ឈរតែស្ងៀមដ្បិតនាងមិនត្រូវការស្តាប់សំដីវាចារបស់បាឡាត់នោះឡើយ។
  បាឡាត់ ឃុនមិនស្រឡាញ់ខ្ញុំព្រោះឃុនមានតួមនុស្សដែលឃុនស្រឡាញ់រួចទៅហើយមែនឬទេ ? (និយាយសើចដោយកិិរិយាចំអកចំទយ)
នារីងាកខ្វាប់មួយរំពេចខឹងណាស់ដែលគេនិយាយមិនក្រែងចិត្តនាងសោះឡើយ ហើយនិយាយចេញទៅថា
  ប្រយ័ត្នលោក បាឡាត់ មនុស្សដែលលោកថានោះគឺនរណា? កំុប្រើសំដីឈ្លានពានមកលើរូបខ្ញុំខ្លាំងពេកណ៎ា!។
លោក បាឡាត់កាន់តែសើចខ្លាំងឡើងទៀតហើយថា
  ខ្ញុំមិនបានឈ្លានពានបង្កាច់ឃុនអ្វីទេគ្រាន់តែនិយាយថាៈឃុនមានគូស្រកររបស់ឃុនរួចទៅហើយ ខ្ញុំនឹងប្រាប់ឈ្មោះឥឡូវក៏បាន។
  នារី នរណាហឹុះ!(នាងសួរទាំងខឹង)
  បាឡាត់ គឺចៅចិត្រនោះឯង, មែន ចៅ ចិត្រវាក្មេងកំឡោះរូបស្រស់សំដីផ្អែមតែវាទីទ័លក្រដូចមនុស្សសំុទានគេ មែនទេ!(ថាហើយក៏សើចក្អាកក្អាយ)។
  នារី លោកអួតខ្លួនវិសេសយ៉ាងណា បានជាហ៊ាននិយាយសង្កត់សង្កិនបន្តុះបង្អាប់គេយ៉ាងនេះបើទុកជាគេទីទ័លក្រក៏ទីទាល់ក្រតែទ្រព្យសម្បិត្ត ប្រាក់មាស តែគុណសម្បិត្តសុខភាពរៀបរយជាសុភាពបុរសជាកូនប្រុសមែនៗ នោះចៅ ចិត្រមានសព្វគ្រប់, ឯខ្លួនលោកមានតែប្រាក់មាសមែនហើយលោកអាចទិញដូរ របស់អ្វីបានតាមត្រូវការ តែលោកមិនអាចយកប្រាក់មាសរបស់លោកមកទិញសេចក្តីសេ្នហា របស់ខ្ញុំបានទេលោកមានប្រាក់មាសដែលចៅ ចិត្រគ្មាន តែរបស់ដែលចៅចិត្រមានលោក មិនមានសោះឡើយមែនឬទេ!
  បាឡាត់ ចុះខ្ញុំមិនមានអ្វី? នៅខ្វះអ្វីទៀត?
  នារី សុភាពបុរសនឹងភាវៈជាកូនប្រុស ។
  បាឡាត់ក៏នេះមិនមែនជាកូនប្រុសទេឬ?
នាងនារីសើចចំអកហើយថា
  ត្រូវហើយតែ លោក បាឡាត់ គ្រាន់តែមានរាងកាយជាកូនប្រុសតែចិត្តរបស់លោកខ្លាចលើសស្រីទៅទៀតមែនទេ?
  បាឡាត់ ខ្លាចលើសស្រីទៅទៀត (និយាយផ្ទួនពាក្យហើយសួរទៅទាំងខឹងថា)
  ចុះហេតុអ្វីក៏ឃុនហ៊ាននិយាយប្រមាថខ្ញុំដូច្នេះ?
