រឿង៖ កុលាបប៉ៃលិន (៧ភាគ)
01. ជីវិតរបស់ក្មេងកំព្រា 02. ការធ្វើដំណើរទៅប៉ៃលិន 03. ចៅចិត្រកើតគំនិតថ្មី 04. ចោរកម្មកើតឡើងនាកណ្តាលព្រៃស្ងាត់ 05. សេចក្តីស្នេហាកើតក្រោយឧប្បត្តិហេតុ 06. គេហដ្ឋានរតនសម្បត្តិត្រូវចោរប្លន់ 07. អវសាន(ចប់)
ភាគទី០៧៖ អវសាន(ភាគបញ្ចប់)
ព្រឹកឡើង ហ្លួងរតនសម្បិត្តបានហៅពួកកម្មករទាំងអស់មកប្រជុំគ្នា ហើយបានជប់លៀងអាហារភោជន ដើម្បីសំដែងសេចក្តីត្រេកអរចំពោះពួកកម្មករដែលមានចិត្តស្មោះត្រង់ជួយការពារយ៉ាងមឺុងម៉ាត់ត្រាតែមានជ័យជំនះពួកចោរហើយលោកអនុញ្ញាតអោយពួកកម្មករទាំងអស់ឈប់សម្រាកធ្វើការមានកំណត់៣ថ្ងៃ។ ក្រោយពេលដែលពួកកម្មករនាំគ្នាលាលោក ហ្លួង ទៅសំរាករាងកាយដ្បិតសុទ្ធតែអត់ងងុយនឹងនឿយហត់អស់កម្លាំងទាំងអស់គ្នា។ លោក ហ្លួងទៅសំរាករាងកាយដែរ ហើយលោករំពឹងគិតដល់គុណបំណាច់ផ្សេងៗ និងសេចក្តីស្មោះត្រង់របស់ចៅចិត្រ ដោយសព្វគ្រប់ទៅ ក៏ឃើញថាគេមានមេត្រីចិត្រស្មោះត្រង់ស៊ូយកជីវិតខ្លួនមកប្តូរដើម្បីជួយជីវិតលោក និងជីវិតបុត្រីលោកពីរគ្រាមកហើយសុទ្ធតែអាសន្នធំៗ។
មួយទៀតលោកជ្រាបថា សេចក្តីសិ្នទ្ធស្នាលរវាងបុត្រីលោករូបចៅ ចិត្រនោះសោតទៀតលោកក៏បានដឹងច្បាស់ថាមិនអាចនឹងបំរាសពង្រាត់ឲ្យដាច់គ្នាបានទេ លោកហ្លួង គិតមកដល់ត្រឹមណេះ ទើបហៅបុត្រីលោកឲ្យទៅហៅចៅ ចិត្រមកនឹងនិយាយការសំខាន់។
ចៅ ចិត្រ ក៏ដើរចូលទៅក្នុងបន្ទប់ទទួលភ្ញៀវ ខណៈនោះហ្លួងរតនសម្បិត្ត កំពុងអង្គុយផ្អែកលើកៅអី១ធំ ចៅ ចិត្រក៏ដើរចូលទៅដោយសេចក្តីគោរពហើយជំរាបថា
ទានប្រោស ខ្ញុំបាទមកហើយ
ឯនាង នារីក៏ឈរអែបស្តាប់នៅខាងមាត់ទ្វារបន្ទប់។ ខណៈនោះនាយ ចិត្រ ភ័យផងអរផងនឹកភ័យក្រែងលោកបានដឹងរឿងរបស់ខ្លួននឹងនារីហើយនឹងបណ្តេញខ្លួនចេញពីផ្ទះនោះទៅ នឹកអរក្រែងលោកត្រេកអរនឹងការតទល់យ៉ាងមឺុងម៉ាត់rnត្រាតែបានផ្តាច់ជីវិតមហាចោរបង់ដល់ទៅពីរនាក់ កាលពីយប់មិញនេះទើបគេខំប្រឹងកាត់ចិត្ត និយាយសួរទៅលោកវិញទៀតថា
រឿងអ្វីទានប្រោស?
លោក ហ្លួង គ្រហែមតិចៗហើយថា
រឿងសេចក្តីគាប់គួរនឹងគុណបំណាច់របស់អ្នកឯងណ៎ះ។
ចៅ ចិត្រឮពាក្យនេះបានធូរចិត្តដូចគេលើកភ្នំចេញពីទ្រូង។ លោក ហ្លួងនិយាយដោយទឹកសំដីចេញទៅដោយសេចក្តីមេត្តាករុណាថា
ខ្ញុំត្រូវតែតបគុណអ្នកឯងខ្លះឮទេ ?