  នារី ឥតមានប្រមាថខាតទានអ្វីលោកទេ តែនិយាយតាមត្រង់ទេតើ លោកភ្លេចហើយឬ កាលចោរប្លន់នៅកណ្តាលព្រៃអ្នកណាហ៊ានចេញទៅតទល់ពួកចោរ? ហើយអ្នកណារត់ទៅពួនយកតែព្រះអាយោសនៅក្រាមរថយន្ត?
  បាឡាត់ ខណៈនោះវាគ្មានកាំភ្លើងនៅនឹងខ្ញុំទេឃុន ក៏ដឹងស្រាប់ហើយ។
នារីសើចហើយថា
  បើទុកជាមានក៏មិនហ៊ានបាញ់ដែរមនុស្សកម្លាចបែបនេះតែរត់បាតជើងសព្រាតឲ្យរួចខ្លួនប៉ុណ្ណោះ!។
លោកបាឡាត់កាលត្រូវសំដីស្រីប្រមាថមើលងាយខ្លួនដូច្នោះក៏បើកភ្នែកក្រឡោតច្រឡោតខឹងជាខ្លាំង រួចចាប់ដៃនាងនារី ទាំងពីរច្របាច់ខ្លាំងឡើងទៀតហើយស្រវាឱបនាងផង។
  នារី លែងខ្ញុំ,លោកបាឡាត់,លោកមានអំណាចដូចម្តេចបានជាហ៊ានធ្វើដូច្នេះហុឹះ!(នារីស្រែកឡើង)។
  បាឡាត់ មិនអួតទេ,តែហា៊នធ្វើឲ្យព្រោះស្រឡាញ់ទេតើ! អោយខ្ញុំថើបដោយស្រួលទៅវិញ
ហើយខំប្រវាឱប នារីណែននាងនារីក៏ខំបម្រះពេញកម្លាំងទៅជាចំបាញ់ប្រចាប់គ្នាអឹកធឹកឡើងទាល់តែទ្វារបន្ទប់របើក ចេញលេចរាងកាយចៅ ចិត្រស្ទុះបាញ់ត្រង់សំដៅទៅលោក បាឡាត់ ចាប់កន្ត្រាក់លោកបាឡាត់ នោះចេញលោកបាឡាត់ភ្លាត់ចំណាប់មិនបានការពារខ្លួន ទើបត្រូវចៅចិត្រាដាល់ដួលផ្ងារចង្គ្រាងនៅក្នុងបន្ទប់នោះឯង។
  ចិត្រ អាក្រក់អីម្លេ៉ះ អ្នកបាទនេះ!
ចៅ ចិត្រគម្រាមខាំធ្មេញប្រុងនឹងលោកទៅថែមទៀត តែនាង នារីចាប់ដៃទាន់ហើយហាមថា
  ប៉ុណ្ណឹងល្មមហើយ ចិត្រកំុថែមទៀត។
លោក​ បាឡាត់ស្ទុះក្រោកឡើងប្រុងលោតមកសងសឹកវិញស្រាប់តែហ្លួងរតនសម្បិត្ត និងថៅកែ ផាន់ដើរចូលមកក្នុងបន្ទប់នោះទើបលោកបាឡាត់នោះទច់ង៉ក់ លោកហ្លួងងាកទៅមើលមុខចៅ​ចិត្រ ហើយបែរមកមើល មុខបាឡាត់ដោយលោកមានសេចក្តីងឿងឆ្ងល់ទើបលោកសួរថា
  កើតរឿងអី!ចៅ ចិត្រ, ទើបមានសូរអ៊ឹកធឹកស្ទើរតែធ្លាយជញ្ជាំងផ្ទះ?
ចៅ ចិត្រមិនទាន់ឆ្លើយស្រាប់តែនារី ស្ទុះទៅឱបឪពុកហើយថា
  ប៉ា លោក បាឡាត់ នោះនែ៎អាក្រក់ណាស់
  ហ្លួង វាម៉េចលោក បាឡាត់ ធ្វើអ្វី ?(លោកហ្លួងសួរកូន)។
  នារី ចំបាប់ខ្ញុំគ្រោះល្អបានចៅចិត្រចូលមកទាន់កំុអ្វី!
ថាហើយនាងយំខ្សឹកខ្សួលយ៉ាងគ្នាន់ក្នាញ់ក្នុងចិត្តជាទីបំផុត។ លោកហ្លួងទទួលស្តាប់ពាក្យកូនទើបដើរចូលជិត បាឡាត់នោះហើយនិយាយថា
  ហេតុអីក៏លោកហ៊ានធ្វើអំពើច្រឡោងខាម ដោយឥតអៀនខ្មាស់ដូច្នេះ ខ្ញុំបាទសេពគប់នឹងលោកដោយជឿទុកចិត្តថាលោកជាមនុស្សល្អជាកល្យាណមិត្ររបស់ខ្ញុំឥឡូវលោកបែរជាតបស្នងសងគុណខ្ញុំដោយសកម្មភាពដូច្នេះនេះល្មមឈប់សេពគប់រាប់រកគ្នាតាំងពីថ្ងៃនេះតទៅ។
លោក បាឡាត់ និយាយសំដីទន់ទៅរក ហ្លួងរតនសម្បិត្ត ថា
  ខ្ញុំបាទបានជាខុសទៅហើយសូមលោកអត់ទោសឲ្យម្តងចុះ។
លោក ហ្លួងrnធ្វើជាសើចសោះកក្រោះហើយថា
  លោក បាឡាត់បានដឹងថាខ្លួនខុសនោះវាហួសវេលាទៅហើយ, តែណ្ហើយចុះខ្ញុំមិនប្រកាន់ទោសពៃរ៍អ្វីទេ, ត្រង់ដែលលោកមកធ្វើល្មើសលើខ្ញុំជាទម្ងន់ក្នុងគ្រានេះខ្ញុំអត់ទោសឲ្យ, តែយើងត្រូវលែងស្គាល់រាប់រកគ្នាតទៅទៀត, ដ្បិតអំពើដែលលោកបានធ្វើនេះវាអាក្រក់អបល័ក្ខណ៍គួរអាម៉ាស់មុខណាស់តែកាលបើលោកដឹងខ្លួនថាខ្លួនខុសនុ៎ះ ន៎!ទ្វារចេញ, សមគួរតែលោកដើរចេញទៅកុំបីចូលមកវិញទៀតឲ្យសោះ!
លោក ហ្លួងថាហើយ​ក៏បែរទៅរកថៅកែផាន់​ហើយប្រាប់ថា
  ខ្ញុំនឹកស្តាយណាស់ក្នុងព្រឹត្តិការណ៍ដែលបានកើតឡើងអម្បាញ់មិញនេះ!។
ថៅកែផាន់មិននិយាយថាដូចម្តេច។ ដើរស្លៅទៅរកលោកបាឡាត់ទះស្មាតិចៗហើយថា
  ទៅ លោកបាឡាត់កំុបីតូចចិត្តទោមនស្សអ្វី!ព្ រោះអំពើដែលលោកបានធ្វើមកនេះជាការខុសពិត
ហើយក៏ដឹកដៃលោកបាឡាត់ៗ ឱនមុខដើរចេញតាមទ្វារនោះទៅ។ ខាងឯលោកហ្លួងក៏មិនបានប្តឹងផ្តល់ដែលជាការតរឿងរ៉ាវឲ្យវែងឆ្ងាយតទៅទៀតដោយលោកនឹកថាគ្រោះថ្នាក់របស់លោក និងបុត្រីរបស់លោកទើបស្លេះរឿងទុកត្រឹមប៉ុណ្ណេះ។