ចិត្រ មិនបាច់ទេទានប្រោសខ្ញុំបាទបានធ្វើការគ្រប់យ៉ាងនេះមិនបានប្រាថ្នាការតបស្នងអំពីព្រះតេជគុណសោះឡើយក្រៅពីសេចក្តីមេត្តាករុណាដូចព្រះតេជគុណបានង្គ្រោះដល់ខ្ញុំបាទដូចសព្វថ្ងៃនេះក៏ល្មមគ្រប់គ្រាន់ហើយ។
ហ្លួង មិនល្មមទេ ចៅចិត្រ, ដ្បិតអ្នកឯងយកជីវិតខ្លួនប្តូរស្ទើរតែមិនរស់ពីរបីគ្រាមកហើយ!
លោកបង្អង់មួយស្របក់ ហើយលាន់សំដីថា
ណ្ហើយចុះ!ចូរនិយាយតាមត្រង់មក តើឯងត្រូវការអ្វីខ្លះ ?
ចិត្រ ទានប្រោស, ខ្ញុំបាទឥតត្រូវការអ្វីទេខ្ញុំបាទជាកូនឈ្នួលរបស់ព្រះតេជគុណ អំពើដែលខ្ញុំបាទបានធ្វើទៅទាំងប៉ុន្មានសុទ្ធតែធ្វើដោយសេចក្តីកតញ្ញូកតវេទីចំពោះព្រះតេជគុណ, ឥតត្រូវការបំណាច់រង្វាន់អ្វីឡើយ។
លោក ហ្លួង លើកដៃហាមថា
មិនបាច់និយាយវេះវាងឲ្យវែងសេចក្តីទេខ្ញុំដឹងថាអ្នកឯងនិយាយមិនត្រង់មែនទេ?
ចៅ ចិត្រ ខំប្រឹងកាត់ចិត្រថ្លើម និយាយតបដោយសំឡេងជាប់ៗ
ខ្ញុំបាទ ខ្ញុំបាទ សូមជំរាប។
លោក ហ្លួងនិយាយកាត់ឡើងថា
ប៉ុណ្ណឹងចុះ ខ្ញុំដឹងហើយអ្នកឯងត្រូវការអ្វី ខ្ញុំអាចទាញចិត្តត្រូវបានទាំងអស់ណ្ហើយចុះខ្ញុំឲ្យគ្រប់យ៉ាងតាមត្រូវការ
ដល់ត្រង់ណេះលោកឱនខ្សឹបនឹងត្រចៀកនាយចិត្រ ប្រាប់ថា
នុះហ្ន៎!ដែលអ្នកឯងត្រូវការ ចង់បានស្មើដោយជីវិតមែនទេ ? (លោកលើកដៃចង្អុលទៅមាត់ទ្វារ)
ចៅ ចិត្រងេងងោងទៅមួយស្របក់ ស្ទើរតែមិនជឿត្រចៀកខ្លួនថាខ្លួនបានឮអ្វីអម្បាញ់មិញនេះកាលបានស្មារតីក៏ឱនក្រាបនៅចំពោះមុខលោក ហ្លួងថ្លែងពាក្យអរគុណច្រើនជាអនេកដោយបីតិត្រេកអរដ៏លើសលប់ តែគេមិនអាចឮពាក្យពេចន៍ដែលចៅ ចិត្រនិយាយថាដូចម្តេចឡើយក្នុងខណៈនោះ។
លុះបានឫក្សពារវេលាល្អតាមឫក្សហោរាសាស្ត្រ ទើបហ្លួងរតនសម្បិត្តចាត់ចែងរៀបមង្គលការអាពាហ៍ពិពាហ៍រវាងនាងក្រមុំ នារីបុត្រីលោកជាគូនឹងចៅ ចិត្រ។ នៅឱកាសនោះលោកបានអញ្ជើញអ្នកមុខអ្នកការ ទាំងអ្នករាជការអ្នកជំនួញទាំងជាតិខ្មែរ ជាតិភូមា ចិន យួន និង បារំាង សឹងមានចំនួនណែនណាន់តាន់តាប់ហើយលោកបានចែកមត៌កឲ្យគូស្វាមីភរិយា ថ្មីជាងពាក់កណ្តាលទ្រព្យសម្បិត្តទាំងអស់របស់លោកព្រោះលោកមានបុត្រីតែមួយជាបណ្តូលចិត្ត របស់លោក
ក្រៅពីនេះលោកនៅមានក្មួយតូចៗពីរបីនាក់ទៀតសុទ្ធតែកំព្រាឪពុកម្តាយទាំងអស់ដែលលោកត្រូវថែរក្សាទំនុកបំរុងទៅទៀតហើយលោកត្រូវចែកមត៌កឲ្យកូនកំព្រាទាំងនោះ តាមសមគួរផង។