វេលាព្រលប់ចូលយប់សន្ធ្យាព្រះចន្ទ្រារះឡើងពីបូពា៌ទិសយ៉ាងត្រចះត្រចង់ព្រឹត្តិការណ៍ដែលកើតឡើងពីថ្ងៃរសៀល​ មិនទាន់រលុបបាត់ពីខួរក្បាលរបស់ចៅ​ចិត្រ។ វេលានោះ ចៅ ចិត្រកំុពុងអង្គុយបណ្តែតចិត្តទៅតាមអារម្មណ៍ដែលគិតនឹកនៅនារបៀងផ្ទះចោលភ្នែកក្រឡេកមើលទៅលើមេឃ ឃើញពពកមួយដុំធំកំុពុងអណ្តែតត្រសែត ទៅទិសខាងកើត ស្តាប់សំឡេងស្លឹកឈើឮសូរប្រាវៗដែលត្រូវខ្យល់បក់។ សុនខនៅផ្ទះជិតខាង ក៏ព្រុសគឹកកង ហើយស្រែកលូយ៉ាងលន្លង់លន្លោច។ ចៅ ចិត្រក៏ចាប់ភ្លឹកនឹកដល់ឪពុកដែលអនិច្ចកម្មទៅហាក់ដូចជានៅថ្មីៗនឹកឡើងវេលាណាទឹកភ្នែកក៏ហូរសស្រាក់មក ដោយមិនដឹងខ្លួនប្រាណ ហើយនឹករលឹកដល់បណ្តំារបស់ឪពុកមុនដែលបានលះបង់លោកនេះទៅ ចៅចិត្រគិតឃើញថាខ្លួនរបស់ខ្លួនឯងពិតៗខំតាំងខ្លួនប្រាណឡើងមកនេះ គិតទៅគិតមកគំនិតចៅ ចិត្រជាប់នៅទើលើរូបនាងនារីទាំងអស់នាងនារីតែមួយដែលអាចជួយញុាំងជីវិតរបស់គេឲ្យស្រស់បស់ផូរផង់តទៅទៀតប្រសិនបើបែរជាមិនសម្រេចដូចបំណងជីវិតរបស់ចៅចិត្រស្ទើរតែទៅជាសោះសូន្យឥតរីករាយឡើយតែគេជឿជាក់ក្នុងសេចក្តីមេត្រីស្នេហារវាងនារីនិងខ្លួនគេជាទីបំផុត នឹកដល់ត្រង់ណេះចៅចិត្រក៏ញញឹមប៉បប្រឹមតែម្នាក់ឯងហើយគេក្រោកឡើងដើរចូលទៅក្នុងបន្ទប់ ប្រះខ្លួនដេកលើពូកខ្នាតតូចដែលនាងនារីដេរឲ្យដោយដៃរបស់នាង ទម្លាក់មុងទាញភួយមកដណ្តប់ ប្រុងស្មារតីនឹងដេកឲ្យលក់សប្បាយ។
អាកាសនាវេលាយប់ជ្រៅទៅ នៅស្រុកបប៉ៃលិនត្រជាក់ខ្លាំងបន្តិចផ្ទៃមេឃស្រឡះប្រាសចាកពពកដួងចន្រ្ទហាក់ដូចជាអណ្តែតនៅលើកំពូលភ្នំបប៉ៃលិនបញ្ចាំងពន្លឺសស្អាតសាចចូលមកតាមចន្លោះបង្អួចមានខ្យល់រំភើយៗបក់ចូលមកប៉ះនឹងខ្សែមុងរវិចៗសូរស័ព្ទឆ្កែព្រុស និងសូរលូនៅតែឮស៊ានមិនដាច់សំឡេង។ ចៅ ចិត្រដេកសំឡឹងមើលដួងចន្ទ្រហើយធ្មេចភ្នែកជិតតែនឹងដេកលក់ទៅហើយ។
ប័ុង!ប័ុង!សូរកាំភ្លើងលាន់ឮឡើងនៅក្បែរបរិវេណផ្ទះ ដូចជាដាស់ចៅចិត្រដែលជិតលក់ឲ្យភ្ញាក់ឡើងវិញហើយគេបានស្ទុះក្រោកឡើងយ៉ាងប្រញាប់ប្រញាល់អង្គុយចាំស្តាប់អោយជាក់ច្បាស់ តើមានហេតុអ្វីកើតឡើង? ភ្នែកសំឡឹងមើលកាំភ្លើងដែលព្យួរនៅនឹងជញ្ជាំងខាងក្បាលដំណេកជារបស់ដែលហ្លួងរតនសម្បិត្តឲ្យមកទុកបង្ការអន្តរាយស្ងប់ស្ងាត់ទៅមួយស្របក់។
ប័ុង!ប័ុង!សូរក៏លាន់ឮឡើងទៀតជាច្រើនណាត់,ចៅចិត្រក៏ស្ទុះក្រោកឡើងចាប់កាំភ្លើងស្ទុះចុះពីផ្ទះមកស្រាប់តែឃើញភ្លើងភ្លឺរន្ទាលអស់ទាំងភូមិ ទើបរត់ទៅផ្ទះពួកកម្មករក៏ឃើញពួកកម្មកររួមផ្តុំគ្នា ខ្លះកាន់ កាំភ្លើងខ្លះកាន់លំពែងខ្លះកាន់ដាវប្រុងខ្លួនជាស្រេចសូរកាំភ្លើងលាន់ឮឡើងច្រើនទៀតជាណាត់ ព្រមទាំងសូរហ៊ោរបស់ពួកចោរយ៉ាងធឹក បន្តិចស្រាប់តែឮសូរស្រែកអេះអះនៅលើផ្ទះធំ ចៅ ចិត្រចាំបានច្បាស់ជាសម្លេងរបស់ ហ្លួងរតនសម្បិត្ត។ អាពួកនេះអាក្រក់ណាស់វាឃើញផ្ទះណាមានទ្រព្យសម្បិត្តវាតែងនាំបក្ខពួកវាចូលប្លន់នោះជាសំឡេងតាសុនអ្នកបររថយន្តឮល្វើយៗមកតាមខ្យល់។
ចៅ ចិត្រដឹងប្រាកដជាមានពួកចោរចូលប្លន់ក៏នាំពួកកម្មករចេញទៅសំដៅផ្ទះធំយ៉ាងរួសរាន់ក៏ស្រាប់តែឃើញពួកចោរជាច្រើន កំពុងប្រវាតោងរបងភូមិ ឡើងចូលមកក្នុងភូមិ សឹងមានអាវុធគ្រប់ដៃហើយក៏នាំពួកកម្មករទៅប្រយុទ្ធនឹងពួកចោរយ៉ាងមឺុងម៉ាត់។ ការតស៊ូរវាងពួកចោរនឹងពួកកម្មករសុទ្ធតែមានអាវុធគ្រប់ដៃទាំងសងខាង កាន់តែខ្លាំងឡើងៗ ដល់ថ្នាក់ប្រឡូកគ្នាមិនគិតស្តាយជីវិតរៀងខ្លួន, ឯចៅ ចិត្រ អែបនឹងដើមឈើមួយ១ដើមជាទីកំបាំងលើកកាំភ្លើងបាញ់តម្រង់ចោរម្នាក់ដួលផ្ងារទៅដោយគ្រាប់កាំភ្លើង១គ្រាប់ដំបូង១គ្រាប់ទៀតត្រូវចោរម្នាក់ទៀតកាន់ដាវនៅដៃទាំងពីរដួលទៅទៀតខណៈនោះសូរស្រែកហ៊ោរ សូរកាំភ្លើងសូរថ្ងូររបស់អ្នកដែលត្រូវរបួសក៏លាន់ឮកងរំពងទៅទាំងភូមិ។
ចៅ ចិត្រទុកបណ្តោយឲ្យពួកកម្មករទល់នឹងពួកចោរនៅខាងក្រោយខ្លួនឯងដោះដៃស្ទុះរត់ឡើងទៅរកផ្ទះធំគេបានឮសូរសំឡេងតស៊ូយ៉ាងអឹ៊កធឹកនៅបន្ទប់ទទួលភ្ញៀវក៏ស្ទុះភ្លែតចូលទៅស្រាប់តែឃើញចោរ មាឌធំខ្មៅគំរឹកម្នាក់ចាប់ក្រវាត់លោក ហ្លួង ដួលឮសូគ្រាំងនៅកណ្តាលល្វែងបន្ទប់នោះឯង។ ចៅ ចិត្រស្រែកឡើងថា
  អាផាន់ អាជាថៅកែចោរឬ? អានាំពួកចោរមកប្លន់រឺ?
អា ផាន់ជាមហាចោរចិត្តទមិឡខាំមាត់សំញេញធ្មេញសស្ងាចដូចជាយក្សាតបទៅថា
 អើ!អញនេះ អញត្រឡប់មកសងសឹកអាវិញឲ្យទាន់ចិត្តហើយយកត្បូងទាំងអស់របស់ចៅហ្វាយអាទៅផង។
ចៅ ចិត្រ ខាំធ្មេញក្រឺតហើយលើកាំភ្លើងតម្រង់និយាយថា
  អានេះមិនយកទេឬ
ហើយបាញ់ប័ុងសំដៅដើមទ្រូងមហាចោរ១ណាត់តែមហាចោរវៃចំណាប់ គ្រាប់កាំភ្លើងត្រូវតែចុងសក់ធ្លុះជញ្ជាំងទៅហើយវាស្ទុះភ្លែតដល់ខ្លួនចៅ ចិត្រ ប៉ះយ៉ាងខ្លាំងចៅ ចិត្រភ្លាត់ចំណាប់ដួលផ្ងារចង្ក្រាង កាំភ្លើងរបូតទៅនៅកៀនជញ្ជាំងតែចៅ ចិត្រក៏វៃចំណាប់ម្នីម្នាក្រោកឡើងស្ទុះភ្លែតដាក់មហាចោរវិញ មួយដៃដំបូងត្រូវថ្គាមក្បែរគុម្ពត្រចៀកញុាំងមហាចោរឲ្យទ្រេតថយធ្លាយទៅម្ខាង ចៅចិត្រស្ទុះទៅដាល់១ដៃថែមទៀត តែបែរជាត្រូវមហាចោរវាត់មួយដៃត្រូវខាងលើត្របកភ្នែកខាងឆ្វេងរាងកាយតូចស្តើង របស់ចៅ ចិត្រក៏វិលខ្ញាល់ទៅប៉ះនឹងជញ្ជាំងផ្ទះមហាចោរស្ទុះមកនឹងថែមយ៉ាងពេញទំហឹងដែរ តែចៅ​ ចិត្រ គេចផុតទៅបន្តិចទើបធ្វើឲ្យមួយដៃលើកក្រោយយ៉ាងដំណំរបស់មហាចោរនេះ ត្រូវជញ្ជាំងផ្ទះឮសូរគ្រាំងស្ទើរបែកធ្លាយចេញទៅ។ មហាចោររលាស់ដៃជាប្រញាប់ ក៏ស្រាប់តែប៉ះនឹងកណ្តាប់ដៃចៅ ចិត្រយ៉ាងធ្ងន់ ត្រង់បបូរមាត់ចេញឈាមខ្ចាយតែមហាចោរចិត្តមុតគ្រាន់តែទ្រេតទៅបន្តិច ក៏ស្ទុះ ក្រទាចូលមកដាក់ចៅ ចិត្រវិញ។ ចៅ ចិត្រតោងថយក្រោយទៅ ២-៣ជំហាន ដោយនឹកស្ញើបនឹងកណ្តាប់ដៃយក្សរបស់មហាចោរដែលអាចផ្តួលមនុស្សធម្មតាត្រឹមមួយដៃៗប៉ុណ្ណោះ។ មហាចោរទាត់ផាំង សំដៅកញ្ចឹងក ចៅ ចិត្រៗ គេចផុតទើបគេតបវិញនឹងកៅអី១នៅក្នុងបន្ទប់នោះមហាចោរលើកដៃកាត់កៅអីបាក់ប្រាវ ហើយមហាចោរស្ទុះចូលមកទៀតដូចជាក្របីព្រៃ។ ចៅចិត្រថយទៅប៉ះជញ្ជាំង ស្រាប់តែជើងទៅជាន់លើកាំភ្លើង, ទើបប្រញាប់ចាប់កាំភ្លើងឡើងផ្ចង់លើស្មាហើយដម្លោះកៃសំដៅដើមទ្រូងមហាចោរ ដែលស្ទុះក្រទីកក្រទោចូលមកទៀតប័ុង!បាត់ផ្សែងរាងកាយសំបើមដូចក្របីព្រៃនៃមហាចោរដួលគ្រេងដេកស្តូកស្តឹងនៅក្នុងបន្ទប់នោះឯង។ លុះ ចៅ ចិត្រឃើញមហាចោរអស់ឫទិ្ធអំណាចនឹងក្រោកឡើងមកតស៊ូបានទៀត ទើបងាក់ទៅពិនិត្យមើលហ្លួងរតនសម្បិត្តដែលដេកស្រប៉ាបក្នុងបន្ទប់នោះដែរ លើកក្បាលដាក់លើភ្លៅហើយចាប់អង្រួនលោកហ្លួង ក៏បើកភ្នែកឡើងហើយសួរខ្សាវៗ យ៉ាងអស់កម្លាំងថា
  អាផាន់ទៅណាហើយ?
  ចិត្រស្លាប់ហើយទានប្រោស, ព្រះតេជគុណ ល្មមមានកម្លាំងក្រោកអង្គុយបានរឺទេ?
  ហ្លួង ល្មមអង្គុយបានខ្លួនខ្ញុំមិនជាអ្វីទេគ្រាន់តែអស់កម្លាំងណាស់អាឆ្កួតនោះវាចាប់ឯងបោកស្ទើរប្រកាច់ !
ហ្លួងរតនសម្បិត្តនិយាយមិនទាន់ផុតពាក្យស្រាប់តែឮសម្លេងស្រីស្រែកឡើងយ៉ាងខ្លាំងហ្លួងរតនសម្បិត្តបើកភ្នែកក្រឡោតចាំច្បាស់ជាសម្លេង នារី​បុត្រីរបស់លោកក៏ត្រូវពួកចោរ ចូលលុកលុយដែរ។ ឯចៅ ចិត្រខ្លួនឯងអស់កម្លាំងជិតដួលទៅហើយគ្រាន់តែឮសម្លេងនេះ ស្រែកឡើង ក៏កើតកម្លាំងមឺុងម៉ាត់ដូចជាគោឡើងកមួយរំពេចទើបគេស្ទុះលោតឡើង ទៅបន្ទប់ថ្នាក់លើចូលដល់ដំណេក នាង នារី មួយរំពេចស្រាប់តែឃើញបុរសកំឡោះ កំពុងចំបាប់ប្រវាយប្រតប់នឹង នាង​នារី ចៅចិត្រស្ទុះភ្លែតចាប់កន្ទរាក់រាងកាយបុរសនោះចេញ បានដោយងាយមកឯរបៀងមិនដូចកាលស៊ូនឹងមហាចោរនោះឡើយ។ ចៅ ចិត្រ ស្រែកគម្រាមថា
  អាបាឡាត់, អាហ៊ានពុះពារចូលដល់ទីនេះឬ?
  បាឡាត់ អាចិត្រ អញនឹងបញ្ជូនវិញ្ញាណាឯងទៅស្ថាននរកឥឡូវនេះឯង (បាឡាត់ស្រែកគំរាមតបវិញ)
ហើយចាប់ហូតកាំបិតស្នៀតលើកឡើងចាក់សំដៅដើមទ្រូងចៅចិត្រៗគេចផុតខុយទៅទើបគេជូនមួយកណ្តាប់ដៃសំដៅចំត្របកភ្នែកបាឡាត់ទុច្ចរិតតែមួយដៃ ក៏ដួលស្រប៉ាបនៅទីនោះឯង។ នាងនារី ស្រែកភ្លាត់សំឡេងដោយសេចក្តីភិតភ័យស្រឡាំងកាំង។ចៅចិត្រ ស្ទុះទៅបី នាង នារីចូលទៅកក្នុងបន្ទប់ហើយថា
  ខ្ញុំនឹងកប្បិលវាអោយស្រេចឥឡូវនេះឯង
ថាហើយ ចៅ ចិត្រត្រឡប់ទៅវិញជាប្រញាប់ ឯបាឡាត់នោះខំទប់ទល់អាត្មាក្រោកឡើងងែងងោង ដូចកល់ត្រូវមន្តសណ្តំរបស់ហនុមាន។ ចៅ ចិត្រស្ទុះភ្លែតចាប់កអាវ បាឡាត់ ទុច្ចរិតនោះ លើកឡើងស្ទួយហើយគម្រាមថា នេះសម្រាប់នាង នារី ហើយដាក់មួយដៃយ៉ាងធ្ងន់្រង់ចង្កាបាឡាត់ទុច្ចរិតនោះ ក៏ដួលផ្ងាចង្ក្រាងទៅទៀតរួចចាប់សក់ក្បាលស្ទូយឡើងទៀតហើយស្រែកថា
  នេះសម្រាប់អញ
ហើយដាក់មួយដៃចំបំពង់ករាងកាយរបស់បាឡាត់ទុច្ចរិតក៏ប្រាសចាកវិញ្ញាណព្រមទាំងដាក់១ជើងយ៉ាងដំណំរាងអសុភក៏អណ្តែត ធា្លក់ចុះមកដល់ដីឮសូរគ្រាំងជាអវសាននៃជីវិតរបស់ បាឡាត់ទុច្ចរិតអាក្រក់នោះ។ កាលមហាចោរជាធំទាំងពីរនាក់ស្លាប់ហើយ ឯពួកចោរជាបរិវារក៏បែកខ្ចាត់ខ្ចាយរត់ ចូលព្រៃអស់ទៅ។
ខណៈដែលពួកកម្មករដេញពួកចោររត់ខ្ចាត់ខ្ចាយចូលព្រៃទៅនោះ ពួកកងក្រវែលក៏មកដល់ហើយជួយដេញពួកចោរខាងក្រោយពួកកម្មករទៅដែរតែឥតចាប់បានចោរម្នាក់សោះ វៀរតែពួកចោរដែលត្រូវរបួសជទម្ងន់ដេកនៅក្នុងភូមិនោះប៉ុណ្ណោះ។
ដល់ព្រឹកឡើង ហ្លួងរតនសម្បិត្តចាត់ឲ្យមេធាវីប្តឹងក្រសួងរាជការតាមច្បាប់អំពីហេតុចោរកម្មដែលកើតឡើងក្នុងយប់នោះសព្វគ្រប់។
រឿង៖ កុលាបប៉ៃលិន (៧ភាគ)
01. ជីវិតរបស់ក្មេងកំព្រា 02. ការធ្វើដំណើរទៅប៉ៃលិន 03. ចៅចិត្រកើតគំនិតថ្មី 04. ចោរកម្មកើតឡើងនាកណ្តាលព្រៃស្ងាត់ 05. សេចក្តីស្នេហាកើតក្រោយឧប្បត្តិហេតុ 06. គេហដ្ឋានរតនសម្បត្តិត្រូវចោរប្លន់ 07. អវសាន(ចប់)